ក្រមនីតិវិធីរដ្ឋប្បវេណី

គន្ថិទី ៦៖ ការអនុវត្តដោយបង្ខំ

ជំពូកទី ១៖ បទប្បញ្ញត្តិទូទៅ

ផ្នែកទី១៖ គោលគំនិត

មាត្រា ៣៣៤.-គោលគំនិត

បុគ្គលដែលមានសិទ្ធិទាមទារ ឬ សិទ្ធិប្រាតិភោគដែលបានកំណត់ក្នុងក្រមរដ្ឋប្បវេណី ឬ ច្បាប់ផ្សេងទៀតអាចទាមទារឱ្យសម្រេចសិទ្ធិនោះដោយការអនុវត្តដោយបង្ខំ តាមបញ្ញត្តិនៃគន្ថីនេះ លើកលែងតែក្នុងករណីដែលមានបញ្ញត្តិពិសេសក្នុងច្បាប់ផ្សេង ។

មាត្រា ៣៣៥.-ការអនុវត្តដូចគ្នា តាមបញ្ញត្តិពីគន្ថីទី ២ ដល់គន្ថីទី ៤

បញ្ញត្តិពីគន្ថីទី ២ ដល់ គន្ថីទី ៤ នៃក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះ នីតិវិធីនៃការអនុវត្តដោយបង្ខំ លើកលែងតែមានបញ្ញត្តិពិសេស ។

ផ្នែកទី ២៖ ស្ថាប័នអនុវត្ត

មាត្រា ៣៣៦.-ស្ថាប័នអនុវត្ត

១-ការអនុវត្តដោយបង្ខំត្រូវថ្ងៃឡើងដោយស្ថាប័នអនុវត្ត តាមពាក្យសុំរបស់ភាគី ។

២-ស្ថាប័នអនុវត្ត គឺតុលាការអនុវត្ត ឬ អាជ្ញាសាលា ។

៣-សាលាដំបូងដែលត្រូវអនុវត្តដោយបង្ខំ តាមបញ្ញត្តិនៃគន្ថីនេះ គឺជាតុលាការអនុវត្ត ។

៤-ការសម្រេចសេចក្តីអំពីបណ្ដឹងឧបាស្រ័យ ចំពោះការចាត់ចែងការអនុវត្តដែលធ្វើឡើងដោយអាជ្ញាសាលា ត្រូវធ្វើឡើងដោយសាលាដំបូងដែលអាជ្ញាសាលានោះស្ថិតនៅ ។

មាត្រា ៣៣៧.-ការសម្រេចសេចក្តីរបស់តុលាការអនុវត្ត ជាអាទិ៍

១-ការសម្រេចសេចក្តីរបស់តុលាការអនុវត្ត ត្រូវធ្វើឡើងដោយដីកាសម្រេច ។

២-យល់ឃើញថាចាំបាច់ នៅពេលចាត់ចែងថ្ងៃការអនុវត្ត តុលាការអនុវត្តអាច សួរជនដែលទាក់ទងនឹងផលប្រយោជន៍ ឬ ជនផ្សេងទៀតដែលពាក់ព័ន្ធបាន ។

៣-បញ្ញត្តិនៃកថាខណ្ឌទី ១ និង ទី ២ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលសាលាដំបូង ត្រូវសម្រេចសេចក្តីអំពីឧបាស្រ័យ ចំពោះការចាត់ចែងការអនុវត្តដែលធ្វើឡើងដោយអាជ្ញាសាលា ។

មាត្រា ៣៣៨.-ការធានាក្នុងការបំពេញមុខនាទីរបស់អាជ្ញាសាលា ជាអាទិ៍

១-ប្រសិនបើអាជ្ញាសាលាជួបប្រទះនឹងការប្រឆាំងនៅពេលបំពេញ មុខនាទីរបស់ខ្លួន អាជ្ញាសាលានោះអាចប្រើកម្លាំង ឬ អាចសុំជំនួយពីនគរបាល ឬ កងកម្លាំងផ្សេងទៀត ដែលមានសមត្ថកិច្ច ដើម្បីបំបាត់នូវការប្រឆាំងនោះ បាន ។

២-ប្រសិនបើអ្នកក្រៅពីអាជ្ញាសាលាដែលបំពេញមុខនាទីពាក់ព័ន្ធនឹងការអនុវត្តដោយ បង្ខំ តាមការបង្គាប់របស់តុលាការអនុវត្ត ជួបប្រទះនឹងការប្រឆាំងនៅពេលបំពេញមុខនាទីរបស់ខ្លួនអ្នកនោះអាចសុំជំនួយពីអាជ្ញាសាលាបាន ។

មាត្រា ៣៣៩.-អ្នកសង្កេតការណ៍

នៅពេលចូលទៅទីកន្លែងរស់នៅដើម្បីបំពេញមុខនាទីរបស់ខ្លួន បើមិនបានជួបនឹងអ្នកចម្បងនៃទីកន្លែងរស់នៅ ឬ អ្នកតំណាងរបស់អ្នកនោះ ឬ ញាតិនៅជាមួយឬអ្នកបម្រើឬ   អ្នកផ្សេងដែលធ្វើការនៅទីនោះដែលមានការយល់ដឹងសមរម្យទេ អាជ្ញាសាលា ឬ អ្នកក្រៅពីអាជ្ញាសាលាដែលបំពេញមុខនាទីពាក់ព័ន្ធនឹងការអនុវត្តដោយបង្ខំតាមការបង្គាប់របស់ តុលាការអនុវត្ត ត្រូវឱ្យមានវត្តមាន មន្ត្រីឃុំ សង្កាត់ មន្ត្រីនគរបាល ឬ អ្នកដទៃទៀតដែល អាចទទួលស្គាល់ថាជាសាក្សីសមរម្យ ។ បញ្ញត្តិនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះ ករណីដែលអាជ្ញាសាលាប្រើកម្លាំង ឬ បានទទួលជំនួយពីនគរបាល ឬ កងកម្លាំងផ្សេងទៀត ដែលមានសមត្ថកិច្ច តាមបញ្ញត្តិនៃកថាគន្ថី ១ នៃមាត្រា ៣៣៨ (ការធានាក្នុងការបំពេញ មុខនាទីរបស់អាជ្ញាសាលា ជាអាទិ៍) នៃក្រមនេះ ។

មាត្រា ៣៤០.-ការអនុវត្តនៅថ្ងៃសម្រាក ឬ ពេលយប់

១-អាជ្ញាសាលា ឬ អ្នកក្រៅពីអាជ្ញាសាលាដែលបំពេញមុខនាទីពាក់ព័ន្ធនឹងការអនុវត្តដោយបង្ខំ តាមការបង្គាប់របស់តុលាការអនុវត្ត ត្រូវទទួលការអនុញ្ញាតពីសាលាដំបូង ដែលខ្លួនស្ថិតនៅ ឬ តុលាការអនុវត្តដែលចេញការបង្គាប់ ដើម្បីចូលទៅបំពេញមុខនាទីក្នុង ទីកន្លែងរស់នៅ នៅថ្ងៃអាទិត្យ ឬ ថ្ងៃឈប់សម្រាកដែលច្បាប់ ឬ បទដ្ឋានគតិយុត្ត បានកំណត់ ឬ ពីម៉ោងប្រាំមួយល្ងាច ដល់ម៉ោងប្រាំមួយព្រឹកនៃថ្ងៃ បន្ទាប់ ។

២-នៅពេលបំពេញមុខនាទីរបស់ខ្លួន អាជ្ញាសាលា ឬ អ្នកក្រៅពីអាជ្ញាសាលាដែល បំពេញមុខនាទីពាក់ព័ន្ធនឹងការអនុវត្តដោយបង្ខំ តាមការបង្គាប់របស់តុលាការអនុវត្ត ត្រូវបង្ហាញលិខិតដែលបញ្ជាក់ថា ខ្លួនបានទទួលការអនុញ្ញាត តាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ។

មាត្រា ៣៤១.-ការយកតាមខ្លួននូវអត្តសញ្ញាណប័ណ្ណ ជាអាទិ៍

នៅពេលបំពេញមុខនាទីរបស់ខ្លួន អាជ្ញាសាលា ឬ អ្នកក្រៅពីអាជ្ញាសាលាដែលបំពេញមុខនាទីពាក់ព័ន្ធនឹងការអនុវត្តដោយបង្ខំ តាមការបង្គាប់របស់តុលាការអនុវត្ត ត្រូវ យកតាមខ្លួននូវលិខិតដែលបញ្ជាក់អត្តសញ្ញាណ ឬ លក្ខណសម្បត្តិរបស់ខ្លួន ហើយត្រូវ បង្ហាញលិខិតនេះ ចំពោះជនដែលទាក់ទងនឹងផលប្រយោជន៍ បើជននោះទាមទារ ។

មាត្រា ៣៤២.-ការស្នើសុំជំនួយពីក្រសួងមានសមត្ថកិច្ច

ក្នុងករណីដែលមានភាពចាំបាច់ក្នុងការអនុវត្តដោយបង្ខំ តុលាការអនុវត្តអាចស្នើសុំ ជំនួយពីក្រសួង ឬ ស្ថាប័នដែលមានសមត្ថកិច្ចបាន ។

មាត្រា ៣៤៣.-​បញ្ញត្តិពិសេសស្តីពីបណ្ដឹងជំទាស់នៅក្នុងនីតិរដីនៃការអនុវត្តដោយបង្ខំ

១-ទោះជាមានបញ្ញត្តិនៃ មាត្រា ៣០៥ (ការផ្អាកអានុភាពនៃដីកាសម្រេចដើម) នៃក្រមនេះក៏ដោយ ក៏បណ្តឹងជំទាស់ដែលបានកំណត់នៅក្នុងគន្ថីនេះ មិនត្រូវផ្អាកអានុភាពនៃ ដីកាសម្រេចដើមឡើយ ។

២-ក្នុងអំឡុងពេលរហូតដល់សេចក្តីសម្រេចអំពីបណ្ដឹងជំទាស់មានអានុភាពតុលាការ នៃបណ្តឹងជំទាស់អាចចេញដីកាសម្រេចដែលបានកំណត់ នៅក្នុងចំណុចខាងក្រោមនេះបាន :

ក-បង្គាប់ឱ្យ ផ្អាកអានុភាពនៃដីកាសម្រេចដើម ដោយឱ្យដាក់ប្រាតិភោគ ឬ មិនឱ្យដាក់បា្រតិភោគ ។

ខ-បង្គាប់ឱ្យផ្អាកនីតិវិធីនៃការអនុវត្តដោយបង្ខំមួយផ្នែក ឬ ទាំងមូល ដោយឱ្យដាក់ប្រាតិភោគ ឬ មិនឱ្យដាក់ប្រាតិភោគ ។

