កិច្ចសន្យាអាណត្តិ (mandate) គឺជាកិច្ចសន្យាមួយ ដែលអាណត្តិទាយកប្រគល់សិទ្ធិអំណាចឱ្យទៅ អាណត្តិគាហក ធ្វើការចាត់ចែងកិច្ចការដើម្បីអាណត្តិទាយក។

ប្រភព៖ សទ្ទានុក្រមពាក្យច្បាប់​ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី រៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទក​អនុម័តពាក្យច្បាប់​ របស់ទីស្តីការគណៈរដ្ឋមន្រ្តីបោះពុម្ពលើកទី១ ឆ្នាំ ២០០៧​, ទំ. ៣។

សម្រង់មាត្រាមួយចំនួននៃក្រមរដ្ឋប្បវេណី

មាត្រា ៦៣៩. ភាពចាំបាច់នៃទម្រង់កិច្ចសន្យា

កិច្ចសន្យាអាណត្តិត្រូវបង្កើតដោយការព្រមព្រៀងរបស់ភាគីតែប៉ុណ្ណោះ។

មាត្រា ៦៤០. ករណីយកិច្ចប្រុងប្រយ័ត្នរបស់អាណត្តិគាហក

១- អាណត្តិគាហកមានករណីយកិច្ចចាត់ចែងកិច្ចការអាណត្តិ ដោយប្រុងប្រយ័ត្នក្នុងនាមជាអ្នកគ្រប់គ្រងសុចរិតដោយផ្អែកតាមអត្ថន័យនៃអាណត្តិ។   ប៉ុន្តែ បញ្ញត្តិនេះមិនរារាំងចំពោះការបន្ថយករណីយកិច្ចប្រុងប្រយ័ត្នរបស់អាណត្តិគាហក តាមការព្រមព្រៀងរបស់ភាគីឡើយ។

២-ក្នុងករណីដែលអាណត្តិគាហក ធ្វើផ្ទុយនឹងករណីយកិច្ចប្រុងប្រយ័ត្ននៃកថាខណ្ឌទី ១ ខាងលើនេះ ហើយបានធ្វើឱ្យមានការខូចខាតដល់អាណត្តិទាយកអាណត្តិទាយកអាច ទាមទារសំណងនៃការខូចខាតនោះពីអាណត្តិគាហកបាន។ នៅក្នុងករណីនេះ ប្រសិនបើជាអាណត្តិដោយមិនយកកម្រៃ​តុលាការអាចបន្ថយចំនួនទឹកប្រាក់សំណងនៃការខូចខាតបាន។

មាត្រា ៦៤៧. ការរំលាយកិច្ចសន្យាអាណត្តិ

១-ភាគីនីមួយៗអាចរំលាយកិច្ចសន្យាអាណត្តិនៅពេលណាក៏បាន។

២-ភាគីម្ខាងត្រូវសងសំណងនៃការខូចខាត ប្រសិនបើបានរំលាយកិច្ចសន្យា​អាណត្តិ នៅក្នុងអំឡុងពេលដែលធ្វើឱ្យខូចផលប្រយោជន៍ចំពោះ​ភាគី​ម្ខាងទៀត។ ប៉ុន្តែ បញ្ញត្តិនេះ មិនត្រូវយកមកអនុវត្តឡើយ ប្រសិនបើមានមូលហេតុដែលមិនអាចជៀសវាងបាន។

មាត្រា ៦៤៨. ការរំលាយកិច្ចសន្យាដែលពុំមានអានុភាពប្រតិសកម្ម

នៅក្នុងករណីដែលបានរំលាយកិច្ចសន្យាអាណត្តិ អានុភាពនៃការរំលាយកិច្ចសន្យានោះកើតមានឡើងដោយឆ្ពោះទៅអនាគតតែប៉ុណ្ណោះ។ ប៉ុន្តែ ករណី​​នេះពុំរារាំងលើការ ទាមទារសំណងនៃការខូចខាតចំពោះការរំលាយ​​កិច្ចសន្យានោះឡើយ ប្រសិនបើភាគីណាម្ខាងមានកំហុស។

មាត្រា ៦៤៩. មូលហេតុនៃការបញ្ចប់អាណត្តិ

១-ក្រៅពីការរំលាយកិច្ចសន្យាអាណត្តិដោយបញ្ញត្តិនៃមាត្រា ៦៤៧ (ការរំលាយកិច្ចសន្យាអាណត្តិ) នៃក្រមនេះអាណត្តិត្រូវបញ្ចប់ដោយមូលហេតុដូចខាងក្រោមនេះ :

ក-ប្រសិនបើអាណត្តិទាយក ឬអាណត្តិគាហក បានទទួលមរណភាព។

ខ-ប្រសិនបើអាណត្តិទាយក ឬអាណត្តិគាហកត្រូវបានប្រកាសធនញ្ជ័យ។

គ-ប្រសិនបើអាណត្តិទាយកត្រូវបានទទួលការប្រកាសការចាប់ផ្តើមអា​ណា​​ព្យាបាលទូទៅ ឬការប្រកាសការចាប់ផ្តើមហិតូបត្ថម្ភ។

ឃ-ប្រសិនបើអាណត្តិគាហក ត្រូវបានទទួលការប្រកាសការចាប់ផ្តើមអា​ណា​ព្យាបាលទូទៅ ឬការប្រកាសចាប់ផ្តើមហិតូបត្ថម្ភ។

ង-ប្រសិនបើអាណត្តិទាយក ឬអាណត្តិគាហកដែលជានីតិបុគ្គលបានរលាយ។

ច-ប្រសិនបើអាណត្តិទាយក ឬអាណត្តិគាហកដែលជានីតិបុគ្គលបានរួមបញ្ចូលជាមួយនីតិបុគ្គលផ្សេង។

ឆ-ប្រសិនបើមូលហេតុផ្សេងៗដែលបានកំណត់តាមការព្រមព្រៀងរបស់ភាគី បានកើតឡើង។

២-ភាគីអាចព្រមព្រៀងអំពីការណ៍ដែលអាណត្តិមិនបញ្ចប់ទោះបីជាមូលហេតុ ដែលបានកំណត់ចាប់ពីចំណុច ក ដល់ ចំណុច ច នៃកថាខណ្ឌទី ១ ខាង​លើនេះបានកើតឡើងក៏ដោយ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះមរណភាពរបស់អាណត្តិគាហក ការចាប់ផ្តើមអាណាព្យាបាលទូទៅសម្រាប់អាណត្តិគាហក ឬការរលាយ ឬការបញ្ចូលនៃអា​ណត្តិ​​គាហកដែលជានីតិបុគ្គល។