ក្រមនីតិវិធីរដ្ឋប្បវេណី

គន្ថីទី ៦៖ ការអនុវត្តដោយបង្ខំ

ជំពូកទី ២៖ ការអនុវត្តដោយបង្ខំចំពោះសិទ្ធិទាមទារដែលមានគោលបំណងឱ្យសងជាប្រាក់

ផ្នែកទី ៤៖ ការអនុវត្តចំពោះអចលនវត្ថុ

កថាភាគទី ១៖ កម្មវត្ថុនៃការអនុវត្តចំពោះចលនវត្ថុ ស្ថាប័នអនុវត្ត វិធីអនុវត្ត វិធីរឹបអូស មធ្យោបាយប្រកាសជាសាធារណៈ និង ការចាត់ចែងការរក្សាការពារ

មាត្រា ៤១៧.-កម្មវត្ថុ និង វិធីនៃការអនុវត្តដោយបង្ខំចំពោះអចលនវត្ថុ

១-នៅផ្នែកទី ៤ នេះ អចលនវត្ថុសំដៅទៅលើដី អាគារដែលត្រូវបានចុះបញ្ជី ចំណែកនៃកម្មសិទ្ធិអវិភាគលើដី ឬ អាគារនោះ សិទ្ធិជួលអចិន្ត្រៃយ៍និងផលុបភោគដែលត្រូវបានចុះបញ្ជី និង ចំណែកនៃសិទ្ធិទាំងនេះដែលជាសិទ្ធិរួម ។

២-ការអនុវត្តដោយបង្ខំចំពោះអចលនវត្ថុ ត្រូវធ្វើតាមវិធីលក់ដោយបង្ខំ ។

៣-ពាក្យសុំឱ្យអនុវត្តដោយបង្ខំចំពោះអចលនវត្ថុ ត្រូវភ្ជាប់ជាមួយឯកសារចម្លង យថាភូតនៃលិខិតអនុវត្តដែលមានអានុភាពអនុវត្ត និង ឯកសារខាងក្រោមនេះ :

ក-ចំពោះអចលនវត្ថុដែលត្រូវបានចុះបញ្ជី ឯកសារចម្លងដែលមានសេចក្តីបញ្ជាក់ នៃសៀវភៅចុះបញ្ជី និង ក្នុងករណីដែលជនដទៃក្រៅពីកូនបំណុលនៃការអនុវត្ត ត្រូវបានចុះនៅក្នុងសៀវភៅចុះបញ្ជី ថាជាកម្មសិទ្ធិករ ឯកសារដែលបញ្ជាក់ថា អចលនវត្ថុនោះជាកម្មសិទ្ធិរបស់កូនបំណុលនៃការអនុវត្ត ។

ខ-ចំពោះដីដែលមិន បានចុះបញ្ជី ឯកសារដែលបញ្ជាក់ថា ដីនោះជាកម្មសិទ្ធិ របស់កូនបំណុលនៃការអនុវត្ត ។

មាត្រា ៤១៨.-តុលាការអនុវត្

ក្នុងការអនុវត្តដោយបង្ខំ ចំពោះអចលនវត្ថុ ពុលាវដែលបានកំណត់ខាងក្រោមនេះ គឺជាតុលាការអនុវត្តដែលមានសមត្ថកិច្ច :

ក-បើយកដី ឬ អាគារដែលបានចុះបញ្ជី ជាកម្មវត្ថុ គឺសាលាដំបូងដែលមានសមត្ថកិច្ចលើទីកន្លែងនោះ ។

ខ-បើយកចំណែកនៃកម្មសិទ្ធិអវិភាគលើដី ឬ លើអាគារដែលបានចុះបញ្ជី ឬ សិទ្ធិអចិន្រ្តៃយ៍ ផលុបភោគដែលបានចុះបញ្ជី ឬ ចំណែកនៃសិទ្ធិទាំងនេះដែលជាសិទ្ធិរួមជាកម្មវត្ថុ គឺសាលាដំបូងដែលមានសមត្ថកិច្ចលើទីកន្លែងដែលត្រូវចុះបញ្ជី ។

មាត្រា ៤១៩.-ដីកាសម្រេចចាប់ផ្តើម ជាអាទិ៍

១-នៅពេលចាប់ផ្តើមនីតិវិធីនៃការលក់ដោយបង្ខំ តុលាការអនុវត្តត្រូវចេញដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ ហើយត្រូវប្រកាសអំពីការរឹបអូសអចលនវត្ថុ ដើម្បីម្ចាស់បំណុលនៃការអនុវត្តក្នុងដីកាសម្រេចចាប់ផ្ដើមនេះ ។

២-ដីកាសម្រេចចាប់ផ្ដើមដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវ បញ្ជូនទៅឱ្យកូនបំណុលនៃការអនុវត្ត ។

៣-ចំពោះដីកាសម្រេចលើកចោលពាក្យសុំឱ្យអនុវត្តដោយបង្ខំចំពោះអចលនវត្ថុ អាចប្ដឹងជំទាស់បាន ។

មាត្រា ៤២០.-ការផ្ទុកផ្ដាក់ឱ្យចុះបញ្ជីអំពីការរឹបអូស ជាអាទិ៍

១-បើដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំត្រូវ បានចេញ ក្រឡាបញ្ជីត្រូវផ្ទុកផ្ដាក់ ឱ្យ ស្ថាប័នដែលមានសមត្ថកិច្ច ចុះបញ្ជីអំពីការរឹបអូសដែលពាក់ព័ន្ធនឹងដីកាសម្រេចចាប់ផ្ដើមនោះជាបន្ទាន់ ។

២-បើបានធ្វើការចុះបញ្ជីអំពីការរឹបអូសដោយផ្អែកលើការផ្ទុកផ្ដាក់ តាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ស្ថាប័នដែលមានសមត្ថកិច្ចត្រូវផ្ញើឯកសារចម្លងដែលមានសេចក្តី បញ្ជាក់នៃសៀវភៅចុះបញ្ជីនោះទៅក្រឡាបញ្ជី ។

មាត្រា ៤២១.-អានុភាពនៃការរឹបអូស

១-អានុភាពនៃការរឹបអូសអចលនវត្ថុ មានទៅលើវត្ថុដែលភ្ជាប់នឹងអចលនវត្ថុ និង ជាផ្នែកមួយនៃអចលនវត្ថុនោះ ព្រមទាំងវត្ថុចំណុះនិងសិទ្ធិចំណុះនៃអចលនវត្ថុនោះ ។

២-អានុភាពនៃការរឹបអូស នឹងកើតឡើងនៅពេលដែលដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំត្រូវបានបញ្ជូន ទៅកូនបំណុលនៃការអនុវត្ត ។ ប៉ុន្តែ បើការចុះបញ្ជីអំពីការរឹបអូស ត្រូវបានធ្វើនៅមុនពេលបញ្ជូនដីកាសម្រេចចាប់ផ្ដើមនោះ អានុភាពនោះនឹងកើតឡើងនៅពេលបានចុះបញ្ជី ។

៣-ការរឹបអូសពុំត្រូវរារាំងកូនបំណុលនៃការអនុវត្តក្នុងការប្រើប្រាស់ ឬ អាស្រ័យផលពីអចលនវត្ថុ តាមវិធីប្រើធម្មតាឡើយ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះ ករណីដែលសិទ្ធិលើបំណុលដែលមានគោលបំណងឱ្យបង់ថ្លៃឈ្នួលអចលនវត្ថុ ត្រូវបានរឹប អូស ដោយយោងតាមបញ្ញត្តិនៃមាត្រា ៥១៦ (ការរឹបអូសសិទ្ធិលើបំណុលដែលជាថ្លៃឈ្នួលអចលនវត្ថុ) និង ករណីដែលការចាត់ចែងរក្សាការពារត្រូវបានបង្ហាប់ ដោយយោងតាមបញ្ញត្តិនៃមាត្រា៤២៩ (ការចាត់ចែងការរក្សាការពារ) នៃក្រមនេះ ។

មាត្រា ៤២២.-ការកំណត់ពេលចុងក្រោយសម្រាប់ការទាមទារឱ្យចែកចំណែក និងការផ្លាស់ប្តូរពេលកំណត់នោះ

១-ក្នុងករណីដែលអានុភាពនៃការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រឹបអូស ដោយផ្អែកលើដីកាសម្រេចចាប់ផ្តើមការ លក់ដោយបង្ខំ បានកើតឡើង តុលាការអនុវត្តត្រូវកំណត់ពេលចុងក្រោយសម្រាប់ការទាមទារឱ្យ ចែកចំណែក ដោយគិតពិចារណានូវអំឡុងពេលចាំបាច់ដើម្បីធ្វើឯកសារលំអិតអំពីវត្ថុ លើកលែងតែករណីដែលបានចេញដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំត្រួតគ្នា ដោយយោងតាមកថាខណ្ឌទី ១ នៃមាត្រា៤២៤ (ដីកាសម្រេចចាប់ផ្តើមត្រួតគ្នា) នៃក្រមនេះ ។

២-នៅពេលដែលពេលចុងក្រោយសម្រាប់ការទាមទារឱ្យចែកចំណែកត្រូវ បានកំណត់ តុលាការអនុវត្តត្រូវប្រកាសជាសាធារណៈអំពីការណ៍ដែល ដីកាសម្រេចចាប់ផ្តើមត្រូវបានចេញ និង អំពីពេលកំណត់ ចុងក្រោយសម្រាប់ការទាមទារឱ្យចែកចំណែក ហើយត្រូវដាស់តឿនឱ្យជនដែលបានកំណត់ខាងក្រោមនេះ រាយការណ៍ទៅតុលាការអនុវត្ត អំពីអត្ថិភាព ឬ នត្ថិភាពនៃសិទ្ធិលើបំណុល និង មូលហេតុនិង ចំនួនទឹកប្រាក់នៃសិទ្ធិលើបំណុលនោះ នៅមុនពេលកំណត់ ចុងក្រោយសម្រាប់ការទាមទារឱ្យ ចែកចំណែក :

ក-ម្ចាស់បំណុលដែលបានចុះបញ្ជីអំពីការរឹបអូសជាបណ្តោះអាសន្ន នៅមុនការ ចុះបញ្ជីអំពីការឹបអូស ដោយផ្អែកលើដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ ដំបូង ចំពោះ អចលនវត្ថុនោះ ។

ខ-ម្ចាស់បំណុលដែលមានសិទ្ធិប្រាតិភោគដែលត្រូវបានចុះបញ្ជី នៅមុនការ ចុះ បញ្ជីអំពីការឹបអូស ដោយផ្អែកលើដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ ដំបូង ចំពោះ អចលនវត្ថុនោះ ។

គ-ស្ថាប័នដែលមានសមត្ថកិច្ចលើពន្ធដារ ឬ អាករសាធារណៈផ្សេងទៀត។

៣-ក្នុងករណីដែល បានកំណត់នៅក្នុងកថាខណ្ឌទី ២ ខាងលើនេះ តុលាការអនុវត្ត ត្រូវ ដាស់តឿនចំពោះជនដែលបានកំណត់ នៅក្នុង ចំណុច ខ នៃកថាខណ្ឌទី ២ អំពីចំណុច ដែលបានកំណត់នៅក្នុង ចំណុចនីមួយៗខាងក្រោមនេះ ៖

ក-ការរាយការណ៍អំពីអត្ថិភាព ឬ នត្ថិភាពនៃឆន្ទះអនុវត្តសិទ្ធិប្រាតិភោគ នៅមុន ពេលកំណត់ ចុងក្រោយសម្រាប់ការទាមទារឱ្យ ចែកចំណែក ។

ខ-កិច្ចដែលត្រូវ ដាក់ពាក្យសុំឱ្យ អនុវត្តសិទ្ធិប្រាតិភោគ នៅមុនពេលកំណត់ ចុង ក្រោយសម្រាប់ការទាមទារឱ្យ ចែក ចំណែក ក្នុងករណីដែលមានឆន្ទះអនុវត្តសិទ្ធិប្រាតិភោគ ។

៤-បើមិន បានចេញដីកាសម្រេចអនុញ្ញាតឱ្យ លក់ នៅក្នុងអំឡុងពេល ៣ (បី) ខែ គិត ចាប់ពីពេលកំណត់ ចុងក្រោយសម្រាប់ការទាមទារឱ្យ ចែក ចំណែកទេ តុលាការអនុវត្តអាច ផ្លាស់ប្តូរពេលកំណត់ ចុងក្រោយសម្រាប់ការទាមទារឱ្យ ចែកចំណែក បាន ។

៥-បើបានផ្លាស់ប្តូរពេលកំណត់ ចុងក្រោយសម្រាប់ការទាមទារឱ្យ ចែកចំណែក ដោយ

យោងតាមបញ្ញត្តិនៃកថាខណ្ឌទី ៤ ខាងលើនេះ តុលាការអនុវត្តត្រូវប្រកាសជាសាធារណៈ អំពីការផ្លាស់ប្តូរនោះ ។

មាត្រា ៤២៣.-ករណីយកិច្ចរបស់ជនដែលត្រូវ បានដាស់តឿនក្នុងការរាយការណ៍អំពីសិទ្ធិលើបំណុល

១-ជនដែលបានកំណត់នៅក្នុងចំណុច ក ខ ឬ គ នៃកថាខណ្ឌទី ២ មាត្រា៤២២ (ការកំណត់ពេលចុងក្រោយសម្រាប់ការទាមទារឱ្យចែកចំណែក និង ការផ្លាស់ប្តូរពេលកំណត់នោះ) នៃក្រមនេះ ដែលត្រូវបានដាស់តឿន ដោយយោងតាមបញ្ញត្តិនៃកថាខណ្ឌទី ២ ឬ ទី ៣ នៃមាត្រា ៤២២ នោះ ត្រូវរាយការណ៍អំពីចំណុចដែលបានកំណត់នៅក្នុងសេចក្តីដាស់តឿននោះ នៅមុនពេលកំណត់ចុងក្រោយសម្រាប់ការទាមទារឱ្យចែកចំណែក ។

២-បើមានការផ្លាស់ប្តូរចំនួនប្រាក់ដើមនៃសិទ្ធិលើបំណុល ដែលទាក់ទងនឹងសេចក្តី រាយការណ៍ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើជនដែលបានធ្វើសេចក្តីរាយការណ៍នោះ ត្រូវរាយការណ៍អំពីការផ្លាស់ប្តូរនោះ ។

៣-បើជនដែលត្រូវរាយការណ៍ ដោយយោងតាមបញ្ញត្តិនៃកថាខណ្ឌទី ១ និង ទី ២ ខាងលើនេះ ពុំ បានធ្វើសេចក្តីរាយការណ៍នោះ ឬ បានធ្វើសេចក្តីរាយការណ៍មិនពិតដោយចេតនា ឬ ដោយមានកំហុស ជននោះត្រូវទទួលខុសត្រូវសងការខូចខាតដែលបានកើតឡើង ដោយសារហេតុនោះ ។

មាត្រា ៤២៤.-ដីកាសម្រេចចាប់ផ្តើមត្រួតគ្នា

១-បើមានពាក្យសុំឱ្យ អនុវត្តដោយបង្ខំថ្មីទៀត ចំពោះអចលនវត្ថុដែលដីកាសម្រេចចាប់
ផ្តើមការលក់ដោយបង្ខំ ត្រូវបានសម្រេចរួចហើយ ហើយបើទទួលស្គាល់ពាក្យសុំនោះ តុលាការអនុវត្តត្រូវចេញដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំថ្មីទៀត ។ ក្នុងករណីនេះ តុលាការអនុវត្តត្រូវជូនដំណឹងអំពីការណ៍នោះ ទៅឱ្យម្ចាស់បំណុលនៃការអនុវត្តដែលទាក់ទងនឹងដីកាសម្រេចចាប់ផ្តើមមុន ។

២-បើពាក្យសុំឱ្យលក់ដោយបង្ខំដែលទាក់ទងនឹងដីកាសម្រេចចាប់ផ្តើមមុន ត្រូវបាន ដក ឬ នីតិវិធីនៃរលក់ដោយបង្ខំ ដោយផ្អែកលើដីកាសម្រេចចាប់ផ្តើមមុន ត្រូវបានលុបចោល តុលាការអនុវត្តត្រូវបន្តនីតិវិធី ដោយផ្អែកលើដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំក្រោយ ។

៣-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ ខាងលើនេះបើដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំក្រោយនោះ ផ្អែកលើពាក្យសុំដែលបានដាក់ក្រោយពេលកំណត់ចុងក្រោយសម្រាប់ការទាមទារឱ្យចែកចំណែក តុលាការអនុវត្តត្រូវកំណត់ពេលចុងក្រោយ សម្រាប់ការទាមទារឱ្យចែកចំណែកជាថ្មី ។ ក្នុងករណីនេះ តុលាការអនុវត្តមិនចាំបាច់ដាស់ តឿន ដោយយោងតាមបញ្ញត្តិនៃកថាខទី ២ មាត្រា ៤២២ (ការកំណត់ពេលចុងក្រោយ សម្រាប់ការទាមទារឱ្យចែកចំណែក និង ការផ្លាស់ប្តូរពេលកំណត់នោះ) ចំពោះជនដែល បានធ្វើសេចក្តីរាយការណ៍ ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ នៃមាត្រា ៤២៣ (ករណីយកិច្ចរបស់ជនដែលត្រូវ បានដាស់តឿនក្នុងការរាយការណ៍អំពីសិទ្ធិលើបំណុល) នៃក្រមនេះឡើយ ។

៤-បើនីតិវិធីនៃការលក់ដោយបង្ខំដោយផ្អែកលើដីកាសម្រេចចាប់ផ្តើមមុនត្រូវបានផ្អាក តុលាការអនុវត្តត្រូវជូនដំណឹងអំពីការណ៍នោះ ទៅឱ្យម្ចាស់បំណុលនៃការអនុវត្តដែលទាក់ទងនឹងដីកាសម្រេចចាប់ផ្តើមក្រោយ ។ ក្នុងករណីនេះ តុលាការអនុវត្តអាចចេញដីកា សម្រេចបន្តនីតិវិធី ដោយផ្អែកលើដីកាសម្រេចចាប់ផ្តើមការលក់ក្រោយដែលផ្អែកលើពាក្យសុំឱ្យអនុវត្តដោយបង្ខំ ដែលបានធ្វើឡើងនៅមុនពេលកំណត់ចុងក្រោយសម្រាប់ការទាមទារ ឱ្យចែកចំណែកតាមពាក្យសុំ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលការផ្លាស់ប្តូរនឹងកើតឡើងចំពោះចំណុចដែលបានកំណត់ពីចំណុចទី ១ ដល់ចំណុច ទី ៣ មាត្រា ៤៣១ (សិទ្ធិដែលនឹងបន្តអត្ថិភាព និង សិទ្ធិដែលត្រូវរលត់ក្រោយការលក់) នៃ ក្រមនេះ បើការលក់ដោយបង្ខំដែលទាក់ទងនឹងដីកាសម្រេចចាប់ផ្តើមមុនត្រូវបានលុបចោល ។

៥-បើមានដីកាសម្រេចដែលបានកំណត់នៅក្នុងកថាខណ្ឌទី ៤ ខាងលើនេះ តុលាការអនុវត្តត្រូវជូនដំណឹងអំពីការណ៍នោះ ទៅឱ្យកូនបំណុលនៃការអនុវត្ត ។

៦-ចំពោះដីកាសម្រេចលើកចោលពាក្យសុំដែលបានកំណត់នៅក្នុងកថាខណ្ឌទី ៤ ខាងលើនេះ អាចប្ដឹងជំទាស់បាន ។

មាត្រា ៤២៥.- ដីសម្រេចចាប់ផ្តើមត្រួតគ្នា នៃការអនុវត្តសិទ្ធិប្រាតិភោគ និង ការអនុវត្តចំពោះអចលនវត្ថុ

បញ្ញត្តិចាប់ពីកថាខណ្ឌទី ១ ដល់កថាខណ្ឌទី ៣ នៃមាត្រា ៤២៤ (ដីកាសម្រេចចាប់ផ្តើមព្រួតគ្នា) នៃក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ក្នុងករណីដែលមានពាក្យសុំឱ្យអនុវត្តដោយបង្ខំចំពោះអចលនវត្ថុដែលដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ ដែលជាការអនុវត្តសិទ្ធិប្រាតិភោគ ត្រូវបានចេញរួចហើយ ។

មាត្រា ៤២៦.-ការទាមទារឱ្យចែកចំណែក

១-ជនដែលបានកំណត់ខាងក្រោមនេះ អាចទាមទារឱ្យចែកចំណែកបាន :

ក-ម្ចាស់បំណុលដែលមានឯកសារចម្លងយថាភូតនៃលិខិតអនុវត្ត ដែលអាចអនុវត្តដោយបង្ខំបាន ដោយយោងតាមបញ្ញត្តិនៃកថាខណ្ឌទី ១ មាត្រា ៣៥៤ (ភាពចាំបាច់នៃរូបមន្ត
អនុវត្ត និង ស្ថាប័នផ្តល់រូបមន្តអនុវត្ត) នៃក្រមនេះ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះម្ចាស់បំណុលដែលមានសិទ្ធិប្រាតិភោគប្រត្យក្ស ដែលនឹងបន្តអត្ថិភាព ក្រោយការលក់អចលនវត្ថុ ដោយយោងតាមបញ្ញត្តិនៃកថាខណ្ឌទី ១ មាត្រា ៤៣១ (សិទ្ធិដែលនឹងបន្តអត្ថិភាព និង សិទ្ធិដែលត្រូវរលត់ក្រោយការលក់) នៃក្រមនេះ ។

ខ-ម្ចាស់បំណុលដែលបានចុះបញ្ជីអំពីការរឹបអូសបណ្តោះអាសន្ន នៅក្រោយពេលចុះបញ្ជីអំពីការរឹបអូស ដោយផ្អែកលើដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ ។

គ-ម្ចាស់បំណុលដែលបានបញ្ជាក់ដោយឯកសារថា មានឯកសិទ្ធិទូទៅ ។

២-ការទាមទារឱ្យចែកចំណែកត្រូវធ្វើឡើងជាលាយល័ក្ខណ៍អក្សរដោយសរសេរនូវ មូលហេតុ និង ចំនួនទឹកប្រាក់នៃសិទ្ធិលើបំណុល ដោយរួមបញ្ចូលទាំងការប្រាក់ និង សិទ្ធិលើបំណុលបន្ទាប់បន្សំទៀត ។

៣-បើមានការទាមទារឱ្យចែកចំណែក តុលាការអនុវត្តត្រូវជូនដំណឹងអំពីការណ៍នោះ ទៅឱ្យម្ចាស់បំណុលនៃការអនុវត្ត និង កូនបំណុលនៃការអនុវត្ត ។

៤-ចំពោះដីកាសម្រេចលើកចោលការទាមទារឱ្យចែកចំណែក អាចប្ដឹងជំទាស់បាន ។

មាត្រា ៤២៧.-ការលុបចោលនីតិវិធីនៃការលក់ដោយបង្ខំដោយសារការបាត់បង់ ជាអាទិ៍នៃអចលនវត្ថុ

បើមានភាពច្បាស់លាស់អំពីស្ថានភាពដែលបានបាត់បង់អចលនវត្ថុ ឬ ស្ថានភាពផ្សេងដែលរារាំងការផ្ទេរអចលនវត្ថុដោយការលក់តុលាការ អនុវត្តត្រូវលុបចោលនីតិវិធីនៃការលក់ដោយបង្ខំ ។

មាត្រា ៤២៨.-ការផ្ទុកផ្ដាក់ឱ្យលុបការចុះបញ្ជីអំពីការរឹបអូស

១-បើពាក្យសុំឱ្យលក់ដោយបង្ខំត្រូវបានដកចេញ ឬ បើអានុភាពនៃដីកាសម្រេចលុប ចោលនីតិវិធីលក់ដោយបង្ខំ បានកើតឡើង ក្រឡាបញ្ជីត្រូវផ្ទុកផ្ដាក់ឱ្យស្ថាប័នដែលមានសមត្ថកិច្ចលុបការចុះបញ្ជីអំពីការរឹបអូស ដែលពាក់ព័ន្ធនឹងដីកាសម្រេចចាប់ផ្ដើមនោះ ។

២-សោហ៊ុយចាំបាច់សម្រាប់ការផ្ទុកផ្ដាក់ដែលយោងតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ជាបន្ទុករបស់ម្ចាស់បំណុលនៃការអនុវត្តដែលបានដកពាក្យសុំចេញ ឬ ម្ចាស់បំណុលនៃការអនុវត្តដែលបានទទួលដីកាសម្រេចលុបចោលនោះ ។

មាត្រា ៤២៩.-ការចាត់ចែងការរក្សាការពារ

១-ប្រសិនបើកូនបំណុល ឬ អ្នកកាន់កាប់អចលនវត្ថុបានប្រព្រឹត្តអំពើដែលធ្វើឱ្យតម្លៃ អចលនវត្ថុចុះថយគួរឱ្យកត់សំគាល់ ឬ ធ្វើឱ្យមានការលំបាកដល់ការលក់ ឬ ការប្រគល់ អចលនវត្ថុ ឬ បើមានការបារម្ភថា អ្នកនោះនឹងប្រព្រឹត្តអំពើខាងលើនេះ តុលាការអនុវត្តអាចហាមឃាត់ជនដែលបានប្រព្រឹត្តអំពើទាំងនេះ ឬ ជនដែលត្រូវតែមានការបារម្ភថា នឹង ប្រព្រឹត្តអំពើទាំងនេះ មិនឱ្យប្រព្រឹត្តអំពើនោះ ឬ បង្គាប់ឱ្យជននោះធ្វើសកម្មភាពណាមួយជាកំណត់ ឬ បង្គាប់ឱ្យជននោះលះបង់ការកាន់កាប់អចលនវត្ថុហើយឱ្យអាជ្ញាសាលាថែរក្សា គ្រប់គ្រង អចលនវត្ថុនោះបាន ដោយដីកាសម្រេច តាមពាក្យសុំរបស់ម្ចាស់បំណុលនៃការ អនុវត្តអ្នកស្នើសុំទិញក្នុងតម្លៃអតិបរមា ឬ អ្នកទិញដោយឱ្យដាក់ ឬ មិនឱ្យដាក់បាតិភោគ ។ ប៉ុន្តែ មានតែករណីដែលអ្នកកាន់កាប់អចលនវត្ថុ មិនអាចយកមូលហេតុគតិយុត្តនៃសិទ្ធិកាន់កាប់ តតាំងនឹងអ្នកទិញទេ ទើបអាចបង្គាប់ឱ្យជននោះប្រគល់អចលនវត្តឱ្យអាជ្ញាសាលា ដើម្បីឱ្យថែរក្សាគ្រប់គ្រងបាន ។