មាត្រា ៣៤៤.-ការតវ៉ាចំពោះការអនុវត្ត

១-ចំពោះការចាត់ចែងការអនុវត្តរបស់តុលាការអនុវត្ត ដែលមិនអាចប្ដឹងជំទាស់ បានអាចតវ៉ាទៅតុលាការអនុវត្ត បាន ។

២-ចំពោះការចាត់ចែងការអនុវត្តរបស់អាជ្ញាសាលា និង ការយឺតយ៉ាវ ឬ ការធ្វេស ប្រហែសក្នុងការចាត់ចែងអនុវត្តនោះ អាចតវ៉ាទៅសាលាដំបូងដែលអាជ្ញាសាលានោះស្ថិត នៅបាន ។

៣-បញ្ញត្តិនៃកថាខណ្ឌទី ២ នៃមាត្រា ៣៤៣ (បញ្ញត្តិពិសេសស្តីពីបណ្ដឹងជំទាស់នៅ ក្នុងនីតិវិធីនៃការអនុវត្តដោយបង្ខំ) នៃក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះ ករណីដែលមានការតវ៉ាចំពោះការអនុវត្ត ។

មាត្រា ៣៤៥.-បណ្តឹងជំទាស់ចំពោះដីកាសម្រេចលុបចោល ជាអាទិ៍

១-ចំពោះដីកាសម្រេចដូចខាងក្រោមនេះ អាចប្ដឹងជំទាស់បានោ :

ក-ដីកាសម្រេចរបស់តុលាការអនុវត្ត ដែលលុបចោលនីតិវិធីនៃការអនុវត្តដោយបង្ខំ ។

ខ-ដីកាសម្រេចរបស់សាលាដំបូង ដែលបង្គាប់ឱ្យអាជ្ញាសាលាលុបចោល   នីត៌វិធីនៃការអនុវត្តដោយបង្ខំ ។

គ-ដីកាសម្រេចរបស់សាលាដំបូង ដែលលើកចោលពាក្យសុំតវ៉ាចំពោះការចាត់ចែងរបស់អាជ្ញាសាលា ដែលលុបចោលនីតិវិដីនៃការអនុវត្តដោយបង្ខំ ។

២-ដីកាសម្រេចដែលអាចប្ដឹងជំទាស់តាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ មិន ត្រូវ មានអានុភាពឡើយ បើមិនទាន់ចូលជាស្ថាពរទេ ។

មាត្រា ៣៤៦.-សមត្ថកិច្ចផ្តាច់មុខ

សមត្ថកិច្ចនៃតុលាការដែលបានកំណត់នៅក្នុង  គន្ថីនេះ គឺជាសមត្ថកិច្ចផ្តាច់មុខ ។

ផ្នែកទី ៣៖ ភាគីនៃការអនុវត្ត និង អ្នកតំណាង

មាត្រា ៣៤៧.-ឈ្មោះហៅរបស់ភាគី

នៅក្នុងគន្ថីនេះ ភាគីដែលដាក់ពាក្យសុំឱ្យ អនុវត្តដោយបង្ខំ ត្រូវហៅថាម្ចាស់បំណុល នៃការអនុវត្ត វីឯភាគីម្ខាងទៀត ត្រូវហៅថា កូនបំណុលនៃការអនុវត្ត ។

មាត្រា ៣៤៨.-អ្នកតំណាងដោយអាណត្តិក្នុងនីតិវិធីទាក់ទងនឹងការអនុវត្តដោយបង្ខំ

១-បញ្ញត្តិដែលបានកំណត់ខាងក្រោមនេះ ត្រូវយកមកអនុវត្តចំពោះការតំណាង ដោយអាណត្តិក្នុងនីតិវិធីដែលទាក់ទងទឹងការអនុវត្តដោយបង្ខំ

ក-បញ្ញត្តិនៃកថាខណ្ឌទី ១ មាត្រា ៥៣ (លក្ខណសម្បត្តិនៃអ្នកតំណាងដោយ អាណត្តិ) នៃក្រមនេះ ត្រូវយកមកអនុវត្ត ចំពោះនីតិវិធីនៃបណ្ដឹង ឬ បណ្តឹងជំទាស់ដែលបាន កំណត់នៅក្នុងគដ៍ទី ៦ នេះ ។

ខ-លើកលែងតែករណីដែលបានកំណត់នៅក្នុងចំណុច ក ខាងលើនេះ នៅក្នុងនីតិវិធីដែលតុលាការអនុវត្ត ឬ សាលាដំបូងធ្វើឡើងចំពោះការអនុវត្តដោយបង្ខំ អ្នកក្រៅពីអ្នកដែលអាចធ្វើជាអ្នកតំណាងដោយអាណត្តិ តាមបញ្ញត្តិនៃកថាខណ្ឌទី ១ មាត្រា ៥៣ (លក្ខណសម្បត្តិនៃអ្នកតំណាងដោយអាណត្តិ) នៃក្រមនេះ អាចធ្វើជាអ្នកតំណាងដោយ អាណត្តិ បាន ដោយទទួលការអនុញ្ញាតពីតុលាការអនុវត្ត ឬ សាលាដំបូង ។

គ-នៅក្នុងនីតិវិធីដែលធ្វើឡើងដោយអាជ្ញាសាលា អ្នកណាក៏អាចធ្វើជាអ្នកតំណាងដោយអាណត្តិ បានដែរ ។

២-តុលាការអនុវត្ត ឬ សាលាដំបូង អាចលុបចោលការអនុញ្ញាតដែលបានកំណត់ នៅចំណុច ខ នៃកថាខណ្ឌទី ១ ខាងលើនេះ នៅពេលណាក៏បានដែរ ។

ផ្នែកទី ៤៖ ល័ក្ខខ័ណនៃការអនុវត្តដោយបង្ខំ

មាត្រា ៣៤៩.-របៀបដាក់ពាក្យសុំឱ្យអនុវត្តដោយបង្ខំ

១-ពាក្យសុំឱ្យអនុវត្តដោយបង្ខំ ត្រូវជឿជាលាយល័ក្ខណ៍អក្សរ ។

២-នៅក្នុងពាក្យសុំឱ្យអនុវត្តដោយបង្ខំ ត្រូវមានបញ្ជាក់នូវចំណុចដូចខាងក្រោមនេះ ហើយត្រូវភ្ជាប់ជាមួយនឹងលិខិតចម្លងយថាភូតនៃលិខិតអនុវត្ត ដែលមានអានុភាពអនុវត្ត :

ក-ឈ្មោះ ឬ នាមករណ៍ និង អាសយដ្ឋាន របស់ម្ចាស់បំណុលនៃការអនុវត្ត និង កូន បំណុលនៃការអនុវត្ត ហើយនិងឈ្មោះ និង អាសយដ្ឋានរបស់អ្នកតំណាងដែលច្បាប់ បានកំណត់ ។

ខ-សញ្ញាណនៃលិខិតអនុវត្ត ។

គ-សេចក្តីសុំឱ្យអនុវត្ត តាមការបង្ខំដោយផ្ទាល់ ឬ ការអនុវត្តជំនួស ឬ វិធានបង្ខំ ដោយប្រយោល ។

ឃ-សញ្ញាណនៃទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃការអនុវត្តដោយបង្ខំ និង វិធីអនុវត្តដោយបង្ខំដែលម្ចាស់បំណុលនៃការអនុវត្តសុំ ក្នុងករណីដែលសុំឱ្យ អនុវត្តតាមការបង្ខំ ដោយផ្ទាល់ ។

ង-ខ្លឹមសារនៃសេចក្តីសម្រេចដែលម្ចាស់បំណុលសុំ ក្នុងករណីដែលសុំឱ្យអនុវត្តដោយបង្ខំ តាមការអនុវត្តជំនួស ឬ វិធានបង្ខំដោយប្រយោល ។

៣-ក្នុងករណីដែលម្ចាស់បំណុលនៃការអនុវត្តសុំឱ្យ អនុវត្តដោយបង្ខំ ចំពោះផ្នែកណាមួយនៃសិទ្ធិទាមទារដែលបានសរសេរនៅក្នុងលិខិតអនុវត្តដែលបង្គាប់ឱ្យ សងជាប្រាក់ម្ចាស់បំណុលនៃការអនុវត្ត ត្រូវសរសេរបញ្ជាក់អំពីសេចក្តីសុំ និង ទំហំនៃសេចក្តីសុំនោះ ក្នុងពាក្យសុំឱ្យអនុវត្តដោយបង្ខំ ។

មាត្រា ៣៥០.-លិខិតអនុវត្ត

១-ការអនុវត្តដោយបង្ខំត្រូវធ្វើឡើង ដោយផ្អែកលើលិខិតអនុវត្ត ។

២-លិខិតអនុវត្ត គឺជាលិខិតដែលបានកំណត់ខាងក្រោមនេះ :

ក​-សាលក្រម ឬ សាលដីកាបង្គាប់ឱ្យផ្តល់តាវកាលិកដែលបានចូលជាស្ថាពរ ។

ខ-សាលក្រម ឬ សាលដីកាបង្គាប់ឱ្យ ផ្តល់តាវកាលិកដែលភ្ជាប់ជាមួយនឹងការ ប្រកាសឱ្យ អនុវត្តជាបណ្តោះអាសន្ន ។

គ-ដីកាសម្រេចបង្គាប់ឱ្យ ផ្តល់តាវកាលិក ។ ប៉ុន្តែ ចំពោះដីកាសម្រេចដែលមិន ត្រូវមានអានុភាពបើមិនទាន់ចូលជាស្ថាពរវិញ មានកម្រិតតែដីកាសម្រេចនោះ បានចូលជា ស្ថាពរហើយ ។

ឃ-ដីកាសម្រេចដាស់តឿនដែលភ្ជាប់ជាមួយនឹងការប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្ន ។

ង-ការចាត់ចែងរបស់ក្រឡាបញ្ជីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ នៃមាត្រា ៦៦ (នីតិវិធីដើម្បីកំណត់ជាស្ថាពរនូវចំនួនប្រាក់ប្រដាប់ក្តី) នៃក្រមនេះ ។

ច-លិខិតយថាភូតដែលធ្វើដោយសារការី ​    ចំពោះការទាមទារដែលមានគោល បំណងឱ្យ សងជាប្រាក់មានកំណត់។ ប៉ុន្តែ មានកម្រិតតែលិខិតដែលបញ្ជាក់សេចក្តីថ្លែងការណ៍ថា កូនបំណុលនឹងទទួលការអនុវត្តដោយបង្ខំភ្លាម ។

