ក្រមនីតិវិធីរដ្ឋប្បវេណី
គន្ថីទី ៥៖នីតិវិធីដាស់តឿន
ជំពូកទោល៖ នីតិវិធីដាស់តឿន
មាត្រា ៣១៩.-ល័ក្ខខ័ណ្ឌដីកាសម្រេចដាស់តឿន
ចំពោះការទាមទារដែលមានគោលបំណងឱ្យសងជាប្រាក់ តុលាការអាចចេញដីកា សម្រេចដាស់តឿន តាមពាក្យសុំរបស់ម្ចាស់បំណុលបាន ។ ប៉ុន្តែ ករណីនេះអាចធ្វើទៅបាន លុះត្រាតែអាចធ្វើការបញ្ជូនដីកានោះនៅព្រះរាជាណាចក្រកម្ពុជាបាន តាមវិធីក្រៅពីការ បញ្ជូនតាមការផ្សាយជាសាធារណៈ ។
មាត្រា ៣២០.-ពាក្យសុំឱ្យចេញដីកាសម្រេចដាស់តឿន
១-ពាក្យសុំឱ្យចេញដីកាសម្រេច ដាស់តឿនចំពោះកូនបំណុលដូចមានកំណត់ក្នុងចំណុចខាងក្រោម ត្រូវផ្ញើទៅសាលាដំបូងដែលមានសមត្ថកិច្ចលើតំបន់ដែលបានកំណត់ក្នុង ចំណុចនីមួយៗខាងក្រោមនេះ :
ក-រូបវន្តបុគ្គល : លំនៅឋាន ឬ បើពុំមានលំនៅឋាន ឬ មានលំនៅឋានមិនពិតប្រាកដនៅក្នុងព្រះរាជាណាចក្រកម្ពុជាទេ គឺទីសំណាក់ ។
ខ-នីតិបុគ្គលក្នុងប្រទេស : ទីស្នាក់ការកណ្តាល ឬ ទីកន្លែងអាជីវកម្មចម្បង ឬ បើពុំមានទីស្នាក់ការ ឬ ទីកន្លែងអាជីវកម្មទេ គឺលំនៅឋានរបស់អ្នកតំណាង ឬ របស់អ្នកទទួល ខុសត្រូវភារកិច្ចចាត់ចែងការងារជាចម្បង ។
គ-នីតិបុគ្គលបរទេស : ទីស្នាក់ការកណ្តោល ឬ ទីកន្លែងអាជីវកម្មចម្រៀងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬ បើពុំមានទីស្នាក់ការ ឬ ទីកន្លែងអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាទេ គឺលំនៅឋានរបស់អ្នកតំណាងប្រចាំព្រះរាជាណាចក្រកម្ពុជា ឬ របស់អ្នក ទទួលខុសត្រូវភារកិច្ចចាត់ចែងការងារជាចម្បងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
២-ពាក្យសុំឱ្យចេញដីកាសម្រេចដាស់តឿនអំពីការទាមទារដែលបានកំណត់ក្នុងចំណុចខាងក្រោមនេះ អាចធ្វើទៅសាលាដំបូងដែលមានសមត្ថកិច្ចលើតំបន់ដែលបានកំណត់ក្នុងចំណុចនីមួយៗខាងក្រោមនេះបានដែរ :
ក-ការទាមទារចំពោះបុគ្គលដែលមានទីស្នាក់ការ ឬ កន្លែងអាជីវកម្ម ហើយការទាមទារនោះទាក់ទងនឹងការងារនៃទីស្នាក់ការ ឬ ទីកន្លែងអាជីវកម្មនោះ : កន្លែងដែលមានទីស្នាក់ការ ឬ ទីកន្លែងអាជីវកម្មនោះ។
ខ-ការទាមទារឪ្យសងជាប្រាក់ដោយរូបិយាណត្តិ ឬ មូលប្បទានប័ត្រ និង ការទាមទារបន្ទាប់បន្សំដែលទាក់ទងនឹងវត្ថុទាងនេះ : កន្លែងដែលត្រូវសងរូបិយាណត្តិ ឬ មូលប្បទានប័ត្រនោះ ។
៣-សមត្ថកិច្ចដែលកំណត់តាមបញ្ញត្តិនៃកថាខណ្ឌទី ១ ឬ ទី ២ ខាងលើនេះ គឺជាសមត្ថកិច្ចផ្តាច់មុខ ។
មាត្រា ៣២១.-ការអនុវត្តដូចគ្នាតាមបញ្ញត្តិស្តីពីបណ្តឹង
បញ្ញត្តិស្តីពីបណ្តឹង ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះពាក្យសុំឪ្យចេញដីកាសម្រេចដាស់តឿន លុះត្រាតែគ្មានភាពផ្ទុយនឹងលក្ខណៈរបស់ពា្យសុំនោះ ។
មាត្រា ៣២២.-ការលើកចោលនូវពាក្យសុំ
ក្នុងករណីដែលពាក្យសុំឪ្យចេញដីកាសម្រេចដាស់តឿន មានភាពផ្ទុយនឹងបញ្ញត្តិនៃមាត្រា ៣១៩ (ល័ក្ខខ័ណ្ឌនៃដីកាសម្រេចដាស់តឿន) ឬ មាត្រា ៣២០ (ពាក្យសុំឪ្យចេញដីកាសម្រេចដាស់តឿន ) ខាងលើនេះ ឬ ក្នុងករណីដែលមានភាពច្បាស់លាស់ថា គ្មានមូលហេតុក្នុងការទាមទារ ដោយគិតអំពីខ្លឹមសារនៃពាក្យសុំទេ តុលាការត្រូវលើកចោលពាក្យសុំនេះ ដោយដីកាសម្រេច ។ បញ្ញត្តិនេះត្រូវយកមកអនុវត្តដែរ ចំពោះការទាមទារមួយភាគដែលមិនអាចចេញដីកាសម្រេចដាស់តឿនភាគនេះ ។
មាត្រា ៣២៣.-ការចេញដីកាដាស់តឿនជា អាទិ៍
១-ដីកាសម្រេចដាស់តឿន ត្រូវចេញដោយមិនបាច់សួរកូនបំណុល ។
២-កូនបំណុលអាចដាក់ពាក្យសុំតវ៉ាចំពោះដីការសម្រេចដាស់តឿន ទៅតុលាការដែលបានចេញដីកាសម្រេចនោះបាន ។
មាត្រា ៣២៤.-ចំណុចដែលត្រូវសរសេរបញ្ជាក់ក្នុងដីកាសម្រេចដាស់តឿន
១-ដីកាសម្រេចដាស់តឿនត្រូវសរសេរបញ្ជាក់នូវចំណុចដូចខាងក្រោមនេះ :
ក-ឈ្មោះ ឬ នាមករណ៍ និង អាសយដ្ឋានរបស់ភាគី ហើយនិង ឈ្មោះ និង អាសយដ្ឋានរបស់អ្នកតំណាងដែលច្បាប់បានកំណត់ ។
ខ-ដីកាសម្រេចដែលម្ចាស់បំណុលទាមទារឱ្យតុលាការចេញ និង អង្គហេតុចាំបាច់ដើម្បីបញ្ជាក់នូវការទាមទារនេះ ។
គ-សេចក្ដីបង្គាប់ឱ្យសងជាប្រាក់ដែលមានកំណត់នូវចំនួន ។
២-ក្នុងដីកាសម្រេចដាស់តឿននៃកថាខណ្ឌទី ១ ខាងលើនេះ ត្រូវ សរសេរបន្ថែមថា បើកូនបំណុលមិនបានដាក់ពាក្យប្តឹងតវ៉ាការដាស់តឿន ក្នុងអំឡុងពេល ២ (ពីរ) សប្ដាហ៍ បន្ទាប់ពីបានទទួលការបញ្ជូននូវដីកាសម្រេចដាស់តឿននេះទេ នោះតុលាការត្រូវប្រកាស ឱ្យអនុវត្តជាបណ្តោះអាសន្ន ដោយឆន្ទានុសិទ្ធិរបស់ខ្លួន ។
មាត្រា ៣២៥.-ការបញ្ជូនដីកាសម្រេចដាស់តឿន
១-តុលាការត្រូវជូនដំណឹងអំពីដីកាសម្រេចដាស់តឿនទៅឱ្យម្ចាស់បំណុល ហើយត្រូវបញ្ជូនដីកាសម្រេចនោះទៅកូន បំណុលផងដែរ ។
២-ដីកាសម្រេចដាស់តឿននេះត្រូវមានអានុភាព នៅពេលដែលបានបញ្ជូនទៅដល់ កូនបំណុល ។
