ការរក្សាសន្តិភាព (peace keeping) សំដៅដល់ការរក្សាសន្តិភាពកើតចេញមកពីការដោះស្រាយ រវាងគូប្រឈមពីរ ឬច្រើនក្រុម ហើយ ចែកជាពីរប្រភេទ ៖

ទី១. សំដៅលើភាគីកងកម្លាំងប្រដាប់អាវុធពីរ ដែលប្រឈមមុខគ្នា ហើយបានឯកភាពព្រមព្រៀងលើគោលការណ៍សន្តិភាព ការឈប់បាញ់ គ្នា ដើម្បីដោះស្រាយរាល់បញ្ហាទាំងឡាយណាដែលប្រឈម។

ឧ. ក្រោយពីប្រាសាទព្រះវិហារត្រូវបានដាក់ចូលជាបេតិភណ្ឌពិភពលោក កាល​ពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ កងទ័ពថៃបានចូលមក រំលោភបូរណភាពទឹកដីប្រទេសកម្ពុជា។ បញ្ហានេះបានបង្កើតឱ្យមានការផ្ទុះអាវុធជាច្រើនលើក។ ក្រោយមក ភាគីទាំងពីរបានចរចាគ្នាដើម្បីរក្សាសន្តិភាពរវាងភាគីកងទ័ពកម្ពុជានិង កងទ័ពថៃនៅតាមខ្សែព្រំដែនស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ទី២. សំដៅលើភាគីកងកម្លាំងប្រដាប់អាវុធច្រើន ក្រុមដែលប្រឈមមុខដាក់គ្នា ហើយបានឯកភាពព្រមព្រៀងលើគោលការណ៍សន្តិភាពបញ្ឈប់ ការបាញ់គ្នា ដោយយកតួអង្គណាមួយជាអាជ្ញាកណ្តាល។

ឧ. ជម្លោះរ៉ាំរ៉ៃជាងពីរទសវត្សរ៍រវាងចតុភាគី កម្ពុជាបានឈានទៅរកកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ដោយមានអង្គការសហប្រជាជាតិ ដើរតួជាអ្នកសម្របសម្រួលក្នុងការដោះស្រាយ។

(ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃទីស្ដីការគណៈរដ្ឋមន្ត្រី, សទ្ទានុក្រមវិទ្យាសាស្ត្រនយោ​បាយ និង ការទូត៖ ខ្មែរ-អង់គ្លេស-បារាំង, មិថុនា ២០១៤, ទំ.៨-៩។)

ទាញយកសទ្ទានុក្រម: PDF