កិច្ចសន្យាប្រវាស់ (rent-leasehold) ជាកិច្ចសន្យា ដែលកម្មសិទ្ធិករឱ្យភតិកៈខ្ចីដី ឬសត្វពាហនៈដើម្បីទាញយកផល ហើយយកផលនោះ មកបែងចែកគ្នា។

ប្រភព៖ សទ្ទានុក្រមពាក្យច្បាប់​ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី រៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទក​អនុម័តពាក្យច្បាប់​ របស់ទីស្តីការគណៈរដ្ឋមន្រ្តីបោះពុម្ពលើកទី១ ឆ្នាំ ២០០៧​, ទំ. ៣។

សម្រង់មាត្រាមួយចំនួននៃក្រមរដ្ឋប្បវេណី

មាត្រា ៦២២. អត្ថន័យនៃកិច្ចសន្យាប្រវាស់

កិច្ចសន្យា ដែលកម្មសិទ្ធិករឱ្យភតិកៈខ្ចីដី ឬសត្វពាហនៈដើម្បីទាញយកផល ហើយយកផលនោះមកបែងចែកគ្នារវាងភតិបតី និងភតិកៈ ហៅថា កិច្ចសន្យាប្រវាស់

មាត្រា ៦២៣. របៀបបែងចែកផល

បើពុំបានកំណត់អំពីរបៀបបែងចែកផលទេត្រូវចាត់ទុកថា ត្រូវបែងចែកស្មើៗ​ភាគគ្នា។

មាត្រា ៦២៤. សិទ្ធិចាត់ចែងផល របស់ភតិកៈ

លុះត្រាតែនៅក្រោយពេលដែលបានបញ្ចប់ការចែកភាគ នៃផលទៅឱ្យភតិបតី​រួចហើយ ទើបភតិកៈនៃការប្រវាស់អាចចាត់ចែងផលដែលជាចំណែក​របស់ខ្លួនបាន។