ក្រមនីតិវិធីរដ្ឋប្បវេណី

គនី្ថទី ៤៖ ការជំនុំជម្រះសាជាថ្មី

ជំពូកទោល៖ ការជំនុំជម្រះសាជាថ្មី

មាត្រា ៣០៧.-មូលហេតុនៃការជំនុំជម្រះសាជាថ្មី (មួយ)

១-ភាគីអាចស្នើសុំប្តឹងឧបាស្រ័យ តាមបណ្តឹងទាមទារឱ្យជំនុំជម្រះសាជាថ្មីបាន ចំពោះសាលក្រមចុងក្រោយ ឬ សាលដីកាចុងក្រោយដែលបានចូលជាស្ថាពរហើយ ក្នុងករណី ដែលមានមូលហេតុណាមួយដូចរៀបរាប់ខាងក្រោមនេះ :

ក-បើពុំបានចាត់តាំងតុលាការដែលបានចេញសាលក្រម ឬ សាលដីកាទៅតាមច្បាប់កំណត់ ។

ខ-បើចៅក្រមដែលពុំអាចចូលរួមក្នុងការចេញសាលក្រម ឬ សាលដីកាតាមច្បាប់ បានចូលរួមក្នុងការចេញសាលក្រម ឬ សាលដីកានោះ ។

គ-បើខ្វះសិទ្ធិតំណាងដែលច្បាប់បានកំណត់ ឬ អ្នកតំណាងដែលច្បាប់បានកំណត់ ខ្វះការប្រគល់សិទ្ធិចាំបាច់សម្រាប់ធ្វើសកម្មភាពបណ្តឹង ឬខ្វះសិទ្ធតំណាងដោយអាណត្តិ ។

ឃ-បើចៅក្រមដែលបានចូលរួមក្នុងការចេញសាលក្រម ឬ សាលដីកា បានប្រព្រឹត្តអំពើល្មើសដែលពាក់ព័ន្ធនឹងមុខងារបស់ខ្លួនចំពោះរឿងក្តី ។

ង-បើភាគីបានសារភាព ឬ ត្រូវបានរារាំងក្នុងការដាក់មធ្យោបាយតទល់ ឬ ការពារខ្លួនដែលមានឥទ្ធិពលដល់សាលក្រម ឬ សាលដីកា ដោយសារបទល្មើសរបស់អ្នកដទៃ ។

ច-បើឯកសារ ឬ វត្ថុឯទៀតដែលបានក្លាយជាភស្តុតាងសម្រាប់សាលក្រម ឬ សាលដីកា ត្រូវ បានក្លែង ឬ កែប្រែដោយបង្ខំ ។

ឆ-បើសេចក្តីថ្លែងការណ៍មិនពិតរបស់សាក្សី អ្នកធ្វើកោសលវិច័យ អ្នកបកប្រែភាគីដែលបានផ្វើសម្បថ ឬ របស់អ្នកតំណាងដែលច្បាប់បានកំណត់ដែលបានផ្វើសម្បថ បានក្លាយជាភស្តុតាងសម្រាប់សាលក្រម ឬ សាលដីកា ។

ជ-បើសាលក្រម ឬ សាលដីកា ឬ សេចក្តីសម្រេចឯទៀត ផ្នែករដ្ឋប្បវេណី ឬ ផ្នែក ព្រហ្មទណ្ឌ ឬ ការចាត់ចែងផ្នែករដ្ឋបាល ដែលជាមូលដ្ឋាននៃសាលក្រម ឬ សាលដីកា ត្រូវ បានផ្លាស់ប្តូរ ដោយសារសេចក្តីសម្រេច ឬ ការចាត់ចែងផ្នែករដ្ឋបាលនៅពេលក្រោយ។

ឈ-បើមានការភ្លេចបញ្ចូលសេចក្តីវិនិច្ឆ័យលើចំណុចសំខាន់ៗ ដែលអាចមាន​​ឥទ្ធិពលទៅលើសាលក្រម ឬ សាលដីកា ។

