កិច្ចសន្យា (contract) គឺជា កិរិយា ដែលបុគ្គលពីរនាក់ ឬច្រើននាក់មានឆន្ទៈត្រូវគ្នា ព្រមបង្កើត កែប្រែ ឬរំលត់កាតព្វកិច្ច។

ប្រភព៖ សទ្ទានុក្រមពាក្យច្បាប់​ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី រៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទក​អនុម័តពាក្យច្បាប់​ របស់ទីស្តីការគណៈរដ្ឋមន្រ្តីបោះពុម្ពលើកទី១ ឆ្នាំ ២០០៧​, ទំ. ២។

សម្រង់មាត្រាមួយចំនួននៃក្រមរដ្ឋប្បវេណី

មាត្រា ១៥. និយមន័យនៃសកម្មភាព

ពាក្យ “សកម្មភាព” ដែលត្រូវបានប្រើនៅក្នុងផ្នែកទី ៣ (សមត្ថភាពខាងឆន្ទៈ) ផ្នែកទី៤ (សមត្ថភាពក្នុងការធ្វើសកម្មភាព) និងផ្នែកទី ៦ (ការគ្រប់គ្រងទ្រព្យសម្បត្តិ របស់បុគ្គលដែលអវត្តមាន និងការប្រកាសអំពីការ បាត់ខ្លួន) នៃជំពូកទី ១ នេះ សំដៅទៅលើកិច្ចសន្យា និងសកម្មភាពឯកតោភាគី។

មាត្រា ២៣. កិច្ចសន្យាការងាររបស់អនីតិជន

១-ទោះបីជាមានបញ្ញត្តិនៃមាត្រា ១០៥៣ (ការគ្រប់គ្រងទ្រព្យសម្បត្តិ     និងការតំណាង) និងមាត្រា ១០៨០ (ការគ្រប់គ្រងទ្រព្យសម្បត្តិ និងការតំណាង) នៃក្រមនេះក៏ដោយ ក៏អ្នកមានសិទ្ធិអំណាចមេបា ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជន មិនអាចធ្វើកិច្ចសន្យាការងារជំនួសអនីតិជនបាន​ដែរ។

២-កិច្ចសន្យាដែលផ្ទុយនឹងបញ្ញត្តិនៃកថាខណ្ទី ១ ខាងលើនេះ មិនមានអានុភាពចំពោះសាមីអនីតិជនឡើយ។ ប៉ុន្តែ បញ្ញត្តិ​នេះមិន​ត្រូវ​អនុវត្តឡើយ​ចំពោះ​ករណី​ ដែល​សាមី​អនីតិជនផ្តល់សច្ចានុមតិលើកិច្ចសន្យានោះ។

៣-ក្នុងករណីដែលយល់ឃើញថា កិច្ចសន្យាការងាររបស់អនីតិជនអាចធ្វើឱ្យខូច​ផលប្រយោជន៍​ដល់អនីតិជននោះអ្នកមានសិទ្ធិអំណាចមេបា ឬអ្នកអាណាព្យាបាល សម្រាប់អនីតិជន ឬស្ថាប័នរដ្ឋបាលអាចរំលាយកិច្ចសន្យា​​នោះឆ្ពោះទៅអនាគតបាន។

មាត្រា ១៦០. លទ្ធកម្មនៃកម្មសិទ្ធិលើអចលនវត្ថុ

កម្មសិទ្ធិលើអចលនវត្ថុ អាចត្រូវបានធ្វើលទ្ធកម្ម ដោយកិច្ចសន្យា សន្តតិកម្ម និងហេតុដែលបានកំណត់នៅក្នុងផ្នែកទី ៤ (លទ្ធកម្មនៃកម្មសិទ្ធិ) នេះ​ព្រមទាំងតាមបញ្ញត្តិនៃក្រមនេះ ឬ ច្បាប់ផ្សេង។

មាត្រា ១៩៣. លទ្ធកម្មដោយសុចរិតនូវកម្មសិទ្ធិលើចលនវត្ថុ

អ្នកដែលបានទទួលការផ្ទេរការកាន់កាប់នូវចលនវត្ថុ ដោយកិច្ចសន្យាអនុប្ប​ទានកម្មសិទ្ធិដែលមានសុពលភាព ហើយដោយសុចរិត និងគ្មានកំហុសត្រូវធ្វើលទ្ធកម្មកម្មសិទ្ធិលើចលនវត្ថុនោះទោះបីជាអនុប្បទាយីគ្មាន​កម្មសិទ្ធិលើចលនវត្ថុនោះក៏ដោយ។   ប៉ុន្តែបញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលអនុប្បទាយីនៅតែបន្តការកាន់កាប់ដោយចំពោះ។

មាត្រា ២១១. សិទ្ធិទាមទារបែងចែកវត្ថុកម្មសិទ្ធិអវិភាគ

១-ម្ចាស់កម្មសិទ្ធិអវិភាគម្នាក់ៗ អាចទាមទារឱ្យបែងចែកវត្ថុកម្មសិទ្ធិអវិភាគ​បានគ្រប់ពេលវេលា។    ប៉ុន្តែ ម្ចាស់កម្មសិទ្ធិអវិភាគអាចធ្វើកិច្ចសន្យា​ហាមមិនឱ្យបែងចែកវត្ថុកម្មសិទ្ធិអវិភាគ​ក្នុងអំឡុងពេលដែលមិនលើស​ពី ៥ (ប្រាំ) ឆ្នាំ បាន។

២-កិច្ចសន្យាដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះអាចធ្វើបន្តបានតែកិច្ចសន្យាដែលត្រូវបានធ្វើបន្តថ្មីនេះ មិនអាចមានអំឡុងពេលលើសពី ៥ (ប្រាំ) ឆ្នាំ បានឡើយ។