ក្រមនីតិវិធីរដ្ឋប្បវេណី
គន្ថីទី ៦៖ ការអនុវត្តដោយបង្ខំ
ជំពូកទី ២៖ ការអនុវត្តដោយបង្ខំចំពោះសិទ្ធិទាមទារដែលមានគោលបំណងឱ្យសងជាប្រាក់
ផ្នែកទី ២៖ ការអនុវត្តចំពោះចលនវត្ថុ
មាត្រា ៣៨៤.-ការចាប់ផ្តើមអនុវត្តចំពោះចលនវត្ថុ
១-ពាក្យសុំអនុវត្តដោយបង្ខំចំពោះចលនវត្ថុ ត្រូវធ្វើទៅអាជ្ញាសាលានៃសាលាដំបូង ដែលមានសមត្ថកិច្ចលើទីកន្លែង ដែលវត្ថុដែលជាកម្មវត្ថុនៃការអនុវត្តដោយបង្ខំស្ថិតនៅ ។
២-នៅក្នុងពាក្យសុំឱ្យអនុវត្តចំពោះចលនវត្ថុ ក្រៅពីចំណុចនីមួយៗដែលកំណត់នៅ ក្នុងកថាខណ្ឌទី ២ នៃមាត្រា ៣៤៩ (របៀបដាក់ពាក្យសុំឱ្យអនុវត្តដោយបង្ខំ) នៃក្រមនេះ ត្រូវសរសេរអំពីទីកន្លែងដែលចលនវត្ថុដែលត្រូវរឹបអូសនោះស្ថិតនៅ ។
៣-ការអនុវត្តដោយបង្ខំចំពោះចលនវត្ថុ នឹងត្រូវចាប់ផ្តើមដោយការរឹបអូសវត្ថុដែល ជាកម្មវត្ថុដោយអាជ្ញាសាលា ។
៤-ចលនវត្ថុដែលបានកំណត់ក្នុងគន្ថីនេះ មានរួមបញ្ចូលទាំងផលធម្មជាតិដែលមិន ទាន់បំបែកពីដីនៅឡើយ ហើយអាចនឹងទទួលផលបានយ៉ាងច្បាស់នៅក្នុងអំឡុងពេល ១ (មួយ) ខែ ។
៥-ប្រសិនបើបានជួបប្រទះកូនបំណុលនៃការអនុវត្តនៅកន្លែងដែលត្រូវយឹបអូស អាជ្ញាសាលាត្រូវដាស់តឿនឱ្យកូនបំណុលនៃការអនុវត្តនោះសងបំណុលដោយស្ម័គ្រចិត្ត នៅមុនពេលចាប់ផ្ដើមរឹបអូស ។
៦-ក្នុងការអនុវត្តចំពោះចលនវត្ថុ អាជ្ញាសាលាអាចទទួលសំណងនៃបំណុល និង សំណងសោហ៊ុយសម្រាប់ការអនុវត្ត ដើម្បីម្ចាស់បំណុលនៃការអនុវត្តបាន ។
មាត្រា ៣៨៥.-ការរឹបអូសចលនវត្ថុដែលកាន់កាប់ដោយកូនបំណុលនៃការអនុវត្ត
១-ចំពោះការរឹបអូសចលនវត្ថុដែលកាន់កាប់ដោយកូនបំណុលនៃការអនុវត្ត អាជ្ញាសាលាត្រូវធ្វើដោយកាន់កាប់ចលនវត្ថុនោះ ។
២-នៅពេលធ្វើការរឹបអូសដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ អាជ្ញាសាលាអាចចូលទៅក្នុងទីកន្លែងរស់នៅរបស់កូនបំណុលនៃការអនុវត្ត ឬ កន្លែងផ្សេងទៀត ដែលកូនបំណុលនៃការអនុវត្តនោះកាន់កាប់ ហើយអាចធ្វើការឆែកឆេររកចលនវត្ថុដែល អាចវឹបអូសនោះបាន ។ ក្នុងករណីនេះ បើមានភាពចាំបាច់ អាជ្ញាសាលាអាចធ្វើការចាត់ចែងចាំបាច់ដើម្បីបើកទ្វារដែលបិទ ទូដែក និង ប្រអប់ផ្សេងទៀតបាន ។
៣-ពេលធ្វើការជ្រើសរើសចលនវត្ថុដែលត្រូវរឹបអូស អាជ្ញាសាលាត្រូវគិតពិចារណា ដល់ផលប្រយោជន៍របស់កូនបំណុលនៃការអនុវត្ត ក្នុងល័ក្ខខ័ណ្ឌពុំធ្វើឱ្យមានការខូចខាត ដល់ផលប្រយោជន៍របស់ម្ចាស់បំណុលនៃការអនុវត្ត ។
៤-ប្រសិនបើយល់ឃើញថាសមរម្យ អាជ្ញាសាលាអាចឱ្យកូនបំណុលនៃការអនុវត្ត ថែរក្សា គ្រប់គ្រងនូវចលនវត្ថុដែលត្រូវបានរឹបអូស ។ នៅក្នុងករណីនេះ ការរឹបអូសនោះ មានអានុភាព លុះត្រាតែចលនវត្ថុដែល បានរឹបអូសនោះ ត្រូវបានបិទស្លាក ឬ ដាក់សញ្ញារឹបអូសដោយវិធីផ្សេងទៀត ។
៥-ក្នុងករណីដែលអាជ្ញាសាលាបានឱ្យកូនបំណុលនៃការអនុវត្តថែរក្សា គ្រប់គ្រងនូវ ចលនវត្ថុដែលបានរឹបអូស តាមបញ្ញត្តិនៃកថាខណ្ឌទី ៤ ខាងលើនេះ ប្រសិនបើយល់ឃើញ ថាសមរម្យ អាជ្ញាសាលាអាចអនុញ្ញាតឱ្យ កូនបំណុលនៃការអនុវត្តប្រើចលនវត្ថុនោះបាន ។
៦-ប្រសិនបើយល់ថាចាំបាច់ អាជ្ញាសាលាអាចថែរក្សាគ្រប់គ្រងដោយខ្លួនឯងវិញនូវ ចលនវត្ថុដែលបានឱ្យកូនបំណុលនៃការអនុវត្តថែរក្សាគ្រប់គ្រង តាមបញ្ញត្តិនៃកថាខណ្ឌទី ៤ ខាងលើ ឬ អាចលុបចោលនូវការអនុញ្ញាតដែលបានធ្វើតាមបញ្ញត្តិនៃកថាខណ្ឌទី ៥ ខាងលើនេះ បាន ។ បញ្ញត្តិនៃកថាខណ្ឌទី ២ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះ ករណីដែលអាជ្ញាសាលាថែរក្សាគ្រប់គ្រងដោយខ្លួនឯងវិញ នូវចលនវត្ថុដែលបានឱ្យកូនបំណុលនៃការអនុវត្តថែរក្សា គ្រប់គ្រងនោះ ។
មាត្រា ៣៨៦.-ការរឹបអូសចលនវត្ថុដែលកាន់កាប់ដោយបុគ្គលផ្សេងក្រៅពីកូនបំណុលនៃការអនុវត្ត
បញ្ញត្តិនៃកថាខណ្ឌទី ១ ទី ៣ ទី ៤ ទី ៥ និង ទី ៦ នៃមាត្រា ៣៨៥ (ការរឹបអូសចលនវត្ថុដែលកាន់កាប់ដោយកូនបំណុលនៃការអនុវត្ត) នៃក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផង ដែរ ចំពោះការរឹបអូសចលនវត្ថុដែលកាន់កាប់ដោយម្ចាស់បំណុលនៃការអនុវត្ត ឬ ចលនវត្ថុ ដែលកាន់កាប់ដោយតតិយជន ក្នុងករណីដែលតតិយជននោះមិនបដិសេធអំពីការប្រគល់ ។
មាត្រា ៣៨៧.-បទប្បញ្ញត្តិពិសេសស្តីពីរថយន្ត ជាអាទិ៍ ដែលបានចុះបញ្ជី
១-ប្រសិនបើរថយន្ត ឬ ទោចក្រយានយន្តដែលត្រូវបានរឹបអូស មានចុះបញ្ជីនៅក្នុង សៀវភៅចុះបញ្ជី អាជ្ញាសាលាត្រូវផ្ទុកផ្ដាក់ឱ្យស្ថាប័នដែលមានសមត្ថកិច្ចសរសេរនូវហេតុការណ៍នៃការរឹបអូសនោះ ចូលទៅក្នុងសៀវភៅចុះបញ្ជីនោះ ។