ឆ​-សាលក្រម ឬ សាលដីការបស់តុលាការបរទេស  ដែលមាន  សាលក្រមអនុវត្តដែលបានចូលជាស្ថាពរ តាមបញ្ញត្តិនៃមាត្រា ៣៥២ (សាលក្រមអនុវត្តសាលក្រម ឬ សាលដីការបស់តុលាការ បរទេស) នៃក្រមនេះ ។

ជ-សេចក្តីសម្រេចមជ្ឈត្តករ ដែលមានដីកាសម្រេចអនុវត្តដែលបានចូលជាស្ថាពរតាមបញ្ញត្តិនៃមាត្រា ៣៥៣ (ដីកាសម្រេចអនុវត្តសេចក្តីសម្រេចមជ្ឈត្តករ) នៃក្រមនេះ ។

ឈ-កំណត់ហេតុដែលបានកំណត់នៅក្នុងមាត្រា ២២២ (អានុភាពនៃកំណត់ហេតុស្តីពីការសះជា ជាអាទិ៍) នៃក្រមនេះ និង កំណត់ហេតុផ្សេងទៀតដែលមានអានុភាព ដូចសាលក្រម ឬ សាលដីកាដែលបានចូលជាស្ថាពរ ។

មាត្រា ៣៥១.-វិសាលភាពនៃអ្នកដែលអាចអនុវត្តដោយបង្ខំ

១-ការអនុវត្តដោយបង្ខំ អាចធ្វើបាន ដោយចង្អុលអ្នកដែលបានកំណត់ខាងក្រោម នេះ ជាម្ចាស់បំណុលនៃការអនុវត្ត ឬ កូនបំណុលនៃការអនុវត្ត :

ក-ភាគីដែលត្រូវបានបញ្ជាក់នៅក្នុងលិខិតអនុវត្ត ។

ខ-តតិយជន ក្នុងករណីភាគីដែលត្រូវបានបញ្ជាក់នៅក្នុងលិខិតអនុវត្ត ធ្វើជាភាគីសម្រាប់តតិយជននោះ ។

គ​-អ្នកដែលទទួលបន្តសិទ្ធិ ឬ ករណីយកិច្ចពីបុគ្គលដែលបានកំណត់នៅក្នុងចំណុច ក និង ចំណុច ខ ក្រោយពីលិខិតអនុវត្តនោះត្រូវបានធ្វើឡើង ។ ប៉ុន្តែ ចំពោះលិខិតអនុវត្តដែលបានកំណត់នៅក្នុងចំណុច ក ខ ឆ និង ជ នៃមាត្រា ៣៥០ (លិខិតអនុវត្ត) នៃក្រមនេះ គឺអ្នកទទួលបន្តសិទ្ធិ ឬ ករណីយកិច្ចក្រោយពីបណ្ដឹងត្រូវបានចាត់ការ ។

២-ការអនុវត្តដោយបង្ខំ ដោយផ្អែកលើលិខិតអនុវត្តដែលបានកំណត់នៅក្នុងចំណុច ក ខ គ ឆ ជ ឬ ឈ នៃ មាត្រា ៣៥០ (លិខិតអនុវត្ត) នៃក្រមនេះ អាចធ្វើចំពោះបុគ្គលដែល កាន់កាប់វត្ថុដែលជាកម្មវត្ថុនៃការទាមទារ សម្រាប់បុគ្គលដែលបានកំណត់នៅក្នុងចំណុច នីមួយៗនៃកថាខណ្ឌទី ១ ខាងលើនេះបានដែរ ។

មាត្រា ៣៥២.-សាលក្រមអនុវត្តសាលក្រម ឬ សាលដីការបស់តុលាការ បរទេស

១-ដើម្បីអនុវត្តដោយបង្ខំ ដោយផ្អែកលើសាលក្រម ឬ សាលដីការបស់តុលាការ បរទេស ត្រូវទទួលសាលក្រមអនុវត្តពីតុលាការនៃព្រះរាជាណាចក្រកម្ពុជា ។

២-បណ្ដឹងទាមទារឱ្យ ចេញសាលក្រមអនុវត្ត ចំពោះ សាលក្រម ឬ សាលដីការបស់ តុលាការបរទេស ត្រូវស្ថិតនៅក្រោមសមត្ថកិច្ចរបស់តុលាការដែលមានសមត្ថកិច្ចលើកន្លែង របស់កូនបំណុលនៃការអនុវត្ត ដែលបានកំណត់នៅក្នុងមាត្រា ៨ (សមត្ថកិច្ចសាលាជម្រះក្តីដែលបានកំណត់ទៅតាមលំនៅឋាន ជាអាទិ៏) នៃក្រមនេះ ហើយក្នុងករណីដែលមិនអាច កំណត់តុលាការដែលមានសមត្ថកិច្ច តាមមាត្រា ៨ ទេនោះ ត្រូវស្ថិតនៅក្រោម    សមត្ថកិច្ចរបស់សាលាដំបូងដែលមានសមត្ថកិច្ចលើកន្លែងដែលកម្មវត្ថុនៃការទាមទារ ឬ ទ្រព្យរបស់ កូនបំណុលនៃការអនុវត្តដែលអាចវឹបអូសបានស្ថិតនៅ ។

៣-ប្រសិនបើមិនអាចបញ្ជាក់ថាសាលក្រម ឬ សាលដីការបស់តុលាការ បរទេស បានចូលជាស្ថាពរ ឬ ប្រសិនបើសាលក្រម ឬសាលដីកានេះមិនបានបំពេញល័ក្ខខ័ណ្ឌនានា  ដែលបានកំណត់នៅក្នុងចំណុចនីមួយៗនៃមាត្រា ១៩៩ (អានុភាពនៃសាលក្រមស្ថាពរ របស់តុលាការ បរទេស) នៃក្រមនេះទេ តុលាការត្រូវលើកចោលបណ្ដឹងដែលបានកំណត់ នៅក្នុងកថាខណ្ឌទី ២ ខាងលើនេះ ។

៤​​-ការចេញសាលក្រមអនុវត្ត ត្រូវធ្វើឡើងដោយមិនស្រាវជ្រាវអំពីភាពត្រឹមត្រូវ ឬ មិនត្រឹមត្រូវនៃសាលក្រម ឬ សាលដីការបស់តុលាការបរទេសទេ ។

៥-ក្នុងសាលក្រមអនុវត្ត តុលាការត្រូវប្រកាសអនុញ្ញាតឱ្យ អនុវត្តដោយបង្ខំ តាម សាលក្រម ឬ សាលដីការបស់តុលាការបរទេស ។

មាត្រា ៣៥៣.-ដីកាសម្រេចអនុវត្តសេចក្តីសម្រេចមជ្ឈត្តករ

១-ដើម្បីធ្វើការអនុវត្តដោយបង្ខំ ដោយផ្អែកលើសេចក្តីសម្រេចមជ្ឈត្តករ ទោះបីជា សេចក្តីសម្រេចមជ្ឈត្តករក្នុងប្រទេសក៏ដោយ សេចក្តីសម្រេចមជ្ឈត្តករបរទេសក៏ដោយ ត្រូវ ទទួលដីកាសម្រេចអនុវត្តរបស់តុលាការនៅព្រះរាជាណាចក្រកម្ពុជា ។

២-ភាគីដែលដាក់ពាក្យសុំឱ្យ ចេញដីកាសម្រេចអនុវត្តសេចក្តីសម្រេចមជ្ឈត្តករ ត្រូវ ដាក់លិខិតដូចខាងក្រោមនេះ

ក-ច្បាប់ដើមនៃសេចក្តីសម្រេច មជ្ឈត្តករ    ដែលត្រូវបានបញ្ជាក់ដោយត្រឹមត្រូវ ឬ ឯកសារចម្លងដែលមានសេចក្តីបញ្ជាក់ត្រឹមត្រូវ ។

ខ-ច្បាប់ដើមនៃកិច្ចសន្យាមជ្ឈត្តកម្ម ឬ ឯកសារចម្លងនៃកិច្ចសន្យានោះដែល មានសេចក្តីបញ្ជាក់ត្រឹមត្រូវ ។

៣-តុលាការអាចបដិសេធការអនុវត្តសេចក្តីសម្រេចមជ្ឈត្តករ បាន បើភាគីដែលនឹង ទទួលការខូចខាតផលប្រយោជន៍ពីការអនុវត្តសេចក្តីសម្រេចមជ្ឈត្តករ សំអាងបញ្ជាក់អំពី ហេតុដូចខាងក្រោមនេះ :

ក-ភាគីនៃកិច្ចសន្យាមជ្ឈត្តកម្ម គ្មានសមត្ថភាព ឬ កិច្ចសន្យាមជ្ឈត្តកម្មនោះត្រូវចាត់ទុកថាមោឃៈ តាមបទដ្ឋានគតិយុត្តដែលគូភាគីកំណត់ជាច្បាប់យោង ឬ តាមបទដ្ឋានគតិយុត្តនៃប្រទេសដែលសេចក្តីសម្រេចមជ្ឈត្តករ ត្រូវបានផ្វើឡើង បើគ្មានការកំណត់ដោយគូភាគី ។

ខ-ភាគីដែលនឹងទទួលការខូចខាតផលប្រយោជន៍ ពីការអនុវត្តសេចក្តីសម្រេចមជ្ឈត្តករ មិនបានទទួលសេចក្តីជូនដំណឹងសមរម្យអំពីការជ្រើសតាំងមជ្ឈត្តករ ឬ នីតិវិធីមជ្ឈត្តកម្ម ឬ មិនអាចការពារខ្លួនដោយសារមូលហេតុផ្សេងទៀត ។

គ-សេចក្តីសម្រេចមជ្ឈត្តករ ទាក់ទងនឹងវិវាទដែលមិនបានកំណត់នៅក្នុងចំណុចដែលត្រូវទទួលមជ្ឈត្តកម្ម ឬ វិវាទក្រៅទំហំនៃចំណុចនោះ ឬ មានសេចក្តីសម្រេចអំពីចំណុច ដែលហួសពីទំហំនៃចំណុចដែលត្រូវទទួលមជ្ឈត្តកម្ម ។

ឃ-ការរៀបចំអង្គភាពវិនិច្ឆ័យនៃមជ្ឈត្តកម្ម ឬ នីតិវិធីនៃមជ្ឈត្តកម្ម មិនស្របតាមការព្រមព្រៀងរបស់ភាគី ឬ បើគ្មានការព្រមព្រៀងនោះ មិនស្របតាមបទដ្ឋានគតិយុត្តនៃ ប្រទេសដែលមជ្ឈត្តកម្មត្រូវបានធ្វើឡើង ។

