ការកសាងសមត្ថភាព (Capacity Building) គឺជាការអភិវឌ្ឍចំណេះដឹង ជំនាញ សមត្ថភាពរបស់បុគ្គលិក ឬ ស្ថាប័ន ដើម្បីបំពេញកិច្ចការ ដោយមានប្រសិទ្ធភាព។ ការកសាងសមត្ថភាពអាចធ្វើឡើងតាមរយៈការអប់រំ វគ្គបណ្តុះបណ្តាល (Training Courses)ជាផ្លូវការ ឬតាមរយៈការរៀនបណ្តើរធ្វើបណ្ដើរ (On-job-training)។
(សទ្ទានុក្រមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ, នស/ រកម/០៥០៨/០១៧ ២២ ឧសភា ២០០៨)
ឧទាហរណ៍៖
មាត្រា ៩៩ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចែងថា៖
ក្រុមប្រឹក្សាស្រុក ត្រូវពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ និងអ្នកពាក់ព័ន្ធនានា ដើម្បីវាយតម្លៃឱ្យបានទៀងទាត់អំពីសមត្ថភាពរបស់ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ និងធ្វើការបណ្ដុះបណ្ដាល កសាងសមត្ថភាពដល់ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សា សង្កាត់ និងបុគ្គលិករបស់ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ ព្រមទាំងធ្វើការអប់រំបណ្ដុះបណ្ដាលដល់ប្រជាពលរដ្ឋក្នុងឃុំ សង្កាត់នីមួយៗឱ្យបានទៀងទាត់ ដើម្បីបង្កើត ជំរុញ និងធ្វើឱ្យ មានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវទទួលស្គាល់គុណភាពនៃការអប់រំបណ្តុះបណ្តាល ដែល ស្របជាមួយខ្លឹមសារនៃច្បាប់នេះ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ។