ចលនាមិនចូលបក្សសម្ព័ន្ធ (non-aligned movement) គឺជា  និន្នាការនយោបាយនៃប្រទេសកំពុងអភិវឌ្ឍមួយ​ចំនួន​ដែលប្រកាសថាមិន​ចូលក្នុង​ប្លុកនយោបាយណាមួយ។ ចលនានេះត្រូវបានបង្កើតជាផ្លូវការនៅទីក្រុងបែលក្រាដ (Belgrade) នៅឆ្នាំ១៩៦១ ក្រោមគំនិតផ្តួចផ្តើម​របស់ប្រធានាធិបតីយូហ្គោស្លាវី Sosip Broz Tito នាយករដ្ឋមន្ត្រីឥណ្ឌា Jawaharlal Nehru ប្រធានាធិបតីអេហ្ស៊ីប Gama IAbdel Nasser ប្រធានាធិបតីហ្គាណា Kwame Nkrumah ប្រធានាធិបតីឥណ្ឌូណេស៊ី Achmed Sukarno និង អធិរាជអេត្យូពី Haile Selassie។

ចលនានេះមានគោលបំណងធានាឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិសុខនៃបណ្ដារដ្ឋជាសមាជិកក្នុងការតស៊ូ ប្រឆាំងចក្រ​ពត្តិនិយម អាណានិគមនិយម អាណានិគមនិយមបែបថ្មី ការប្រកាន់ពូជសាសន៍និយមនិងរាល់ទម្រង់នៃការឈ្លានពាន ការកាន់កាប់ ការគ្រប់​គ្រង ការជ្រៀតជ្រែក ឬអនុត្តរភាពក៏ដូចជាការប្រឆាំងនឹងមហាអំណាច និង ប្លុកនយោបាយ។

(ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃទីស្ដីការគណៈរដ្ឋមន្ត្រី, សទ្ទានុក្រមវិទ្យាសាស្ត្រនយោ​បាយ និង ការទូត៖ ខ្មែរ-អង់គ្លេស-បារាំង, មិថុនា ២០១៤, ទំ.១៧-១៨។)