ង-សេចក្តីសម្រេចមជ្ឈត្តករ មិនទាន់មានអានុភាពចងភាគី ឬ ត្រូវបានលុបចោល ដោយតុលាការនៃប្រទេសដែលសេចក្តីសម្រេចមជ្ឈត្តករនោះត្រូវបានធ្វើឡើង ឬ ប្រទេសដែលមានបទដ្ឋានគតិយុត្តដែលជាមូលដ្ឋាននៃសេចក្តីសម្រេចមជ្ឈត្តករនោះ ។

៤-តុលាការអាចបដិសេធការអនុវត្តសេចក្តីសម្រេចមជ្ឈត្តករ  ប្រសិនបើយល់ឃើញថា មានហេតុដូចខាងក្រោមនេះ :

ក-ចំណុចដែលជាកម្មវត្ថុនៃវិវាទមិនអាចដោះស្រាយបានដោយមជ្ឈត្តកម្ម។

ខ-ការទទួលស្គាល់ ឬ ការអនុវត្តសេចក្តីសម្រេចមជ្ឈត្តករ ផ្ទុយនឹងសណ្ឋាប់ធ្នាប់សាធារណៈ ។

៥-ពាក្យសុំចេញដីកាសម្រេចអនុវត្តសេចក្តីសម្រេចមជ្ឈត្តករក្នុងប្រទេស ត្រូវស្ថិតនៅ ក្រោមសមត្ថកិច្ចរបស់តុលាការដែលមានសមត្ថកិច្ចលើកន្លែងរបស់កូនបំណុលនៃការអនុវត្ត ដែលបានកំណត់នៅក្នុងមាត្រា ៨ (សមត្ថកិច្ចសាលាជម្រះក្តីដែល បានកំណត់ទៅតាមលំនៅឋាន ជាអាទិ៍) នៃក្រមនេះ ហើយក្នុងករណីដែលមិនអាចកំណត់តុលាការដែលមាន សមត្ថកិច្ច តាមមាត្រា ៨ ទេនោះ ត្រូវស្ថិតនៅក្រោមសមត្ថកិច្ចរបស់សាលាដំបូងដែលមាន សមត្ថកិច្ចលើកន្លែងដែលកម្មវត្ថុនៃការទាមទារ ឬ ទ្រព្យរបស់កូនបំណុលនៃការអនុវត្តដែល អាចរឹបអូសបានស្ថិតនៅ ។

៦-ពាក្យសុំចេញដីកាសម្រេចអនុវត្តសេចក្តីសម្រេចមជ្ឈត្តករបរទេស ត្រូវស្ថិតនៅ ក្រោមសមត្ថកិច្ចរបស់សាលាឧទ្ធរណ៍ ។

៧-ការចេញដីកាសម្រេចអនុវត្ត ត្រូវធ្វើឡើងដោយមិនស្រាវជ្រាវអំពីភាពត្រឹមត្រូវ ឬ មិនត្រឹមត្រូវនៃសេចក្តីសម្រេចមជ្ឈត្តករ លើកលែងតែករណីដែលបានកំណត់នៅក្នុង កថាខណ្ឌទី ៣ និង កថាខណ្ឌទី ៤ ខាងលើនេះ ។

៨-ក្នុងដីកាសម្រេចអនុវត្ត តុលាការត្រូវប្រកាសអនុញ្ញាតឱ្យ អនុវត្តដោយបង្ខំ តាមសេចក្តីសម្រេចមជ្ឈត្តករ ។

៩-ចំពោះដីកាសម្រេចអំពីពាក្យសុំឱ្យចេញដីកាសម្រេចអនុវត្ត អាចប្ដឹងជំទាស់ បាន ។

១០-ដីកាសម្រេចអនុវត្ត មិនត្រូវមានអានុភាពឡើយ បើមិនទាន់ចូលជាស្ថាពរទេ ។

មាត្រា ៣៥៤.-ភាពចាំបាច់នៃរូបមន្តអនុវត្ត និង ស្ថាប័នផ្តល់រូបមន្តអនុវត្ត

១-ការអនុវត្តដោយបង្ខំត្រូវធ្វើឡើង ដោយផ្អែកលើឯកសារចម្លងយថាភូតនៃលិខិត អនុវត្តដែលភ្ជាប់ជាមួយនឹងរូបមន្តអនុវត្ត ។ ប៉ុន្តែ ក្នុងករណីដែលយកឯកសារដែលបាន កំណត់ដូចខាងក្រោមនេះជាលិខិតអនុវត្ត ការអនុវត្តដោយបង្ខំ ដោយយកភាគីដែល បាន កំណត់ក្នុងលិខិតអនុវត្តនោះធ្វើជាម្ចាស់បំណុលនៃការអនុវត្ត ឬ កូនបំណុលនៃការអនុវត្ត ត្រូវធ្វើឡើង ដោយផ្អែកលើឯកសារចម្លងយថាភូតនៃលិខិត អនុវត្តនោះ :

ក-សាលក្រមនៃបណ្ដឹងរឿងក្តីចំនួនទឹកប្រាក់តិចដែលចូលជាស្ថាពរ ។

ខ-សាលក្រមនៃបណ្ដឹងរឿងក្តីចំនួនទឹកប្រាក់តិចដែលភ្ជាប់ការប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្ន ។

គ-ដីកាសម្រេចដាស់តឿនដែលភ្ជាប់ការប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្ន ។

២-រូបមន្តអនុវត្ត ត្រូវផ្តល់ដោយក្រឡាបញ្ជីនៃតុលាការដែលមានសំណុំរឿងនោះ តាមពាក្យសុំ ។ ប៉ុន្តែ ចំពោះលិខិតអនុវត្តដែលបានកំណត់នៅក្នុង ចំណុច ច កថាខណ្ឌទី ២ មាត្រា ៣៥០ (លិខិតអនុវត្ត) នៃក្រមនេះ ត្រូវផ្តល់ដោយសារការីដែលរក្សាទុកនូវលិខិត ដើមនោះ ។

មាត្រា ៣៥៥.-ពាក្យសុំឱ្យផ្តល់រូបមន្តអនុវត្ត

១-ពាក្យសុំឱ្យផ្តល់រូបមន្តអនុវត្ត ត្រូវធ្វើឡើងដោយលិខិតជាលាយល័ក្ខណ៍អក្សរដែលសរសេរ ចំណុចដូចខាងក្រោមនេះ :

ក-ឈ្មោះ ឬ នាមករណ៍ និង អាសយដ្ឋានរបស់ម្ចាស់បំណុលនៃការអនុវត្ត និង កូនបំណុលនៃការអនុវត្ត ហើយនិងឈ្មោះ និង អាសយដ្ឋានរបស់អ្នកតំណាងដែលច្បាប់ បានកំណត់ ។

ខ-សញ្ញាណនៃលិខិតអនុវត្ត ។

គ-ហេតុការណ៍ និង មូលហេតុ បើការទាមទារឱ្យផ្តល់រូបមន្តអនុវត្តត្រូវធ្វើឡើងតាមបញ្ញត្តិនៃមាត្រា ៣៥៦ (រូបមន្តអនុវត្តពិសេស) ឬ កថាខណ្ឌទី ១ នៃមាត្រា ៣៥៨ (ការ ផ្តល់រូបមន្តអនុវត្តច្រើនច្បាប់ ជាអាទិ៍) នៃក្រមនេះ ។

២-ក្នុងករណីដែលលិខិតអនុវត្តជាសេចក្តីសម្រេចដែលមិនបង្កើតអានុភាពបើមិន ចូលជាស្ថាពរទេ ប្រសិនបើម្ចាស់បំណុលនៃការអនុវត្តដាក់ពាក្យសុំឱ្យផ្តល់រូបមន្តអនុវត្ត ចំពោះលិខិតអនុវត្តនោះម្ចាស់បំណុលនៃការអនុវត្ត ត្រូវភ្ជាប់មកជាមួយពាក្យសុំនូវលិខិត បញ្ជាក់ការចូលជាស្ថាពរនៃសេចក្តីសម្រេចនោះ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្ត ឡើយ ចំពោះករណីដែលច្បាស់លាស់ថា សេចក្តីសម្រេចនោះបានចូលជាស្ថាពរហើយ ក្នុង សំណុំរឿង ។

៣-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ត្រូវយកមកអនុវត្ត ដូចគ្នាផងដែរ ចំពោះ ករណីដែលម្ចាស់បំណុលនៃការអនុវត្តទាមទារឱ្យ ប្រគល់ថែមទៀតនូវឯកសារចម្លង យថាភូតនៃលិខិតអនុវត្តដែល បានកំណត់នៅក្នុងវាក្យខណ្ឌទី ២ នៃកថាខណ្ឌទី ១ មាត្រា ៣៥៤ (ភាពចាំបាច់នៃរូបមន្តអនុវត្ត និង ស្ថាប័នផ្តល់រូបមន្តអនុវត្ត) នៃក្រមនេះ ។

មាត្រា ៣៥៦.-រូបមន្តអនុវត្តពិសេស

១-នៅក្នុងករណីដែលសិទ្ធិទាមទារដែលត្រូវបានកំណត់នៅក្នុងលិខិតអនុវត្ត ភ្ជាប់ ជាមួយនឹងល័ក្ខខ័ណ្ឌបង្អង់ ឬ ពេលកំណត់មិនពិតប្រាកដ ក្រឡាបញ្ជី ឬ សារការីអាចប្រគល់ រូបមន្តអនុវត្តបាន លុះត្រាតែម្ចាស់បំណុលនៃការអនុវត្ត បានបញ្ជាក់អំពីការបំពេញល័ក្ខខ័ណ្ឌ ឬ ការមកដល់នូវពេលកំណត់មិនពិតប្រាកដនោះ ។

២-ដើម្បីធ្វើការ អនុវត្តដោយបង្ខំ ដោយយកបុគ្គលផ្សេង ក្រៅពីភាគីដែលត្រូវបាន សរសេរលើលិខិតអនុវត្ត ធ្វើជាម្ចាស់បំណុលនៃការអនុវត្ត ឬ កូនបំណុលនៃការអនុវត្ត ម្ចាស់ បំណុលនៃការអនុវត្តត្រូវទទួលការផ្ដល់រូបមន្តអនុវត្ត ដែលមានសរសេរនូវហេតុការណ៍នោះ ។

៣-ក្នុងករណីដែលមានភាពច្បាស់លាស់ថា អាចនឹងធ្វើការអនុវត្តដោយបង្ខំ ដោយ យកបុគ្គលផ្សេងក្រៅពីភាគីដែលត្រូវ បានកំណត់នៅក្នុងលិខិតអនុវត្ត ធ្វើជាម្ចាស់បំណុល នៃការអនុវត្ត ឬ កូនបំណុលនៃការអនុវត្ត ឬ ករណីដែលម្ចាស់បំណុលនៃការអនុវត្ត បាន បញ្ជាក់ដោយលិខិតអំពីហេតុការណ៍នោះ ក្រឡាបញ្ជី ឬ សារការីអាចផ្តល់នូវរូបមន្តអនុវត្ត ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ ខាងលើនេះបាន ។