២-ការរឹបអូសចំពោះរថយន្ត ឬ ទោចក្រយានយន្តដែល បានកំណត់នៅក្នុងកថាខណ្ឌ ទី ១ ខាងលើនេះ នឹងត្រូវមានអានុភាព នៅពេលដែលបានសរសេរនូវហេតុការណ៍នៃការរឹបអូសនោះ ចូលទៅក្នុងសៀវភៅចុះបញ្ជី ។
៣-បញ្ញត្តិនៃកថាខណ្ឌទី ១ និង ទី ២ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះចលនវត្ថុ ក្រៅពីរថយន្ត ឬ ទោចក្រយានយន្តដែលចាំបាច់ត្រូវចុះបញ្ជី ។
មាត្រា ៣៨៨.-ការរួមបញ្ចូលរឿងក្តី
១-ក្នុងករណីដែលមានពាក្យសុំឱ្យអនុវត្តចំពោះចលនវត្ថុបន្ថែមទៀត ទៅលើកូន បំណុលនៃការអនុវត្តដែលបានទទួលការរឹបអូសរួចមកហើយ នៅទីកន្លែងនៃការរឹបអូស ដដែលនោះ បើមានចលនវត្ថុដែលមិនទាន់បានរឹបអូសនៅឡើយ អាជ្ញាសាលាត្រូវរឹបអូស ចលនវត្ថុនោះ ហើយប្រសិនបើគ្មានចលនវត្ថុដែលអាចរឹបអូសបានទេនោះ អាជ្ញាសាលា ត្រូវបញ្ជាក់ច្បាស់លាស់អំពីហេតុការណ៍នេះ ហើយត្រូវរួមបញ្ចូលរឿងក្តីអនុវត្តចំពោះចលនវត្ថុថ្មីនេះ និង រឿងក្តីអនុវត្តចំពោះចលនវត្ថុមុនជាមួយគ្នា ។ បញ្ញត្តិនេះត្រូវយកមក អនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលមានពាក្យសុំឱ្យអនុវត្តចំពោះចលនវត្ថុ ទៅលើកូនបំណុល នៃការអនុវត្តដែលបានទទួលការអនុវត្តរឹបអូសជាបណ្តោះអាសន្ន នៅទីកន្លែងនៃការអនុវត្ត ដដែលនោះ ។
២-បើរឿងក្តីអនុវត្តចំពោះចលនវត្ថុទាំងពីរ ត្រូវបានរួមបញ្ចូលគ្នា តាមបញ្ញត្តិនៃ វាក្យខណ្ឌទី ១ នៃកថាខណ្ឌទី ១ ខាងលើនេះ ចលនវត្ថុដែលត្រូវបានរឹបអូសក្នុងរឿងក្តីពេលក្រោយ នេះ ត្រូវចាត់ទុកថា បានរឹបអូសក្នុងរឿងពីមុន នៅពេលរួមបញ្ចូលរឿងក្តី ហើយពាក្យសុំ នៃរឿងក្តីដែលធ្វើពេលក្រោយនេះ មានអានុភាពជាការទាមទារឱ្យចែកចំណែក ។ បើម្ចាស់ បំណុលនៃការអនុវត្តមុន បានដកពាក្យសុំឱ្យអនុវត្តចំពោះចលនវត្ថុ ឬ នីតិវិធីដែល បានចាប់ ផ្តើមដោយពាក្យសុំនោះ ត្រូវបានផ្អាក ឬ ត្រូវបានលុបចោល ចលនវត្ថុដែលត្រូវ បានរឹប អូសក្នុងរឿងក្តីមុននេះ ត្រូវចាត់ទុកថា បានរឹបអូសដើម្បីរឿងនៅពេលក្រោយ នៅពេល រួមបញ្ចូលរឿងក្តី ។
៣-បើរឿងក្តីនៃការអនុវត្តរឹបអូសជាបណ្តោះអាសន្ន និង រឿងក្តីនៃការអនុវត្តចំពោះ ចលនវត្ថុ ត្រូវបានរួមបញ្ចូលគ្នា តាមបញ្ញត្តិនៃវាក្យខណ្ឌទី ២ នៃកថាខណ្ឌទី ១ ខាងលើនេះ ចលនវត្ថុដែលត្រូវបានអនុវត្តរឹបអូសជាបណ្តោះអាសន្ន ត្រូវចាត់ទុកថា បានរឹបអូសក្នុងរឿងក្តីនៃការអនុវត្តចំពោះចលនវត្ថុ នៅពេលរួមបញ្ចូលរឿងក្តី ហើយពាក្យសុំនៃរឿងក្តីនៃការអនុវត្តរឹបអូសជាបណ្តោះអាសន្ននេះ មានអានុភាពជាការទាមទារឱ្យចែកចំណែក ។ បើម្ចាស់បំណុលនៃការអនុវត្តបានដកពាក្យសុំឱ្យអនុវត្តចំពោះចលនវត្ថុ ឬ នីតិវិធីដែលបាន ចាប់ផ្តើម ដោយពាក្យសុំនោះ ត្រូវបានលុបចោល ចលនវត្ថុដែលត្រូវបានរឹបអូសក្នុងរឿង ក្តីនៃការអនុវត្តចំពោះចលនវត្ថុនេះ ត្រូវចាត់ទុកថា បានអនុវត្តរឹបអូសជាបណ្តោះអាសន្នក្នុងរឿងក្តីនៃការអនុវត្តរឹបអូសជាបណ្តោះអាសន្ន នៅពេលរួមបញ្ចូលរឿងក្តី ។
៤-នៅពេលដែលបានរួមបញ្ចូលរឿងក្តី អាជ្ញាសាលាត្រូវជូនដំណឹងអំពីហេតុការណ៍ នោះទៅម្ចាស់បំណុលនៃការអនុវត្ត ម្ចាស់បំណុលនៃការអនុវត្តរឹបអូសជាបណ្ដោះអាសន្ន និង កូនបំណុលនៃការអនុវត្ត ។
មាត្រា ៣៨៩.-ទំហំដែលការរឹបអូសមានអានុភាព
ការរឹបអូសមានអានុភាពទៅលើផលធម្មជាតិដែលកើតចេញមកពីចលនវត្ថុដែលត្រូវបានរឹបអូស ។
មាត្រា ៣៩០.-ដីកាសម្រេចបង្គាប់ឱ្យប្រគល់ចលនវត្ថុដែលត្រូវបានរឹបអូស
១-បើចលនវត្ថុត្រូវបានរឹបអូសរួចហើយ ហើយបែរជាធ្លាក់ទៅនៅក្រោមការកាន់ កាប់របស់តតិយជន សាលាដំបូងដែលអាជ្ញាសាលាស្ថិតនៅ អាចបង្គាប់ឱ្យ តតិយជននោះប្រគល់ចលនវត្ថុដែលត្រូវបានរឹបអូសនោះទៅអាជ្ញាសាលាបាន ដោយដីកាសម្រេចតាម ពាក្យសុំរបស់ម្ចាស់បំណុលនៃការអនុវត្ត ។
២-ពាក្យសុំដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវធ្វើក្នុងអំឡុងពេល ១ (មួយ) សបា្តហ៍ គិតពីថ្ងៃដែលបានដឹងថា ចលនវត្ថុដែលត្រូវបានរឹបអូសនោះកាន់កាប់ដោយតតិយជន ។
៣-ចំពោះដីកាសម្រេចអំពីពាក្យសុំនៃកថាខណ្ឌទី ១ ខាងលើនេះ អាចប្ដឹងជំទាស់បាន ។
៤-ដីកាសម្រេចដែលយោងតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ពុំត្រូវអនុវត្តឡើយ បើហួសអំឡុងពេល ២ (ពីរ) សបា្តហ៍ គិតចាប់ពីថ្ងៃដែលបានជូនដំណឹងទៅឱ្យអ្នកដាក់ពាក្យសុំ ។
