អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា សំដៅដល់អង្គការកណ្តាលដែលទទួលខុសត្រូវក្នុងការ ទទួលនិងវិភាគរបាយការណ៍ប្រតិបត្តិការសង្ស័យ  របាយការណ៍ប្រតិបត្តិការសាច់ប្រាក់ និងបញ្ជូនលទ្ធផលនៃការវិភាគនិងព័ត៌មានផ្សេងទៀតពាក់ព័ន្ធនឹងការសម្អាតប្រាក់ឬហិរញ្ញប្បទានភេរវកម្ម។[1] អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ត្រូវបានបង្កើត​ឡើងក្រោមមាត្រា ២១ នៃច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្និងស្ថិតនៅក្រមធនាគារជាតិនៃកម្ពុជា។

យោងតាមមាត្រា ២២ នៃច្បាប់ខាងលើ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា មានមុខងារ និងភារកិច្ចដូចខាងក្រោម៖

  • ទទួលរបាយការណ៍ប្រតិបត្តិការសង្ស័យនិងប្រតិបត្តិការសាច់ប្រាក់ និងព័ត៌មានស្តីពីការសង្ស័យនៃការសម្អាតប្រាក់ឬហិរញ្ញប្បទានភេរវកម្ម ដែលត្រូវបានផ្ញើមក។
  • ប្រមូលព័ត៌មានដែលអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាយល់ថាទាក់ទងដល់សកម្មភាពរបស់ខ្លួនស្តីពីការសម្អាតប្រាក់ ឬហិរញ្ញប្បទានភេរវកម្ម ហើយដែលមានផ្សព្វផ្សាយជាសាធារណៈ រួមមាន ទិន្នន័យពាណិជ្ជកម្ម ក៏ដូចជាព័ត៌មានផ្សេងៗទៀតដែលចាំបាច់សម្រាប់អនុវត្តមុខងាររបស់ខ្លួន ដូចជា ព័ត៌មានដែលបានប្រមូល និងថែរក្សាទុកក្នុងទិន្នន័យដោយបុគ្គលរាយការណ៍។
  • យកតាមកាលានុវត្តស្របតាមច្បាប់នូវព័ត៌មានហិរញ្ញវត្ថុ រដ្ឋបាល និងព័ត៌មានសម្រាប់ការពង្រឹងការអនុវត្តច្បាប់ ដែលចាំបាច់សម្រាប់​ការបំពេញមុខងាររបស់ខ្លួន រួមទាំងទាំងព័ត៌មានដែលត្រូវបានប្រមូលនិងថែរក្សាទុកក្នុងទិន្នន័យរបស់ក្រសួង ស្ថាប័នសាធារណៈផ្សេងៗ។
  • វិភាគនិងវាយតម្លៃ នូវរាល់របាយការណ៍ប្រតិបត្តិការសង្ស័យនិងព័ត៌មានពាក់ព័ន្ធ ដើម្បីកំណត់ពីមូលដ្ឋានសមស្របដែលនាំឱ្យជឿជាក់ថាបទល្មើសសម្អាតប្រាក់ឬបទល្មើសហិរញ្ញប្បទានភេរវកម្មបាន​​កើតឡើង ហើយក្នុងករណីនេះ ត្រូវបញ្ជូនសំណុំរឿងទៅក្រសួង ស្ថាប័នអនុវត្តច្បាប់ដើម្បីស៊ើបអង្កេតពីបទល្មើស។
  • ចងក្រងស្ថិតិនិងកត់ត្រាអំពីរបាយការណ៍ប្រតិបត្តិការសង្ស័យនិងប្រតិបត្តិការសាច់ប្រាក់ដែលបានទទួល វិភាគ និងបញ្ជូនទៅក្រសួង ស្ថាប័នអនុវត្តច្បាប់ និងផ្តល់ព័ត៌មានទាំងនោះទៅក្រសួង ស្ថាប័នសាធារណៈផ្សេងទៀត យោងតាមរឿងហេតុដែលពាក់ព័ន្ធ។
  • ផ្តល់មតិទៅបុគ្គលរាយការណ៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងៗ នូវលទ្ធផលនៃរបាយការណ៍ ប្រតិបត្តិការសង្ស័យឬព័ត៌មានផ្សេងៗ។
  • ធានាថារាល់ព័ត៌មានផ្ទាល់ខ្លួនដែលស្ថិតនៅក្នុងដៃរបស់ខ្លួន ត្រូវបានការពារមិនឱ្យបើកចំហដោយគ្មានការអនុញ្ញាត។
  • ចាត់វិធានការដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណជន អំពីការងារទាក់ទងដល់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

[1] (ច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម,នស/រកម/០៦២០/០២១ ចុះថ្ងៃទី ២៧ មិថុនា ២០២០, មាត្រា ៣។)