ច្បាប់ស្តីពីយុត្តិធម៌អនីតិជន ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧១៦/០០៩ ចុះថ្ងៃទី១៤ កក្កដា ២០១៦ មានគោលបំណង ធានាការពារសិទ្ធិ និងឧត្ដមប្រយោជន៍របស់អនីតិជនដែលប្រព្រឹត្តបទល្មើស, គាំទ្រដល់ការស្ដារនីតិសម្បទា និងការធ្វើសមាហរណកម្មអនីតិជនទៅក្នុងសង្គម និងសហគមន៍, ធានាការពារផលប្រយោជនសង្គម និងសហគមន៍។

យោងតាមមាត្រា ៦ នៃច្បាប់ខាងលើ អនីតិជនគ្រប់រូបដែលជាប់សង្ស័យ ឬត្រូវចោទ ឬជាប់ចោទថាបានប្រព្រឹត្តបទល្មើសត្រូវទទួលបាននូវសិទ្ធិជាមូលដ្ឋានក្នុងនីតិវិធីដូចតទៅ៖

  • សិទ្ធិមិនផ្តល់ចម្លើយនៅពេលដែលមាន ឬគ្មានវត្តមានមេធាវី
  • សិទ្ធិមិនទទួលការបង្ខិតបង្ខំឲ្យឆ្លើយដាក់បន្ទុកលើខ្លួនឯង
  • សិទ្ធិរក្សាការសម្ងាត់នៃជីវិតឯកជន
  • សិទ្ធិទទួលបានការពិនិត្យសុខភាព និងការព្យាបាល
  • សិទ្ធិទទួលបានការឲ្យដំណឹងអំពីបទចោទប្រកាន់
  • សិទ្ធិក្នុងការជូនដំណឹងអំពីការចាប់ខ្លួនទៅដល់អ្នកតំណាងដែលច្បាប់បានកំណត់
  •  សិទ្ធិទទួលបានជំនួយពីមេធាវីដោយការជ្រើសរើស ឬដោយការចាត់តាំងដោយមិនយកកម្រៃ ស្របតាមលក្ខខណ្ឌដែលចែងដោយច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ចាប់តាំងពីដំណាក់ កាលដំបូងបំផុតនៃនីតិវិធី
  • សិទ្ធិឲ្យមានការចូលរួមពីអ្នកតំណាងដែលច្បាប់បានកំណត់នៅគ្រប់ដំណើរការរឿងក្តី ប្រសិនបើការចូលរួមនេះមិនផ្ទុយនឹងឧត្តមប្រយោជន៍របស់អនីតិជន
  • សិទ្ធិទទួលបានជំនួយពីអ្នកបកប្រែភាសាដោយមិនយកកម្រៃ កាលបើមានការចាំបាច់
  • សិទ្ធិបង្ហាញភស្តុតាង
  • សិទ្ធិស្នើសុំឲ្យកោះហៅសាក្សី និងសួរសាក្សី
  • សិទ្ធិស្នើសុំអនុញ្ញាតនៅក្រៅឃុំ
  • សិទ្ធិស្នើសុំឲ្យកែប្រែវិធានការត្រួតពិនិត្យតាមផ្លូវតុលាការ
  • សិទ្ធិ ទំនាក់ទំនងជាមួយស្ថានទូត ស្ថានកុងស៊ុល ក្នុងករណីអនីតិជនជាជនបរទេស
  • សិទ្ធិផ្សេងៗទៀតដែលមានចែងនៅក្នុងបទដ្ឋានគតិយុត្តជាធរមាន។