គន្ថីទី ៦៖ ការអនុវត្តដោយបង្ខំ

ជំពូកទី ២៖ ការអនុវត្តដោយបង្ខំចំពោះសិទ្ធិទាមទារដែលមានគោលបំណងឱ្យសងជាប្រាក់

ផ្នែកទី ៣៖ ការអនុវត្តចំពោះសិទ្ធិលើបំណុល និង សិទ្ធិលើទ្រព្យសម្បត្តិផ្សេងទៀត

មាត្រា ៤០២.-អត្ថន័យនៃការអនុវត្តចំពោះសិទ្ធិលើបំណុល និង តុលាការអនុវត្

១-ការអនុវត្តដោយបង្ខំចំពោះសិទ្ធិលើបំណុលដែលមានគោលបំណងឱ្យសងប្រាក់ ឬ ប្រគល់ចលនវត្ថុ ត្រូវហៅថា ការអនុវត្តចំពោះសិទ្ធិលើបំណុល ។

២-កូនបំណុលនៃសិទ្ធិលើបំណុលដែលនឹងត្រូរឹបអូស ត្រូវហៅថា កូនបំណុលទី ៣ ។

៣-ក្នុងការអនុវត្តចំពោះសិទ្ធិលើបំណុល សាលាដំបូងដែលមានសមត្ថកិច្ចលើទីកន្លែង របស់កូនបំណុលនៃការអនុវត្តដែលបានកំណត់នៅក្នុងមាត្រា ៨ (សមត្ថកិច្ចសាលាជម្រះក្តីដែលបានកំណត់ទៅតាមលំនៅឋាន ជាអាទិ៍) នៃក្រមនេះ គឺជាតុលាការអនុវត្តដែល មានសមត្ថកិច្ច ហើយក្នុងករណីដែលគ្មានកន្លែងខាងលើនោះ សាលាដំបូងដែលមានសមត្ថកិច្ច លើទីកន្លែងរបស់កូនបំណុលទី៣ដែលបានកំណត់នៅក្នុងមាត្រា ៨ គឺជាតុលាការអនុវត្ត ដែលមានសមត្ថកិច្ចវិញ ។

៤-ក្នុងករណីដែលដីកាសម្រេចរឹបអូសបានចេញម្តងទៀតចំពោះសិទ្ធិលើបំណុល ដែលត្រូវបានរឹបអូស បើតុលាការអនុវត្តដែលបានចេញដីកាសម្រេចរឹបអូសនោះខុសគ្នា តុលាការអនុវត្តអាចផ្ទេររឿងក្តីនោះ ទៅតុលាការអនុវត្តផ្សេងបាន ។

មាត្រា ៤០៣.-ដីកាសម្រេចរឹបអូស

១-ពាក្យសុំឱ្យអនុវត្តចំពោះសិទ្ធិលើបំណុល ត្រូវដាក់ទៅតុលាការអនុវត្ត ។

២-នៅក្នុងពាក្យសុំឱ្យអនុវត្តចំពោះសិទ្ធិលើបំណុល ក្រៅពីចំណុចដែលបានកំណត់ នៅក្នុងចំណុចនីមួយៗនៃកថាខណ្ឌទី ២ មាត្រា ៣៤៩ (របៀបដាក់ពាក្យសុំឱ្យអនុវត្តដោយបង្ខំ) នៃក្រមនេះ ត្រូវបញ្ជាក់អំពីកូនបំណុលទី៣ផងដែរ ។

៣-ក្នុងករណីដែលសុំឱ្យ អនុវត្តចំពោះផ្នែកណាមួយនៃសិទ្ធិលើបំណុល ម្ចាស់បំណុល នៃការអនុវត្ត ត្រូវសរសេរបញ្ជាក់ឱ្យ បានច្បាស់លាស់នូវទំហំនៃការអនុវត្តនោះ ក្នុងពាក្យ សុំឱ្យ អនុវត្តចំពោះសិទ្ធិលើបំណុល ។

៤-ការអនុវត្តចំពោះសិទ្ធិលើបំណុល ត្រូវចាប់ផ្តើម ដោយដីកាសម្រេចរឹបអូសរបស់ តុលាការអនុវត្ត ។

