យោងតាម សទ្ទានុក្រមដែលភ្ជាប់ជាឧបសម្ព័ន្ធនៃច្បាប់ស្ដីពីបរធនបាល​កិច្ច ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១១៩/០០២ ចុះថ្ងៃទី ២ មករា ២០១៩៖

បរធនបាលទាយក គឺជាបុគ្គលដែលបង្កើត និងកំណត់លក្ខខណ្ឌនៃបរធនបាលកិច្ច និងផ្ដល់ទ្រព្យសម្បត្តិ ឬមូលនិធិដំបូងទៅក្នុងបរធនបាលកិច្ច។

បរធនបាលទាយកមានសិទ្ធិដូចជា[1]

  • ទទួលព័ត៌មានពាក់ព័ន្ធនឹងការគ្រប់គ្រងបរធនបាលកិច្ច ដែលមានជាអាទី របាយការណ៍ហិញ្ញវត្ថុ របាយការណ៍សវនកម្ម និងឯកសារពាក់ព័ន្ធផ្សេងទៀត
  • តែងតាំងនិងបញ្ឈប់បរធនបាល តាមលក្ខខណ្ឌដែលបានកំណត់ក្នុងលិខិតបរធនបាលកិច្ច។

ទន្ទឹមនឹងសិទ្ធិខាងលើ បរធនបាលទាយកក៏មានកាតព្វកិច្ចមួយចំនួនផងដែរ ដូចជា[2]

  • ផ្ទេរទ្រព្យសម្បត្តិឬមូលនិធិជាបរធនឱ្យទៅបរធនបាល គ្រប់គ្រង និងចាត់ចែងជំនួស សម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈ
  • ចូលរួមឬសម្រួលក្នុងកិច្ចការផ្ទេរបរធនឱ្យទៅបរធនបាល គ្រប់គ្រង និងចាត់ចែង
  • ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំពោះការផ្លាស់ប្តូរបរធនបាលទាយកឬអ្នកផ្តល់វិភាគទានបរធនបាលកិច្ច ឬការកែប្រែលក្ខខណ្ឌនៃលិខិតបរធនបាលកិច្ច
  • គោរពតាមលក្ខខណ្ឌដែលកំណត់ដោយ លិខិតបរធនបាលកិច្ចនិងបទប្បញ្ញត្តិជាធរមាន។

[1] ច្បាប់ស្ដីពីបរធនបាលកិច្ច, នស/រកម/០១១៩/០០២ ចុះថ្ងៃទី ២ មករា ២០១៩, មាត្រា ១៧។

[2] ដូចខាងលើ, មាត្រា ១៨។​