៤-នៅពេលក្រឡាបញ្ជីផ្តល់រូបមន្តអនុវត្តដោយយោលតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ឬ កថាខណ្ឌទី ៣ ខាងលើនេះ ក្រឡាបញ្ជីនោះត្រូវទទួលសេចក្ដីអនុញ្ញាតពីតុលាការដែលខ្លួនស្ថិតនៅ ។

មាត្រា ៣៥៧.-ចំណុចដែលត្រូវសរសេរក្នុងរូបមន្តអនុវត្ត

១-ការផ្ដល់រូបមន្តអនុវត្ត ត្រូវធ្វើឡើងតាមវិធីសរសេរភ្ជាប់បន្ថែម នៅផ្នែកក្រោមនៃ ឯកសារចម្លងយថាភូតនៃលិខិតអនុវត្ត នូវចំណុចនីមួយៗ ដូចខាងក្រោមនេះ :

ក-បុគ្គលដែលអាចទាមទារឱ្យ ធ្វើការអនុវត្តដោយបង្ខំបាន ដោយលិខិតអនុវត្តនោះ និង ភាគីម្ខាងទៀត ។

ខ-ហេតុការណ៍ ក្នុងករណីដែលបានផ្តល់រូបមន្តអនុវត្ត តាមបញ្ញត្តិនៃមាត្រា៣៥៦ (រូបមន្តអនុវត្តពិសេស) នៃក្រមនេះ ។

គ-ទំហំដែលអាចអនុវត្តដោយបង្ខំបាន បើបានផ្តល់រូបមន្តអនុវត្តតែមួយផ្នែកនៃសិទ្ធិទាមទារដែលត្រូវ បានកំណត់នៅក្នុងលិខិតអនុវត្ត ។

ឃ-ហេតុការណ៍ ក្នុងករណីដែលផ្តល់រូបមន្តអនុវត្ត តាមបញ្ញត្តិនៃកថាខណ្ឌទី ១ មាត្រា ៣៥៨ (ការផ្ដល់រូបមន្តអនុវត្តច្រើនច្បាប់ ជាអាទិ៍) នៃក្រមនេះ ។

២-ក្រឡាបញ្ជី ឬ សារការី ត្រូវចុះហត្ថលេខាលើរូបមន្តអនុវត្ត ដោយសរសេរថ្ងៃ ខែ ឆ្នាំនៃការផ្តល់ ។

មាត្រា ៣៥៨.-ការផ្ដល់រូបមន្តអនុវត្តច្រើនច្បាប់ ជាអាទិ៍

១-មានតែនៅក្នុងករណីដែលចាំបាច់ត្រូវការឯកសារចម្លងយថាភូតច្រើនច្បាប់នៃ លិខិតអនុវត្ត ដែលភ្ជាប់នឹងរូបមន្តអនុវត្ត ដើម្បីទទួលសំណងពេញលេញនៃសិទ្ធិទាមទារ ឬ នៅក្នុងករណីដែលឯកសារចម្លងយថាភូតនោះបានបាត់បង់តែប៉ុណ្ណោះទេ ទើបអាចផ្តល់ រូបមន្តអនុវត្តបន្ថែមទៀត បាន ។

២-បើផ្ដល់រូបមន្តអនុវត្ត តាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ក្រឡាបញ្ជី ឬ សារការីត្រូវជូនដំណឹងទៅកូនបំណុលនៃការអនុវត្ត អំពីហេតុការណ៍និងមូលហេតុនោះ និង ចំនួននៃឯកសារចម្លងយថាភូតដែលត្រូវបានផ្ដល់រូបមន្តអនុវត្ត ។

៣-បញ្ញត្តិនៃកថាខណ្ឌទី ១ និង ទី ២ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ

ចំពោះករណីដែលប្រគល់បន្ថែមទៀតនូវឯកសារចម្លងយថាភូតនៃលិខិតអនុវត្ត ដែលបាន កំណត់នៅក្នុងវាក្យខណ្ឌទី ២ នៃកថាខណ្ឌទី ១ មាត្រា ៣៥៤ (ភាពចាំបាច់នៃរូបមន្តអនុវត្ត និង ស្ថាប័នផ្តល់រូបមន្តអនុវត្ត) នៃក្រមនេះ ។

មាត្រា ៣៥៩.-ការសរសេរចូលទៅក្នុងច្បាប់ដើមនៃលិខិតអនុវត្ត

១-នៅពេលផ្តល់រូបមន្តអនុវត្ត ក្រឡាបញ្ជី ឬ សារការី ត្រូវសរសេរនៅក្នុងច្បាប់ដើម នៃលិខិតអនុវត្ត នូវចំណុចដូចខាងក្រោមនេះ :

ក-ហេតុការណ៍នៃការផ្តល់រូបមន្តអនុវត្ត ថ្ងៃ ខែ ឆ្នាំដែលផ្តល់ និង ចំនួនឯកសារចម្លងយថាភូតដែលត្រូវបានផ្តល់រូបមន្តអនុវត្ត ។

ខ-ទំហំដែលអាចអនុវត្តដោយបង្ខំបាន ក្នុងករណីដែលបានផ្តល់រូបមន្តអនុវត្ត ចំពោះតែមួយផ្នែកនៃសិទ្ធិទាមទារដែលបានកំណត់ នៅក្នុងលិខិតអនុវត្ត ។

គ-ហេតុការណ៍ និង ឈ្មោះ ឬ នាមករណ៍របស់ម្ចាស់បំណុលនៃការអនុវត្ត ឬ កូនបំណុលនៃការអនុវត្ត ក្នុងករណីដែលបានផ្ដល់រូបមន្តអនុវត្ត តាមបញ្ញត្តិនៃកថាខណ្ឌទី ២ នៃមាត្រា ៣៥៦ (រូបមន្តអនុវត្តពិសេស) នៃក្រមនេះ ។

២-បើក្រឡាបញ្ជីបានប្រគល់ឯកសារចម្លងយថាភូតនៃលិខិតអនុវត្តថែមទៀត តាម បញ្ញត្តិនៃវាក្យខណ្ឌទី ២ នៃកថាខណ្ឌទី ១ មាត្រា ៣៥៤ (ភាពចាំបាច់នៃរូបមន្តអនុវត្ត និង ស្ថាប័នផ្តល់រូបមន្តអនុវត្ត) នៃក្រមនេះ ក្រឡាបញ្ជីនោះ ត្រូវសរសេរអំពីហេតុការណ៍នៃការ ផ្តល់រូបមន្តអនុវត្តនេះ ថ្ងៃ ខែ ឆ្នាំដែលផ្តល់ និង ចំនួនឯកសារចម្លងយថាភូតដែលបាន ប្រគល់ នៅក្នុងច្បាប់ដើមនៃសាលក្រម ឬ សាលដីកា ឬ ដីកាសម្រេចដាស់តឿន ។

មាត្រា ៣៦០.-ការបញ្ជូនលិខិតអនុវត្ត ជាអាទិ៍

ការអនុវត្តដោយបង្ខំ អាចចាប់ផ្តើមធ្វើបាន តែក្នុងករណីដែលឯកសារចម្លង យថាភូត ឬ ឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃលិខិតអនុវត្ត ឬ សេចក្តីសម្រេចដែលនឹងក្លាយ ជាលិខិតអនុវត្តនៅពេលចូលជាស្ថាពរ ត្រូវបានបញ្ជូនទៅកូនបំណុលនៃការអនុវត្តជាមុន ។ នៅក្នុងករណីដែលរូបមន្តអនុវត្តត្រូវបានផ្តល់ តាមបញ្ញត្តិនៃមាត្រា ៣៥៦ (រូបមន្តអនុវត្តពិសេស) នៃក្រមនេះ ឯកសារចម្លងដែលមានសេចក្តីបញ្ជាក់នៃរូបមន្តអនុវត្ត និង ឯកសារ ចម្លងដែលមានសេចក្តីបញ្ជាក់នៃឯកសារដែលម្ចាស់បំណុលនៃការអនុវត្តបានដាក់ តាមបញ្ញត្តិនៃមាត្រា ៣៥៦ នោះក៏ត្រូវបញ្ជូនទៅជាមុនផងដែរ ។

មាត្រា ៣៦១.-ល័ក្ខខ័ណ្ឌនៃការចាប់ផ្តើមអនុវត្តដែលស្ថាប័នអនុវត្តត្រូវស្រាវជ្រាវ

១-ក្នុងករណីសិទ្ធិលើបំណុលដែលបានកំណត់នៅក្នុងលិខិតអនុវត្តភ្ជាប់ជាមួយនឹងពេលកំណត់ពិតប្រាកដ ស្ថាប័នអនុវត្ត អាចចាប់ផ្តើមអនុវត្តដោយបង្ខំបាន លុះត្រាតែពេល កំណត់នោះ បានមកដល់ហើយ ។

២-ចំពោះការអនុវត្តដោយបង្ខំ ដោយផ្អែកលើលិខិតអនុវត្តដែលមានដាក់ល័ក្ខខ័ណ្ឌ ត្រូវដាក់ប្រាតិភោគដើម្បីអនុវត្តដោយបង្ខំ ស្ថាប័នអនុវត្តអាចចាប់ផ្តើមអនុវត្តដោយបង្ខំបានលុះត្រាតែម្ចាស់បំណុលនៃការអនុវត្ត បានដាក់លិខិតដែលបញ្ជាក់ថា ខ្លួនបានដាក់ប្រាតិភោគនោះរួចហើយ ។

៣-ក្នុងករណីតាវកាលិករបស់កូនបំណុលនៃការអនុវត្ត ត្រូវផ្តល់ដោយប្តូរនឹងតាវកាលិកតបស្ថាប័នអនុវត្តអាចចាប់ផ្តើមអនុវត្តដោយបង្ខំបាន លុះត្រាតែម្ចាស់បំណុលនៃការអនុវត្តបញ្ជាក់ថា ខ្លួនបានផ្តល់តាវកាលិកតបនោះ ឬ បានស្នើផ្តល់តាវកាលិកតបនោះ ។

មាត្រា ៣៦២.-ពាក្យសុំតវ៉ាអំពីការផ្តល់រូបមន្តអនុវត្ត ជាអាទិ៍

១-ចំពោះការចាត់ចែងពាក្យសុំឱ្យផ្តល់រូបមន្តអនុវត្ត បើជាការចាត់ចែងរបស់ក្រឡាបញ្ជី អាចដាក់ពាក្យសុំតវ៉ាទៅតុលាការដែលក្រឡាបញ្ជីនោះស្ថិតនៅ តែបើជាការចាត់ចែង របស់សារការី អាចដាក់ពាក្យសុំតវ៉ា ទៅសាលាដំបូងដែលមានសមត្ថកិច្ចលើទីកន្លែងនៃ ការិយាល័យរបស់សារវីនោះ ។

២-ការសម្រេចសេចក្តីអំពីពាក្យសុំតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ត្រូវធ្វើ ដោយដីកាសម្រេច ។

៣-បញ្ញត្តិនៃកថាខណ្ឌទី ១ និង កថាខណ្ឌទី ២ ខាងលើនេះ ត្រូវ យកមកអនុវត្តដូច គ្នាផងដែរ ចំពោះករណីដែលមានពាក្យសុំឱ្យប្រគល់បន្ថែមទៀតនូវឯកសារចម្លងយថាភូត នៃលិខិតអនុវត្ត ដែលបានកំណត់នៅក្នុងវាក្យខណ្ឌទី ២ នៃកថាខណ្ឌទី ១ មាត្រា ៣៥៤ (ភាពចាំបាច់នៃរូបមន្តអនុវត្ត និង ស្ថាប័នផ្តល់រូបមន្តអនុវត្ត) នៃក្រមនេះ ។

ផ្នែកទី ៥៖ បណ្ដឹងពាក់ព័ន្ធនឹងការអនុវត្ត

មាត្រា ៣៦៣.-បណ្ដឹងតវ៉ាចំពោះការទាមទារ

១-កូនបំណុលនៃការអនុវត្តដែលមានការតវ៉ាចំពោះអត្ថិភាព ឬ អត្ថន័យនៃសិទ្ធិទាមទារដែលត្រូវបានកំណត់នៅក្នុងលិខិតអនុវត្ត អាចដាក់ពាក្យបណ្ដឹងតវ៉ាចំពោះការទាមទារ ដើម្បីកុំឱ្យតុលាការអនុញ្ញាតការអនុវត្តដោយបង្ខំ ដោយផ្អែកលើលិខិតអនុវត្តនោះបាន ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះលិខិតអនុវត្តដែលបានកំណត់នៅក្នុងចំណុច ខ ឬ ចំណុច ឃ នៃកថាខណ្ឌទី ២ មាត្រា ៣៥០ (លិខិតអនុវត្ត) នៃក្រមនេះ ហើយមិនទាន់ចូលជាស្ថាពរ ។

២-មូលហេតុនៃការតវ៉ាចំពោះសាលក្រម ឬ សាលដីកាស្ថាពរ ត្រូវបានកម្រិតត្រឹមតែហេតុដែលកើតឡើងនៅក្រោយការបញ្ចប់ការទាញហេតុផលដោយផ្ទាល់មាត់តែប៉ុណ្ណោះ ។

៣-បណ្តឹងដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ស្ថិតនៅក្រោមសមត្ថកិច្ចរបស់តុលាការ តាមការកំណត់នីមួយៗ យោលទៅតាមផ្នែកនៃលិខិតអនុវត្តដែលបាន កំណត់ក្នុងចំណុចនីមួយៗខាងក្រោមនេះ :

ក-លិខិតអនុវត្តដែលបានកំណត់ចាប់ពីចំណុច ក រហូតទៅដល់ចំណុច ឃ ឬ ចាប់ពីចំណុច ឆ រហូតទៅដល់ចំណុច ឈ កថាខណ្ឌទី ២ មាត្រា ៣៥០ (លិខិតអនុវត្ត) នៃ ក្រមនេះ : សាលាដំបូងនៃនីតិវិធីសម្រេចសេចក្តីនោះ ។

ខ-លិខិតអនុវត្តដែលបានកំណត់នៅចំណុច ង កថាខណ្ឌទី ២ មាត្រា ៣៥០ (លិខិតអនុវត្ត) នៃក្រមនេះ : តុលាការដែលក្រឡាបញ្ជីចាត់ចែងដូចចំណុចនោះ ស្ថិតនៅ ។

គ-លិខិតអនុវត្តដែលបានកំណត់នៅចំណុច ច កថាខណ្ឌទី ២ មាត្រា ៣៥០ (លិខិតអនុវត្ត) នៃក្រមនេះ : តុលាការដែលមានសមត្ថកិច្ចលើទីកន្លែងរបស់ចុងចម្លើយ ដែលត្រូវបានកំណត់ដោយមាត្រា ៨ (សមត្ថកិច្ចសាលាជម្រះក្តីដែលបានកំណត់ទៅតាម លំនៅឋាន ជាអាទិ៍) នៃក្រមនេះ ។ បើពុំមានតុលាការដែលមានសមត្ថកិច្ចតាមមាត្រានេះ ទេ សាលាដំបូងដែលមានសមត្ថកិច្ចលើទីកន្លែងដែលកម្មវត្ថុនៃការទាមទារ ឬ ទ្រព្យសម្បត្តិរបស់កូនបំណុលនៃការអនុវត្ត ដែលអាចវឹបអូសបាន ស្ថិតនៅ ។

មាត្រា ៣៦៤.-បណ្ដឹងតវ៉ាចំពោះការផ្ដល់រូបមន្តអនុវត្ត

១-នៅក្នុងករណីដែលរូបមន្តអនុវត្តត្រូវបានផ្តល់ តាមបញ្ញត្តិនៃមាត្រា ៣៥៦ (រូប – មន្តអនុវត្តពិសេស) នៃក្រមនេះ កូនបំណុលនៃការអនុវត្តដែលមានការតវ៉ាចំពោះការបំពេញ ល័ក្ខខ័ណ្ឌ ចំពោះការមកដល់ពេលកំណត់មិនពិតប្រាកដ ឬ ចំពោះលទ្ធភាពដែលអាចធ្វើ ការអនុវត្តដោយបង្ខំ ដោយយកបុគ្គលក្រៅពីភាគីដែលបានកំណត់ក្នុងលិខិតអនុវត្ត មកធ្វើ ជាម្ចាស់បំណុលនៃការអនុវត្ត ឬ កូនបំណុលនៃការអនុវត្ត អាចដាក់ពាក្យបណ្ដឹងតវ៉ាចំពោះ ការផ្តល់រូបមន្តអនុវត្ត ដើម្បីកុំឱ្យអនុញ្ញាតការអនុវត្តដោយបង្ខំបាន ដោយផ្អែកលើឯកសារ ចម្លងយថាភូតនៃលិខិតអនុវត្តដែលភ្ជាប់នឹងរូបមន្តអនុវត្តនោះ ។

២-បញ្ញត្តិនៃកថាខណ្ឌទី ៣ នៃមាត្រា ៣៦៣ (បណ្ដឹងតវ៉ាចំពោះការទាមទារ) នៃ ក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះបណ្ដឹងដែលបានកំណត់នៅក្នុងកថាខណ្ឌ ទី ១ ខាងលើនេះ ។

មាត្រា ៣៦៥.-បណ្ដឹងតវ៉ារបស់តតិយជន

១-តតិយជនដែលមានកម្មសិទ្ធិ ឬ សិទ្ធិផ្សេងទៀតដែលរាំងស្ទះការធ្វើអនុប្បទាន ឬ ប្រគល់ ចំពោះវត្ថុដែលជាកម្មវត្ថុនៃការអនុវត្តដោយបង្ខំ អាចដាក់ពាក្យបណ្តឺងតវ៉ា ដើម្បី ទាមទារកុំឱ្យអនុញ្ញាតការអនុវត្តដោយបង្ខំ ចំពោះម្ចាស់បំណុលនៃការអនុវត្តនោះបាន ។

២-បណ្ដឹងដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ចំពោះការអនុវត្ត ដោយបង្ខំ ដោយតុលាការអនុវត្តដែលក្លាយជាស្ថាប័នអនុវត្ត ត្រូវស្ថិតនៅក្រោមសមត្ថកិច្ច របស់តុលាការអនុវត្តនោះ វីងចំពោះការអនុវត្តដោយបង្ខំ ដោយអាជ្ញាសាលាដែលក្លាយ ជាស្ថាប័នអនុវត្ត ត្រូវស្ថិតនៅក្រោមសមត្ថកិច្ចរបស់សាលាដំបូង ដែលអាជ្ញាសាលានោះ ស្ថិតនៅ ។

ផ្នែកទី ៦៖ ការផ្អាក និង ការលុបចោលការអនុវត្តដោយបង្ខំ

មាត្រា ៣៦៦.-ការសម្រេចសេចក្តីផ្អាកការអនុវត្តដោយការដាក់ពាក្យបណ្ដឹងជំនុំជម្រះសាជាថ្មី ជាអាទិ៍

១-តុលាការអាចបង្គាប់ឱ្យផ្អាកការអនុវត្តដោយបង្ខំមួយរយៈ តាមពាក្យសុំដោយឱ្យដាក់បាតិភោគ ឬ មិនឱ្យដាក់ប្រាតិភោគបាន ក្នុងករណីដែលបានកំណត់ដូចខាងក្រោមនេះ :

ក-ក្នុងករណីដែលមានការដាក់ពាក្យបណ្ដឹងឱ្យធ្វើការជំនុំជម្រះសាជាថ្មី បើស្ថានភាពដែលត្រូវបានអះអាងថាជាមូលហេតុឧបាស្រ័យនោះ ហាក់ដូចជាមានមូលហេតុ ផ្លូវច្បាប់ហើយមានសេចក្តីបញ្ជាក់ដំបូងអំពីហេតុការណ៍ពិតនោះ ។

ខ-ក្នុងករណីដែលមានការដាក់ពាក្យបណ្ដឹងសាទុក្ខ ចំពោះសាលដីកា ឬ សាលក្រមដែលភ្ជាប់នឹងការប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្ន បើមានសេចក្តីបញ្ជាក់ ដំបូងអំពីស្ថានភាពដែលត្រូវក្លាយជាមូលហេតុនៃការបដិសេធសាលដីកា ឬ សាលក្រមដើមចោល ។

គ-ក្នុងករណីដែលមានការដាក់ពាក្យបណ្តឹងឧទ្ធរណ៍ ចំពោះសាលក្រមដែលភ្ជាប់នឹងការប្រកាសឱ្យ អនុវត្តជាបណ្តោះអាសន្ន ឬ ក្នុងករណីដែលមានការដាក់ពាក្យសុំ តវ៉ា ចំពោះដីកាសម្រេចដាស់តឿនដែលភ្ជាប់នឹងការប្រកាសឱ្យ អនុវត្តជាបណ្តោះអាសន្ន បើមានសេចក្តីបញ្ជាក់ដំបូងអំពីស្ថានភាពដែលត្រូវក្លាយជាមូលហេតុនៃការលុបចោល ឬ ផ្លាស់ប្តូរសាលក្រមដើម ឬ ដីកាសម្រេចដាស់តឿននោះ ។

