ការ្យ (workmanship) សំដៅដល់ផលអ្វីៗទាំងពួងដែលកើតពីស្នាដៃជាង ឬស្នាដៃសិល្បករ។ល។

✍សម្រង់មាត្រាមួយចំនួននៃក្រមរដ្ឋប្បវេណី

មាត្រា ១៤៥. ករណីយកិច្ចទទួលទឹកហូរតាមធម្មជាតិ

១-កម្មសិទ្ធិករនៃដីក្រោម មានករណីយកិច្ចទទួល​ទឹកដែល​ហូរតាមធម្មជាតិ​​ពីដីលើ។ កម្មសិទ្ធិករ​នៃដីក្រោមមិន​អាច​លើក​ទំនប់ ភ្លឺ របាំង ឬការ្យ​ផ្សេង​​ទៀត​ទប់​មិន​ឱ្យទឹក​ហូរ​បាន​ឡើយ។   កម្ម​សិទ្ធិករ​នៃដីលើមិនអាចធ្វើអំពើអ្វីបន្ថែមបន្ទុករបស់កម្មសិទ្ធិករនៃ ដីក្រោមបានឡើយ ។

២-ពេល​មាន​ការ​ប្រែប្រួល​ដោយ​ប្រធានសក្តិ​ដែលគ្មានការទទួលខុសត្រូវរបស់ភាគី ធ្វើឱ្យរាំងស្ទះទឹកហូរនៅដីក្រោមកម្មសិទ្ធិករនៃដីលើអាចធ្វើប្រឡាយ​ឱ្យទឹកហូរ ដោយចេញសោហ៊ុយផ្ទាល់ខ្លួនបាន។

មាត្រា ១៥១. សិទ្ធិលើក និងសិទ្ធិប្រើប្រាស់ទំនប់ ជាអាទិ៍

១-កម្មសិទ្ធិករនៃដីជាប់មាត់ទន្លេ ស្ទឹង ឬព្រែកដែលចង់ប្រើប្រាស់ទឹក ទន្លេ ស្ទឹង ឬព្រែកដើម្បីស្រោចស្រពដីរបស់ខ្លួន អាចធ្វើសិល្បៈការ្យចាំបាច់ដើម្បី​យកទឹកនៅលើដីដែលស្ថិតនៅ​មាត់ទឹកម្ខាងទៀត   បានដោយបង់ប្រាក់​សំណងដល់កម្មសិទ្ធិករនៃដីនៅមាត់ទឹកម្ខាងទៀត។

២-កម្មសិទ្ធិករនៃដីដែលអនុញ្ញាតឱ្យ ធ្វើសិល្បៈការ្យនៅលើដីរបស់ខ្លួនអាច​ទាមទារប្រើប្រាស់រួមនូវទំនប់ទឹក ជាអាទិ៍ ពីអ្នកដែលបានធ្វើសិល្បៈការ្យនោះបានដោយយកល័ក្ខខ័ណ្ឌទួលបន្ទុកពាក់​កណ្តាលនៃសោហ៊ុយធ្វើ និងថែទាំ។    ក្នុងករណីនេះ អ្នកដែលបានធ្វើសិល្បៈការ្យពុំមានករណីយ​កិច្ចបង់ប្រាក់សំណងដែល​បានកំណត់នៅកថាខណ្ឌទី១ ខាង​លើនេះទេ ហើយ​អាច​ទាម​ទារ​ឱ្យ​សង​សំណង​ដែល​ខ្លួន​បាន​បង់​ហើយ​វិញ​បាន។

មាត្រា ១៥៣. ករណីយកិច្ចដាក់រនាំងបាំងនៅបង្អួច កើយ ជាអាទិ៍

អ្នកដែលធ្វើបង្អួច កើយ ឬសិល្បៈការ្យប្រហាក់ប្រហែលរបស់ទាំងអស់នេះ ដែលសម្លឹងទៅឃើញដីផ្ទះអ្នកជិតខាងនោះ  នៅចម្ងាយតិចជាង ២ (ពីរ) ម៉ែត្រ ពីព្រំដីអ្នកជិតខាង ត្រូវដាក់រនាំងបាំង ។