២-ក្នុងករណីចេញដីកាសម្រេចដោយយោងតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ចំពោះអ្នកកាន់កាប់ផ្សេងពីកូនបំណុល តុលាការអនុវត្តត្រូវសួរជននោះ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលមានភាពបន្ទាន់ចាំបាច់ត្រូវចេញដីកាសម្រេចនោះ ។

៣-បើស្ថានភាពមានការប្រែប្រួល តុលាការអនុវត្តអាចលុបចោល ឬ កែប្រែដីកាសម្រេចដែលយោងតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ តាមពាក្យសុំបាន ។

៤-ចំពោះដីកាសម្រេចអំពីពាក្យសុំដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ឬ ទី ៣ ខាងលើនេះ អាចប្ដឹងជំទាស់បាន ។

៥-ដីកាសម្រេចដែលយោងតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ទោះជានៅមុន ពេលដែលត្រូវបានបញ្ជូនទៅភាគីម្ខាងទៀតក៏ដោយ ក៏អាចអនុវត្តបានដែរ ។

៦-សោហ៊ុយចាំបាច់សម្រាប់ពាក្យសុំ ឬ ការអនុវត្តដីកាសម្រេចដែលយោងតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ត្រូវចាត់ទុកជាសោហ៊ុយសម្រាប់ផលប្រយោជន៍រួមក្នុងនីតិវិធីនៃការលក់ដោយបង្ខំចំពោះអចលនវត្ថុនោះ ។

កថាភាគទី ២៖ល័ក្ខខ័ណ្ឌនៃការលក់

មាត្រា ៤៣០.-ការវាយតម្លៃ

១-តុលាការអនុវត្តត្រូវជ្រើសតាំងអ្នកវាយតម្លៃ និង បង្គាប់ឱ្យវាយតម្លៃអចលនវត្ថុដោយផ្អែកលើការស្រាវជ្រាវអំពីសណ្ឋាននៃអចលនវត្ថុ ទំនាក់ទំនងនៃការកាន់កាប់ និង ស្ថានភាពបច្ចុប្បន្នឯទៀត ។

២-ដើម្បីសុំជំនួយពីអាជ្ញាសាលាយោងតាមបញ្ញត្តិនៃកថាខណ្ឌទី ២ មាត្រា ៣៣៨ (ការធានក្នុងការបំពេញមុខនាទីរបស់អាជ្ញាសាលា ជាអាទិ៍) នៃក្រមនេះ អ្នកវាយតម្លៃត្រូវទទួលការអនុញ្ញាតពីតុលាការអនុវត្ត ។

៣-នៅពេលស្រាវជ្រាវដើម្បីវាយតម្លៃ អ្នកវាយតម្លៃអាចចូលទៅកាន់អចលនវត្ថុ ឬ អាចសួរសំណួរ ឬ ទាមទារឱ្យបង្ហាញឯកសារ ចំពោះកូនបំណុលនៃការអនុវត្ត ឬ តតិយជនដែលកាន់កាប់អចលនវត្ថុនោះបាន ។

៤-បើមានភាពចាំបាច់ អាជ្ញាសាលាដែលអ្នកវាយតម្លៃបានសុំជាជំនួយ តាមបញ្ញត្តិនៃកថាខណ្ឌទី ២ មាត្រា ៣៣៨ (ការធានាក្នុងការបំពេញមុខនាទីរបស់អាជ្ញាសាលា ជាអាទិ៍) នៃក្រមនេះ អាចធ្វើការចាត់ចែងចាំបាច់ដើម្បីបើកទ្វារដែលបាន នៅក្នុងករណីដែលអ្នកវាយតម្លៃចូលទៅកាន់អចលនវត្ថុ ដោយយោងតាមបញ្ញត្តិនៃកថាខណ្ឌទី ៣ ខាងលើនេះ ។

៥-អ្នកវាយតម្លៃត្រូវដាក់ជូនតុលាការអនុវត្តជាលាយល័ក្ខណ៍អក្សរ នូវលទ្ធផលនៃការស្រាវជ្រាវអំពីស្ថានភាពបច្ចុប្បន្ននៃអចលនវត្ថុ និង ការវាយតម្លៃអចលនវត្ថុនោះ ។

មាត្រា ៤៣១.-សិទ្ធិដែលនឹងបន្តអត្ថិភាព និង សិទ្ធិដែលត្រូវរលត់ក្រោយការលក់

១-ក្នុងចំណោមសិទ្ធិប្រាតិភោគប្រត្យក្ស សិទ្ធិប្រត្យប្រើប្រាស់និងអាស្រ័យផល និង សិទ្ធិជួលដែលមានលើអចលនវត្ថុ ចំពោះសិទ្ធិដែលអាចតតាំងនឹងការរឹបអូសដោយ ម្ចាស់បំណុលនៃការអនុវត្តបាន ត្រូវបន្តអត្ថិភាពនៅក្រោយការលក់ ។

២-សិទ្ធិលើអចលនវត្ថុ ក្រៅពីសិទ្ធិដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវរលត់ដោយសារការលក់ ។

៣-ការរឹបអូស ការអនុវត្តការរឹបអូសជាបណ្តោះអាសន្ន ដែលពាក់ព័ន្ធនឹងអចលនវត្ថុ និង ការអនុវត្តការចាត់ចែងជាបណ្តោះអាសន្នដែលពុំអាចតតាំងនឹងម្ចាស់បំណុលនៃការអនុវត្ត ឬ ម្ចាស់បំណុលដែលបានធ្វើការរឹបអូសជាបណ្តោះអាសន្ន ត្រូវបាត់បង់អានុភាព ដោយសារការលក់ ។

៤-មុនពេលដែលតម្លៃលក់អប្បបរមាត្រូវបានកំណត់ បើបុគ្គលដែលពាក់ព័ន្ធនឹងផលប្រយោជន៍បានរាយការណ៍ថា ការព្រមព្រៀងដែលផ្ទុយនឹងបញ្ញត្តិនៃកថាខណ្ឌទី ១ និង ទី ២ ខាងលើនេះ ត្រូវបានធ្វើឡើង ការប្រែប្រួលនៃសិទ្ធិលើអចលនវត្ថុ ដោយការលក់ ត្រូវអាស្រ័យតាមការព្រមព្រៀងនោះ ។

មាត្រា ៤៣២.-ដីកាសម្រេចកំណត់តម្លៃលក់អប្បបរមា ជាអាទិ៍

១-តុលាការអនុវត្តត្រូវកំណត់តម្លៃលក់អប្បបរមា ដោយផ្អែកលើការវាយតម្លៃរបស់អ្នកវាយតម្លៃ ។

២-បើយល់ឃើញថាចាំបាច់ តុលាការអនុវត្តអាចផ្លាស់ប្តូរតម្លៃលក់អប្បបរមាបាន ។

មាត្រា ៤៣៣.-ការលក់សរុប

បើយល់ឃើញថាជាការសមរម្យក្នុងការឱ្យអ្នកទិញណាមួយ ទិញសរុបតែម្តងនូវអចលនវត្ថុ ជាមួយនឹងអចលនវត្ថុផ្សេងទៀត ដោយយោងតាមទំនាក់ទំនងគ្នាក្នុងការប្រើប្រាស់ ទោះបីជាអចលនវត្ថុនីមួយៗនោះមានម្ចាស់បំណុលនៃការអនុវត្តផ្សេងគ្នា ឬ កូនបំណុលនៃការអនុវត្តផ្សេងគ្នាក៏ដោយ ក៏តុលាការអនុវត្តអាចកំណត់ការលក់អចលនវត្ថុទាំងនោះសរុបតែម្តងបាន ។ ប៉ុន្តែ ក្នុងករណីដែលមានលទ្ធភាពអាចសងសិទ្ធិលើបំណុលរបស់ម្ចាស់ បំណុលនៃការអនុវត្តនីមួយៗ និង សោហ៊ុយសម្រាប់ការអនុវត្តទាំងអស់បាន ដោយការលក់អចលនវត្ថុណាមួយក្នុងតម្លៃលក់អប្បបរមា ក្នុងចំណោមអចលនវត្ថុច្រើន ដែលដីកាសម្រេច ចាប់ផ្តើមការលក់ដោយបង្ខំត្រូវបានសម្រេច តាមពាក្យសុំតែមួយនោះ តុលាការអនុវត្តអាចកំណត់ការលក់សរុបតែម្តងបាន លុះត្រាតែមានការយល់ព្រមពីកូនបំណុលនៃការអនុវត្ត ។

មាត្រា ៤៣៤.-ឯកសារលំអិតអំពីវត្ត

១-តុលាការអនុវត្តត្រូវធ្វើឯកសារលំអិតអំពីវត្ថុ ហើយត្រូវទុកឯកសារចម្លងនៃឯកសារលំអិតអំពីវត្ថុនោះ នៅតុលាការអនុវត្ត ជាមួយគ្នានឹងឯកសារចម្លងនៃរបាយការណ៍វាយតម្លៃ ដើម្បីផ្តល់ឱ្យសាធារណជនមើល ។ ឯកសារលំអិតអំពីវត្ត ត្រូវសរសេរចំណុចដូចខាងក្រោមនេះ :

ក-សញ្ញាណនៃអចលនវត្ថុ ។

ខ-សិទ្ធិលើអចលនវត្ថុដែលនឹងបន្តអត្ថិភាពក្រោយការលក់ តាមបញ្ញត្តិនៃកថាខណ្ឌទី ១ នៃមាត្រា ៤៣១ (សិទ្ធិដែលនឹងបន្តអត្ថិភាព និង សិទ្ធិដែលត្រូវរលត់ក្រោយការលក់) នៃក្រមនេះ និង ការអនុវត្តការចាត់ចែងជាបណ្តោះអាសន្ន ដែលមិនបាត់បង់អានុភាពដោយការលក់ ។

២-បើយល់ឃើញថាចាំបាច់ ដើម្បីធ្វើឯកសារលំអិតអំពីវត្ថុ ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ តុលាការអនុវត្តអាចបង្គាប់ឱ្យអាជ្ញាសាលាស្រាវជ្រាវអំពីស្ថានភាពបច្ចុប្បន្ននៃអចលនវត្ថុ ដូចជាស្ងាននៃអចលនវត្ថុ ស្ថានភាពនៃការកាន់កាប់វចនាសម្ព័ន្ធនៃអាគារបើមានអាគារ ឬ បើកម្មវត្ថុនៃការអនុវត្តគឺជាអាគារ ជាអាទិ៍ ហើយរាយការណ៍លទ្ធផលនៃការស្រាវជ្រាវនោះជាលាយល័ក្ខណ៍អក្សរ ។

៣-នៅពេលធ្វើការស្រាវជ្រាវអំពីស្ថានភាពបច្ចុប្បន្ននៃអចលនវត្ថុ តាមការបង្គាប់ដែល បានកំណត់នៅក្នុងកថាខណ្ឌទី ២ ខាងលើនេះ អាជ្ញាសាលាមានសិទ្ធិអំណាចដូចនឹងសិទ្ធិអំណាចរបស់អ្នកវាយតម្លៃដែលបានកំណត់នៅក្នុងកថាខណ្ឌទី ៣ នៃមាត្រា ៤៣០ (ការវាយតម្លៃ) នៃក្រមនេះ ។ បើមានភាពចាំបាច់ អាជ្ញាសាលាអាចធ្វើការចាត់ចែងចាំបាច់ដើម្បីបើកទ្វារដែលបិទបាន ។

មាត្រា ៤៣៥.-វិធានការក្នុងករណីដែលមានការបារម្ភថាត្មានសំណល់

១-ប្រសិនបើយល់ឃើញថា តម្លៃលក់អប្បបរមានៃអចលនវត្ថុ ក្រោយពីបានសង សោហ៊ុយសម្រាប់នីតិវិធីហើយ គ្មានលទ្ធភាពសល់ទេនោះ តុលាការអនុវត្តត្រូវជូនដំណឹងអំពីការណ៍នោះទៅឱ្យម្ចាស់បំណុលនៃការអនុវត្ត ។

២-តុលាការអនុវត្តត្រូវលុបចោលនូវនីតិវិធីនៃការលក់ដោយបង្ខំ ដែលទាក់ទងនឹងពាក្យសុំរបស់ម្ចាស់បំណុលនៃការអនុវត្ត បើម្ចាស់បំណុលនៃការអនុវត្ត មិនបានធ្វើសកម្មភាពដែល បានកំណត់នៅក្នុងចំណុចនីមួយៗខាងក្រោមនេះ :

ក-សំណើថា ខ្លួននឹងទិញអចលនវត្ថុក្នុងតម្លៃស្នើសុំ ក្នុងករណីដែលគ្មានសំណើទិញក្នុងតម្លៃដែលឡើងដល់តម្លៃស្នើសុំនោះ ។ ប៉ុន្តែ សំណើនោះ ត្រូវធ្វើឡើងក្នុងអំឡុងពេល ១ (មួយ) សប្ដាហ៍ គិតចាប់ពីថ្ងៃដែលបានទទួលដំណឹងដែលយោងតាមបញ្ញត្តិនៃកថាខណ្ឌ ទី ១ ខាងលើនេះ ហើយតម្លៃស្នើសុំនោះ ត្រូវលើសពីតម្លៃប៉ាន់ប្រមាណនៃសោហ៊ុយសម្រាប់នីតិវិធី ។

ខ-ការដាក់ប្រាក់ធានាដែលស្មើនឹងតម្លៃស្នើសុំដែលបានកំណត់នៅក្នុងចំណុច ក ខាងលើនេះ ។

កថាភាគទី ៣៖វិធីលក់

មាត្រា ៤៣៦.-វិធីលក់ជាអាទិ៍

១-ការលក់អចលនវត្ថុ ត្រូវអនុវត្តតាមវិធីលក់ឡាយឡុងដោយស្រោមសំបុត្រ ឬ ដោយផ្ទាល់មាត់ ។

២-តុលាការអនុវត្តអាចកំណត់វិធីលក់ ផ្សេងពីវិធីលក់ឡាយឡុងដោយស្រោមសំបុត្រ ឬ ដោយផ្ទាល់មាត់ តែក្នុងករណីដែលពុំអាចលក់តាមវិធីលក់ឡាយឡុងដោយស្រោមសំបុត្រ ឬ ដោយផ្ទាល់មាត់ ។

 ៣-ប្រសិនបើលក់តាមវិធីលក់ឡាយឡុងដោយស្រោមសំបុត្រ ឬ ដោយផ្ទាល់មាត់តុលាការអនុវត្តត្រូវកំណត់កាកាលបរិច្ឆេទ និងទីកន្លែងលក់ ហើយត្រូវឱ្យអាជ្ញាសាលាអនុវត្តការលក់នោះ ។

 ៤-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ៣ ខាងលើនេះ ក្រឡាបញ្ជីត្រូវ ផ្សាយជាសាធារណៈនូវសញ្ញាណនៃអចលនវត្ថុដែលត្រូវលក់ តម្លៃលក់អប្បបរមា ព្រមទាំង កាលបរិច្ឆេទ និង ទីកន្លែងលក់ ។

៥-បញ្ញត្តិនៃមាត្រា ៣៩៦ (ការរក្សាសណ្ដាប់ធ្នាប់នៅកន្លែងលក់) នៃក្រមនេះ ត្រូវ យកមកអនុវត្ត ដូចគ្នាផងដែរ ចំពោះករណីដែលបានកំណត់ នៅក្នុងកថាខណ្ឌទី ៣ ខាង លើនេះ ។

មាត្រា ៤៣៧.-ការធានាលើសំណើទិញ

១-ជនដែលបម្រុងនឹងធ្វើសំណើទិញអចលនវត្ថុ ត្រូវដាក់ប្រាក់ធានាដែលមានចំនួនស្មើនឹងចំនួន ១ ភាគ ១០ (មួយភាគដប់) នៃតម្លៃលក់អប្បបរមា ។ ប៉ុន្តែ បើយល់ឃើញថាសមរម្យ តុលាការអនុវត្តអាចកំណត់ចំនួននៃប្រាក់ធានា លើសពីចំនួននេះបាន ។

២-ប្រសិនបើមានសំណើទិញពីបុគ្គលក្រៅពីអ្នកស្នើសុំទិញក្នុងតម្លៃអតិបរមា តុលាការ អនុវត្តត្រូវសងភ្លាមនូវប្រាក់ធានាដែលបានដាក់តាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ក្រោយពេលបញ្ចប់ការលក់ដែលធ្វើឡើង ដោយផ្អែកលើបញ្ញត្តិនៃមាត្រា ៤៣៦ (វិធីលក់ ជាអាទិ៍) នៃក្រមនេះ ។

