អនុក្រឹត្យ គឺជាប្រភេទអត្ថបទគតិយុត្ត ឬលិខិតបទដ្ឋានគតិយុត្ត ចេញដោយនាយករដ្ឋមន្ត្រី ឬប្រមុខរដ្ឋាភិបាល ហើយមានអានុភាពលើក្រសួង ស្ថាប័ននានា ចំណុះរដ្ឋាភិបាល។ ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃទីស្ដីការគណ:រដ្ឋមន្ត្រី ដែលប្រកាសឱ្យប្រើនៅថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៨ មាត្រា ១៨ បានកំណត់ថា “នាយករដ្ឋមន្ត្រី ចុះហត្ថលេខា លើអនុក្រឹត្យ សេចក្ដីសម្រេច បទបញ្ជា និងសារាចររបស់រាជរដ្ឋាភិបាល។ លិខិតបទដ្ឋាននានា ដែលមានអានុភាពទូទៅរបស់រាជរដ្ឋាភិបាល ត្រូវចុះក្នុងរាជកិច្ច ។”

នៅក្នុងការអនុវត្តជាក់ស្ដែង នៃព្រះរាជាណាចក្រកម្ពុជា អនុក្រឹត្យមានពីរប្រភេទ គឺ៖ អនុក្រឹត្យស្ដីពីការបង្កើត និងអនុក្រឹត្យស្ដីពីការតែងតាំង។

 (១) អនុក្រឹត្យស្ដីពីការបង្កើត

ជាទូទៅ លេខរបស់ អនុក្រឹត្យស្ដីពីការបង្កើត តែងតែបញ្ចប់ដោយ អនក្រ.បក ។ សូមបញ្ជាក់ថា “អនក្រ” គឺជាអក្សរកាត់ពីពាក្យថា “អនុក្រឹត្យ” ចំណែក “បក” គឺជាអក្សរកាត់ពីពាក្យថា “បង្កើត”។ អនុក្រឹត្យបង្កើត គឺជាអនុក្រឹត្យដែលចែងអំពីការរៀបចំ ឬបង្កើតអង្គភាព ក្រុមការងារ គណ:កម្មការ អាជ្ញាធរ ក្រុមប្រឹក្សាជាដើម ដែលក្រុមទាំងនេះ ត្រូវស្ថិតក្រោមរង្វង់សមត្ថកិច្ចរបស់រដ្ឋាភិបាល ។ ឧទាហរណ៍ ៖ អនុក្រឹត្យលេខ. ៤៦. អនក្រ. បក ចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០០២ ស្ដីពីនីតិវិធី នៃការកសាងប្លង់សុរិយោដី  និងសៀវភៅគោលបញ្ជីដីធ្លី ។ តាមរយ:អនុក្រឹត្យនេះ ត្រង់មាត្រា ៣ បានបង្កើតគណ:កម្មការរដ្ឋបាលមួយ ក្រោមការដឹកនាំរបស់អភិបាលខេត្ត ក្រុង សម្រាប់អនុវត្តការងារ លើតំបន់ដែលត្រូវធ្វើការវិនិច្ឆ័យ ក្នុងដំណើរការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ ។  

(២) អនុក្រឹត្យស្ដីពីការតែងតាំង

លេខរបស់ អនុក្រឹត្យស្ដីពីការតែងតាំង តែងតែបញ្ចប់ដោយ អនក្រ.តត ដែល “អនក្រ” ជាអក្សរកាត់មកពីពាក្យថា “អនុក្រឹត្យ” ចំណែក “តត” ជាអក្សរកាត់មកពីពាក្យថា “តែងតាំង” ។   អនុក្រឹត្យស្ដីពីការតែងតាំង មាននាទីតែងតាំង ផ្លាស់ប្ដូរ ផ្ទេរភារកិច្ច បញ្ចប់ការងារ ដាក់ឱ្យចូលនិវត្តន៍ជាដើម ចំពោះមន្ត្រីជាន់ខ្ពស់ថ្នាក់វរមន្ត្រី ចាប់ពីថ្នាក់ប្រធាននាយកដ្ឋាន ដល់ថ្នាក់អគ្គនាយករង អគ្គលេខាធិការរង អគ្គាធិការរង និងថ្នាក់សមមូល ។