៣-ប្រសិនបើមិនអាចបញ្ជូនដីកាសម្រេចដាស់តឿន ដោយសារគ្មានលំនៅឋាន ទី សំណាក់ ទីស្នាក់ការ ទីកន្លែងអាជីវកម្ម របស់កូនបំណុល ឬ លំនៅឋានរបស់អ្នកទទួលបន្ទុក ភារកិច្ចការងារចម្បង នៅទីកន្លែងដែលម្ចាស់បំណុលបានរាយការណ៍ទេ តុលាការត្រូវជូនដំណឹងអំពីហេតុការណ៍នេះទៅម្ចាស់បំណុល ។ ក្នុងករណីនេះ ប្រសិនបើម្ចាស់បំណុលមិនបានរាយការណ៍អំពីទីកន្លែងដែលត្រូវបញ្ជូន ក្រៅពីទីកន្លែងដែលខ្លួន បានរាយ-ការណ៍ពីមុន ក្នុងអំឡុងពេល ២ (ពីរ) ខែ ដោយគិតចាប់ពីថ្ងៃដែលម្ចាស់បំណុលទទួលដំណឹងត្រូវចាត់ទុកថា ម្ចាស់បំណុលនោះបានដកពាក្យសុំឱ្យ ចេញដីកាសម្រេច ដាស់តឿនវិញ ។
៤-អំឡុងពេលដែលបានកំណត់ក្នុងវាក្យខណ្ឌទី ២ នៃកថាខណ្ឌទី ៣ ខាងលើនេះ មិនអាចពន្យារបានឡើយ ។
មាត្រា ៣២៦.-ការលើកចោលនូវពាក្យសុំតវ៉ាចំពោះដីកាសម្រេចដាស់តឿនដែលបានថ្ងៃនៅមុនការប្រកាសឱ្យ អនុវត្តជាបណ្តោះអាសន្ន
១-ប្រសិនបើតុលាការយល់ឃើញថា ពាក្យសុំតវ៉ាចំពោះដីកាសម្រេចដាស់តឿដែល បានធ្វើនៅមុនការប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្ន មិនស្របច្បាប់ទេ តុលាការត្រូវលើកចោលនូវពាក្យសុំតវ៉ាចំពោះដីកាសម្រេចដាស់តឿននោះ ដោយដីកាសម្រេច ។
២-ចំពោះដីកាសម្រេចដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ អាចប្ដឹង ជំទាស់បាន ។
មាត្រា ៣២៧.-អានុភាពនៃពាក្យសុំតវ៉ាចំពោះ ដីកាសម្រេចដាស់តឿន ដែលបានធ្វើនៅមុនការប្រកាសឱ្យ អនុវត្តជាបណ្តោះអាសន្ន
១-ប្រសិនបើមានពាក្យសុំតវ៉ាស្របច្បាប់ចំពោះដីកាសម្រេចដាស់តឿន នៅមុនការ ប្រកាសឱ្យ អនុវត្តជាបណ្តោះអាសន្នដីកាសម្រេចដាស់តឿននោះ ត្រូវបាត់បង់អានុភាពក្នុង ទំហំនៃការតវ៉ានោះ ។
២-ក្នុងករណីដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ ចំពោះការទាមទារ ដែលទាក់ទងនឹងការតវ៉ាចំពោះដីកាសម្រេចដាស់តឿន ត្រូវចាត់ទុកថា បានដាក់ពាក្យបណ្តឹងទៅតុលាការដែលបានកំណត់នៅមាត្រា ៣២០ (ពាក្យសុំឱ្យចេញដីកាសម្រេចដាស់តឿន) នៃក្រមនេះ នៅពេលដែលមានពាក្យសុំឱ្យចេញដីកាសម្រេចដាស់តឿន ។ ក្នុងករណីនេះប្រាក់សោហ៊ុយសម្រាប់នីតិវិដីដាស់តឿន គឺជាផ្នែកមួយនៃប្រាក់ប្រដាប់ក្តី ។
មាត្រា ៣២៨.-ការប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្ន
១-ប្រសិនបើកូនបំណុលមិនបានដាក់ពាក្យសុំតវ៉ាចំពោះដីកាសម្រេចដាស់តឿន ដែលបានធ្វើនៅមុនការប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្ន ក្នុងអំឡុងពេល ២ (ពីរ) សប្តាហ៍ បន្ទាប់ពីថ្ងៃដែលបានទទួលការបញ្ជូនដីកាសម្រេចដាស់តឿន ឬ បើដីកាសម្រេចដែលលើកចោលនូវពាក្យសុំតវ៉ាចំពោះដីកាសម្រេចដាស់តឿន មុនការប្រកាសឱ្យអនុវត្តជាបញ្ហាអាសន្នបានចូលជាស្ថាពរ តុលាការត្រូវប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្ន ដោយកំណត់ បញ្ជាក់បន្ថែមនូវប្រាក់សោហ៊ុយសម្រាប់នីតវិដីដាស់តឿនលើដីកាសម្រេចដាស់តឿនដោយ ឆន្ទានុសិទ្ធ ។
២-ការប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្ន ត្រូវបញ្ជាក់នៅក្នុងដីកាសម្រេចដាស់តឿន ហើយត្រូវបញ្ជូនទៅភាគី ។
៣-បញ្ញត្តិនៃមាត្រា ១៩៧ (ការបាត់បង់អានុភាពនៃការប្រកាសឱ្យអនុវត្តជា បណ្តោះអាសន្ន និង បដិទានស្ថានភាពដើម) និង កថាខណ្ឌទី ២ នៃ មាត្រា ៣២៥ (ការបញ្ជូនដីកាសម្រេចដាស់តឿន) នៃក្រមនេះ ត្រូវយកមកអនុវត្ត ដូចគ្នាផងដែរ ចំពោះការប្រកាសឱ្យ អនុវត្តជាបណ្តោះអាសន្ន ដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ ។
មាត្រា ៣២៩.-ពាក្យសុំតវ៉ាចំពោះដីកាសម្រេចដាស់តឿន ដែល បានធ្វើនៅក្រោយការប្រកាសឱ្យ អនុវត្តជាបណ្តោះអាសន្ន
១-ពាក្យសុំតវ៉ាការដាស់តឿននៃកថាខណ្ឌទី ២ មាត្រា ៣២៣ (ការចេញដីកាសម្រេចដាស់តឿន ជាអាទិ៍) នៃក្រមនេះ ចំពោះដីកាសម្រេចដាស់តឿនដែលភ្ជាប់ជាមួយនឹងការប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្ន ត្រូវជឿនៅក្នុងអំឡុងពេល ២ (ពីរ) សប្ដាហ៍ ក្រោយពី បានទទួលការបញ្ជូនដីកាសម្រេចដាស់តឿននោះ ។
២-អំឡុងពេលដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ មិនអាចពន្យារ បានឡើយ ។
មាត្រា ៣៣០.-ការលើកចោលនូវពាក្យសុំតវ៉ាចំពោះដីកាសម្រេចដាស់តឿនដែលបានជឿនៅក្រោយការប្រកាសឱ្យ អនុវត្តជាបណ្តោះអាសន្ន
១-ប្រសិនបើតុលាការយល់ឃើញថា ពាក្យសុំតវ៉ាចំពោះ ដីកាសម្រេចដាស់តឿន ដែលបានផ្ញើទៅក្រោយការប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្ននោះ មិនស្របច្បាប់ទេ តុលាការត្រូវលើកចោលពាក្យសុំតវ៉ាចំពោះដីកាសម្រេចដាស់តឿននោះ ដោយដីកាសម្រេច ។
២-ចំពោះ ដីកាសម្រេចដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ អាចប្ដឹងជំទាស់ បាន ។
មាត្រា ៣៣១.-ការផ្ទេរនីតិវិធីដាស់តឿនទៅនីតិវិធីនៃបណ្ដឹង ដោយពាក្យសុំតវ៉ាចំពោះដីកាសម្រេចដាស់តឿនដែលបានធ្វើនៅក្រោយការប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្ន
