កិច្ចសន្យាធនលាភសាមយិកមួយជីវិត (life annuity contract) គឺជា កិច្ចសន្យាមួយ ដែលភាគីម្ខាងជាកូនបំណុលនៃធនលាភ សន្យាថា មានករណីយកិច្ចត្រូវផ្តល់តាវកាលិកជាប្រាក់ តាមពេលកំណត់ទៀងទាត់ ទៅឱ្យភាគីម្ខាងទៀត ដែលជាម្ចាស់បំណុល ឬតតិយជននៃធនលាភ រហូតដល់ពេលដែលខ្លួនផ្ទាល់ ឬភាគីម្ខាងទៀត ឬក៏តតិយជនបានទទួល មរណភាព ហើយភាគីម្ខាងទៀតសន្យាថា មានករណីយកិច្ចទទួលបន្ទុក ផ្តល់តាវកាលិក ដែលជាតម្លៃថ្នូរនោះ។
ប្រភព៖ សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី រៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទកអនុម័តពាក្យច្បាប់ របស់ទីស្តីការគណៈរដ្ឋមន្រ្តីបោះពុម្ពលើកទី១ ឆ្នាំ ២០០៧, ទំ. ២។
✍សម្រង់មាត្រាមួយចំនួននៃក្រមរដ្ឋប្បវេណី៖
មាត្រា ៧១៩. និយមន័យនៃកិច្ចសន្យាធនលាភសាមយិកមួយជីវិត
១-កិច្ចសន្យាធនលាភសាមយិកមួយជីវិត សំដៅទៅលើកិច្ចសន្យាមួយដែលភាគី ម្ខាងជាកូនបំណុលនៃធនលាភ សន្យាថាមានករណីយកិច្ចត្រូវផ្តល់តាវកាលិកជាប្រាក់តាមពេលកំណត់ទៀងទាត់ទៅឱ្យ ភាគីម្ខាងទៀតដែលជាម្ចាស់បំណុល ឬតតិយជននៃធនលាភរហូតដល់ពេលដែលខ្លួនផ្ទាល់ ឬភាគីម្ខាងទៀត ឬតតិយជនបានទទួលមរណភាព ហើយភាគីម្ខាងទៀតសន្យាថាមានករណីយកិច្ចទទួលបន្ទុកផ្តល់តាវកាលិកនូវប្រាក់ដើម ដែលជាតម្លៃថ្នូរនោះ។
២-កិច្ចសន្យាធនលាភសាមយិកមួយជីវិត ប្រសិនបើពុំបានធ្វើជាលាយល័ក្ខណ៍ អក្សរទេ ពុំមានអានុភាពឡើយ។
៣-ម្ចាស់បំណុលនៃធនលាភ ត្រូវទទួលបាននូវឯកសិទ្ធិលើចលនវត្ថុ និងអចលនវត្ថុក្នុងចំណោមប្រាក់ដើម ដែលខ្លួនបានផ្តល់តាវកាលិកឱ្យទៅភាគីម្ខាងទៀតដើម្បីសិទ្ធិលើ បំណុលនៃធនលាភនោះ។ ឯកសិទ្ធិដែលម្ចាស់បំណុលនៃធនលាភត្រូវទទួលត្រូវបានចាត់ទុកថាជាឯកសិទ្ធិដែលបានកំណត់នៅក្នុងមាត្រា ៧៩៧ (ឯកសិទ្ធិចំពោះការលក់ចលនវត្ថុ) ឬមាត្រា ៨០២ (ឯកសិទ្ធិចំពោះការលក់អចលនវត្ថុ) តាមប្រភេទនៃវត្ថុដែលជាកម្មវត្ថុនៃ ឯកសិទ្ធិនោះ។
មាត្រា ៧២០. ការគណនានៃធនលាភសាមយិកមួយជីវិត
ធនលាភសាមយិកមួយជីវិត ត្រូវគណនាដោយគិតតាមចំនួនថ្ងៃ។
មាត្រា ៧២១. ការមិនអនុវត្តកាតព្វកិច្ចធនលាភសាមយិក
១-ប្រសិនបើកូនបំណុលនៃធនលាភបានធ្វេសប្រហែសពុំបានផ្តល់តាវកាលិកនៃធនលាភសាមយិក តាមពេលកំណត់ទៀងទាត់ ឬបើពុំបានអនុវត្តករណីយកិច្ចផ្សេងទៀតទេ ភាគីម្ខាងទៀតអាចរំលាយកិច្ចសន្យា ហើយអាចទាមទារឱ្យធ្វើបដិទាននូវប្រាក់ដើម ដែលបានធ្វើការផ្តល់តាវកាលិកនោះបាន។ ប៉ុន្តែ ក្នុងករណីនេះ ភាគីម្ខាងទៀតត្រូវសងនូវចំនួនទាំអស់នៃធនលាភ ដែលខ្លួនបានទទួលរហូតដល់ការរំលាយ ដោយដកការប្រាក់នៃបាក់ដើមនោះរហូតដល់ការរំលាយឱ្យទៅកូនបំណុលនៃធនលាភវិញ។
២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ មិនរារាំងលើការទាមទារសំណងនៃការខូចខាតឡើយ ។
មាត្រា ៧២២. មរណភាពដែលជាមូលហេតុនៃការទទួលខុសត្រូវរបស់កូនបំណុលនៃធនលាភសាមយិក
ប្រសិនបើមរណភាពរបស់បុគ្គល ដែលធ្វើជាមូលដ្ឋាននៃកំណត់ពេលចប់នៃកិច្ចសន្យាធនលាភសាមយិកបានកើតឡើង ដោយសារមូលហេតុដែលជាការទទួលខុសត្រូវរបស់កូនបំណុល នៃធនលាភសាមយិក តុលាការអាចប្រកាសថា សិទ្ធិលើបំណុលបន្ត មានអត្ថិភាពក្នុងអំឡុងពេលសមរម្យ តាមការទាមទាររបស់ម្ចាស់បំណុលនៃធនលាភសាមយិក ឬសន្តតិជនរបស់បុគ្គលនោះ បាន។
មាត្រា ៧២៣. ធនលាភសាមយិកមួយជីវិតដោយអច្ច័យទាន
បញ្ញត្តិនៃជំពូកទី ១២ (កិច្ចសន្យាធនលាភសាមយិកមួយជីវិត) នេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះអច្ច័យទានដែលភ្ជាប់បន្ទុកនៃធនលាភសាមយិកមួយជីវិត។