មាត្រា២១៨. ការប្រើប្រាស់ជញ្ជាំងអឌ្ឍសិទ្ធិ

កម្មសិទ្ធិករនៃអឌ្ឍសិទ្ធិម្នាក់ៗ អាចបោះធ្នឹមឬរនូតឱ្យចូលដល់ពាក់កណ្តាល​នៃកម្រាស់ជញ្ជាំង ដើម្បីធ្វើការ្យផ្សេងៗដោយប្រើជញ្ជាំងនោះ។

មាត្រា ២១៩. ការធ្វើការ្យចំពោះជញ្ជាំងអឌ្ឍសិទ្ធិ

១-កម្មសិទ្ធិករនៃអឌ្ឍសិទ្ធិមិនអាចចោះជញ្ជាំងអឌ្ឍសិទ្ធិ ឬធ្វើការ្យអ្វីដែលបណ្តាលឱ្យ មានការខូចខាតដល់ជញ្ជាំងអឌ្ឍសិទ្ធិដោយគ្មានការយល់ព្រមពីកម្មសិទ្ធិករម្ខាងទៀតបានឡើយ។

២-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី១ ខាងលើនេះបើកម្មសិទ្ធិ​ករនៃ អឌ្ឍសិទ្ធិម្ខាងទៀតបដិសេធមិនយល់ព្រមដោយគ្មានមូលហេតុត្រឹមត្រូវកម្មសិទ្ធិករនៃអឌ្ឍសិទ្ធិអាចទាមទារ​ឱ្យតុលាការចេញសាលក្រម ឬ​សាលដីកា ជំនួសការយល់ព្រមនោះ។

៣-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ ខាងលើនេះ តុលាការ​អាចចេញសាលក្រម ឬសាលដីកាជំនួសការយល់ព្រមបានដោយ​ប្តូរនឹងការដាក់ប្រាតិភោគ សមរម្យ។

មាត្រា ២៥៤. ការបញ្ចប់ការជួលអចិន្ត្រៃយ៍

១-ពេលបញ្ចប់ការជួលអចិន្ត្រៃយ៍អ្នកឱ្យជួលអចិន្ត្រៃយ៍      មិនអាចទាម​ទារ​ឱ្យ​អ្នកជួលអចិន្ត្រៃយ៍ធ្វើបដិទានបានឡើយ លើកលែងតែករណីដែល​​អ្នកជួលអចិន្ត្រៃយ៍បានបំផ្លាញអចលនវត្ថុ ឬបានបំប្លែងជាសារវន្តនូវលក្ខណៈ​នៃអចលនវត្ថុនោះ។

២-ពេលបញ្ចប់ការជួលអចិន្ត្រៃយ៍ អ្នកឱ្យជួលអចិន្ត្រៃយ៍ អាចទទួលកម្មសិទ្ធិលើការ្យកែលំអ ឬសំណង់ ជាអាទិ៍ ដែលអ្នកជួលអចិន្ត្រៃយ៍បានធ្វើចំពោះអចលនវត្ថុ ដោយគ្មានសងប្រាក់សំណងទៅអ្នកជួលអចិន្ត្រៃយ៍ ។

៣-ភាគីអាចធ្វើការសន្យាពិសេស ផ្សេងពីកថាខណ្ឌទី ១ និង ទី ២ ខាងលើនេះបាន។ ប៉ុន្តែការសន្យានោះ មិនអាចតតាំងនឹងតតិយជនបានឡើយ បើមិនបានចុះបញ្ជី។

មាត្រា ២៩២. សិទ្ធិសាងសង់ការ្យរបស់ម្ចាស់សេវភាព

១-អ្នកមានសេវភាពអាចសាងសង់ការ្យ ដែលចាំបាច់ក្នុងការអនុវត្តសេវភាព​នៅលើដីបម្រើបាន។   ម្ចាស់សេវភាពមានករណីយកិច្ចត្រូវយកការ្យ​ចេញ និងធ្វើបដិទាននូវ ដីបម្រើ នៅពេលដែលសេវភាពរលត់។

