ច្បាប់អន្តរជាតិ (international law) គឺជាប្រព័ន្ធនៃវិធានស្តីពីសិទ្ធិនិងភារកិច្ចរបស់រដ្ឋនានា នៅក្នុងទំនាក់ទំនងរវាង​រដ្ឋទាំងនោះ។ ច្បាប់អន្តរជាតិផ្អែកលើទស្សនាទាននៃសមភាព និងអធិបតេយ្យរបស់រដ្ឋនានានិងផ្អែកទាំង​ស្រុង​ទៅលើការព្រមព្រៀងរវាងរដ្ឋទាំងនោះ។ ម៉្យាង ទៀត ច្បាប់អន្តរជាតិគឺជាសំណុំនៃគោលការណ៍ និងវិធានដែលគ្រប់​​គ្រង​​លើសិទ្ធិនិងភារកិច្ចរបស់រដ្ឋនានា អង្គការអន្តរជាតិនានានិងមនុស្សទូទៅ នៅក្នុងទំនាក់ទំនងរបស់ពួក​គេ​​​នៅ​លើពិភពលោក។ ច្បាប់អន្តរជាតិផ្តល់នូវមគ្គុទ្ទេសន៍ សម្រាប់សកម្មភាពរបស់រដ្ឋជាសមាជិកនិងផ្តល់ នូវ​វិធីសាស្រ្ត​សម្រា​ប់ដោះស្រាយជម្លោះរវាងរដ្ឋ នានាដោយសន្តិវិធីនិងដោយយោងតាមបទដ្ឋានដែលបានយល់ស្របទាំងអស់គ្នាជាជាងប្រើ កម្លាំង​បាយ។

ជាទូទៅ ច្បាប់អន្តរជាតិមានគោលដៅគ្រប់គ្រងរាល់សកម្មភាពក្នុងទំនាក់​ទំនងអន្តរជាតិ រវាងរដ្ឋនិងរដ្ឋ ប៉ុន្តែ បច្ចុប្បន្ននេះ ច្បាប់អន្តរជាតិ ក៏យកចិត្តទុកដាក់កាន់តែខ្លាំងឡើងទៅលើបុគ្គលនានាផងដែរ ជាពិសេស ការប្រព្រឹត្តរបស់រដ្ឋទៅលើបុគ្គលឬក៏សកម្មភាពបុគ្គលទៅលើ​រដ្ឋ។ ដូច្នេះហើយ ទាំងបុគ្គល ក៏ដូចជាប្រទេសនានា មានកាតព្វកិច្ចនិងសិទ្ធិនៅក្រោមច្បាប់អន្តរជាតិនានា។

ឧទាហរណ៍៖ ចំពោះប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ គេមានច្បាប់អន្តរជាតិដែលប្រទេសជាសមាជិកត្រូវតែគោរពនិងអនុវត្តទៅ​តាមគោលការណ៍​នៃច្បាប់ដែលបានអនុម័ត។ ជាក់ស្តែង នៅថ្ងៃទី០២ សីហា ១៩៩០ ដល់ថ្ងៃ ទី២៨ ខែកុម្ភៈ ១៩៩១ ប្រទេសអឺរ៉ាក់បានធ្វើ សង្គ្រាមឈ្លានពានប្រទេសកូវ៉ែត ហើយពេលនោះ គេបានយកច្បាប់អន្តរជាតិទៅប្រើ ដោយអង្គការសហប្រជាជាតិបានចាត់កងកម្លាំងសន្តិសុខទៅ​បង្ក្រាប​ប្រទេសអឺរ៉ាក់ដោយជោគជ័យ។

(ដកស្រង់ពី៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃទីស្ដីការគណៈរដ្ឋមន្ត្រី, សទ្ទានុក្រមវិទ្យាសាស្ត្រនយោ​បាយ និង ការទូត៖ ខ្មែរ-អង់គ្លេស-បារាំង, មិថុនា ២០១៤, ទំ.១៨-១៩។)