ជីកស្មៅជីកទាំងឬស (to get to the root) ជាពាក្យប្រើប្រាស់ជាសាកលក្នុងរបបផ្តាច់ការ។ ដោយឡែក ក្នុងសង្គមខ្មែរពាក្យនេះបានយកមកប្រើពេញនិយម និងអនុវត្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។ តាមន័យត្រង់ ដើម្បីកុំឱ្យស្មៅដុះសាជាថ្មី គេត្រូវជីកយកទាំងឫស។ តាមន័យនយោបាយ បើគេយល់ថា ក្រុមណាឬបុគ្គលណាមួយដែលជាគូប្រជែងឬគូប្រឆាំងមិនពេញចិត្តទៅនឹងមនោគមវិជ្ជារបស់គេ ត្រូវគេកម្ទេចចោលទាំងអស់ ដើម្បីកុំឱ្យប្រឆាំងតបតមកវិញ។
ឧទាហរណ៍៖ នៅឆ្នាំ១៩១៧ បដិវត្តន៍រុស្ស៊ីបានអនុវត្តនយោបាយ ជីកស្មៅជីកទាំងឫស ដោយបានសម្លាប់រាជវង្សស្ដេចផ្សារទាំងពូជ។
(ប្រភព៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃទីស្ដីការគណៈរដ្ឋមន្ត្រី, សទ្ទានុក្រមវិទ្យាសាស្ត្រនយោបាយ និង ការទូត៖ ខ្មែរ-អង់គ្លេស-បារាំង, មិថុនា ២០១៤, ទំ.២១។)