មាត្រា ៤៣៨.-ការហាមឃាត់មិនឱ្យកូនបំណុលនៃការអនុវត្តធ្វើសំណើទិញ

កូនបំណុលនៃការអនុវត្តពុំអាចធ្វើសំណើទិញបានឡើយ ។

មាត្រា ៤៣៩.-ការកំណត់អ្នកស្នើសុំទិញក្នុងតម្លៃអតិបរមា ជាអាទិ៍

១-បើការលក់ឡាយឡុងដោយស្រោមសំបុត្រ ឬ ដោយផ្ទាល់មាត់បានបញ្ចប់ អាជ្ញា សាលាត្រូវប្រកាសការបញ្ចប់កាកាលបរិច្ឆេទនៃការលក់ឡាយឡុងដោយស្រោមសំបុត្រ ឬ ដោយផ្ទាល់មាត់ ក្រោយពេលបានកំណត់អ្នកស្នើសុំទិញ ក្នុងតម្លៃអតិបរមា និង បានប្រកាស នូវនាម ឬ នាមករណ៍របស់អ្នកទិញ និង ថ្លៃលក់ឡាយឡុងនោះ ។

២-បើអ្នកដេញថ្លៃដោយស្រោមសំបុត្រ ដែលបានធ្វើសំណើទិញក្នុងតម្លៃអតិបរមាមានច្រើននាក់ អាជ្ញាសាលាត្រូវកំណត់អ្នកស្នើសុំទិញក្នុងតម្លៃអតិបរមា ដោយឱ្យអ្នកទាំងនោះដេញថ្ងៃដោយស្រោមសំបុត្រម្តងទៀត ។ ក្នុងករណីនេះ អ្នកដេញថ្លៃមិនអាចដេញថ្លៃ ដោយតម្លៃតិចជាងតម្លៃដែលខ្លួនពេញមុនបានឡើយ ។

៣-បើអ្នកដេញថ្លៃដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ ខាងលើនេះ មិនដេញថ្លៃ ម្តងទៀតទេ អ្នកស្នើសុំទិញក្នុងតម្លៃអតិបរមា ត្រូវបានកំណត់ដោយការចាប់ឆ្នោត ។ បញ្ញត្តិ នេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលអ្នកដេញថ្លៃដោយស្រោមសំបុត្រ ដែលបានធ្វើសំណើទិញក្នុងតម្លៃអតិបរមា មានច្រើននាក់ នៅក្នុងការលក់ឡាយឡុងដែល បានកំណត់នៅក្នុងកថាខណ្ឌទី ២ នោះ ។

៤-បើបានអនុវត្តការលក់ឡាយឡុងដោយស្រោមសំបុត្រ ឬ ដោយផ្ទាល់មាត់ហើយ អាជ្ញាសាលាត្រូវធ្វើកំណត់ហេតុនៃការលក់ឡាយឡុងដោយស្រោមសំបុត្រ ឬ ដោយផ្ទាល់ មាត់ ដែលសរសេរនូវចំណុចដូចខាងក្រោម ហើយត្រូវដាក់ទៅតុលាការអនុវត្តភ្លាម :

ក-សញ្ញាណនៃអចលនវត្ថុ ។

ខ-កាកាលបរិច្ឆេទនៃការលក់ឡាយឡុងដោយស្រោមសំបុត្រ ឬ ដោយផ្ទាល់មាត់ ។

គ-សញ្ញាណរបស់អ្នកស្នើសុំទិញក្នុងតម្លៃអតិបរមានិងអ្នកតំណាង ។

ឃ-តម្លៃទិញរបស់អ្នកស្នើសុំទិញក្នុងតម្លៃអតិបរមា ។

ង-ហេតុការណ៍នោះ និង ស្ថានភាពបើមិនអាចកំណត់អ្នកស្នើសុំទិញក្នុងតម្លៃអតិបរមា ។

ច- មូលហេតុ និង វិធានការដែលបានចាត់ធ្វើ បើបានចាត់វិធានការដែលបាន កំណត់នៅក្នុងមាត្រា ៣៩៦ (ការរក្សាសណ្ដាប់ធ្នាប់នៅកន្លែងលក់) នៃក្រមនេះ ។

 ៥-អាជ្ញាសាលាត្រូវឱ្យអ្នកស្នើសុំទិញក្នុងតម្លៃអតិបរមា ឬ អ្នកតំណាង ចុះហត្ថលេខា លើកំណត់ហេតុនៃការលក់ឡាយឡុងដោយស្រោមសំបុត្រ ឬ ដោយផ្ទាល់មាត់ ។

មាត្រា ៤៤០.-កាលបរិច្ឆេទដើម្បីចេញដីកាសម្រេចការលក់

១-តុលាការអនុវត្តត្រូវបើកកាលបរិច្ឆេទដើម្បីចេញដីកាសម្រេចការលក់ ហើយត្រូវ ប្រកាសអំពីការអនុញ្ញាត ឬ មិនអនុញ្ញាតឱ្យលក់ ។

២-នៅពេលដែលបានកំណត់កាលបរិច្ឆេទដើម្បីចេញដីកាសម្រេចការលក់ តុលាការអនុវត្តត្រូវជូនដំណឹងអំពីកាលបរិច្ឆេទនោះ ទៅជនដែលពាក់ព័ន្ធនឹងផលប្រយោជន៍ ។

មាត្រា ៤៤១.-ការថ្លែងយោបល់អំពីការអនុញ្ញាត ឬ មិនអនុញ្ញាតឱ្យលក់

បុគ្គលដែលមានការពាក់ព័ន្ធនឹងផលប្រយោជន៍ ចំពោះការអនុញ្ញាត ឬ មិនអនុញ្ញាតឱ្យ លក់អចលនវត្ថុ អាចថ្លែងយោបល់អំពីហេតុដែលបានកំណត់នៅក្នុងចំណុចនីមួយៗ នៃកថាខណ្ឌទី ២ មាត្រា ៤៤២ (ការអនុញ្ញាត ឬ មិនអនុញ្ញាតឱ្យលក់) នៃក្រមនេះ ដែលបណ្ដាលឱ្យ មានឥទ្ធិពលដល់សិទ្ធិរបស់ខ្លួន នៅក្នុងកាលបរិច្ឆេទដើម្បីចេញដីកាសម្រេចការលក់បាន ។

មាត្រា ៤៤២.-ការអនុញ្ញាត ឬ មិនអនុញ្ញាតឱ្យលក់

១-លើកលែងតែក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ ខាងក្រោមនេះ តុលាការអនុវត្តត្រូវចេញដីកាសម្រេចអនុញ្ញាតឱ្យលក់ ។

២-តុលាការអនុវត្តត្រូវចេញដីកាសម្រេចមិនអនុញ្ញាតឱ្យលក់ បើទទួលស្គាល់ថា មាន ហេតុណាមួយដូចកំណត់ក្នុងចំណុចខាងក្រោមនេះ :

ក-មិនត្រូវចាប់ផ្តើម ឬ បន្តនីតិវិធីនៃការលក់ដោយបង្ខំ ។

ខ-អ្នកស្នើសុំទិញក្នុងតម្លៃអតិបរមា ពុំមានលក្ខណសម្បត្តិ ឬ សមត្ថភាពដើម្បីទិញអចលនវត្ថុ ឬ អ្នកតំណាងរបស់អ្នកស្នើសុំទិញក្នុងតម្លៃអតិបរមា ពុំមានសិទ្ធិនោះ ។

គ-មានសេចក្តីស្នើសុំកុំឱ្យអនុញ្ញាតការលក់ ដែលយោងតាមបញ្ញត្តិនៃកថាខណ្ឌទី ១ មាត្រា ៤៤៥ (ការស្នើសុំកុំឱ្យអនុញ្ញាតការលក់ ជាអាទិ៍ ក្នុងករណីដែលអចលនវត្ថុត្រូវបានខូចខាត) នៃក្រមនេះ ។

ឃ-មានកំហុសធ្ងន់ធ្ងរនៅក្នុងនីតិវិធីនៃដីកាសម្រេចកំណត់តម្លៃលក់អប្បបរមា ។

ង-មានកំហុសធ្ងន់ធ្ងរនៅក្នុងនីតិវិធីនៃការលក់ ។

មាត្រា ៤៤៣.-វិធានការក្នុងករណីលក់ហួសកម្រិត

១-ក្នុងករណីដែលបានលក់អចលនវត្ថុច្រើន បើតម្លៃស្នើសុំទិញនៃអចលនវត្ថុណាមួយ ឬ ច្រើន ក្នុងចំណោមអចលនវត្ថុទាំងអស់នោះ ត្រូវបានប៉ាន់ប្រមាណឃើញថា អាចសងសិទ្ធិលើបំណុលរបស់ម្ចាស់បំណុលនីមួយៗ និង សោហ៊ុយសម្រាប់ការអនុវត្តទាំងអស់បានតុលាការអនុវត្តត្រូវបម្រុងទុកនូវដីកាសម្រេចអនុញ្ញាតឱ្យលក់អចលនវត្ថុផ្សេងទៀត ។

