ក្រមនីតិវិធីរដ្ឋប្បវេណី

គន្ថីទី ៣៖ បណ្តឹងឧបាស្រ័យទៅតុលាការជាន់ខ្ពស់

ជំពូកទី ៤៖ បណ្ដឹងជំទាស់

មាត្រា ៣០១.-របៀបប្តឹងជំទាស់

១-ដើម្បីប្តឹងជំទាស់ ភាគីត្រូវដាក់ពាក្យបណ្ដឹងជំទាស់ទៅតុលាការដើម ។ នៅក្នុងករណីនេះ តុលាការដើម ត្រូវធ្ញើឱ្យបានឆាប់រហ័ស នូវពាក្យបណ្ដឹងជំទាស់ និង សំណុំរឿង ទៅតុលាការនៃបណ្ដឹងជំទាស់ ។

២​-ក្នុងករណីដែលពុំបានសរសេរច្បាស់លាស់អំពីមូលហេតុនៃការទាមទារឱ្យលុបចោល ឬ ផ្លាស់ប្តូរនូវដីកាសម្រេចដើម ក្នុងពាក្យបណ្ដឹងជំទាស់ទេ ម្ចាស់បណ្តឹងជំទាស់គប្បីដាក់លិខិតជាលាយល័ក្ខណ៍អក្សរដែលសរសេរអំពីចំណុចនោះ ទៅតុលាការនៃបណ្ដឹងជំទាស់ នៅក្នុងអំឡុងពេល ២ (ពីរ) សប្តាហ៏ គិតចាប់តាំងពីថ្ងៃដែលបានដាក់ពាក្យបណ្ដឹង ជំទាស់នោះ ។

មាត្រា ៣០២.-បណ្ដឹងឧបាស្រ័យចំពោះដីកាសម្រេចរបស់ចៅក្រមដែលទទួលបញ្ជា ឬ  ចៅក្រមដែលទទួលការប្រគល់សិទ្ធិ

១-ភាគីដែលមិនយល់ព្រមចំពោះដីកាសម្រេចរបស់ចៅក្រមដែលទទួលបញ្ជា ឬ ចៅក្រមដែលទទួលការប្រគល់សិទ្ធិ អាចដាក់ពាក្យសុំប្តឹងតវ៉ាទៅតុលាការទទួលបណ្ដឹង បានតែក្នុងករណីដែលច្បាប់អនុញ្ញាតឱ្យប្ដឹងជំទាស់ ប្រសិនបើដីកាសម្រេចនោះជាដីកាសម្រេចរបស់តុលាការទទួលបណ្ដឹង ។ ប៉ុន្តែ ក្នុងករណីដែលតុលាការទទួលបណ្តឹងជាតុលាការកំពូល ឬ សាលាឧទ្ធរណ៍ ភាគីអាចដាក់ពាក្យសុំប្តឹងតវ៉ាបាន លុះត្រាតែច្បាប់អនុញ្ញាតឱ្យប្តឹងជំទាស់ ប្រសិនបើដីកាសម្រេចនោះជាដីកាសម្រេចរបស់សាលាដំបូង ។

២-ចំពោះដីកាសម្រេចលើពាក្យសុំនៃកថាខណ្ឌទី ១ ខាងលើនេះ អាចធ្វើបណ្តឹងជំទាស់បាន ។

មាត្រា ៣០៣.-អំឡុងពេលសម្រាប់ប្ដឹងជំទាស់

១-បណ្តឹងជំទាស់ត្រូវធ្វើក្នុងអំឡុងពេល ១ (មួយ) សប្តាហ៏ ដោយគិតចាប់ពីថ្ងៃដែល បានទទួលដំណឹងអំពីដីកាសម្រេច ។

២-អំឡុងពេលនៃកថាខណ្ឌទី ១ ខាងលើនេះ មិនអាចពន្យារបានឡើយ ។

មាត្រា ៣០៤.-ការអនុវត្តដូចគ្នាតាមបញ្ញត្តិស្តីពីបណ្តឹងឧទ្ធរណ៍ ឬ បណ្តឹងសាទុក្ខ

១-បញ្ញត្តិស្តីពីបណ្ដឹងឧទ្ធរណ៍ និង នីតិវិធីនៃការជំនុំជម្រះលើបឈឹងឧទ្ធរណ៍ ត្រូវមកអនុវត្តដូចគ្នាផងដែរ ចំពោះបណ្ដឹងជំទាស់លើដីកាសម្រេចរបស់សាលាដំបូង និង នីតិវិធីនៃតុលាការនៃបណ្ដឹងជំទាស់នោះ លើកលែងតែករណីដែលបញ្ញត្តិនោះមានភាពផ្ទុយ នឹងលក្ខណៈបណ្តឹង ឬ នីតិវិធីនោះ ។

២-បញ្ញត្តិស្តីពីបណ្ដឹងសាទុក្ខ និង នីតិវិធីទាក់ទងនឹងការជំនុំជម្រះបណ្ដឹងសាទុក្ខនោះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះបណ្ដឹងជំទាស់លើដីកាសម្រេចដែលសាលាឧទ្ធរណ៍ បានចេញក្នុងនាមជាតុលាការនៃការជំនុំជម្រះលើកទី ១ និង នីតិវិធីទាក់ទងនឹងបណ្ដឹងជំទាស់នោះ លើកលែងតែករណីដែលបញ្ញត្តិនោះមានភាពផ្ទុយនឹងលក្ខណៈនៃបណ្ដឹង ឬ នីតិវិធីនោះ ។

មាត្រា ៣០៥.-ការផ្អាកអានុភាពនៃដីកាសម្រេចដើម

១-​បណ្ដឹងជំទាស់ត្រូវផ្អាកអានុភាពនៃដីកាសម្រេចដើម ។

២-តុលាការនៃបណ្ដឹងជំទាស់ ឬ តុលាការដែលបានចេញដីកាសម្រេចដើម អាច បង្គាប់ឱ្យផ្អាកជាបណ្តោះអាសន្ននូវការអនុវត្តដោយបង្ខំ ដោយផ្អែកលើដីកាសម្រេចដើម ឬ បង្គាប់ឱ្យចាត់ចែងជាចាំបាច់ផ្សេងទៀតបាន រហូតដល់ពេលមានដីកាសម្រេចអំពីបណ្ដឹង ជំទាស់ ។

មាត្រា ៣០៦.-ការទាញហេតុផលដោយផ្ទាល់មាត់តាមឆន្ទៈស្ម័គ្រចិត្ត និង ការសួរជំនួសការទាញហេតុផលដោយផ្ទាល់មាត់

១-ការសម្រេចសេចក្ដីលើបណ្ដឹងជំទាស់ អាចធ្វើបាន ដោយមិនបាច់ឆ្លងកាត់តាមការទាញហេតុផលដោយផ្ទាល់មាត់ ។

២-ក្នុងករណីដែលតុលាការនៃបណ្ដឹងជំទាស់មិនធ្វើការទាញហេតុផលដោយផ្ទាល់មាត់អំពីបណ្តឹងជំទាស់ទេ តុលាការអាចធ្វើការសួរម្ចាស់បណ្ដឹងជំទាស់ ឬ អ្នកផ្សេងទៀត ដែលមានទំនាក់ទំនងនឹងផលប្រយោជន៍នៃបណ្ដឹងបាន ។