ព្រះរាជក្រមលេខ នស/រកម/០១១៩/០០២ ចុះថ្ងៃទី ២ មករា ២០១៩ បានប្រកាសឱ្យប្រើ ច្បាប់ស្ដីពីបរធនបាលកិច្ច ដែលមានគោលដៅកំណត់អំពីវិធាន នីតិវិធីនៃការបង្កើត ការចុះបញ្ជី ការគ្រប់គ្រង និងការត្រួតពិនិត្យបរធនបាលកិច្ច។
សទ្ទានុក្រមដែលភ្ជាប់ជាឧបសម្ព័ន្ធនៃច្បាប់ខាងលើ ពន្យល់ពាក្យ “បរធនបាលកិច្ច”ថា៖
បរធនបាលកិច្ច សំដៅដល់ការគ្រប់គ្រងបរធនដែលផ្ដល់ដោយបរធនបាលទាយកសម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈ ដោយអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន។ [1]
យោងតាមការពន្យល់ខាងលើ យើងទាញបានថា ភាគីនៃបរធនបាលកិច្ច មាន ៣ គឺ៖
- បរធនបាលទាយក គឺជាបុគ្គលដែលបង្កើត និងកំណត់លក្ខខណ្ឌនៃបរធនបាលកិច្ច និងផ្ដល់ទ្រព្យសម្បត្តិ ឬមូលនិធិដំបូងទៅក្នុងបរធនបាលកិច្ច។
- បរធនបាល គឺជាបុគ្គលដែលទទួលសិទ្ធិគ្រប់គ្រង និងចាត់ចែងបរធន[2]ពីបរធនបាលទាយកសម្រាប់ជាផលប្រយោជន៍ដល់អត្ថគាហកៈ។
- អត្ថគាហកៈ គឺជាបុគ្គលដែលទទួលផលប្រយោជន៍បរធនបាលកិច្ច។
បរធនបាលកិច្ចត្រូវបានបែងចែកជា៤ ប្រភេទ គឺ៖ បរធនបាលកិច្ចពាណិជ្ជកម្ម (Commercial Trust) បរធនបាលកិច្ចសាធារណៈ (Public Trust) បរធនបាលកិច្ចសង្គម (Social Trust) និងបរធនបាលកិច្ចបុគ្គល (Personal Trust)។
១. បរធននបាលកិច្ចពាណិជ្ជកម្ម ត្រូវបានបង្កើតឡើងក្នុងគោលបំណងស្វែងរកប្រាក់ចំណេញ សម្រាប់ជាប្រយោជន៍ដល់អ្នកផ្ដល់វិភាគទានបរធនបាលកិច្ច ឬបុគ្គលណាមួយជាក់លាក់ដែលកំណត់អ្នកផ្ដល់វិភាគទានបរធនបាលកិច្ច រួមមាន៖
- មូលនិធិសោធននិវត្តន៍ មូលនិធីអប់រំ និងមូលនិធិប្រហាក់ប្រហែលផ្សេងទៀត ដែលបុគ្គលណាមួយផ្ទេរទ្រព្យសម្បត្តិឱ្យបរធនបាល ហើយត្រូវបានផ្ទេរត្រឡប់ទៅបុគ្គលនោះវិញ ឬផ្ទេរឱ្យបុគ្គលណាមួយផ្សេងទៀត នៅពេលដែលបានបំពេញតាមលក្ខខណ្ឌ[3]
- សេវារក្សាទុកដែលក្នុងនោះមានការផ្ទេរទ្រព្យសម្បត្តិឬមូលនិធិដោយបុគ្គលណាមួយ ឱ្យទៅបរធនបាល ហើយបរធនបាលត្រូវផ្ទេរត្រឡប់ឱ្យទៅបុគ្គលនេះវិញ ឬឱ្យទៅបុគ្គលណាមួយផ្សេងទៀត នៅពេលដែលបាន បំពេញតាមលក្ខខណ្ឌ[4]
- គម្រោងភាគហ៊ុននិយោជិតឬផលប្រយោជន៍និយោជិត នៅពេលដែលបរធនបាលគ្រប់គ្រងទ្រព្យសម្បត្តិ ឬមូលនិធិដើម្បីវិនិយោគក្នុងនាមនិយោជិតនោះ និង
- ដើម្បីគោលបំណងផ្សេងទៀត
២. បរធនបាលកិច្ចសាធារណៈ បង្កើតឡើងក្នុងគោលបំណងជាប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរទូទៅ។
៣. បរធនបាលកិច្ចសង្គម បង្កើតឡើងនៅពេលដែលបរធនបាលទាយកធ្វើប្រទានកម្មទ្រព្យសម្បត្តិរបស់ខ្លួនឱ្យទៅបរធនបាល ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅក្នុងសង្គម ដូចជាក្នុងគោលបំណងវប្បធម៌ អប់រំ មនុស្សជាតិ សាសនា ឬវិទ្យាសាស្ត្រ។
៤. បរធនបាលកិច្ចបុគ្គល បង្កើតឡើងសម្រាប់ជាប្រយោជន៍របស់បរធនបាលទាយក ឬបុគ្គលដែលកំណត់ជាក់លាក់ដោយបរធនបាលទាយកតាមលក្ខខណ្ឌដូចខាងក្រោម៖
- បរធនបាលទាយកជារូបវន្តបុគ្គលដែលធ្វើប្រទានកម្មទ្រព្យសម្បត្តិឬមូលនិធិរបស់ខ្លួន ឱ្យទៅបរធនបាល សម្រាប់ជាប្រយោជន៍របស់ខ្លួនផ្ទាល់ឬរបស់បុគ្គលផ្សេងទៀត ឬ
- ការផ្ទេរទ្រព្យសម្បត្តិឬមូលនិធិ ដោយបរធនបាលទាយក៖
- ករណីបរធនបាលទាយកនៅមានជីវិត បរធនបាលទាយកនោះត្រូវធ្វើលិខិតបរធនបាលកិច្ចដោយ មានការបញ្ជាក់ពីសារការី ឬមេធាវី ឬឃុំ សង្កាត់ ឬដោយបុគ្គលផ្សេងទៀតដែលមានចែងក្នុងបទប្បញ្ញត្តិជាធរមាន។
- ករណីបរធនបាលទាយកធ្វើមតកសាសន៍ នៅពេលដែលបរធនបាលទាយកនោះទទួលមរណភាព តាមរយៈមតកសាសន៍នេះ បង្កើតជាបរធនបាលកិច្ចដែលស្របតាមបទប្បញ្ញត្តិនៃក្រមរដ្ឋប្បវេណី។
យោងតាមមាត្រា ២៨ នៃច្បាប់ស្ដីពីបរធនបាលកិច្ច បរធនបាលកិច្ចទាំងអស់មានសុពលភាព លុះត្រាតែចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងរយៈពេលមិនលើសពី៣ ខែបន្ទាប់ពីកាលបរិច្ឆេទនៃការបង្កើតបរធនបាលកិច្ច។
[1] សទ្ទានុក្រមនៃច្បាប់ស្ដីពីបរធនបាលកិច្ច, នស/រកម/០១១៩/០០២ ចុះថ្ងៃទី ២ មករា ២០១៩។
[2] បរធន គឺជាទ្យព្យសម្បត្តិ ឬមូលនិធិ ដែលជាកម្មវត្ថុនៃការគ្រប់គ្រង និងចាត់ចែង។
[3] លក្ខខណ្ឌមានចែងលម្អិតក្នុងមាត្រា ១០ នៃច្បាប់ស្ដីពីបរធនបាលកិច្ច។
[4] លក្ខខណ្ឌមានចែងលម្អិតក្នុងមាត្រា ១០ នៃច្បាប់ស្ដីពីបរធនបាលកិច្ច។