២-កម្មសិទ្ធិករនៃបម្រើ អាចប្រើប្រាស់ការ្យដែលត្រូវបានសាងសង់នៅលើដីបម្រើដើម្បីអនុវត្តសេវភាពបានក្នុងកម្រិតដែលមិនរារាំងការអនុវត្តសេវភាព។

៣-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី២ ខាងលើនេះកម្មសិទ្ធិករនៃដីបម្រើត្រូវទទួលបន្ទុកនូវសោហ៊ុយក្នុងការសាងសង់ និងរក្សាទុកការ្យ​នោះតាមសមាមាត្រនៃចំណែកដែលខ្លួនទទួលផលប្រយោជន៍។

មាត្រា ២៩៣. បន្ទុកនៃសោហ៊ុយសម្រាប់ការសាងសង់ការ្យ

១-កម្មសិទ្ធិករនៃដីប្រើត្រូវទទួលបន្ទុកនូវសោហ៊ុយសាងសង់ និងរក្សាទុកការ្យដែលចាំបាច់ដើម្បីអនុវត្តសេវភាពលើកលែងតែមានការកំណត់ផ្សេង។

២-នៅក្នុងករណីដែលមានការសន្យាពិសេសដែលកំណត់ថា កម្មសិទ្ធិករនៃ​ដីបម្រើត្រូវទទួលបន្ទុកនូវសោហ៊ុយក្នុងការសាងសង់       និងរក្សាទុកការ្យ​ បើបានចុះបញ្ជីអំពីការសន្យាពិសេសនោះ អនុប្បទានិកនៃកម្មសិទ្ធិលើដីបម្រើនោះក៏ត្រូវទទួលបន្តនូវករណីយកិច្ចនោះដែរ។

មាត្រា ២៩៤. សិទ្ធិទាមទារដោយផ្អែកលើសិទ្ធិប្រត្យក្សរបស់ម្ចាស់សេវភាព

ម្ចាស់សេវភាពអាចអនុវត្តសិទ្ធិទាមទារឱ្យប្រគល់វិញ សិទ្ធិទាមទារឱ្យ​បញ្ឈប់​ការរារាំង និងសិទ្ធិទាមទារឱ្យបង្ការជាមុននូវការរារាំងចំពោះការបំពានសេវភាពដូចសិទ្ធិ ដែលកម្មសិទ្ធិករមាន។

មាត្រា ២៩៥. ការលះបង់ និងផ្ទេរកម្មសិទ្ធិនៃដីប្រើឱ្យ ម្ចាស់សេវភាព

១-ក្នុងករណីដែលមានការសន្យាពិសេសដែលកំណត់ថា កម្មសិទ្ធិករនៃដី​បម្រើត្រូវ ទទួលបន្ទុកនូវសោហ៊ុយដែលបានកំណត់នៅក្នុងមាត្រា ២៩៣ (បន្ទុកនៃសោហ៊ុយសម្រាប់ ការសាងសង់ការ្យ ) នៃក្រមនេះ កម្មសិទ្ធិករនៃ​ដីបម្រើអាចរួចខ្លួនពីករណីយកិច្ចនេះបាន ដោយលះបង់ និងផ្ទេរនូវកម្ម​សិទ្ធិលើចំណែកដីដែលចាំបាច់សម្រាប់សេវភាពឱ្យទៅម្ចាស់សេវភាពនៅពេលណាក៏បាន។

២-ការលះបង់ និងផ្ទេរ គឺជាការបោះបង់កម្មសិទ្ធិនៃដីបម្រើដោយឆន្ទៈឯក​តោភាគី របស់កម្មសិទ្ធិករនៃដីបម្រើហើយធ្វើឱ្យកម្មសិទ្ធិនោះស្ថិតនៅក្រោមម្ចាស់សេវភាព។