កិច្ចសន្យាម៉ៅការ (works contract) គឺជាកិច្ចសន្យាមួយ ដែលភាគីម្ខាងមានករណីយកិច្ចសម្រេចការងារដែលបានព្រមព្រៀង ហើយភាគីម្ខាងទៀតមានករណី-​​យកិច្ចផ្ដល់កម្រៃចំពោះ លទ្ធផលនៃការងារដែលបានធ្វើនោះ។

ប្រភព៖ សទ្ទានុក្រមពាក្យច្បាប់​ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី រៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទក​អនុម័តពាក្យច្បាប់​ របស់ទីស្តីការគណៈរដ្ឋមន្រ្តីបោះពុម្ពលើកទី១ ឆ្នាំ ២០០៧​, ទំ. ៣។

សម្រង់មាត្រាមួយចំនួននៃក្រមរដ្ឋប្បវេណី

មាត្រា ៦៥២. និយមន័យនៃកិច្ចសន្យាម៉ៅការ

កិច្ចសន្យាម៉ៅការ សំដៅទៅលើកិច្ចសន្យាមួយ ដែលភាគីម្ខាងមានករ-ណីយ​កិច្ច​សម្រេចការងារដែលបានព្រមព្រៀង ហើយភាគីម្ខាងទៀតមានករណីយ​កិច្ចផ្ដល់កម្រៃចំពោះលទ្ធផលនៃការងារដែលបានធ្វើនោះ។

មាត្រា ៦៥៣. ពេលដែលត្រូវបង់កម្រៃ

កម្រៃត្រូវបង់ដំណាលគ្នានឹងការប្រគល់វត្ថុដែលជាកម្មវត្ថុនៃការងារ។   បើពុំចាំបាច់ក្នុងការប្រគល់វត្ថុទេ ក្រោយពីបានសម្រេចការងារហើយ អ្នកម៉ៅការអាចទាមទារឱ្យបង់កម្រៃបាន។

មាត្រា ៦៥៤. ករណីយកិច្ចសម្រេចការងារដោយគ្មានវិការៈ

១-អ្នកម៉ៅការ មានករណីយកិច្ចសម្រេចការងារដោយគ្មានវិការៈចំពោះម្ចាស់ការ។

២-បើការងារពុំមានលក្ខណៈដូចបានព្រមព្រៀងទេត្រូវចាត់ទុកថា ជាការងារមានវិការៈ។ ក្នុងករណីដែលមិនបានព្រមព្រៀងអំពីលក្ខណៈបើការងារនោះពុំត្រឹមត្រូវក្នុងការប្រើប្រាស់ ដែលបានសន្មតនៅក្នុងកិច្ចសន្យា ឬក្នុងករណីដែលពុំបានសន្មតនៅក្នុងកិច្ចសន្យានៃការប្រើប្រាស់ ដែលបាន​​កំណត់ បើការងារនោះមិនត្រឹមត្រូវក្នុងការប្រើប្រាស់ជាប្រក្រតីទេត្រូវចាត់​ទុកថា ជាការងារមានវិការៈ។

៣-ប្រសិនបើអ្នកម៉ៅការ បានធ្វើការផ្ទុយនឹងការបញ្ជា ឬបើការងារដែលបានធ្វើនោះមិនគ្រប់ចំនួនទេត្រូវចាត់ទុកថា ជាការងារមានវិការៈ។

មាត្រា ៦៥៥. ការទាមទារឱ្យអនុវត្តការងារពេញលេញ

១-បើការងារមានវិការៈ ម្ចាស់ការអាចទាមទារចំពោះអ្នកម៉ៅការឱ្យអនុវត្តការងារពេញលេញដោយកំណត់អំឡុងពេលសមរម្យបាន។ ក្នុងករណីនេះ​អ្នកម៉ៅការអាចជួសជុលវិការៈនៃការងារនោះ ឬអាចធ្វើការងារនោះសាជា​ថ្មីឡើងវិញ ដោយផ្អែកតាមការជ្រើសរើសបាន។

២-បើការអនុវត្តការងារឱ្យពេញលេញនេះ ចាំបាច់ត្រូវចំណាយសោហ៊ុយច្រើនហួសហេតុបើប្រៀបធៀបទៅនឹងការខូចខាតផលប្រយោជន៍ដោយវិការៈនោះ អ្នកម៉ៅការអាចបដិសេធបាន។

៣-បើអ្នកម៉ៅការបានចាប់ផ្តើមធ្វើការងារនោះឡើងវិញ អ្នកម៉ៅការនោះអាចទាមទារឱ្យ ម្ចាស់ការសងការងារដែលមានវិការៈមកវិញបាន។

មាត្រា ៦៥៦. ការជួសជុលវិការៈដោយម្ចាស់ការ

១-នៅក្រោយពេលដែលអំឡុងពេលសមរម្យ ដែលបានកំណត់ដើម្បីអនុវត្ត​ការងារឱ្យពេញលេញនោះបានកន្លងផុត ហើយម្ចាស់ការអាចជួសជុលវិការៈដោយខ្លួនឯងផ្ទាល់ហើយអាចទាមទារសោហ៊ុយដែលចាំបាច់លើការជួសជុលវិការៈនោះពីអ្នកម៉ៅការបាន។

២-ក្នុងករណីដែលការអនុវត្តការងារឱ្យពេញលេញមិនបានសម្រេច ឬក្នុងករណីដែលវាយតម្លៃថា ការអនុវត្តការងារឱ្យពេញលេញដោយអ្នកម៉ៅការ នឹងធ្វើឱ្យមានការខូចខាតផលប្រយោជន៍ដោយមិនត្រឹមត្រូវចំពោះម្ចាស់ការ ម្ចាស់ការអាចជួសជុលវិការៈដោយខ្លួនឯងហើយអាចទាមទារសោហ៊ុយដែលចាំបាច់ក្នុងការជួសជុលវិការៈពីអ្នកម៉ៅការបាន។

៣-ក្នុងករណីនៃកថាខណ្ឌទី១ និងទី២ ខាងលើនេះ ម្ចាស់ការអាចទាមទារចំពោះអ្នកម៉ៅការ ឱ្យបង់សោហ៊ុយដែលចាំបាច់លើការជួសជុលវិការៈជាមុនបាន។

៤-បញ្ញត្តិនៃកថាខណ្ឌទី ១ ទី ២ និង ទី ៣ ខាងលើនេះ មិនត្រូវយកមកអនុវត្តឡើយបើអ្នកម៉ៅការ បានបដិសេធការអនុវត្តការងារឱ្យពេញលេញយោងតាមបញ្ញត្តិនៃកថាខណ្ឌទី ២ មាត្រា ៦៥៥ (ការទាមទារឱ្យអនុវត្តការងារពេញលេញ) ខាងលើនេះ។

មាត្រា ៦៥៧. សិទ្ធិរំលាយរបស់ម្ចាស់ការ

១-ម្ចាស់ការ អាចរំលាយកិច្ចសន្យាដោយយកមូលហេតុវិការៈនៃការងារផ្អែកតាមបញ្ញត្តិនៃផ្នែកទី ៤ (ការរំលាយកិច្ចសន្យា) ជំពូកទី ៤ នៃគន្ថីទី ៤ បាន។  បញ្ញត្តិនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរ​ក្នុងករណីដែល​ការអនុវត្តការងារឱ្យពេញលេញមិនបានសម្រេច ឬក្នុងករណីដែលវាយតម្លៃថា ការអនុវត្តការងារឱ្យពេញលេញដោយអ្នកម៉ៅការ នឹងធ្វើឱ្យមានការខូចខាតផលប្រយោជន៍ដោយមិនត្រឹមត្រូវចំពោះម្ចាស់ការ។

២-បញ្ញត្តិនៃកថាខណ្ឌទី១ ខាងលើនេះមិនត្រូវយកមកអនុវត្តចំពោះអាគារ ឬសំណង់លើដីផ្សេងទៀតឡើយ។    ប៉ុន្តែ បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះត្រូវយកមកអនុវត្តផងដែរបើសំណង់នោះពុំមានតម្លៃនឹងប្រើប្រាស់ចំពោះម្ចាស់ការដោយសារវិការៈធ្ងន់ធ្ងរពេក។

មាត្រា ៦៥៨. សិទ្ធិទាមទារឱ្យបន្ថយតម្លៃរបស់ម្ចាស់ការ

១-នៅក្រោយពេលដែលអំឡុងពេលសមរម្យដែលបានកំណត់ដើម្បីអនុវត្តការងារឱ្យពេញលេញនោះ បានកន្លងផុតហើយ ម្ចាស់ការអាចទាមទារឱ្យបន្ថយថ្លៃ តាមការបង្ហាញឆន្ទៈចំពោះអ្នកម៉ៅការ ដោយយកវិការៈនៃការងារមកធ្វើជាមូលហេតុបាន។ បញ្ញត្តនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ក្នុងករណីដែលការអនុវត្តការងារឱ្យពេញលេញ មិនបានសម្រេច ឬក្នុងករណីដែលវាយតម្លៃថា ការអនុវត្តការងារឱ្យពេញលេញដោយអ្នកម៉ៅការ នឹងធ្វើឱ្យមានការខូចខាតផលប្រយោជន៍ដោយមិនត្រឹមត្រូវចំពោះម្ចាស់ការ។

២- កម្រៃនឹងត្រូវបន្ថយចុះ តាមការទាមទារឱ្យបន្ថយថ្លៃ យោលតាមសមាមាត្រនៃតម្លៃការងារដែលមានភ្ជាប់នូវវិការៈ ជាមួយនឹងតម្លៃនៃការងារដែលគ្មានវិការៈនោះ។

មាត្រា ៦៥៩- សិទ្ធិទាមទារសំណងនៃការខូចខាតរបស់ម្ចាស់ការ

១-ម្ចាស់ការ អាចទាមទារសំណងនៃការខូចខាត ដោយយោងតាមបញ្ញត្តិនៃផ្នែកទី ៣ (សំណងនៃការខូចខាត) ជំពូកទី ៤ នៃគន្ថីទី ៤ បាន ដោយមិនអនុវត្ត ឬដោយអនុវត្តព្រមគ្នានូវសិទ្ធិដែលបានកំណត់ចាប់ពីមាត្រា ៦៥៥ (ការទាមទារឱ្យអនុវត្តការងារពេញលេញ) រហូតដល់មាត្រា ៦៥៨ (សិទ្ធិទាមទារឱ្យបន្ថយតម្លៃរបស់ម្ចាស់ការ) នៃក្រមនេះ។   ប៉ុន្តែចំពោះការអនុវត្តការងារឱ្យពេញលេញជំនួសសំណងនៃការខូចខាតនៅក្រោយពេល ដែលអំឡុងពេលសមរម្យដែលបានកំណត់ដើម្បីអនុវត្តការងារឱ្យពេញលេញនោះបានកន្លងផុត ហើយលុះត្រាតែនៅក្នុងករណីដែលការអនុវត្តការងារឱ្យពេញលេញមិនបានសម្រេច ឬក្នុងករណីដែលវាយតម្លៃថា​ការអនុវត្តការងារឱ្យពេញលេញដោយអ្នកម៉ៅការ នឹងធ្វើឱ្យមានការខូចខាតផលប្រយោជន៍ដោយមិនត្រឹមត្រូវចំពោះម្ចាស់ការទើបអាចទាម​ទារ​បាន។

២-បើការអនុវត្តការងារឱ្យពេញលេញនេះ ចាំបាច់ត្រូវចំណាយសោហ៊ុយច្រើនហួសហេតុបើប្រៀបធៀបទៅនឹងការខូចខាតផលប្រយោជន៍ដោយវិការៈនោះ ម្ចាស់ការមិនអាចទាមទារចំនួនទឹកប្រាក់ដែលសមរម្យនឹងសោ​ហ៊ុយ ដែលចាំបាច់ក្នុងការជួសជុលវិការៈនោះថាជាសំណងនៃការខូចខាតដោយយោលតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះបានឡើយ។

មាត្រា ៦៦. ការដោះស្រាយក្នុងករណីដែលវិការៈកើតឡើងដោយសម្ភារៈ ឬដោយការបញ្ជារបស់ម្ចាស់ការ

១-បញ្ញត្តិចាប់ពីមាត្រា ៦៥៥ (ការទាមទារឱ្យ អនុវត្តការងារពេញលេញ) រហូតដល់មាត្រា ៦៥៩ (សិទ្ធិទាមទារសំណងនៃការខូចខាតរបស់ម្ចាស់ការ) ខាងលើនេះមិនត្រូវយកមកអនុវត្តឡើយ ប្រសិនបើវិការៈនៃការងារនោះកើតឡើងពីលក្ខណៈនៃសម្ភារៈដែលបានផ្តល់ដោយម្ចាស់ការ ឬ​ដោយ​ការបញ្ជារបស់ម្ចាស់ការនោះ។  ការសម្តែងប្រាប់ដែលគ្រាន់តែជាបំណងរបស់ម្ចាស់ការពុំត្រូវចាត់ទុកថាជាការបញ្ជាឡើយ។

២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះមិនត្រូវយកមកអនុវត្តឡើយ ប្រសិន​បើអ្នកម៉ៅការបានដឹងអំពីសភាពនៃសម្ភារៈ ឬភាពមិនត្រឹមត្រូវនៃការបញ្ជានោះតែមិនបានផ្តល់ដំណឹង។

មាត្រា ៦៦១. អំឡុងពេលនៃការប្រើសិទ្ធិ

១-សិទ្ធិដែលកំណត់ក្នុងបញ្ញត្តិចាប់ពីមាត្រា  ៦៥៥   (ការទាមទារឱ្យអនុវត្តការងារពេញលេញ) រហូតដល់មាត្រា ៦៥៨ (សិទ្ធិទាមទារឱ្យបន្ថយតម្លៃ​របស់ម្ចាស់ការ) ខាងលើនេះ ត្រូវយកមកប្រើនៅក្នុងអំឡុងពេល ១ (មួយ) ឆ្នាំ។

២-អំឡុងពេលនៃកថាខណ្ឌទី ១ ខាងលើនេះ ត្រូវគណនាចាប់ពីពេលដែលម្ចាស់ការ បានដឹង ឬគួរបានដឹងអំពីអត្ថិភាពនៃវិការៈនោះ។

មាត្រា ៦៦២. កិច្ចសន្យាពិសេសមិនទទួលខុសត្រូវក្នុងការធានា

បញ្ញត្តិចាប់ពីមាត្រា ៦៥៥ (ការទាមទារឱ្យអនុវត្តការងារពេញលេញ) រហូតដល់មាត្រា ៦៥៩ (សិទ្ធិទាមទារសំណងនៃការខូចខាតរបស់ម្ចាស់ការ) ខាងលើនេះ ទោះបីជាមានកិច្ចសន្យាពិសេសអំពីការអនុគ្រោះ ឬកម្រិតការទទួលខុសត្រូវក៏ដោយចំពោះហេតុដែលបានដឹងហើយតែបែរជាមិនបានរាយការណ៍ប្រាប់ទេនោះ អ្នកម៉ៅការមិនអាចរួចផុតពីការទទួល​ខុសត្រូវ ឬការកម្រិតការទទួលខុសត្រូវបានឡើយ។

មាត្រា ៦៦៣. សិទ្ធិរំលាយរបស់ម្ចាស់ការនៅក្នុងពេលដែលការងារមិនទាន់បានសម្រេច

ម្ចាស់ការអាចរំលាយកិច្ចសន្យានៅពេលណាក៏បានដោយសងសំណងនៃការខូចខាត រហូតដល់ពេលដែលអ្នកម៉ៅការបានសម្រេចការងារ។