៥-ដីកាសម្រេចដែលយោងតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ អាចអនុវត្តបាន ទោះនៅមុនពេលបញ្ជូនដីកាសម្រេចនោះទៅឱ្យតតិយជនដែលកាន់កាប់ចលនវត្ថុ ដែលត្រូវបានរឹបអូសក៏ដោយ ។
៦-សោហ៊ុយដែលចាំបាច់សម្រាប់ដីកាសម្រេចដែលយោងតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ត្រូវចាត់ជាសោហ៊ុយសម្រាប់ផលប្រយោជន៍រួម ចំពោះនីតិវិធីអនុវត្ត ដោយបង្ខំចំពោះចលនវត្ថុនេះ ។
មាត្រា ៣៩១.-ការហាមឃាត់មិនឱ្យរឹបអូសហួសប្រមាណ
១-ការរឹបអូសចលនវត្ថុ មិនត្រូវធ្វើឱ្យ ហួសកម្រិតចាំបាច់សម្រាប់សំណងសិទ្ធិលើ បំណុលរបស់ម្ចាស់បំណុលនៃការអនុវត្ត និង សោហ៊ុយសម្រាប់ការអនុវត្តទេ ។
២-ប្រសិនបើបានដឹងច្បាស់ថាការរឹបអូស លើសពីកម្រិតដែលបានកំណត់នៅក្នុង កថាខណ្ឌទី ១ ខាងលើនេះ នៅក្រោយពេលដែលបានរឹបអូសរូចហើយ អាជ្ញាសាលាត្រូវ លុបចោលការរឹបអូស ត្រឹមផ្នែកដែលបានហួសកម្រិតនោះ ។
មាត្រា ៣៩២.-ការហាមឃាត់មិនឱ្យរឹបអូសក្នុងករណីដែលប៉ាន់ប្រមាណឃើញថាគ្មានចំនួនសេសសល់
១-អាជ្ញាសាលាមិនត្រូវរឹបអូសឡើយ ប្រសិនបើប៉ាន់ប្រមាណឃើញថា ចំនួនទឹក បា្រក់ដែលបានមកពីការលក់ចលនវត្ថុដែលត្រូវបានរឹបអូសនោះ គ្មានចំនួនសេសសល់ ក្រោយពីបានសងសោហ៊ុយសម្រាប់នីតិវិធីហើយ ។
២-អាជ្ញាសាលាត្រូវលុបចោលការរឹបអូស ប្រសិនបើប៉ាន់ប្រមាណឃើញថា ចំនួន ទឹកប្រាក់ដែលបានមកពីការលក់ចលនវត្ថុ ដែលត្រូវបានរឹបអូសនោះ គ្មានចំនួនសេសសល់ ក្រោយពីបានសងសិទ្ធិលើបំណុលដែលមានអាទិភាពជាងសិទ្ធិលើបំណុលរបស់ម្ចាស់បំណុល នៃការអនុវត្ត និង សោហ៊ុយសម្រាប់នីតិវិធីហើយ ។
មាត្រា ៣៩៣.- ការលុបចោលនូវការរឹបអូស ក្នុងករណីដែលប៉ាន់ប្រមាណឃើញថាមិនអាចលក់បាន
អាជ្ញាសាលាអាចលុបចោលការរឹបអូសចលនវត្ថុ ដែលត្រូវបានរឹបអូសហើយនោះបាន ក្នុងល័ក្ខខ័ណ្ឌដែលបានអនុវត្តការលក់តាមវិធីសមរម្យក៏ដោយ ក៏នៅតែមិនអាចលក់បាន ហើយប៉ាន់ប្រមាណឃើញថា នៅតែមិនអាចលក់បាន នៅពេលអនាគត ។
មាត្រា ៣៩៤.-ការទាមទារឱ្យចែកចំណែកពីអ្នកមានឯកសិទ្ធិ ជាអាទិ៍
បុគ្គលដែលមានឯកសិទ្ធិ ឬ មានសិទ្ធិលើការបញ្ចាំ អាចទាមទារឱ្យចែកចំណែកបាន ដោយដាក់ឯកសារដែលបញ្ជាក់អំពីសិទ្ធិនោះ ។
មាត្រា ៣៩៥.-វិធីលក់
១-ដើម្បីលក់ចលនវត្ថុដែលត្រូវបានរឹបអូស អាជ្ញាសាលាត្រូវលក់តាមវិធីលក់ឡាយឡុង ដោយផ្ទាល់មាត់ ឬ ដោយដាក់ស្រោមសំបុត្រ ។
២-ទោះបីមានបញ្ញត្តិដូចកថាខណ្ឌទី ១ ខាងលើនេះក៏ដោយ បើយល់ឃើញថា សមរម្យ ដោយគិតពិចារណាអំពីប្រភេទ និង ចំនួននៃចលនវត្ថុ ជាអាទិ៍ អាជ្ញាសាលាអាចអនុវត្តការ លក់ចលនវត្ថុដែលត្រូវបានរឹបអូសនោះ ក្រៅពីរបៀបលក់តាមវិធីលក់ឡាយឡុងដោយផ្ទាល់មាត់ ឬ ដោយដាក់ស្រោមសំបុត្រ ឬ អាចឱ្យបុគ្គលផ្សេងពីអាជ្ញាសាលា អនុវត្តការលក់ចលនវត្ថុដែលត្រូវបានរឹបអូសនោះបាន ដោយទទួលការអនុញ្ញាតពីសាលាដំបូងដែលខ្លួនស្ថិតនៅ ។
៣-អាជ្ញាសាលាត្រូវជូនដំណឹងជាសាធារណៈអំពីចលនវត្ថុដែលត្រូវដាក់លក់ និង វិធីលក់ចលនវត្ថុនោះ ដោយបិទប្រកាសនៅកន្លែងសម្រាប់បិទប្រកាសរបស់តុលាការ ។
៤-កូនបំណុលនៃការអនុវត្ត មិនអាចធ្វើសំណើទិញចលនវត្ថុនោះ បានឡើយ ។
៥-ប្រសិនបើអាជ្ញាសាលាអនុញ្ញាតឱ្យ ទិញ អ្នកទិញត្រូវបង់ថ្លៃភ្លាមៗ ។
៦-ប្រសិនបើចលនវត្ថុនោះ ត្រូវបានដាក់លក់ម្តងទៀត ដោយសារអ្នកទិញមិនបានបង់ថ្លៃ អ្នកសុំទិញមុននេះ មិនអាចធ្វើសំណើទិញម្ដងទៀតបានឡើយ ។
៧-បើបានរឹបអូសចលនវត្ថុដែលមានតម្លៃខ្ពស់ អាជ្ញាសាលាត្រូវជ្រើសតាំងអ្នកវាយតម្លៃ ហើយឱ្យអ្នកវាយតម្លៃនោះ វាយតម្លៃចលនវត្ថុនោះ ។
មាត្រា ៣៩៦.-ការរក្សាសណ្តាប់ធ្នាប់នៅកន្លែងលក់
ចំពោះជនណាដែលធ្វើសកម្មភាពរំខានកុំឱ្យការអនុវត្តការលក់ធ្វើឡើងដោយត្រឹមត្រូវ ដូចជាបានធ្វើឱ្យ រំខានដល់ជនដទៃទៀតក្នុងការធ្វើសំណើទិញ ឬ បានឃុបឃិត ដើម្បីបញ្ចុះតម្លៃលក់ដោយមិនត្រឹមត្រូវ ឬ ចំពោះជនដែលបានប្រើឱ្យ ធ្វើសកម្មភាពនោះ អាជ្ញាសាលាអាចកម្រិតមិនឱ្យជននោះចូលកន្លែងលក់ ឬអាចដេញជននោះចេញពីកន្លែងលក់ ឬ អាចមិនឱ្យស្នើសុំទិញបាន ។
មាត្រា ៣៩៧.-ការលក់នៅក្នុងពេលដែលការអនុវត្តកំពុងត្រូវបានផ្អាក
១-ក្នុងករណីដែលមានការដាក់ឯកសារដែលបានកំណត់នៅក្នុងចំណុច ក ឬ ចំណុច ខ កថាខណ្ឌទី ២ នៃមាត្រា ៣៧០ (ការផ្អាក និង ការលុបចោលការអនុវត្តដោយបង្ខំ) នៃក្រមនេះ ប្រសិនបើមានការបារម្ភថា តម្លៃលក់ចលនវត្ថុដែលត្រូវបានរឹបអូស នឹងចុះថោកខ្លាំង ឬ បើត្រូវចំណាយសោហ៊ុយច្រើនមិនសមរម្យសម្រាប់រក្សាទុកនូវចលនវត្ថុនោះ អាជ្ញាសាលាអាចដាក់ចលនវត្ថុដែលត្រូវបានរឹបអូសនោះលក់បាន ។