៥-ក្នុងដីកាសម្រេចរឹបអូស តុលាការអនុវត្តត្រូវហាមមិនឱ្យកូនបំណុលនៃការអនុវត្ត ធ្វើការប្រមូលសិទ្ធិលើបំណុល ឬ ការចាត់ចែងផ្សេងទៀត ហើយហាមមិនឱ្យកូនបំណុលទី ៣ សងបំណុលឱ្យកូនបំណុលនៃការអនុវត្តនោះ ។

៦-ដីកាសម្រេចរឹបអូសត្រូវធ្វើឡើង ដោយមិនត្រូវសួរនូវកូនបំណុលនៃការអនុវត្ត និង កូនបំណុលទី ៣ ទេ ។

៧- ដីកាសម្រេចរឹបអូសត្រូវបញ្ជូនទៅឱ្យកូនបំណុលនៃការអនុវត្ត និង កូនបំណុលទី ៣ ។

៨-អានុភាពនៃការរឹបអូស ត្រូវកើតឡើងនៅពេលដែលដីកាសម្រេចរឹបអូសត្រូវ បាន បញ្ជូនទៅដល់កូនបំណុលទី ៣ ។

៩-នៅពេលដែលដីកាសម្រេចរឹបអូសត្រូវបានបញ្ជូនទៅកូនបំណុលនៃការអនុវត្ត និង កូនបំណុលទី ៣ ក្រឡាបញ្ជីត្រូវជូនដំណឹងអំពីការណ៍នោះ និង ថ្ងៃ ខែ ឆ្នាំនៃការបញ្ជូននោះ ទៅម្ចាស់បំណុលនៃការអនុវត្ត ។

១០-បើដីកាសម្រេចរឹបអូសចំពោះសិទ្ធិលើបំណុលដែលត្រូវបានធានាដោយហ៊ីប៉ូតែក ឬ សិទ្ធិប្រាតិភោគផ្សេងទៀតដែលបានចុះបញ្ជី បានបង្កើតអានុភាព តាមពាក្យសុំរបស់ ម្ចាស់បំណុលនៃការអនុវត្ត ក្រឡាបញ្ជីត្រូវផ្ទុកផ្ដាក់ឱ្យស្ថាប័នដែលមានសមត្ថកិច្ច ចុះបញ្ជីបញ្ជាក់ថា សិទ្ធិលើបំណុលនោះត្រូវបានរឹបអូសហើយ ។

១១-ចំពោះសេចក្តីសម្រេចអំពីពាក្យសុំឱ្យចេញដីកាសម្រេចរឹបអូស អាចប្ដឹងជំទាស់បាន ។

មាត្រា ៤០៤.-ទំហំនៃការរឹបអូស

១-តុលាការអនុវត្ត អាចចេញដីកាសម្រេចរឹបអូសនូវសិទ្ធិលើបំណុលទាំងអស់ដែល ត្រូរឹបអូសនោះ ។​

២-ប្រសិនបើតម្លៃនៃសិទ្ធិលើបំណុលដែលបានរឹបអូស លើសតម្លៃនៃសិទ្ធិលើបំណុល របស់ម្ចាស់បំណុលនៃការអនុវត្ត និង សោហ៊ុយសម្រាប់ការអនុវត្ត នោះតុលាការអនុវត្តមិន ត្រូរឹបអូសសិទ្ធិលើបំណុលផ្សេងទៀតឡើយ ។

៣-ក្នុងករណីដែលសិទ្ធិលើបំណុលមួយភាគត្រូវ បានរឹបអូស ឬ ត្រូវបានទទួលការ អនុវត្តរឹបអូសជាបណ្តោះអាសន្ន ប្រសិនបើដីកាសម្រេចរឹបអូសផ្សេងទៀតបានចេញ ដោយលើសភាពដែលសល់នោះទៀត អានុភាពនៃរឹបអូស ឬ ការអនុវត្តរឹបអូសជាបណ្ដោះអាសន្ននីមួយៗនោះ មានចំពោះសិទ្ធិលើបំណុលទាំងអស់នោះ ។ បញ្ញត្តិនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះអានុភាពនៃរឹបអូស ក្នុងករណីដែលសិទ្ធិលើបំណុលទាំងអស់ត្រូវបានរឹបអូស ឬ បានទទួលការអនុវត្តរឹបអូសជាបណ្តោះអាសន្ន ហើយមានដីកាសម្រេចរឹបអូសផ្សេងទៀតដែលរឹបអូសមួយភាគនៃសិទ្ធិលើបំណុលនោះ ។

មាត្រា ៤០៥.-ការដាស់តឿនឱ្យកូនបំណុលទី៣ធ្វើសេចក្តីថ្លែងការណ៍

១-ប្រសិនបើមានពាក្យសុំពីម្ចាស់បំណុលនៃការអនុវត្ត នៅពេលបញ្ជូនដីកាសម្រេចរឹបអូស តុលាការអនុវត្តត្រូវដាស់តឿនឱ្យកូនបំណុលទី៣ធ្វើសេចក្តីថ្លែងការណ៍អំពីចំណុច ដែល បានកំណត់ខាងក្រោមនេះ ក្នុងអំឡុងពេល ២ (ពីរ) សប្ដាហ៍ ចាប់ពីថ្ងៃបញ្ជូនដីកាសម្រេចរឹបអូសៈ

ក-អត្ថិភាព ឬ នត្ថិភាពនៃសិទ្ធិលើបំណុលដែលត្រូវបានរឹបអូសនោះ ហើយប្រភេទ ចំនួនទឹកប្រាក់ និង ខ្លឹមសារនៃសិទ្ធិលើបំណុល ឃីមានសិទ្ធិនោះ ។

ខ-អត្ថិភាព ឬ នត្ថិភាពនៃឆន្ទៈសង និង ទំហំនៃការសង ឬ មូលហេតុដែលមិនសង ។

គ-បើមាន សញ្ញាណនៃជនដែលមានអាទិភាពជាងម្ចាស់បំណុលនៃការអនុវត្តចំពោះសិទ្ធិលើបំណុលដែលពាក់ព័ន្ធ និង ប្រភេទនៃសិទ្ធិរបស់ជននោះ និង ទំហំនៃអាទិភាពនោះ ។

ឃ-អត្ថិភាព ឬ នត្ថិភាពនៃការរឹបអូស ឬ ការអនុវត្តរឹបអូសជាបណ្តោះអាសន្នចំពោះសិទ្ធិលើបំណុលដែលពាក់ព័ន្ធ ដោយម្ចាស់បំណុលផ្សេង ។

២-ប្រសិនបើកូនបំណុលទី ៣ មិនបានធ្វើសេចក្តីថ្លែងការណ៍ តាមការដាស់តឿនដែល បានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ដោយចេតនា ឬ ដោយកំហុសរបស់ ខ្លួន ឬ បានធ្វើសេចក្តីថ្លែងការណ៍ខុសពីការពិត កូនបំណុលទី ៣ នោះ ត្រូវទទួលខុសត្រូវក្នុងការសង សំណងនៃការខូចខាតដែលកើតឡើងដោយសារអំពើនេះ ។

មាត្រា ៤០៦.-ការប្រគល់លិខិតបញ្ជាក់សិទ្ធិលើបំណុល

១-ប្រសិនបើមានលិខិតបញ្ជាក់សិទ្ធិលើបំណុលដែលត្រូវបានរឹបអូស កូនបំណុលនៃការអនុវត្តត្រូវប្រគល់លិខិតបញ្ជាក់នោះ ឱ្យម្ចាស់បំណុលនៃការអនុវត្ត ។

២-ម្ចាស់បំណុលនៃការអនុវត្តអាចទទួលការប្រគល់នូវលិខិតបញ្ជាក់ ដែលបានកំណត់ នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ តាមការអនុវត្តដោយបង្ខំឱ្យ ប្រគល់ចលនវត្ថុដែលបាន កំណត់ក្នុងមាត្រា ៥២៥ (ការអនុវត្តដោយបង្ខំឱ្យប្រគល់ចលនវត្ថុ) នៃក្រមនេះ ដោយផ្អែកលើដីកាសម្រេចរឹបអូសបាន ។

មាត្រា ៤០៧.-ការរឹបអូសនូវតាវកាលិកដែលទទួលបន្តបន្ទាប់

អានុភាពនៃការរឹបអូសសិទ្ធិលើបំណុលដែលទាក់ទងនឹងប្រាក់បៀវត្ស ឬ តាវកាលិក ផ្សេងទៀតដែលទទួលបន្តបន្ទាប់ មានលើតាវកាលិកដែលនឹងទទួលក្រោយពីការរឹបអូសនោះ ត្រឹមកម្រិតនៃចំនួនទឹកប្រាក់នៃសិទ្ធិលើបំណុលរបស់ម្ចាស់បំណុលនៃការអនុវត្ត និង សោហ៊ុយសម្រាប់ការអនុវត្ត ។

មាត្រា ៤០៨.-ការជូនដំណឹងអំពីការដកពាក្យសុំ ជាអាទិ៍

១-បើពាក្យសុំឱ្យអនុវត្តចំពោះសិទ្ធិលើបំណុល ត្រូវបានដកវិញ ក្រឡាបញ្ជីត្រូវជូន ដំណឹងនេះទៅឱ្យកូនបំណុលទី ៣ ដែលបានទទួលការបញ្ជូនដីកាសម្រេចរឹបអូសផងដែរ ។

២-បើមានដីកាសម្រេចលុបចោលនីតិវិធីនៃការអនុវត្តចំពោះសិទ្ធិលើបំណុល ក្រឡាបញ្ជីត្រូវជូនដំណឹងនេះ ទៅឱ្យកូនបំណុលទី ៣ ដែលបានទទួលការបញ្ជូនដីកាសម្រេច រឹបអូស ។

មាត្រា ៤០៩.-ការទាមទារឱ្យចែកចំណែក

១-ម្ចាស់បំណុលដែលមានឯកសារចម្លងយថាភូតនៃលិខិតអនុវត្ត ដែលមានអានុភាពអនុវត្ត និង ម្ចាស់បំណុលដែលបញ្ជាក់ដោយឯកសារថា ខ្លួនមានឯកសិទ្ធិ អាចទាមទារឱ្យចែកចំណែកបាន ។

២-នៅពេលដែលមានការទាមទារឱ្យចែកចំណែកដែលបានកំណត់នៅក្នុងកថាខណ្ឌ ទី ១ ខាងលើនេះ តុលាការអនុវត្តត្រូវបញ្ជូនឯកសារដែលបញ្ជាក់អំពីសេចក្តីទាមទារនោះ ទៅឱ្យ កូនបំណុលទី ៣ ។

៣-ចំពោះដីកាសម្រេចលើកចោលការទាមទារឱ្យចែកចំណែកអាចប្ដឹងជំទាស់បាន ។

មាត្រា ៤១០.-ការប្រមូលបំណុលដែលមានគោលបំណងឱ្យសងជាប្រាក់

១-ម្ចាស់បំណុលដែលបានរឹបអូសសិទ្ធិលើបំណុលដែលមានគោលបំណងឱ្យសងជាប្រាក់ អាចប្រមូលបំណុលនោះបាន បើ ១ (មួយ) សប្ដាហ៍កន្លងហួស ក្រោយពីថ្ងៃដែលដីកាសម្រេចរឹបអូសត្រូវបានបញ្ជូនទៅឱ្យកូនបំណុលនៃការអនុវត្ត ។ ប៉ុន្តែ ម្ចាស់បំណុលនៃការអនុវត្តនោះមិនអាចទទួលការសងលើសតម្លៃនៃសិទ្ធិលើបំណុលរបស់ខ្លួន និង សោហ៊ុយ សម្រាប់ការអនុវត្តបានឡើយ ។

២-ពេលដែលម្ចាស់បំណុលនៃការអនុវត្តបានទទួលសំណងពីកូនបំណុលទី ៣ ត្រូវ ចាត់ទុកថា បំណុលនោះ និង សោហ៊ុយសម្រាប់ការអនុវត្ត ត្រូវបានសង ត្រឹមកម្រិតនៃចំនួន ទឹកប្រាក់សំណងដែលខ្លួន បានទទួល ។

៣-ពេលដែលបានទទួលសំណងដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ ខាងលើនេះ ម្ចាស់បំណុលនៃការអនុវត្ត ត្រូវជូនដំណឹងអំពីការណ៍នេះទៅតុលាការអនុវត្ត ។

៤-ម្ចាស់បំណុលនៃការអនុវត្ត ត្រូវទទួលខុសត្រូវចំពោះកូនបំណុលនៃការអនុវត្ត ក្នុង ការសងការខូចខាតដែលកើតឡើង ដោយសារការមិនអនុវត្តសិទ្ធិលើបំណុល ដែលខ្លួនបាន រឹបអូស ។

មាត្រា ៤១១.-ការធ្វើប្រាក់ទុកដោយកូនបំណុលទី ៣

១-ពេលដែលសិទ្ធិលើបំណុលដែលមានគោលបំណងឱ្យសងជាប្រាក់ ត្រូវបានរឹបអូស កូនបំណុលទី ៣ អាចផ្ញើទុកប្រាក់ស្មើនឹងចំនួនប្រាក់ដែលត្រូវបានរឹបអូសក្នុងចំណោម សិទ្ធិលើបំណុលនោះ ឬ ប្រាក់ស្មើនឹងចំនួនប្រាក់នៃសិទ្ធិលើបំណុលនោះទាំងអស់ នៅតុលាការអនុវត្តបាន ។

២-ក្នុងករណីខាងក្រោមនេះ កូនបំណុលទី​៣ត្រូវផ្ញើទុកប្រាក់ស្មើនឹងចំនួនប្រាក់ដែល បានកំណត់ខាងក្រោម នៅតុលាការអនុវត្ត :

ក-បើបានចេញដីកាសម្រេចរឹបអូស ឬ ដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ន ដោយលើសភាគសំណល់ពីការរឹបអូសសិទ្ធិលើបំណុល ហើយបានទទួលការបញ្ជូននូវដីកាសម្រេចនោះ មុនពេលដែលកូនបំណុលទី ៣ បានទទួលពាក្យបណ្ដឹងដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ នៃមាត្រា ៤១២ (បណ្តឹងទាមទារប្រមូលបំណុល) នៃក្រមនេះ : ចំនួនប្រាក់ទាំងអស់នៃសិទ្ធិលើបំណុលនោះ ។

ខ-បើបានទទួលការបញ្ជូននូវឯកសារដែលបញ្ជាក់ថា មានការទាមទារឱ្យចែកចំណែក : ភាគនៃសិទ្ធិលើបំណុលដែលត្រូវបានរឹបអូស ។

៣-បើបានផ្ញើប្រាក់ទុកតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ឬ កថាខណ្ឌទី ២ ខាងលើនេះ កូនបំណុលទី ៣ ត្រូវជូនដំណឹងអំពីស្ថានភាពនោះ ទៅតុលាការអនុវត្ត ។

មាត្រា ៤១២.-បណ្ដឹងទាមទារប្រមូលបំណុល

១-បើម្ចាស់បំណុលបានដាក់ពាក្យបណ្ដឹងទាមទារឱ្យកូនបំណុលទី ៣ ផ្តល់តាវកាលិក ដែលទាក់ទងនឹងសិទ្ធិលើបំណុលដែលត្រូវបានរឹបអូស តុលាការដែលទទួលពាក្យបណ្ដឹង នោះ អាចបង្គាប់ម្ចាស់បំណុលផ្សេងទៀតដែលបានរឹបអូសសិទ្ធិលើបំណុលនោះ មុនពេល ដែលពាក្យបណ្ដឹងត្រូវបានបញ្ជូនឱ្យចូលរួមក្នុងនាមជាដើមចោទនៃសហបណ្ដឹងបាន តាម ពាក្យសុំរបស់កូនបំណុលទី ៣ ដោយដីកាសម្រេច ។

២-អានុភាពនៃសាលក្រមដែលពាក់ព័ន្ធនឹងបណ្ដឹងដែលបានកំណត់នៅកថាខណ្ឌទី ១ មានចំពោះម្ចាស់បំណុលនៃការអនុវត្ត ដែលទទួលការបង្គាប់ឱ្យចូលរួមតាមបញ្ញត្តិនៃកថាខណ្ឌទី ១ តែមិនបានចូលរួមដែរ ។

៣-ក្នុងបណ្ដឹងដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ចំពោះកូនបំណុលទី ៣ ដែលមាន ករណីយកិច្ចផ្ញើប្រាក់ តាមបញ្ញត្តិនៃកថាខណ្ឌទី ២ នៃមាត្រា ៤១១ (ការផ្ញើប្រាក់ទុកដោយកូនបំណុលទី ៣) នៃក្រមនេះ ប្រសិនបើទទួលស្គាល់នូវការទាមទាររបស់ដើមចោទ តុលាការដែលទទួលពាក្យបណ្ដឹង ត្រូវសរសេរបញ្ជាក់នៅក្នុងសេចក្តីសម្រេចបញ្ចប់នៃសាលក្រម ថា ការសងប្រាក់ដែលទាក់ទងនឹងការទាមទារ ត្រូវធ្វើតាមវិធីផ្ញើប្រាក់ ។

មាត្រា ៤១៣.-ដីកាសម្រេចបង្គាប់ឱ្យលក់

១-បើសិទ្ធិលើបំណុលដែលត្រូវបានរឹបអូស មានល័ក្ខខ័ណ្ឌ ឬ មានកំណត់ពេល ឬ មានការលំបាកក្នុងការប្រមូល ដោយសារភ្ជាប់នឹងតាវកាលិកតប ឬ មានហេតុផ្សេងទៀត តុលាការអនុវត្តអាចចេញដីកាសម្រេចបង្គាប់ឱ្យអាជ្ញាសាលាលក់សិទ្ធិលើបំណុលនោះ ដោយវិធីដែលកំណត់ដោយតុលាការអនុវត្ត ហើយឱ្យយកប្រាក់ដែលបានមកពីការលក់នោះ ទៅ​ឱ្យតុលាការអនុវត្ត តាមពាក្យសុំរបស់ម្ចាស់បំណុលនៃការអនុវត្ត ។

២-ក្នុងករណីដែលចេញដីកាសម្រេចតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ តុលាការ អនុវត្តត្រូវសួរកូនបំណុលនៃការអនុវត្ត ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះ ករណីដែលកូនបំណុលនៃការអនុវត្តនៅបរទេស ឬ មិនដឹងលំនៅឋានកូនបំណុលនោះ ។

៣-ប្រសិនបើយល់ឃើញថា ប្រាក់ដែលបានមកពីការលក់សិទ្ធិលើបំណុលដែលត្រូវ បានរឹបអូសបាននោះ ក្រោយពីបានសងបំណុលដែលមានអាទិភាពជាងសិទ្ធិលើបំណុល របស់ម្ចាស់បំណុលនៃការអនុវត្ត ព្រមទាំងសងសោហ៊ុយសម្រាប់នីតិវិធី ហើយមិនសល់ទេ នោះ តុលាការអនុវត្តមិនអាចចេញដីកាសម្រេចដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាង លើនេះឡើយ ។

៤-ចំពោះដីកាសម្រេចអំពីពាក្យសុំដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ អាចប្ដឹងជំទាស់បាន ។

៥-ដីកាសម្រេចអំពីពាក្យសុំដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ មិនបង្កើតអានុភាពឡើយ បើដីកាសម្រេចនោះ មិនទាន់ចូលជាស្ថាពរ ។

៦-ក្នុងករណីដែលចេញដីកាសម្រេចដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើ នេះ បើយល់ឃើញថាចាំបាច់ តុលាការអនុវត្តអាចជ្រើសតាំងអ្នកវាយតម្លៃ និង បង្គាប់ឱ្យធ្វើការវាយតម្លៃសិទ្ធិលើបំណុលបាន ។

៧-អាជ្ញាសាលាមិនអាចលក់សិទ្ធិលើបំណុលបានឡើយ ប្រសិនបើប្រាក់ដែលបានមក ពីការលក់សិទ្ធិលើបំណុលនោះ ក្រោយពីបានសងបំណុលដែលមានអាទិភាពជាងសិទ្ធិលើ បំណុលរបស់ម្ចាស់បំណុលនៃការអនុវត្ត ព្រមទាំងសងសោហ៊ុយសម្រាប់នីតិវិធី ហើយមិន សល់ទេនោះ ។

៨-ចំពោះការលក់ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ កូនបំណុល នៃការអនុវត្តមិនអាចធ្វើសំណើទិញបានឡើយ ។

៩-បើបានលក់សិទ្ធិលើបំណុលដែលត្រូវបានរឹបអូស អាជ្ញាសាលាត្រូវជូនដំណឹងអំពី អនុប្បទាន ដោយលិខិតបញ្ជាក់ដែលមានកាលបរិច្ឆេទស្ថាពរ ចំពោះកូនបំណុលទី ៣ ជំនួស កូនបំណុលនៃការអនុវត្ត ។