ឃ-ក្នុងករណីដែលមានការដាក់ពាក្យបណ្ដឹងទាស់ ចំពោះសាលក្រមកំបាំងមុខ ដែលភ្ជាប់នឹងការប្រកាសឱ្យ អនុវត្តជាបណ្តោះអាសន្ន បើមានសេចក្តីបញ្ជាក់ដំបូងអំពីស្ថានភាពដែលត្រូវក្លាយជាមូលហេតុនៃការលុបចោល ឬ ផ្លាស់ប្តូរសាលក្រមកំបាំងមុខនោះ ។

២-ក្នុងករណីដែលបានកំណត់នៅក្នុងចំណុចនីមួយៗ នៃកថាខណ្ឌទី ១ ខាងលើនេះ តុលាការអាចបង្គាប់ឱ្យ លុបចោលការចាត់ចែងការអនុវត្តដែលបានធ្វើរួចហើយនោះ តាម ពាក្យសុំ ដោយដាក់បា្រតិភោគ ជាមួយនឹងការបង្គាប់ឱ្យផ្អាកការអនុវត្តដោយបង្ខំមួយ  រយៈ បាន ។

៣-ក្នុងករណីដែលមានការដាក់ពាក្យបណ្ដឹងសាទុក្ខចំពោះសាលដីកា ឬ សាលក្រម ដែលភ្ជាប់នឹងការប្រកាសឱ្យ អនុវត្តជាបណ្តោះអាសន្ន ឬ ក្នុងករណីដែលមានការដាក់ពាក្យ បណ្ដឹងឧទ្ធរណ៍ចំពោះសាលក្រមដែលភ្ជាប់នឹងការប្រកាសឱ្យ អនុវត្តជាបណ្តោះអាសន្ន បើសំណុំរឿងបណ្ដឹងនោះស្ថិតនៅតុលាការដើម តុលាការនោះត្រូវធ្វើការសម្រេចសេចក្តីអំពី ពាក្យសុំដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ និង ទី ២ ខាងលើនេះ ។

មាត្រា ៣៦៧.-ការសម្រេចសេចក្តីផ្អាកការអនុវត្តដោយការដាក់ពាក្យបណ្ដឹងតវ៉ា ចំពោះការទាមទារជាអាទី

១-នៅក្នុងករណីដែលមានពាក្យបណ្តឹងតវ៉ាចំពោះការទាមទារ ពាក្យបណ្តឹងតវ៉ាចំពោះ ការផ្តល់រូបមន្តអនុវត្ត ឬ ពាក្យបណ្ដឹងតវ៉ារបស់តតិយជន បើមានសេចក្តីបញ្ជាក់ ដំបូងអំពី មូលហេតុតវ៉ាដែលត្រូវបានអះអាងនោះ តុលាការដែលបានទទួលពាក្យបណ្ដឹង អាចបង្គាប់ ឱ្យផ្អាកការអនុវត្តដោយបង្ខំមួយរយៈ តាមពាក្យសុំ ដោយឱ្យដាក់បា្រតិភោគ ឬ មិនឱ្យដាក់ ប្រាតិភោគបាន រហូតដល់ធ្វើការសម្រេចសេចក្តីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ នៃ មាត្រា ៣៦៨ (ការសម្រេចសេចក្តីផ្អាកការអនុវត្តនៅក្នុងសាលក្រម ឬ សាលដីកាចុងក្រោយ ជាអាទិ៍) នៃក្រមនេះ នៅក្នុងសាលក្រមចុងក្រោយ ។

២-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ តុលាការដែលបានទទួលពាក្យបណ្ដឹងអាចបង្គាប់ឱ្យ លុបចោលការចាត់ចែងការអនុវត្តដែលបានធ្វើរួចហើយ នោះតាមពាក្យសុំ ដោយឱ្យ ដាក់ប្រាតិភោគ ជាមួយនឹងការបង្គាប់ឱ្យ ផ្អាកការអនុវត្តដោយ បង្ខំមួយរយៈបាន ។

៣-នៅក្នុងករណីដែលមានពាក្យបណ្ដឹងតវ៉ាចំពោះការទាមទារ ឬ មានពាក្យបណ្ដឹង តវ៉ាចំពោះការផ្ដល់រូបមន្តអនុវត្ត មានសេចក្តីបញ្ជាក់ដំបូងអំពីមូលហេតុតវ៉ាដែលត្រូវ បានអះអាងនោះ ហើយមានស្ថានភាពបន្ទាន់ តុលាការអនុវត្ត ឬ សាលាដំបូងដែលអាជ្ញា សាលាស្ថិតនៅ អាចចេញដីកាសម្រេចដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ឬ កថាខណ្ឌ ទី ២ ខាងលើនេះបាន ដោយកំណត់អំឡុងពេលត្រូវដាក់ឯកសារចម្លងយថាភូតនៃសេចក្តី សម្រេចដែលធ្វើតាមកថាខណ្ឌទី ១ ខាងលើនេះ ។ ការសម្រេចសេចក្តីនេះ ក៏អាចធ្វើបាន ដែរនៅមុនពេលដាក់ពាក្យបណ្ដឹងដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ។

៤-បើអំឡុងពេលដែលបានកំណត់នៅក្នុងកថាខណ្ឌទី ៣ ខាងលើនេះត្រូវបានកន្លង ផុត ឬ បើសេចក្តីសម្រេច ដែលធ្វើតាមកថាខណ្ឌទី ១ ឬ កថាខណ្ឌទី ២ ខាងលើនេះ ត្រូវបាន ដាក់ជូនទៅតុលាការអនុវត្ត ឬ អាជ្ញាសាលា នៅក្នុងអំឡុងពេលនោះ ដីកាសម្រេចនៃកថាខណ្ឌទី ៣ ខាងលើនេះ ត្រូវបាត់បង់នូវអានុភាព ។

មាត្រា ៣៦៨.-ការសម្រេចសេចក្តីផ្អាកការអនុវត្តនៅក្នុងសាលក្រម ឬ សាលដីកាចុងក្រោយ ជាអាទិ៍

នៅក្នុងសាលក្រម ឬ សាលដីកាចុងក្រោយអំពីបណ្ដឹងតវ៉ាចំពោះការទាមទារ បណ្ដឹង តវ៉ាចំពោះការផ្ដល់រូបមន្តអនុវត្ត ឬ បណ្ដឹងតវ៉ារបស់តតិយជន តុលាការដែលទទួលពាក្យ បណ្ដឹងអាចបង្គាប់ឱ្យធ្វើការចាត់ចែងដែលបានកំណត់ នៅក្នុងកថាខណ្ឌទី ១ និង កថាខណ្ឌ ទី ២ នៃមាត្រា ៣៦៧ (ការសម្រេចសេចក្តីផ្អាកការអនុវត្តដោយការដាក់ពាក្យបណ្ដឹងតវ៉ា ចំពោះការទាមទារ ជាអាទិ៍) នៃក្រមនេះ ឬ អាចលុបចោល ឬ ផ្លាស់ប្តូរ ឬ ទទួលស្គាល់នូវ សេចក្តីសម្រេចដែលបានធ្វើរួចហើយតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ឬ កថាខណ្ឌទី ២ នោះ បាន ។ ការសម្រេចសេចក្តីនេះត្រូវមានអានុភាព ចាប់ពីពេលដែលសាលក្រម ឬ សាល ដីកាចុងក្រោយអំពីបណ្ដឹងដែលបានកំណត់នៅក្នុងមាត្រានេះ ត្រូវ បានប្រកាស ។

មាត្រា ៣៦៩.-ការសម្រេចសេចក្តីផ្អាកការអនុវត្តដោយការដាក់ពាក្យសុំតវ៉ាអំពីការផ្តល់រូបមន្តអនុវត្តជាអាទិ៍

ក្នុងករណីដែលមានពាក្យសុំតវ៉ាអំពីការផ្តល់រូបមន្តអនុវត្ត ជាអាទិ៍ បើយល់ឃើញថា ចាំបាច់ តុលាការអាចបង្គាប់ឱ្យ ផ្អាកការអនុវត្ត តាមពាក្យសុំ ដោយឱ្យ ដាក់បា្រតិភោគ ឬ មិនឱ្យ ដាក់ប្រាតិភោគ រហូតដល់ធ្វើការសម្រេចសេចក្តីអំពីការតវ៉ានោះបាន ។

មាត្រា ៣៧០.-ការផ្អាក និង ការលុបចោលការអនុវត្តដោយបង្ខំ

១-តុលាការអនុវត្ត ឬ អាជ្ញាសាលាត្រូវផ្អាកនូវការអនុវត្តដោយបង្ខំ ហើយត្រូវលុប ចោលការចាត់ចែងការអនុវត្តដែលបានធ្វើរួចហើយ បើឯកសារដែលបានកំណត់ខាងក្រោម នេះ ត្រូវបានដាក់ :

ក-ឯកសារចម្លងយថាភូតនៃសេចក្តីសម្រេចដែលកំណត់ថា លុបចោលលិខិត អនុវត្តក្រៅពីលិខិតយថាភូត ដែលបានកំណត់នៅក្នុងចំណុច ច កថាខណ្ឌទី ២ នៃមាត្រា ៣៥០ (លិខិតអនុវត្ត) នៃក្រមនេះ ឬ ឯកសារចម្លងយថាភូតនៃសេចក្តីសម្រេច ដែលកំណត់ ថា លុបចោលការប្រកាសឱ្យ អនុវត្តជាបណ្តោះអាសន្ន ។

ខ-ឯកសារចម្លងយថាភូតនៃសេចក្តីសម្រេចដែលកំណត់ថា មិនអនុញ្ញាតឱ្យអនុវត្តដោយបង្ខំ ។

គ-អនុសារសាលក្រមស្ថាពរ ឬ អនុសារសាលដីកាស្ថាពរដែលប្រកាសថាការផ្សះផ្សា ឬ ការទទួលស្គាល់ ដែលទាក់ទងនឹងលិខិត អនុវត្តគ្មានអានុភាព ។

ឃ-ឯកសារចម្លងយថាភូតនៃកំណត់ហេតុ ឬ ឯកសារផ្សេងទៀតដែលក្រឡាបញ្ជីបានធ្វើដែលបញ្ជាក់ថា លិខិតអនុវត្តដែលបានកំណត់ចាប់ពីចំណុច ខ រហូតដល់ចំណុច ង កថាខណ្ឌទី ២ នៃមាត្រា ៣៥០ (លិខិតអនុវត្ត) នៃក្រមនេះ បាត់បង់អានុភាពដោយសារការដកពាក្យបណ្តឹង ឬ មូលហេតុផ្សេងទៀត ។