២-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ បើមានអចលនវត្ថុ ច្រើនដែលត្រូវបានប៉ាន់ប្រមាណថា តម្លៃស្នើសុំទិញនៃអចលនវត្ថុនីមួយៗនោះ អាចសងសិទ្ធិលើបំណុលរបស់ម្ចាស់បំណុលនីមួយៗ និង សោហ៊ុយសម្រាប់ការអនុវត្តទាំងអស់បាន ឬ បើសមាយោគនៃអចលនវត្ថុមានច្រើនដែលត្រូវបានប៉ាន់ប្រមាណថា តម្លៃស្នើសុំទិញនៃ សមាយោគនីមួយៗនោះ អាចសងសិទ្ធិលើបំណុលរបស់ម្ចាស់បំណុលនីមួយៗ និង សោហ៊ុយ សម្រាប់ការអនុវត្តទាំងអស់បាន តុលាការអនុវត្តត្រូវសួរយោបល់របស់កូនបំណុលនៃការ អនុវត្តជាមុន អំពីអចលនវត្ថុដែលត្រូវអនុញ្ញាតឱ្យលក់ ។

៣-អ្នកស្នើសុំទិញក្នុងតម្លៃអតិបរមានៃអចលនវត្ថុដែលដីកាសម្រេចអនុញ្ញាតឱ្យលក់ត្រូវបានបម្រុងទុក ដោយយោងតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ អាចលុបចោល សំណើទិញនោះ ដោយជូនដំណឹងទៅតុលាការអនុវត្តបាន ។

៤-ថ្លៃលក់ត្រូវបានបង់ចំពោះអចលនវត្ថុដែលមានដីកាសម្រេចអនុញ្ញាតឱ្យលក់តុលាការអនុវត្តត្រូវលុបចោលនូវនីតិវិធីនៃការលក់ដោយបង្ខំ ដែលទាក់ទងនឹងអចលនវត្ត ដែល បានកំណត់នៅក្នុងកថាខណ្ឌទី ៣ ខាងលើនេះ ។

មាត្រា ៤៤៤.-បណ្ដឹងជំទាស់ចំពោះដីកាសម្រេចអនុញ្ញាត ឬ មិនអនុញ្ញាតឱ្យលក់

១-ចំពោះដីកាសម្រេចអនុញ្ញាត ឬ មិនអនុញ្ញាតឱ្យលក់ ជនដែលពាក់ព័ន្ធនឹងផល ប្រយោជន៍ អាចប្ដឹងជំទាស់បាន លុះត្រាតែក្នុងករណីដែលដីកាសម្រេចនោះបណ្ដាលឱ្យមានខូចខាតដល់សិទ្ធិរបស់ខ្លួន ។

២-បណ្ដឹងជំទាស់ចំពោះដីកាសម្រេចអនុញ្ញាតឱ្យលក់ ត្រូវយកហេតុដូចបានកំណត់ ក្នុងចំណុចនីមួយៗនៃកថាខណ្ឌទី ២ នៃមាត្រា ៤៤២ (ការអនុញ្ញាត ឬ មិនអនុញ្ញាតឱ្យលក់) នៃក្រមនេះ ឬ កំហុសធ្ងន់ធ្ងរនៅក្នុងនីតិវិធីនៃដីកាសម្រេចអនុញ្ញាតឱ្យលក់នោះ មកធ្វើជាមូលហេតុ ។

៣-បើទទួលស្គាល់ថាចាំបាច់ តុលាការនៃបណ្ដឹងជំទាស់ អាចកំណត់ភាគីម្ខាងទៀតនៃម្ចាស់បណ្ដឹងជំទាស់បាន ។

៤-ដីកាសម្រេចអនុញ្ញាត ឬ មិនអនុញ្ញាតឱ្យលក់នេះ ពុំមានអានុភាពឡើយ បើមិនទាន់ចូលជាស្ថាពរ ។

មាត្រា ៤៤៥.-ការស្នើសុំកុំឱ្យអនុញ្ញាតការលក់ ជាអាទិ៍ ក្នុងករណីដែលអចលនវត្ថុត្រូវបានខូចខាត

១-ក្នុងករណីដែលអចលនវត្ថុបានទទួលការខូចខាតធ្ងន់ធ្ងរ នៅក្រោយពេលធ្វើសំណើទិញដោយសារគ្រោះធម្មជាតិ ឬ ដោយសារមូលហេតុផ្សេងទៀតដែលមិនមែនជាបន្ទុករបស់ខ្លួន អ្នកស្នើសុំទិញក្នុងតម្លៃអតិបរមា ឬ អ្នកទិញអាចស្នើសុំទៅតុលាការអនុវត្តកុំឱ្យអនុញ្ញាតការលក់ ប្រសិនបើនៅមុនពេលចេញដីកាសម្រេចអនុញ្ញាតឱ្យលក់ ឬ អាចដាក់ពាក្យសុំទៅតុលាការអនុវត្តឱ្យលុបចោលដីកាសម្រេចនោះ នៅមុនពេលបង់ប្រាក់បានប្រសិនបើនៅក្រោយពេលចេញដីកាសម្រេចអនុញ្ញាតការលក់ហើយ ។

២-ចំពោះដីកាសម្រេចអំពីពាក្យសុំឱ្យលុបចោលដីកាសម្រេចអនុញ្ញាតឱ្យលក់ តាម បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ អាចប្ដឹងជំទាស់បាន ។

៣-ដីកាសម្រេចលុបចោលដីកាសម្រេចអនុញ្ញាតឱ្យលក់ តាមពាក្យសុំដែលបាន កំណត់នៅក្នុងកថាខណ្ឌទី ១ខាងលើនេះ ពុំមានអានុភាពឡើយ បើមិនទាន់ចូលជាស្ថាពរ ។

មាត្រា ៤៤៦.-ការដកពាក្យសុំការលក់ដោយបង្ខំ នៅក្រោយពេលមានសំណើទិញ

ដើម្បីដកពាក្យសុំការលក់ដោយបង្ខំ នៅក្រោយពេលដែលមានសំណើទិញហើយម្ចាស់បំណុលនៃការអនុវត្ត ត្រូវទទួលការយល់ព្រមពីសំណាក់អ្នកស្នើសុំទិញក្នុងតម្លៃអតិបរមា ឬ អ្នកទិញ ។

កថាភាគទី ៤៖អានុភាពនៃការលក់

មាត្រា ៤៤៧.-ការបង់ថ្លៃលក់

១-បើដីកាសម្រេចអនុញ្ញាតឱ្យលក់បានចូលជាស្ថាពរ អ្នកទិញត្រូវបងថ្ងៃលទៅ តុលាការអនុវត្ត នៅមុនពេលដែលតុលាការអនុវត្តបានកំណត់ ។ ពេលកំណត់នេះ ត្រូវស្ថិត នៅក្នុងអំឡុងពេល ១ (មួយ) ខែ ចាប់ពីថ្ងៃដែលដីកាសម្រេចអនុញ្ញាតឱ្យលក់ បានចូលជា ស្ថាពរ ។

២-ចំនួនទឹកប្រាក់ដែលអ្នកទិញបានដាក់ដើម្បីធានាលើសំណើទិញ ត្រូវគិតបញ្ចូលក្នុងថ្លៃលក់ ។

៣-បើអ្នកទិញគឺជាម្ចាស់បំណុលដែលត្រូវទទួលការចែកចំណែកពីប្រាក់លក់ អ្នកទិញនោះអាចបង់ថ្លៃលក់ ដោយដកនូវចំនួនទឹកប្រាក់ដែលខ្លួនត្រូវទទួលពីការចែកចំណែកនៅកាកាលបរិច្ឆេទនៃការចែកចំណែកបាន ដោយស្នើសុំទៅតុលាការអនុវត្តនៅមុនពេលបញ្ចប់កាលបរិច្ឆេទដើម្បីបញដីកាសម្រេចការលក់ ។ ក្នុងករណីនេះ បើមានសេចក្តីថ្លែងតវ៉ាអំពីចំនួនប្រាក់នៃការចែកចំណែកដែលអ្នកទិញត្រូវទទួល អ្នកទិញត្រូវបង់ចំនួនប្រាក់ដែលស្មើនឹងភាគដែលមានការតវ៉ានោះជាបន្ទាន់ ។

