បរធនបាល គឺជាបុគ្គលដែលទទួលសិទ្ធិគ្រប់គ្រង និងចាត់ចែងបរធន ពីបរធនបាលទាយកសម្រាប់ជាផលប្រយោជន៍ដល់អត្ថគាហកៈ។[1]
បុគ្គលដែលអាចតែងតាំងជាបរធនបាលមានដូចជា[2]៖
- រូបវន្តបុគ្គល ឬក្រុមរូបវន្តបុគ្គលដែលមានសមត្ថភាពគ្រប់គ្រាន់តាមក្រមរដ្ឋប្បវេណី ឬ
- នីតិបុគ្គលឬក្រមនីតិបុគ្គលស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ឬ
- ក្រុមចម្រុះនៃរូបវន្តបុគ្គលនិងនីតិបុគ្គល។
បរធនបាលមានសិទ្ធិដូចជា[3]៖
- ទទួលលាភការឬកម្រៃនានាក្នុងការគ្រប់គ្រងបរធនបាលកិច្ច ដែលអាចប្រែប្រួលទៅតាមបទពិសោធការងារនិង/ ឬគុណវឌ្ឍវិជ្ជាជីវៈរបស់ខ្លួន
- គ្រប់គ្រងនិងចាត់ចែងបរធនតាមគោលបំណងនិងលក្ខខណ្ឌនៃលិខិតបរធនបាលកិច្ច
- ចំណាយក្នុងសកម្មភាពសង្គម ស្របតាមគោលបំណងនិងលក្ខខណ្ឌនៃលិខិតបរធនបាលកិច្ច
- ស្វែងរកជំនួយឬមូលនិធិផ្សេងៗដើម្បីជាប្រយោជន៍របស់បរធនបាលកិច្ច
- តំណាងឱ្យបរធនបាលទាយកឬអត្ថគាហកៈនៅចំពោះមុខច្បាប់ ឬអាជ្ញាធរមានសមត្ថកិច្ច និង
- គោរពតាមលក្ខខណ្ឌដែលកំណត់ដោយលិខិតបរធនបាលកិច្ចឬបទប្បញ្ញត្តិជាធរមាន។
បរធនបាល មានកាតព្វកិច្ច ដូចជា៖
- ដាក់ពាក្យចុះបញ្ជីបរធនមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ[4]
- បែងចែកឱ្យបានច្បាស់លាស់រវាងទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិបរធនបាលកិច្ច
- គ្រប់គ្រងទ្រព្យសម្បត្តិបរធនបាលកិច្ចដោយយកចិត្តទុកដាក់ និងដោយប្រុងប្រយ័ត្ន
- រក្សាភាពស្មោះត្រង់និងសុចរិត ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិបរធនបាលកិច្ច
- មិនអាចផ្ទេរមុខងាររបស់ខ្លួនឱ្យទៅបុគ្គលផ្សេងទៀតបានឡើយ
- គ្រប់គ្រងនិងចាត់ចែងលើទ្រព្យសម្បត្តិបរធនបាលកិច្ចឱ្យមានប្រសិទ្ធភាពនិងសក្តិសិទ្ធភាព ដើម្បីជាប្រយោជន៍របស់អត្ថគាហកៈ
- ចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិបរធនបាលកិច្ច
- រាយការណ៍និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងការគ្រប់គ្រងបរធនបាលកិច្ចឱ្យបរធនបាលទាយក អត្ថគាហកៈនិងបញ្ញត្តិករពាក់ព័ន្ធ
- រក្សាកំណត់ហេតុនៃកិច្ចប្រជុំ រៀបចំគណនីប្រចាំឆ្នាំ និងឆ្លើយតបទៅនឹងបញ្ញត្តិករពាក់ព័ន្ធ
- ចាត់វិធានការសមស្របដើម្បីការពារទ្រព្យសម្បត្តិបរធនបាលកិច្ច និងអត្ថគាហកៈ
- បង់ពន្ធគ្រប់ប្រភេទដែលទាក់ទងទៅនឹងទ្រព្យសម្បត្តិបរធនបាលកិច្ច
- ចុះកិច្ចសន្យាធានារ៉ាប់រងលើការទទួលខុសត្រូវក្នុងមុខងារជាបរធនបាល
- ផ្តល់របាយការណ៍ហិរញ្ញវត្ថុជាប្រចាំទៅបញ្ញត្តិករពាក់ព័ន្ធនិងទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- មិនអាចទទួលយកផលប្រយោជន៍ពីតតិយជនបានឡើយ ក្នុងករណីមានទំនាស់ផលប្រយោជន៍ និង
- គោរពតាមលក្ខខណ្ឌដែលកំណត់ដោយលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន។
បន្ថែមលើនេះ បរធនបាលមានការទទួលខុសត្រូវចំពោះសកម្មភាពដូចខាងក្រោម[5]៖
- ការធ្វើឱ្យបាត់បង់ឬថយចុះនៃបរធនដោយគ្មានមូលហេតុត្រឹមត្រូវ
- ការខកខានមិនបានបង្គរប្រាក់ចំណេញទុកក្នុងបរធន ក្នុងករណីដែលទ្រព្យសម្បត្តិបរធនបាលកិច្ចនោះអាចផ្តល់ប្រាក់ចំណេញបាន
- ការប្រើប្រាស់បរធនខុសពីគោលបំណងបរធនបាលកិច្ច
- កំហុសដែលបានប្រព្រឹត្តដោយចេតនាឬអចេតនា ក្នុងការបំពេញការងាររបស់ខ្លួន
- ការទទួលខុសត្រូវផ្សេងទៀត តាមលក្ខខណ្ឌនៃលិខិតបរធនបាលកិច្ចឬបទប្បញ្ញត្តិជាធរមាន។
[1] សទ្ទានុក្រមដែលភ្ជាប់ជាឧបសម្ព័ន្ធនៃច្បាប់ស្ដីពីបរធនបាលកិច្ច,នស/រកម/០១១៩/០០២ ចុះថ្ងៃទី ២ មករា ២០១៩។
[2] ច្បាប់ស្ដីពីបរធនបាលកិច្ច, នស/រកម/០១១៩/០០២ ចុះថ្ងៃទី ២ មករា ២០១៩, មាត្រា ២០។
[3] ដូចខាងលើ, មាត្រា ២១។
[4] សេចក្ដីលម្អិតអំពីបែបបទ និងនីតិវិធីនៃការចុះបញ្ជីបរធនបាលកិច្ច សូមអានមាត្រា ២៨ នៃច្បាប់ស្ដីពីបរធនបាលកិច្ច និង អនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ២ សីហា ២០១៩ ស្ដីពីការចុះបញ្ជីបរធនបាលកិច្ច។
[5] ច្បាប់ស្ដីពីបរធនបាលកិច្ច, លេខយោងទី២, មាត្រា ២៣។