កាលបរិច្ឆេទស្ថាពរ (due date) មានន័យថា ពេលវេលាកំណត់ជាក់លាក់ទុកជាបានការដែលភាគីមិនអាចកែប្រែនៅពេលក្រោយបាន។
ប្រភព៖ សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី រៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទកអនុម័តពាក្យច្បាប់ របស់ទីស្តីការគណៈរដ្ឋមន្រ្តីបោះពុម្ពលើកទី១ ឆ្នាំ ២០០៧, ទំ. ២។
✍សម្រង់មាត្រាមួយចំនួននៃក្រមរដ្ឋប្បវេណី៖
មាត្រា ៤៥៩. ឧបាទេសកម្មដោយការសង
១-អ្នកដែលបានរួចផុតពីការទទួលខុសត្រូវដោយបានសង ឬបានចេញចំណាយរបស់ខ្លួនផ្សេងទៀត ហើយបានទទួលសិទ្ធិទាមទារសំណងចំពោះកូនបំណុលអាចស្នងម្ចាស់បំណុលដោយឧបាទេសកម្មបាន ចំពោះសិទ្ធិលើបំណុល និងសិទ្ធិផ្សេងទៀតដែលម្ចាស់បំណុលនោះធ្លាប់មាន។
២-បញ្ញត្តិនៃមាត្រា ៥០៣ (ល័ក្ខខ័ណ្ឌតតាំងនៃអនុប្បទានសិទ្ធិលើបំណុលដែលមានកំណត់ឈ្មោះ) នៃក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ។
៣-ការជូនដំណឹងដែលបានកំណត់នៅក្នុងមាត្រា ៩១៣ (លក្ខខណ្ឌនៃការទាមទារសំណង) និងមាត្រា ៩៣៣ (ការជូនដំណឹងដែលជាល័ក្ខខ័ណ្ឌដើម្បីទាមទារសំណង) នៃក្រមនេះអាចយកជាជំនួសនឹងការជូនដំណឹងដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ ខាងលើនេះបាន។ ប៉ុន្តែ ក្នុងករណីដែលចាំបាច់មានលិខិតបញ្ជាក់ ដែលមានកាលបរិច្ឆេទស្ថាពរតាមបញ្ញត្តិដែលត្រូវយកមកអនុវត្តដូចគ្នាដោយយោងទៅតាមកថាខណ្ឌទី ២ ខាងលើនេះ ការជូនដំណឹងដែលបានកំណត់នៅក្នុងកថាខណ្ឌនេះ ក៏ត្រូវធ្វើដោយលិខិតបញ្ជាក់ដែលមានកាលបរិច្ឆេទស្ថាពរដែរ។
មាត្រា ៥០៣. ល័ក្ខខ័ណ្ឌតតាំងនៃអនុប្បទានសិទ្ធិលើបំណុល ដែលមានកំណត់ឈ្មោះ
១-អនុប្បទានសិទ្ធិលើបំណុល ដែលមានកំណត់ឈ្មោះមិនអាចតតាំងចំពោះកូនបំណុល ឬតតិយជនផ្សេងទៀតបានឡើយ បើអនុប្បទាយីមិនបានជូនដំណឹងទៅកូនបំណុល ឬកូនបំណុលមិនបានយល់ព្រមចំពោះអនុប្បទាយី ឬអនុប្បទានិក។
២-ការជូនដំណឹង ឬការយល់ព្រមដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ មិនអាចតតាំងនឹងតតិយជនក្រៅពីកូនបំណុលបានឡើយ បើមិនបានធ្វើឡើងដោយលិខិតដែលមានកាលបរិច្ឆេទស្ថាពរ។
មាត្រា ៥០៤. អាទិភាពនៃអនុប្បទានសិទ្ធិលើបំណុល ជាច្រើនដង
១-ក្នុងករណីដែលធ្វើអនុប្បទានសិទ្ធិលើបំណុលតែមួយ ត្រូវបានធ្វើឡើងជាច្រើនដង អាទិភាពនៃអនុប្បទាននោះត្រូវកំណត់ទៅតាមលំដាប់នៃពេល ដែលការជូនដំណឹងដែលធ្វើឡើងដោយលិខិតដែលមានកាលបរិច្ឆេទស្ថាពរបានដល់កូនបំណុល ឬពេលដែលកូនបំណុល បានយល់ព្រមដោយលិខិតដែលមានកាលបរិច្ឆេទស្ថាពរ។ ក្នុងករណីនេះ កូនបំណុលត្រូវសងបំណុលទៅអនុប្បទានិកដែលមានអាទិភាព។
២-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះប្រសិនបើមិនអាចកំណត់លំដាប់នៃពេលដែលការជូនដំណឹងបានដល់ ឬពេលដែលកូនបំណុលបានយល់ព្រមទេ ត្រូវចាត់ទុកថា ការជូនដំណឹងនីមួយៗបានដល់កូនបំណុលនៅពេលជាមួយគ្នា ឬកូនបំណុល បានយល់ព្រមនៅពេលជាមួយគ្នា។ ក្នុងករណីនេះ អនុប្បទានិកនីមួយៗអាចទាមទារឱ្យកូនបំណុលសងចំពោះសិទ្ធិលើបំណុលទាំងអស់ ដែលខ្លួនបានទទួលដោយអនុប្បទាន។ ពេលដែលកូនបំណុលបានសងចំពោះម្ចាស់បំណុលណាម្នាក់កាតព្វកិច្ចត្រូវរលត់។
៣-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ ខាងលើនេះកូនបំណុលអាចរួចផុតពីកាតព្វកិច្ចបានដោយតម្កល់នូវវត្ថុដែលជាកម្មវត្ថុនៃកាតព្វកិច្ចនោះ ។
មាត្រា ៨៤១. ល័ក្ខខ័ណ្ឌតតាំងនៃសិទ្ធិលើការបញ្ចាំសិទ្ធិលើបំណុលដែលមានកំណត់ឈ្មោះ
១-ក្នុងករណីដែលយកសិទ្ធិលើបំណុល ដែលមានកំណត់ឈ្មោះមកធ្វើជាកម្មវត្ថុនៃសិទ្ធិលើការបញ្ចាំសិទ្ធិលើការបញ្ចនេះ មិនអាចតតាំងចំពោះកូនបំណុលទី៣ និងតតិយជនផ្សេងទៀតបានឡើយ លើកលែងតែករណីដែលបានជូនដំណឹងអំពីការបង្កើតសិទ្ធិលើការបញ្ចាំដល់កូនបំណុលទី ៣ ឬមានការយល់ព្រមពីកូនបំណុលទី ៣ នោះ។
២-ការជូនដំណឹង ឬការយល់ព្រមដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ មិនអាចតតាំងចំពោះតតិយជន ក្រៅពីកូនបំណុលទី ៣ បានឡើយ ប្រសិនបើមិនបានធ្វើឡើងដោយលិខិតដែលមានកាលបរិច្ឆេទស្ថាពរ។