៤-អ្នកទិញធ្វើលទ្ធកម្មនូវអចលនវត្ថុ នៅពេលដែលខ្លួនបានបង់ថ្លៃលក់ហើយ ។

មាត្រា ៤៤៨.-ការផ្ទុកផ្ដាក់ឱ្យចុះបញ្ជី ដោយការបង់ថ្លៃលក់

១-ប្រសិនបើអ្នកទិញបានបងថ្លៃលក់ហើយ ក្រឡាបញ្ជីត្រូវផ្ទុកផ្ដាក់ឱ្យស្ថាប័នដែលមានសមត្ថកិច្ចចុះបញ្ជី និង លុបការចុះបញ្ជីនូវចំណុចដូចកំណត់ខាងក្រោមនេះ :

ក-ការចុះបញ្ជី អំពីការផ្ទេរសិទ្ធិដែលអ្នកទិញបានធ្វើលទ្ធកម្ម ។

​​ខ-ការលុបការចុះបញ្ជី អំពីលទ្ធកម្មនូវសិទ្ធិដែលបានរលត់ដោយរលក់ ឬ សិទ្ធិដែល បានបាត់បង់អានុភាពដោយការលក់ ។

គ-ការលុបការចុះបញ្ជី អំពីការចាត់ចែងជាបណ្តោះអាសន្នដែលបានបាត់បង់ អានុភាពដោយការលក់ ។

ឃ-ការលុបការចុះបញ្ជីអំពីការរឹបអូស ឬ កាវឿបអូសជាបណ្តោះអាសន្ន ។

២-ដើម្បីផ្ទុកផ្ដាក់ តាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ក្រឡាបញ្ជីត្រូវភ្ជាប់ឯកសារ ចម្លងយថាភូតនៃដីកាសម្រេចអនុញ្ញាតឱ្យលក់ ជាមួយនឹងលិខិតផ្ទុកផ្ដាក់នោះ ។

៣-សោហ៊ុយចាំបាច់ដើម្បីផ្ទុកផ្ដាក់ តាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ជាបន្ទុករបស់អ្នកទិញ ។

មាត្រា ៤៤៩.-ការទទួលខុសត្រូវរបស់អ្នកទិញ

 ១-ចំពោះសិទ្ធិប្រាតិភោគដែលនឹងបន្តអត្ថិភាពក្រោយការលក់ ដោយយោងតាមបញ្ញត្តិនៃកថាខណ្ឌទី ១ មាត្រា ៤៣១ (សិទ្ធិដែលនឹងបន្តអត្ថិភាព និង សិទ្ធិដែលត្រូវរលត់ក្រោយការលក់) នៃក្រមនេះ បើកូនបំណុលនៃការអនុវត្ត ជាកូនបំណុលនៃសិទ្ធិលើបំណុល ដែលត្រូវ បានធានាដោយសិទ្ធិប្រាតិភោគទាំងនេះ អ្នកទិញត្រូវទទួលខុសត្រូវក្នុងការសងនូវសិទ្ធិលើបំណុលនោះ ។

        ២-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ បើសិទ្ធិប្រាតិភោគ ដែលនឹងបន្តអត្ថិភាពក្រោយការលក់ ជាហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្ត អ្នកទិញត្រូវទទួលខុសត្រូវក្នុងការសងនូវសិទ្ធិលើបំណុលដែលត្រូវបាននាដោយហ៊ីប៉ូតែកដើម្បីធានាបំណុលនោះ ក្នុងកម្រិតនៃចំនួនអតិបរមា ។

មាត្រា ៤៥០.-ដីកាសម្រេចបង្គាប់ឱ្យប្រគល់អចលនវត្ថុ

១-តុលាការអនុវត្តអាចចេញដីកាសម្រេចបង្គាប់ឱ្យកូនបំណុលនៃការអនុវត្ត ឬ អ្នកកាន់កាប់អចលនវត្ថុ ប្រគល់អចលនវត្ថុនោះទៅឱ្យអ្នកទិញ តាមពាក្យសុំរបស់អ្នកទិញដែលបានបង់ថ្លៃលក់ហើយ ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះជនដែលត្រូវបានទទួលស្គាល់ថា កាន់កាប់អចលនវត្ថុនោះ ដោយផ្អែកលើសិទ្ធិដែលអាចតតាំងជាមួយ នឹងអ្នកទិញ ដោយយោងទៅតាមសំណុំរឿងនៃការអនុវត្តដោយបង្ខំ ។

២-បើហួសអំឡុងពេល ៦ (ប្រាំមួយ) ខែ គិតចាប់ពីថ្ងៃដែលអ្នកទិញបានបង់ថ្លៃលក់ ហើយ អ្នកទិញនោះ ពុំអាចដាក់ពាក្យសុំ តាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះបានទេ ។

៣-ក្នុងករណីដែលបានចេញដីកាសម្រេចចំពោះអ្នកកាន់កាប់ ក្រៅពីកូនបំណុលនៃការអនុវត្ត តាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ តុលាការអនុវត្តត្រូវសួរជននោះ ។

៤-ចំពោះដីកាសម្រេចអំពីពាក្យសុំដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ អាចប្ដឹងជំទាស់បាន ។

  ៥-ដីកាសម្រេចដែលយោងតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ពុំមានអានុភាពឡើយ បើមិនទាន់ចូលជាស្ថាពរ ។

មាត្រា ៤៥១.-អានុភាពនៃការមិនបង់ថ្លៃលក់

១-បើអ្នកទិញមិនបានបង់ថ្លៃលក់ទេ ដីកាសម្រេចអនុញ្ញាតឱ្យលក់នោះ នឹងបាត់បង់ អានុភាព ។ ក្នុងករណីនេះ អ្នកទិញមិនអាចទាមទារឱ្យសងទឹកប្រាក់ដែលខ្លួនបានដាក់ជាការធានាលើសំណើទិញបានទេ ។

២-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ តុលាការអនុវត្តត្រូវលក់ដោយបង្ខំសាជាថ្មី ។

៣-ក្នុងការលក់ដោយបង្ខំតាមបញ្ញត្តិនៃកថាខណ្ឌទី ២ ខាងលើនេះ អ្នកទិញដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ពុំអាចធ្វើសំណើទិញបានឡើយ ។

មាត្រា ៤៥២.-ថ្លៃលក់

១-ប្រាក់ដែលកំណត់ដូចខាងក្រោមនេះ ត្រូវចាត់ជាថ្លៃលក់សម្រាប់ការចែកចំណែក :

ក-ថ្លៃលក់អចលនវត្ថុ ។

ខ-ទឹកប្រាក់ដែលអ្នកទិញពុំអាចទាមទារឱ្យសងមកវិញបាន តាមបញ្ញត្តិនៃវាក្យខណ្ឌទី ២ កថាខណ្ឌទី ១ នៃមាត្រា ៤៥១ (អានុភាពនៃការមិនបង់ថ្លៃលក់) នៃក្រមនេះ ។

២-ក្នុងករណីដែលអចលនវត្ថុត្រូវបានលក់ឱ្យស្រេចតែម្តង ដោយយោងតាមបញ្ញត្តិ នៃមាត្រា ៤៣៣ (ការលក់សរុប) នៃក្រមនេះ បើចាំបាច់ត្រូវកំណត់ចំនួនថ្លៃលក់នៃអចលនវត្ថុនីមួយៗ ចំនួននោះចាត់ជាចំនួនដែលចែកចំនួនសរុបនៃថ្លៃលក់ តាមសមាមាត្រនៃតម្លៃលក់អប្បបរមានៃអចលនវត្ថុនីមួយៗ ។ បញ្ញត្តិនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះបន្ទុកនៃសោហ៊ុយសម្រាប់ការអនុវត្តចំពោះអចលនវត្ថុនីមួយៗ ។

មាត្រា ៤៥៣.-វិសាលភាពនៃម្ចាស់បំណុលដែលត្រូវទទួលចំណែក

ម្ចាស់បំណុលដែលត្រូវទទួលការចែក ចំណែកថ្លៃលក់ គឺជាបុគ្គលដែលកំណត់ ដូច ខាងក្រោមនេះ :

ក-ម្ចាស់បំណុលដែលបានដាក់ពាក្យសុំការលក់ដោយបង្ខំ ឬ ការលក់ដោយបង្ខំ ដែលជាការអនុវត្តឯកសិទ្ធិទូទៅ រហូតដល់កំណត់ពេលចុងក្រោយសម្រាប់ការទាមទារឱ្យ ចែកចំណែក ។

ខ-ម្ចាស់បំណុលដែលបានទាមទារឱ្យចែកចំណែក រហូតដល់ពេលកំណត់ចុង ក្រោយសម្រាប់ការទាមទារឱ្យចែកចំណែក ។

គ-ម្ចាស់បំណុលដែលបានចុះបញ្ជីអំពីរឹបអូសជាបណ្តោះអាសន្ន មុនការចុះបញ្ជីអំពីការវិបអូសដែលជាមូលដ្ឋាននៃដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំជាដំបូង ។