ពាក្យ “លិខិតបទដ្ឋានគតិយុត្ត” ផ្សំឡើងពីពាក្យ បីគឺ “លិខិត” “បទដ្ឋាន” និង “គតិយុត្ត” ។ លិខិត មានន័យថា ជា អត្ថបទដែលសរសេរឡើងជាលាយលក្ខណ៍អក្សរ ។ ពាក្យ “បទដ្ឋាន” មានន័យជា ទីតាំង ហេតុជាទីតម្កល់ ជើងទ្រផ្ទាល់ ។ ចំណែកពាក្យ “គតិយុត្ត”មានន័យថា ច្បាប់ ឬតាមផ្លូវច្បាប់ ។ ជារួម លិខិតបទដ្ឋានគតិយុត្ត គឺជាអត្ថបទច្បាប់វិជ្ជមាននានា ដែលអង្គការនីតិបញ្ញត្តិ ឬអាជ្ញាធររបស់រដ្ឋផ្សេងៗទៀត បានតាក់តែងឡើង ដោយផ្អែកលើរដ្ឋធម្មនុញ្ញជាគោល ដើម្បីយកទៅអនុវត្ត ក្នុងការគ្រប់គ្រងប្រទេសជាតិ ។
អត្ថបទច្បាប់វិជ្ជមានទាំងនោះ ចែងអំពីទំនាក់ទំនងរវាងបុគ្គលឯកជន និងរដ្ឋ ឬរវាងរដ្ឋ និងអង្គភាពរដ្ឋ សំដៅបម្រើផលប្រយោជន៍ទូទៅ ឬសង្គម ដោយស្មើភាពគ្នា គ្មានការរើសអើង ។ ការគ្រប់គ្រងរដ្ឋ ក៏ដូចជាការគ្រប់គ្រងសង្គម តែងតែមានទំនាក់ទំនងរវាងអង្គភាពរដ្ឋ និងបុគ្គលឯកជន ឬអង្គភាពរដ្ឋ និងអង្គភាពរដ្ឋ ដើម្បីបម្រើផលប្រយោជន៍ទូទៅលើគ្រប់វិស័យ ។ ក្នុងទិសដៅនេះ អង្គភាពរដ្ឋ ផ្នែកនីតិកម្ម ត្រូវរៀបចំឡើងនូវលិខិតបទដ្ឋានផ្សេងៗ ដើម្បីគ្រប់គ្រងលើទំនាក់ទំនងទាំងនោះ ។ លិខិតបទដ្ឋានទាំងឡាយ មានលំដាប់ថ្នាក់ពីខ្ពស់ទៅទាប ដោយផ្អែកទៅលើវិសាលភាព ខ្លឹមសារ និងឋានានុក្រម នៃប្រភពតាក់តែងរៀបរៀង ។
លិខិតបទដ្ឋានគតិយុត្ត មានដូចជា ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស សេចក្ដីសម្រេច ដីកា សារាចរ សារាចរណែនាំ ជាដើម ។ អាជ្ញាធររបស់រដ្ឋ ដែលមានសិទ្ធិចេញលិខិតបទដ្ឋានគតិយុត្ត គឺ ព្រះមហាក្សត្រ អង្គការនីតិបញ្ញត្តិ (រដ្ឋសភា និងព្រឹទ្ធសភា) អង្គការនីតិប្រតិបត្តិ (រាជរដ្ឋាភិបាល) ក្រសួងស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិដទៃទៀត ។