កិច្ចសន្យាមជ្ឈត្តកម្ម (arbitration agreement) គឺជា កិច្ចសន្យា ដែលធ្វើឡើងដោយភាគីនៃវិវាទ ដើម្បីជ្រើសរើសតតិយជនណាម្នាក់ឱ្យធ្វើជាមជ្ឈត្តករ ដើម្បីដោះស្រាយវិវាទ។
ប្រភព៖ សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី រៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទកអនុម័តពាក្យច្បាប់ របស់ទីស្តីការគណៈរដ្ឋមន្រ្តីបោះពុម្ពលើកទី១ ឆ្នាំ ២០០៧, ទំ. ៣។
✍សម្រង់មាត្រាមួយចំនួននៃក្រមរដ្ឋប្បវេណី៖
មាត្រា ៣០. សិទ្ធិលុបចោលសកម្មភាព
លើកលែងតែសកម្មភាពដែលទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃសកម្មភាព ដែលបានធ្វើឡើងដោយជននៅក្រោមហិតូបត្ថម្ភ ដោយគ្មានការយល់ព្រមពីហិតូបត្ថម្ភកៈ ដូចខាងក្រោមនេះ អាចលុបចោលបាន :
ក-ការទទួល ឬការប្រើប្រាស់ទុន។
ខ-ការខ្ចីទ្រព្យ ឬការធានា។
គ-ការធ្វើសកម្មភាពដែលមានគោលបំណងទទួលបាន ឬធ្វើឱ្យបាត់បង់សិទ្ធិ ដែលទាក់ទងនឹងអចលនវត្ថុ ឬទ្រព្យសម្បត្តិដែលមានសារៈសំខាន់ផ្សេងទៀត។
ឃ-ការធ្វើសកម្មភាពបណ្ដឹង។
ង-ការធ្វើប្រទានកម្ម ឬធ្វើកិច្ចសន្យាស្រុះស្រួល ឬកិច្ចសន្យាមជ្ឈត្តកម្ម។
ច-ការទទួលស្គាល់នូវសន្តតិកម្ម ឬការបោះបង់ចោលនូវសិទ្ធិសន្តតិកម្ម ឬការបែងចែកនូវមត៌ក។
ឆ-ការប្រកែកមិនទទួលប្រទានកម្ម ឬអច្ច័យទាន ឬការយល់ព្រមទទួលនូវប្រទានកម្ម ឬអច្ច័យទានដែលភ្ជាប់នឹងបន្ទុក។
ជ-ការសាងសង់សំណង់ថ្មី ការសង់ឡើងវិញ ការសង់បន្ថែម ឬការជួសជុលធំ។
ឈ-ការធ្វើភតិសន្យា ដែលមានអំឡុងពេលលើសពី ៣ (បី) ឆ្នាំ ចំពោះដីធ្លី លើសពី ២ (ពីរ) ឆ្នាំ ចំពោះអាគារ លើសពី ៦ (ប្រាំមួយ) ខែ ចំពោះចលនវត្ថុ។
ញ-សកម្មភាពដែលតុលាការ បានប្រកាសជាពិសេសថា ចាំបាច់ត្រូវមានការយល់ព្រមពីហិតូបត្ថម្ភកៈ តាមពាក្យសុំរបស់ជនដែលបានរៀបរាប់នៅក្នុងមាត្រា២៨ (ការប្រកាសការចាប់ផ្តើមហិតូបត្ថម្ភ) នៃក្រមនេះ ឬហិតូបត្ថម្ភកៈ ឬអ្នកត្រួតពិនិត្យហិតូបត្ថម្ភកៈ។