ង-ឯកសារចម្លងយថាភូតនៃកំណត់ហេតុអំពីការផ្សះផ្សាតាមនីតិវិធីនៃការសម្រេចសេចក្តី ដែលកំណត់ថា មិនអនុវត្តដោយបង្ខំ ឬ ដកពាក្យសុំឱ្យអនុវត្តដោយបង្ខំ នោះវិញ ។

ច-ឯកសារដែលបញ្ជាក់អំពីការដាក់ប្រាតិភោគ ដើម្បីឱ្យរួចផុតពីការអនុវត្តដោយបង្ខំ ។

ឆ-ឯកសារចម្លងយថាភូតនៃសេចក្តីសម្រេចដែលកំណត់ការបង្គាប់ឱ្យផ្អាកការ អនុវត្តដោយបង្ខំ និង លុបចោលការចាត់ចែងការអនុវត្ត ។

២-តុលាការអនុវត្ត ឬ អាជ្ញាសាលា ត្រូវផ្អាកនូវការអនុវត្តដោយបង្ខំ បើឯកសារដែល បានកំណត់ខាងក្រោមនេះត្រូវបានក់មក ។ ប៉ុន្តែ ចំពោះករណីដែលបានកំណត់នៅក្នុងចំណុច ខ ខាងក្រោម អានុភាពផ្អាកមានត្រឹមតែ ២ (ពីរ) ខែប៉ុណ្ណោះ :

ក-ឯកសារចម្លងយថាភូតនៃសេចក្តីសម្រេចដែលកំណត់ការបង្គាប់ឱ្យផ្អាកការ អនុវត្តដោយបង្ខំមួយរយៈ ។

ខ-ឯកសារដែលសរសេរថា ម្ចាស់បំណុលទទួលសំណង ឬ បានយល់ព្រមពន្យារ ពេលត្រូវសង នៅក្រោយពេលលិខិតអនុវត្តត្រូវបានបង្កើត ។

៣-បញ្ញត្តិនៃមាត្រា ៣៤៥ (បណ្ដឹងជំទាស់ចំពោះដីកាសម្រេចលុបចោល ជាអាទិ៍) នៃក្រមនេះ មិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលលុបចោលនូវការចាត់ចែងការ អនុវត្តតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ។

ផ្នែកទី ៧៖ សោហ៊ុយសម្រាប់ការអនុវត្ត និង ការមើលសំណុំរឿងនៃការអនុវត្ត

មាត្រា ៣៧១.-អត្ថន័យនៃសោហ៊ុយសម្រាប់ការអនុវត្ត និង សោហ៊ុយសម្រាប់នីតិវិធី

អត្ថន័យនៃពាក្យដែលកំណត់នៅក្នុងចំណុចនីមួយៗ ត្រូវអនុលោមទៅតាមបញ្ញត្តិក្នុង ចំណុចនីមួយៗខាងក្រោមនេះ :

ក-សោហ៊ុយសម្រាប់ការអនុវត្ត:   សំដៅទៅលើពន្ធដាក់ពាក្យសុំដែលបានកំណត់ នៅក្នុងមាត្រា ៣៧២ (ពន្ធដាក់ពាក្យសុំ) សោហ៊ុយក្រៅពីពន្ធដាក់ពាក្យសុំដែល បានកំណត់នៅក្នុងមាត្រា ៣៧៣ (សោហ៊ុយក្រៅពីពន្ធដាក់ពាក្យសុំ) និង សោហ៊ុយភាគី ដែលបាន កំណត់នៅក្នុងមាត្រា ៣៧៤ (សោហ៊ុយភាគី) នៃក្រមនេះ ។

ខ-សោហ៊ុយសម្រាប់នីតិវិធី: សំដៅទៅលើសោហ៊ុយសម្រាប់ផលប្រយោជន៍រួម ក្នុងចំណោមសោហ៊ុយសម្រាប់ការអនុវត្តដែលបានកំណត់នៅក្នុងចំណុច ក ខាងលើនេះ ។

មាត្រា ៣៧២.-ពន្ធដាក់ពាក្យសុំ

១-ក្នុងករណីដែលដាក់ពាក្យសុំឱ្យអនុវត្តដោយបង្ខំទៅតុលាការអនុវត្តម្ចាស់បំណុលនៃការអនុវត្តត្រូវបង់ពន្ធចំនួន ១០.០០០ (មួយម៉ឺន) រៀល ទៅតុលាការ ។

២-ក្នុងករណីដែលដាក់ពាក្យសុំឱ្យ អនុវត្តដោយបង្ខំទៅអាជ្ញាសាលា ម្ចាស់បំណុលនៃ ការអនុវត្តត្រូវបង់ពន្ធ តាមបញ្ញត្តិដែលកំណត់ផ្សេង ។

មាត្រា ៣៧៣.-សោហ៊ុយក្រៅពីពន្ធដាក់ពាក្យសុំ

ម្ចាស់បំណុលនៃការអនុវត្តត្រូវបង់នូវចំនួនទឹកប្រាក់ដែលកំណត់ដោយតុលាការ ជាសោហ៊ុយចាំបាច់ក្នុងការបញ្ជូនឯកសារ ឬ ធ្វើសកម្មភាពផ្សេងទៀតដើម្បីនីតិវិធីក្នុងការអនុវត្តដោយបង្ខំ ។

មាត្រា ៣៧៤.-សោហ៊ុយភាគី

ក្រៅពីសោហ៊ុយដែលបានកំណត់នៅក្នុងមាត្រា ៣៧២ (ពន្ធដាក់ពាក្យសុំ) និង មាត្រា ៣៧៣ (សោហ៊ុយក្រៅពីពន្ធដាក់ពាក្យសុំ) នៃក្រមនេះ សោហ៊ុយដែលតុលាការទទួលស្គាល់ថាចាំបាច់ដើម្បីធ្វើការអនុវត្តដោយបង្ខំ ត្រូវចាត់ទុកថាជាសោហ៊ុយភាគី ។

មាត្រា ៣៧៥.-ការបង់សោហ៊ុយជាមុន

១-នៅពេលដែលដាក់ពាក្យសុំឱ្យ អនុវត្តដោយបង្ខំ ទៅតុលាការអនុវត្ត អ្នកដែលដាក់ ពាក្យសុំត្រូវបង់ជាមុននូវចំនួនទឹកប្រាក់ដែលតុលាការអនុវត្តកំណត់ថាជាសោហ៊ុយចាំបាច់ ដើម្បីធ្វើនីតិវិធីនៃការអនុវត្តដោយបង្ខំ ។ បញ្ញត្តិនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះ ករណីដែលសោហ៊ុយដែលត្រូវបានបង់ជាមុនមានភាពខ្វះ ហើយតុលាការអនុវត្តបង្គាប់ឱ្យ បង់ជាមុននូវសោហ៊ុយដែលខ្វះនោះ ។

២-បើអ្នកដាក់ពាក្យសុំមិនបានបង់សោហ៊ុយជាមុនទេ តុលាការអនុវត្តអាចលើកចោល ពាក្យសុំឱ្យអនុវត្តដោយបង្ខំ ឬ អាចលុបចោលនីតិវិធីនៃការអនុវត្តដោយបង្ខំនោះ បាន ។

៣-ចំពោះដីកាសម្រេចលើកចោលពាក្យសុំតាមបញ្ញត្តិនៃកថាខណ្ឌទី ២ ខាងលើនេះ អាចប្ដឹងជំទាស់បាន ។

មាត្រា ៣៧៦.-បន្ទុកនៃសោហ៊ុយសម្រាប់ការអនុវត្ត

១-សោហ៊ុយសម្រាប់ការអនុវត្ត ជាបន្ទុករបស់កូនបំណុលនៃការអនុវត្ត ។

២-ក្នុងករណីដែលអនុវត្តដោយបង្ខំចំពោះសិទ្ធិលើបំណុលដែលមានគោលបំណងសងជាប្រាក់ សោហ៊ុយសម្រាប់ការអនុវត្ត អាចប្រមូលយកព្រមគ្នាក្នុងនីតិវិធីនៃការអនុវត្ត បានដោយពុំចាំបាច់មានលិខិតអនុវត្តទេ ។

មាត្រា ៣៧៧.-ការដាក់ប្រាតិភោគ

ដើម្បីដាក់ប្រាតិភោគតាមបញ្ញត្តិនៃគន្ថីះនេះ ភាគីត្រូវធ្វើតាមវិធីផ្ញើបា្រក់ ឬ ឧបករណ៍ អាចជួញដូរបាន ដែលតុលាការទទួលស្គាល់ថាសមរម្យ ទៅតុលាការដែលបង្គាប់ឱ្យដាក់បា្រតិភោគនោះ ឬ តុលាការអនុវត្ត ។

មាត្រា ៣៧៨.-ការមើលសំណុំរឿងនៃរឿងក្តីអនុវត្តដោយបង្ខំ ជាអាទិ៍

១-ជនដែលបានធ្វើសេចក្តីបញ្ជាក់ដំបូងអំពីការពាក់ព័ន្ធនឹងផលប្រយោជន៍ ចំពោះការអនុវត្តដោយបង្ខំដែលធ្វើឡើងដោយតុលាការអនុវត្ត អាចទាមទារមើលសំណុំរឿង ថតចម្លងសំណុំរឿងឱ្យ ប្រគល់ឯកសារចម្លងយថាភូត  ឯកសារចម្លងដែលមានសេចក្តីបញ្ជាក់ ឬ ឯកសារដកស្រង់នៃសំណុំរឿង ឬ អាចទាមទារឱ្យប្រគល់លិខិតបញ្ជាក់អំពីចំណុចដែល ពាក់ព័ន្ធនឹងរឿងក្តីនោះ ពីតុលាការ បាន ដោយបង់ពន្ធ ។

២-ជនដែលបានធ្វើសេចក្តីបញ្ជាក់ដំបូងអំពីការពាក់ព័ន្ធនឹងផលប្រយោជន៍ ចំពោះការអនុវត្តដោយបង្ខំដែលធ្វើឡើងដោយអាជ្ញាសាលា អាចទាមទារមើលសំណុំរឿង ថតចម្លងសំណុំរឿងឱ្យ ប្រគល់ឯកសារ ចម្លងយថាភូត ឯកសារចម្លងដែលមានសេចក្តីបញ្ជាក់ ឬ ឯកសារដកស្រង់នៃសំណុំរឿង ឬ អាចទាមទារឱ្យប្រគល់លិខិតបញ្ជាក់អំពីចំណុចដែល ពាក់ព័ន្ធនឹងរឿងក្តីនោះ ពីអាជ្ញាសាលា បានដោយបង់ពន្ធ ។