១០-បើបានបញ្ចប់ការលក់តាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ចំពោះសិទ្ធិលើបំណុលដែលបានកំណត់ នៅក្នុងកថាខណ្ឌទី១០នៃមាត្រា៤០៣ (ដីកាសម្រេចរឹបអូស) នៃក្រមនេះ តុលាការត្រូវផ្ទុកផ្ដាក់ឱ្យស្ថាប័នដែលមានសមត្ថកិច្ចចុះបញ្ជីអំពីការផ្ទេរហ៊ីប៉ូតែក ឬ សិទ្ធិប្រាតិភោគផ្សេងទៀត សម្រាប់អ្នកទិញដែលបានទទួលសិទ្ធិលើបំណុលនោះ ហើយផ្ទុកផ្ដាក់ឱ្យស្ថាប័នដែលមានសមត្ថកិច្ចលុបនូវការចុះបញ្ជីដែលបានធ្វើតាមបញ្ញត្តិនៃកថាខណ្ឌទី ១០ នៃមាត្រា៤០៣ (ដីកាសម្រេចរឹបអូស) តាមពាក្យសុំរបស់អ្នកទិញ ។

មាត្រា ៤១៤.-ការអនុវត្តដីកាសម្រេចរឹបអូសសិទ្ធិទាមទារឱ្យប្រគល់ចលនវត្ថុ

១-ម្ចាស់បំណុលដែលរឹបអូសសិទ្ធិទាមទារឱ្យប្រគល់ចលនវត្ថុ អាចទាមទារឱ្យកូន បំណុលទី ៣ ប្រគល់ចលនវត្ថុនោះ ទៅអាជ្ញាសាលាដែលទទួលពាក្យសុំរបស់ម្ចាស់បំណុល នៃការអនុវត្តបាន បើអំឡុងពេល ១ (មួយ) សប្ដាហ៍ បានកន្លងហួស ដោយគិតពីថ្ងៃដែលដីកាសម្រេចរឹបអូសត្រូវបានបញ្ជូនទៅកូនបំណុលនៃការអនុវត្ត ។

២-ពេលដែលទទួលការប្រគល់ចលនវត្ថុ អាជ្ញាសាលាត្រូវលក់ចលនវត្ថុនោះតាមវិធីលក់ចលនវត្ថុ ហើយត្រូវប្រគល់ប្រាក់ដែលបានមកពីការលក់នោះទៅតុលាការអនុវត្ត ។

មាត្រា ៤១៥.-វិសាលភាពនៃម្ចាស់បំណុលដែលត្រូវទទួលចំណែក

ម្ចាស់បំណុលដែលត្រូវទទួលចំណែក គឺម្ចាស់បំណុលដែលបានអនុវត្តការឹបអូស ឬ ការរឹបអូសជាបណ្តោះអាសន្ន ឬ ទាមទារឱ្យចែកចំណែក មុនពេលដែលបានកំណត់ខាងក្រោមនេះ:

ក-ពេលដែលកូនបំណុលទី ៣ បានធ្វើការផ្ញើតាមបព្ទត្តិនៃកថាខណ្ឌទី ១ ឬ កថាខណ្ឌទី ២ នៃមាត្រា៤១១ (ការធ្វើប្រាក់ទុកដោយកូនបំណុលទី ៣) នៃក្រមនេះ ។

ខ-ពេលដែលពាក្យបណ្តឹងទាមទារប្រមូលបំណុលត្រូវបានបញ្ជូនទៅកូនបំណុលទី ៣ ។

គ-ពេលដែលអាជ្ញាសាលាបានទទួលប្រាក់ពីការលក់តាមដីកាសម្រេចបង្គាប់ឱ្យ លក់ ។

ឃ-ពេលអាជ្ញាសាលាបានទទួលការប្រគល់ចលនវត្ថុ ក្នុងករណីវឹបអូសសិទ្ធិ ទាមទារឱ្យប្រគល់ចលនវត្ថុ ។

មាត្រា ៤១៦.-ការអនុវត្តដោយបង្ខំចំពោះសិទ្ធិលើទ្រព្យសម្បត្តិផ្សេងទៀត

ការអនុវត្តដោយបង្ខំចំពោះសិទ្ធិលើទ្រព្យសម្បត្តិផ្សេង ក្រៅពីអចលនវត្ថុ នាវា ចលនវត្ថុ និង សិទ្ធិលើបំណុល ត្រូវអនុវត្តតាមវិធីអនុវត្តចំពោះសិទ្ធិលើបំណុល លើកលែងតែមានបញ្ញត្តិពិសេស ។