ញ-បើសាលក្រម ឬ សាលដីកា ដែលជាកម្មវត្ថុនៃបណ្តឹងទាមទារឱ្យ ជំនុំជម្រះសាជាថ្មី មានការប៉ះពាល់ដល់សាលក្រម ឬ សាលដីកាមុនដែលបានចូលជាស្ថាពរហើយ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយចំពោះករណីដែលភាគីបានធ្វើ

ការ អះអាងអំពីមូលហេតុនោះ នៅពេលជួបណ្ដឹងឧបាស្រ័យទៅតុលាការជាន់ខ្ពស់ ឬ ភាគី បានដឹងអំពីមូលហេតុនេះហើយ តែមិនធ្វើការអះអាង ។

២-ចំពោះមូលហេតុដែលបានកំណត់ពីចំណុច ឃ រហូតដល់ចំណុច ឆ នៃកថាខណ្ឌ ទី ១ ខាងលើនេះ ភាគីអាច ដាក់ពាក្យបណ្តឹងទាមទារឱ្យជំនុំជម្រះសាជាថ្មីបាន លុះត្រាតែ មានករណីដូចបានរៀបរាប់ខាងក្រោមនេះ :

ក-ករណីដែលសាលក្រម ឬ សាលដីកាដែលផ្ដន្ទាទោស ឬ សេចក្តីសម្រេចដាក់ ប្រាក់ពិន័យបានចូលជាស្ថាពរចំពោះអំពើដែលត្រូវដាក់ទណ្ឋកម្ម ។

ខ-ករណីដែលមិនអាចទទួលបាននូវសាលក្រម ឬ សាលដីកាដែលផ្ដន្ទាទោសជាស្ថាពរ ឬ សេចក្តីសម្រេច ដែលដាក់ប្រាក់ពិន័យជាស្ថាពរ ដោយសារមូលហេតុផ្សេងពីមូលហេតុថា គ្មានភស្តុតាង ។

៣-បើសាលដីកាសម្រេចអង្គសេចក្តីអំពីរឿងក្តី ត្រូវបានសម្រេចនៅក្នុងការជំនុំជម្រះ  បណ្តឹងឧទ្ធរណ៍រួចហើយ ភាគីមិនអាចដាក់ពាក្យបណ្តឹងទាមទារឱ្យជំនុំជម្រះសាជាថ្មី ចំពោះសាលក្រមរបស់តុលាការនៃការជំនុំជម្រះលើកទី ១ បានឡើយ ។

មាត្រា ៣០៨.-មូលហេតុនៃការជំនុំជម្រះសាជាថ្មី (ពីរ)

ក្នុងករណីដែលមានមូលហេតុដូចបានកំណត់នៅក្នុងកថាខណ្ឌទី​១ នៃមាត្រា ៣០៧ (មូលហេតុនៃការជំនុំជម្រះសាជាថ្មី (មួយ)) ខាងលើនេះ ចំពោះសេចក្តីសម្រេចដែលជា មូលដ្ឋាននៃសាលក្រម ឬ សាលដីកា ទោះជាមានការកំណត់នូវមធ្យោបាយនៃឧបាស្រ័យដោយឯកឯងចំពោះសេចក្តីសម្រេចនោះក៏ដោយ ក៏ភាគីអាចយកមូលហេតុនោះមកធ្វើជាមូលហេតុនៃការជំនុំជម្រះសាជាថ្មីចំពោះសាលក្រម ឬ សាលដីកានោះបានដែរ ។

មាត្រា​ ៣០៩.-តុលាការនៃការជំនុំជម្រះ សាជាថ្មី

១ – បណ្តឹងទាមទារឱ្យជំនុំជម្រះសាជាថ្មី ត្រូវស្ថិតនៅក្រោមសមត្ថកិច្ចផ្តាច់មុខរបស់តុលាការដែលបានចេញសាលក្រម ឬ សាលដីកាដែលជាកម្មវត្ថុនៃការជំនុំជម្រះសាជាថ្មីនោះ ។

២ – បណ្តឹងទាមទារឱ្យជំនុំជម្រះសាជាថ្មីចំពោះសាលក្រម ឬ សាលដីកាអំពីរឿងក្តី តែមួយដែលត្រូវបានចេញដោយតុលាការច្រើនដែលមានថ្នាក់ខុសគ្នា តុលាការជាន់ខ្ពស់ មានសមត្ថកិច្ចរួមបញ្ចូលនូវសាលក្រម ឬ សាលដីកាទាំងនោះ ។

៣ – ចៅក្រមដែលបានចូលរួមក្នុងការចេញសាលក្រម ឬ សាលដីកាដែលជាកម្មវត្ថុ នៃបណ្តឹងទាមទារឱ្យ ជំនុំជម្រះសាជាថ្មី ពុំអាចចូលរួមក្នុងការជំនុំជម្រះ និង សម្រេចសេចក្តីអំពីបណ្ដឹងទាមទារឱ្យជំនុំជម្រះសាជាថ្មីនោះបានឡើយ ។

មាត្រា ៣១០.-នីតិវិធីបណ្ដឹងនៃការជំនុំជម្រះសាជាថ្មី

បញ្ញត្តិស្តីពីនីតិវិធីបណ្តឹងទៅតាមលំដាប់ថ្នាក់នៃការជំនុំជម្រះនីមួយៗ ត្រូវយកមក អនុវត្តដូចគ្នាផងដែរ ចំពោះនីតិវិធីបណ្តឹងនៃការជំនុំជម្រះសាជាថ្មី លើកលែងតែបញ្ញត្តិនោះ មានភាពផ្ទុយនឹងលក្ខណៈនៃបណ្តឹងនៃការជំនុំជម្រះសាជាថ្មី ។

មាត្រា ៣១១.-អំឡុងពេលនៃការជំនុំជម្រះសាជាថ្មី

១-បណ្ដឹងទាមទារឱ្យជំនុំជម្រះសាជាថ្មី ត្រូវធ្វើនៅក្នុងអំឡុងពេល ៣០ (សាមសិប) ថ្ងៃ ដោយគិតចាប់ពីថ្ងៃដែលភាគីបានដឹងអំពីមូលហេតុនៃការជំនុំជម្រះសាជាថ្មី ក្រោយពេលដែលសាលក្រម ឬ សាលដីកាបានចូលជាស្ថាពរហើយ ។ ប៉ុន្តែ បញ្ញត្តិនេះ មិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីនៃបណ្តឹងទាមទារឱ្យជំនុំជម្រះសាជាថ្មី ដែលយកមូលហេតុដែលបានកំណត់នៅក្នុងចំណុច គ ឬ ចំណុច ញ កថាខណ្ឌទី ១ នៃមាត្រា ៣០៧ (មូលហេតុនៃ ការជំនុំជម្រះសាជាថ្មី (មួយ)) នៃក្រមនេះ ។

២-អំឡុងពេលដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ មិនអាចពន្យារបានឡើយ ។

៣-ភាគីពុំអាចប្តឹងទាមទារឱ្យជំនុំជម្រះសាជាថ្មីបានឡើយ ប្រសិនបើអំឡុងពេល ៥  (ប្រាំ) ឆ្នាំ បានកន្លងផុត ដោយគិតពីថ្ងៃដែលសាលក្រម ឬ សាលដីកាបានចូលជាស្ថាពរ ឬ គិតពីថ្ងៃដែលមូលហេតុនៃការជំនុំជម្រះសាជាថ្មីកើតឡើង ក្នុងករណីដែលមូលហេតុនោះ កើតឡើងក្រោយពេលសាលក្រម ឬ សាលដីកាបានចូលជាស្ថាពរ ។ ប៉ុន្តែ បញ្ញត្តិនេះមិន ត្រូវយកមកអនុវត្តឡើយ ចំពោះករណីនៃបណ្តឹងទាមទារឱ្យ ជំនុំជម្រះសាជាថ្មី ដែលយក មូលហេតុដែលបានកំណត់នៅក្នុងចំណុច គ ឬ ចំណុច ញ កថាខទី ១ នៃមាត្រា ៣០៧ (មូលហេតុនៃការជំនុំជម្រះសាជាថ្មី (មួយ)) នៃក្រមនេះ ។

មាត្រា ៣១២.-ចំណុចដែលត្រូវសរសេរក្នុងពាក្យបណ្តឹងទាមទារឱ្យជំនុំជម្រះសាជាថ្មី

១​​-នៅក្នុងពាក្យបណ្ដឹងទាមទារឱ្យជំនុំជម្រះសាជាថ្មី ត្រូវសរសេរនូវចំណុចដូចខាង ក្រោមនេះ

ក-ឈ្មោះ ឬ នាមករណ៍ និង អាសយដ្ឋានរបស់ភាគី ហើយនិង ឈ្មោះ និង អាសយដ្ឋានរបស់អ្នកតំណាងដែលច្បាប់បានកំណត់ ។

ខ-សញ្ញាណនៃសាលក្រម ឬ សាលដីកាដែលជាកម្មវត្ថុនៃបណ្តឹងទាមទារឱ្យជំនុំជម្រះសាជាថ្មី និង សេចក្តីទាមទារឱ្យជំនុំជម្រះសាជាថ្មីចំពោះសាលក្រម ឬ សាលដីកានោះ ។

គ-អង្គហេតុដែលត្រូវដឹងមូលហេតុនៃការជំនុំជម្រះសាជាថ្មី ។

២-ឯកសារចម្លងនៃសាលក្រម ឬ សាលដីកាដែលជាកម្មវត្ថុនៃបណ្ដឹងទាមទារឱ្យ ជំនុំជម្រះសាជាថ្មី ត្រូវភ្ជាប់ជាមួយនឹងពាក្យបណ្តឹងទាមទារឱ្យជំនុំជម្រះសាជាថ្មី ។

មាត្រា ៣១៣.-ការកែប្រែមូលហេតុនៃការជំនុំជម្រះសាជាថ្មី

ភាគីដែលបានដាក់ពាក្យបណ្តឹងទាមទារឱ្យជំនុំជម្រះសាជាថ្មី អាចកែប្រែមូលហេតុ នៃការជំនុំជម្រះសាជាថ្មីបាន ។

មាត្រា ៣១៤.-ការលើកចោលបណ្តឹងទាមទារឱ្យ ជំនុំជម្រះសាជាថ្មី និង ការច្រានចោលការទាមទារឱ្យជំនុំជម្រះសាជាថ្មី

១-ក្នុងករណីដែលបណ្តឹងទាមទារឱ្យជំនុំជម្រះសាជាថ្មីមានភាពផ្ទុយនឹងច្បាប់ តុលាការត្រូវលើកចោលបណ្តឹងនោះ ដោយដីកាសម្រេច ។

២-ក្នុងករណីដែលគ្មានមូលហេតុនៃការជំនុំជម្រះសាជាថ្មី តុលាការត្រូវច្រានចោល នូវការទាមទារឱ្យជំនុំជម្រះសាជាថ្មី ដោយដីកាសម្រេច ។

៣-ប្រសិនបើដីកាសម្រេចដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ ខាងលើនេះ ចូលជាស្ថាពរហើយ ភាគីមិនអាចដាក់ពាក្យបណ្ដឹងទាមទារឱ្យជំនុំជម្រះសាជាថ្មីទៀត ដោយ យកមូលហេតុដូចគ្នាបានឡើយ ។

៤-ចំពោះដីកាសម្រេចដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ និង ទី ២ ខាងលើនេះ អាចប្ដឹងជំទាស់បាន ។

មាត្រា ៣១៥.-ដីកាសម្រេចចាប់ផ្តើមជំនុំជម្រះសាជាថ្មី

១-ក្នុងករណីដែលមានមូលហេតុនៃការជំនុំជម្រះសាជាថ្មី តុលាការត្រូវចេញដីកា សម្រេចដើម្បីចាប់ផ្តើមធ្វើការជំនុំជម្រះសាជាថ្មី ។

២-តុលាការត្រូវសួរភាគីម្ខាងទៀតជាមុន  ក្នុងករណីចេញដីកាសម្រេចដូចបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ។

៣-ចំពោះដីកាសម្រេចដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ អាចប្ដឹងជំទាស់បាន ។

មាត្រា ៣១៦.-ការវិនិច្ឆ័យ និង សម្រេចសេចក្តីលើអង្គសេចក្តី

១-តុលាការត្រូវធ្វើការវិនិច្ឆ័យ និង សម្រេចសេចក្តីលើអង្គសេចក្តី តាមទំហំនៃឧបាស្រ័យនៅក្នុងករណីដែលដីកាសម្រេចចាប់ផ្តើមជំនុំជម្រះសាជាថ្មីចូលជាស្ថាពរ ។

២-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ប្រសិនបើយល់ ឃើញថា សាលក្រម ឬ សាលដីកាត្រឹមត្រូវ តុលាការត្រូវច្រានចោលការទាមទារឱ្យជំនុំ ជម្រះ សាជាថ្មីនោះ ។

៣-លើកលែងតែក្នុងករណីដូចកថាខណ្ឌ ២ ខាងលើនេះ តុលាការត្រូវលុបចោល នូវសាលក្រម ឬ សាលដីកា ហើយត្រូវ សម្រេចសេចក្តីជាថ្មីទៀត ។

មាត្រា ៣១៧.-ពាក្យសុំឱ្យជំនុំជម្រះសាជាថ្មីចំពោះដីកាសម្រេច

១-ចំពោះដីកាសម្រេចដែលអាចប្តឹងឧបាស័្រយដោយបណ្តឹងជំទាស់ ហើយបានចូលជាស្ថាពរ អាចដាក់ពាក្យសុំឱ្យជំនុំជម្រះសាជាថ្មី បាន ។

២-បញ្ញត្តិចាប់ពីមាត្រា ៣០៧ (មូលហេតុនៃការជំនុំជម្រះសាជាថ្មី (មួយ) រហូតដល់ មាត្រា ៣១៦ (ការវិនិច្ឆ័យ និង សម្រេចសេចក្តីលើអង្គសេចក្តី) ខាងលើនេះ ត្រូវយកមក អនុវត្តដូចគ្នាផងដែរ ចំពោះពាក្យសុំដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ។

មាត្រា ៣១៨.-បណ្តឹងទាមទារឱ្យជំនុំជម្រះសាជាថ្មីដោយតតិយជន

១-បើដើមចោទ និង ចុងចម្លើយបានទទួលនូវសាលក្រម ឬ សាលដីកា ដោយរួមគំនិតគ្នាក្នុងគោលបំណងដើឱ្យបាត់បង់សិទ្ធិ ឬ ផលប្រយោជន៍របស់តតិយជន តតិយជននោះ អាចធ្វើឧបាស្រ័យ ដោយបណ្តឹងទាមទារឱ្យជំនុំជម្រះសាជាថ្មី ចំពោះ សាលក្រម ឬ សាល ដីកាចុងក្រោយដែលបានចូលជាស្ថាពរនោះបាន ។

២-បណ្ដឹងទាមទារឱ្យជំនុំជម្រះសាជាថ្មីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាង លើនេះ ដើមចោទ និង ចុងចម្លើយ ត្រូវក្លាយជាសហចុងចម្លើយ ។

៣-បញ្ញត្តិនៃមាត្រា ៤១ (បទ បញ្ជាស្តីពីការវិនិច្ឆ័យលើសហបណ្តឹងចាំបាច់) នៃក្រម នេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះជនដែលជាសហចុងចម្លើយតាមកថាខណ្ឌទី ២ ខាងលើ និង តតិយជនដែលបានដាក់ពាក្យបណ្តឹងទាមទារឱ្យជំនុំជម្រះ សាជាថ្មីតាមកថាខណ្ឌទី ១ ខាងលើនេះ ។