ប្រសិនបើមានពាក្យសុំតវ៉ាស្របច្បាប់ចំពោះដីកាសម្រេចដាស់តឿន នៅក្រោយការ ប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្ន ការទាមទារដែលទាក់ទងនឹងការតវ៉ាចំពោះដីកាសម្រេចដាស់តឿន ត្រូវចាត់ទុកថា បានដាក់ពាក្យបណ្តឹងទៅតុលាការដែលបានចេញដីកាសម្រេចដាស់តឿននោះ នៅពេលដែលមានពាក្យសុំឱ្យ ចេញដីកាសម្រេចដាស់តឿន ។ ក្នុងករណីនេះ ឬបាក់សោហ៊ុយសម្រាប់នីតិវិដីដាស់តឿន គឺជាផ្នែកមួយនៃប្រាក់ប្រដាប់ក្តី ។
មាត្រា ៣៣២.-សាលក្រមនៃបណ្តឹងដែលត្រូវបានផ្ទេរ នៅក្រោយការប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្ន
១-ប្រសិនបើសាលក្រមនៃបណ្តឹងដែលត្រូវបានផ្ទេរតាមបញ្ញត្តិនៃ មាត្រា ៣៣១ (ការផ្ទេរនីតិវិធីដាស់តឿនទៅនីតិវិធីនៃបណ្ដឹង ដោយពាក្យសុំតវ៉ាចំពោះដីកាសម្រេចដាស់ តឿនដែលបានធ្វើនៅក្រោយការប្រកាសឱ្យ អនុវត្តជាបណ្តោះអាសន្ន) ខាងលើនេះ ស្របគ្នានឹងដីកាសម្រេចដាស់តឿននោះ តុលាការត្រូវទទួលស្គាល់នូវដីកាសម្រេចដាស់តឿន ដែលភ្ជាប់ជាមួយនឹងការប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្ន ក្នុងសាលក្រមនេះ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលនីតិវិធីដាស់តឿនត្រូវបានធ្វើឡើងដោយខុសច្បាប់ ។
២-ក្នុងសាលក្រមនៃបណ្តឹងដែលត្រូវបានផ្ទេរ តាមបញ្ញត្តិនៃមាត្រា ៣៣១ (ការផ្ទេរនីតិវិធីដាស់តឿនទៅនីតិវិធីនៃបណ្ដឹង ដោយពាក្យសុំតវ៉ាចំពោះដីកាសម្រេចដាស់តឿនដែលបានផ្ញើទៅក្រោយការប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្ន) នៃក្រមនេះ តុលាការត្រូវលុបចោលនូវដីកាសម្រេចដាស់តឿនដែលភ្ជាប់ជាមួយនឹងការប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្ន លើកលែងតែក្នុងករណីដែលតុលាការទទួលស្គាល់នូវដីកាសម្រេចដាស់តឿន ដែលភ្ជាប់ជាមួយនឹងការប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្ន តាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ។
មាត្រា ៣៣៣.-អានុភាពនៃដីកាសម្រេចដាស់តឿន
ប្រសិនបើគ្មានពាក្យសុំតវ៉ាចំពោះដីកាសម្រេចដាស់តឿនដែលភ្ជាប់ជាមួយនឹងការ ប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្ន ឬ ប្រសិនបើដីកាសម្រេចលើកចោលនូវពាក្យសុំតវ៉ា ចំពោះដីកាសម្រេចដាស់តឿនដែលភ្ជាប់ជាមួយនឹងការប្រកាសឱ្យអនុវត្ត ជាបណ្តោះអាសន្នបានចូលជាស្ថាពរ ដីកាសម្រេចដាស់តឿននោះនឹងមានអានុភាពដូចសាលក្រមស្ថាពរដែរ ។