២-បើបានលក់ចលនវត្ថុដែលត្រូវបានរឹបអូស តាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើ នេះ អាជ្ញាសាលាត្រូវផ្ញើទុកបា្រក់ដែលបានមកពីការលក់នោះនៅសាលាដំបូងដែលខ្លួន ស្ថិតនៅ ។
មាត្រា ៣៩៨.-វិសាលភាពនៃម្ចាស់បំណុលដែលត្រូវទទួលចំណែកជាបា្រក់
ម្ចាស់បំណុលដែលត្រូវទទួលចំណែក គឺបុគ្គលដែលបានកំណត់ក្នុងចំណុចនីមួយៗ ខាងក្រោមនេះ :
ក-ម្ចាស់បំណុលនៃការអនុវត្ត ។
ខ-ម្ចាស់បំណុលដែលបានទាមទារឱ្យ ចែកចំណែក រហូតដល់ពេលដែលអាជ្ញាសាលាបានទទួលការប្រគល់ប្រាក់ ចំពោះប្រាក់ដែលបានមកពីការលក់ ។
គ-ម្ចាស់បំណុលដែលបានទាមទារឱ្យចែកចំណែក រហូតដល់ពេលដែល
បានរឹបអូសបា្រក់ ចំពោះប្រាក់ដែលត្រូវបានរឹបអូស ។
មាត្រា ៣៩៩.-ការចែកចំណែកដោយអាជ្ញាសាលា
១-ក្នុងករណីដែលម្ចាស់បំណុលមានតែម្នាក់ ឬ ក្នុងករណីដែលម្ចាស់បំណុលមាន ច្រើននាក់ ហើយប្រាក់ដែលបានពីការលក់ ឬ ប្រាក់ដែលត្រូវបានរឹបអូស អាចសងចំពោះ សិទ្ធិលើបំណុលរបស់ម្ចាស់បំណុលនីមួយៗ និង សោហ៊ុយសម្រាប់ការអនុវត្តទាំងអស់បាន អាជ្ញាសាលាត្រូវចែកចំណែក ចំពោះម្ចាស់បំណុល ហើយត្រូវប្រគល់ប្រាក់នៅសេសសល់ ទៅឱ្យកូនបំណុលនៃការអនុវត្តវិញ ។
២-ក្រៅពីករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ បើបានទទួល ប្រាក់ដែលបានពីការលក់ ឬ បានរឹបអូសបា្រក់ អាជ្ញាសាលាត្រូវកំណត់ថ្ងៃក្នុងអំឡុងពេល ២ (ពីរ) សបា្ដហ៍ ជាថ្ងៃដែលត្រូវពិភាក្សាគ្នាអំពីការចែកចំណែកនៃប្រាក់ដែលបានមកពីការ លក់ ឬ បា្រក់ដែលត្រូវបានរឹបអូស ហើយត្រូវជូនដំណឹងពីពេលវេលា និង ទីកន្លែងទៅម្ចាស់បំណុលនីមួយៗ ។ បើម្ចាស់បំណុលនីមួយៗ បានពិភាក្សាគ្នាដាច់ស្រេចហើយ អាជ្ញាសាលា ត្រូវចែកចំណែកតាមការពិភាក្សានោះ ។
៣-ក្នុងករណីដែលមានការដាក់ឯកសារដែលបានកំណត់ចាប់ពីចំណុច ក រហូតដល់ ចំណុច ឆ កថាខណ្ឌទី ១ នៃមាត្រា ៣៧០ (ការផ្អាក និង ការលុបចោលការអនុវត្តដោយបង្ខំ) នៃក្រមនេះ ក្រោយពេលអ្នកទិញបានបង់ថ្លៃហើយ បើមានម្ចាស់បំណុលដែលត្រូវ ទទួលចំណែកផ្សេងទៀត ក្រៅពីម្ចាស់បំណុលនៃការអនុវត្ត អាជ្ញាសាលាត្រូវចែកចំណែកឱ្យម្ចាស់បំណុលនោះ ។
៤-ក្នុងករណីដែលមានការដាក់ឯកសារដែលបានកំណត់នៅក្នុងចំណុច ក ឬ ចំណុច ខ កថាខណ្ឌទី ២ នៃមាត្រា ៣៧០ (ការផ្អាក និង ការលុបចោលការអនុវត្តដោយបង្ខំ) នៃ ក្រមនេះ ក្រោយពេលអ្នកទិញបានបង់ថ្លៃហើយ អាជ្ញាសាលាក៏ត្រូវចែកចំណែកនោះផងដែរ ។
៥-ចំពោះការចែកចំណែក សិទ្ធិលើបំណុលដែលកំណត់ពេលពិតប្រាកដពុំទាន់មកដល់ ត្រូវចាត់ទុកថា កំណត់ពេលសងនោះបានចូលមកដល់ហើយ ។
មាត្រា ៤០០.-ការធ្ងើប្រាក់ទុកនៅតុលាការដោយអាជ្ញាសាលា
១-ក្នុងករណីដែលចែកចំណែក តាមបញ្ញត្តិនៃកថាខណ្ឌទី ១ ឬ កថាខណ្ឌទី ២ នៃ មាត្រា ៣៩៩ (ការចែកចំណែកដោយអាជ្ញាសាលា) នៃក្រមនេះ ប្រសិនបើសិទ្ធិលើបំណុល របស់ម្ចាស់បំណុលដែលត្រូវទទួលចំណែកនោះ មានមូលហេតុដូចបានកំណត់នៅក្នុងចំណុច ខាងក្រោមនេះ អាជ្ញាសាលាត្រូវដាក់ប្រាក់ដែលស្មើនឹងចំណែកនោះ ផ្ញើទុកនៅសាលាដំបូងដែលខ្លួនស្ថិតនៅ ហើយត្រូវរាយការណ៍អំពីហេតុការណ៍នោះ ទៅសាលាដំបូងនោះ :
ក-បើសិទ្ធិលើបំណុលនោះមានភ្ជាប់នូវល័ក្ខខ័ណ្ឌបង្អង់ ឬ កំណត់ពេលមិនពិតប្រាកដ ។
ខ-បើសិទ្ធិលើបំណុលនោះជាសិទ្ធិលើបំណុលរបស់ម្ចាស់បំណុល នៃការរឹបអូសជាបណ្តោះអាសន្ន ។
គ-បើមានការដាក់ឯកសារដែលបានកំណត់នៅក្នុងចំណុច ក កថាខណ្ឌទី ២ នៃមាត្រា ៣៧០ (ការផ្អាក និង ការលុបចោលការអនុវត្តដោយបង្ខំ) នៃក្រមនេះ ។
ឃ-បើមានការដាក់ឯកសារចម្លងយថាភូតនៃសេចក្តីសម្រេច ដែលហាមឃាត់ការអនុវត្តមួយរយៈនៃឯកសិទ្ធិ ឬ សិទ្ធិលើការបញ្ចាំដែលទាក់ទងនឹងសិទ្ធិលើបំណុលនោះ ។
២-អាជ្ញាសាលាត្រូវផ្ញើទុកនូវទឹកបា្រក់ស្មើនឹងចំណែកចំពោះម្ចាស់បំណុល ដែលមិនបានបង្ហាញខ្លួនដើម្បីទទួលចំណែក នៅសាលាដំបូងដែលខ្លួនស្ថិតនៅ ។
មាត្រា ៤០១.-ការជូនដំណឹងទៅសាលាដំបូង
ប្រសិនបើការពិភាក្សាដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ នៃមាត្រា៣៩៩ (ការចែកចំណែកដោយអាជ្ញាសាលា) នៃក្រមនេះ ធ្វើមិនបានដាច់ស្រេចទេ អាជ្ញាសាលាត្រូវរាយការណ៍អំពីហេតុការណ៍នេះ ទៅសាលាដំបូងដែលខ្លួនស្ថិតនៅ ។