កិច្ចសន្យាបញ្ញើ (bailment) គឺជាកិច្ចសន្យា ដែលភាគីម្ខាងជាអ្នកទទួលបញ្ញើ សន្យាទទួលយកវត្ថុបញ្ញើពីភាគីម្ខាងទៀតជាអ្នកផ្ញើ មករក្សាទុកក្នុងអំឡុងពេលដែលបានកំណត់ ហើយនៅក្រោយអំឡុងពេលរក្សាទុកនោះត្រូវបានបញ្ចប់ត្រូវសងវត្ថុនោះ ទៅឱ្យអ្នកផ្ញើវិញ ដោយយកកម្រៃ ឬមិនយកកម្រៃ។
ប្រភព៖ សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី រៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទកអនុម័តពាក្យច្បាប់ របស់ទីស្តីការគណៈរដ្ឋមន្រ្តីបោះពុម្ពលើកទី១ ឆ្នាំ ២០០៧, ទំ. ២។
✍សម្រង់មាត្រាមួយចំនួននៃក្រមរដ្ឋប្បវេណី៖
មាត្រា ៦៧០. ភាពចាំបាច់ក្នុងការទទួលយកវត្ថុនៃកិច្ចសន្យាបញ្ញើ
១-កិច្ចសន្យាបញ្ញើត្រូវបានបង្កើតឡើង ដោយអ្នកទទួលបញ្ញើទទួលយកកម្មវត្ថុនៃបញ្ញើ តាមការព្រមព្រៀង។
២-ក្នុងករណីដែលអ្នកទទួលបញ្ញើបានកាន់កាប់កម្មវត្ថុនៃបញ្ជីនោះ ហើយកិច្ចសន្យាបញ្ញើត្រូវបានបង្កើតឡើងដោយការព្រមព្រៀងបង្កើតទំនាក់ទំនងបញ្ញើនោះ។ ចំពោះវត្ថុដែលកាន់កាប់ដោយតតិយជន កិច្ចសន្យាបញ្ញើត្រូវបានបង្កើតនៅពេលដែលបានផ្ទេរការកាន់កាប់ដោយការបញ្ជា។
មាត្រា ៦៧១. អានុភាពនៃកិច្ចសន្យាបញ្ញើដោយការព្រមព្រៀង
ប្រសិនបើភាគីគ្រាន់តែបានព្រមព្រៀងថា នឹងបង្កើតទំនាក់ទំនងបញ្ញើនាពេលអនាគត ភាគីនីមួយៗអាចដកការព្រមព្រៀងនោះ ចេញនៅពេលណាក៏បានរហូតដល់ពេលដែលបានប្រគល់កម្មវត្ថុនៃបញ្ញើនោះ។ ប៉ុន្តែ ក្នុងករណីដែលបានសន្យាបង្កើតកិច្ចសន្យាបញ្ញើដោយឱ្យបង់វិញប្រសិនបើបានធ្វើឱ្យខូចខាតដល់ភាគីម្ខាងទៀត ដោយសារការបដិសេធមិនទទួលវត្ថុបញ្ញើផ្ទុយនឹងការសន្យានោះ ភាគីដែលជាអ្នកទទួលបញ្ញើមានករណីយកិច្ចត្រូវសងសំណងនៃការខូចខាតនោះឱ្យទៅភាគីម្ខាងទៀត ប្រសិនបើការបដិសេធនោះគ្មានមូលហេតុត្រឹមត្រូវទេ។
មាត្រា ៦៧២. កិច្ចសន្យាបញ្ញើដែលបានធ្វើដោយអ្នកគ្មានកម្មសិទ្ធិ
ទោះបីជាអ្នកផ្ញើគ្មានកម្មសិទ្ធិលើវត្ថុផ្ញើក៏ដោយ ក៏កិច្ចសន្យាបញ្ញើនោះត្រូវបានបង្កើតអានុភាពដែរ។ នៅក្នុងករណីនេះទោះបីជាមានពាក្យបណ្តឹងទាមទារឱ្យសងវត្ថុរបស់កម្មសិទ្ធិករចំពោះអ្នកទទួលបញ្ញើក៏ដោយ ក៏អ្នកទទួលបញ្ញើអាចសងវត្ថុបញ្ញើនោះទៅឱ្យអ្នកផ្ញើវិញ បានដែរ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលបណ្តឹងទាមទារឱ្យសងវត្ថុរបស់កម្មសិទ្ធិករត្រូវបានទទួលស្គាល់។
មាត្រា ៦៩០. បញ្ញើបរិភោគ
នៅក្នុងកិច្ចសន្យាបញ្ញើ បើបានព្រមព្រៀងឱ្យអ្នកទទួលបញ្ញើអាចបរិភោគវត្ថុបញ្ញើបាន អ្នកទទួលបញ្ញើមានករណីយកិច្ចសងវត្ថុដែលមានប្រភេទ និងចំនួនដូចគ្នានឹងវត្ថុបញ្ញើនោះ។
មាត្រា ៦៩១. ការអនុវត្តដូចគ្នាតាមបញ្ញត្តិស្តីពីការខ្ចីបរិភោគ
បញ្ញត្តិស្តីពីការខ្ចីបរិភោគត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះបញ្ញើបរិភោគ ដែលបានកំណត់នៅក្នុងមាត្រា ៦៩០ (បញ្ញើបរិភោគ) ខាងលើនេះ។ ប៉ុន្តែ ក្នុងករណីនេះ ប្រសិនបើគ្មានកំណត់អំឡុងពេលសងនៅក្នុងកិច្ចសន្យាទេអ្នកផ្ញើអាចទាមទារឱ្យសងនៅពេលណាក៏បាន។
មាត្រា ៦៩៣. ភាគីនៃវិសុណ្ឋាប័ន
១-ក្នុងករណីដែលបុគ្គលច្រើននាក់ អះអាងអំពីសិទ្ធិរបស់ខ្លួនចំពោះវត្ថុដែលកាន់កាប់ដោយបុគ្គលដទៃ បុគ្គលដែលមានវិវាទច្រើននាក់នេះ អាចធ្វើកិច្ចសន្យាឱ្យតតិយជនរក្សាទុកវត្ថុដែលជាកម្មវត្ថុនៃវិវាទ ដោយទទួលការយល់ព្រមពីអ្នកកាន់កាប់។ ក្នុងករណីនេះ កិច្ចសន្យាវិសុណ្ឋាប័ននេះត្រូវមានអានុភាពនៅពេលដែលអ្នកកាន់កាប់វត្ថុដែលជា កម្មវត្ថុនៃវិវាទ បានប្រគល់វត្ថុនោះទៅឱ្យតតិយជន។
២-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី១ ខាងលើនេះ បុគ្គលដែលមានវិវាទច្រើននាក់ក៏អាចធ្វើកិច្ចសន្យាបញ្ញើ ដោយយកអ្នកកាន់កាប់ធ្វើជាវិសុណ្ឋាបនិកនោះបាន។
មាត្រា ៦៩៤- ល័ក្ខខ័ណ្ឌនៃសុពលភាព
បើគ្មានការយល់ព្រមពីបុគ្គលដែលអះអាងអំពីសិទ្ធិទាំងអស់គ្នាទេ បញ្ញើនៃវត្ថុដែលជាកម្មវត្ថុនៃវិវាទពុំមានសុពលភាពឡើយ។