ទណ្ឌកម្មច្បាប់សង្គ្រាម (sanctions of war laws) ជាវិធានការផ្លូវច្បាប់ស្តីពីការដាក់ទោសចំពោះអ្នកដឹកនាំរដ្ឋ ឬក្រុមមនុស្សណាមួយដែលមិនគោរពច្បាប់សង្គ្រាមអន្តរជាតិក្នុងការធ្វើសង្គ្រាម។
ច្បាប់អន្តរជាតិ ជារឿយៗ ត្រូវបានគេរិះគន់ដោយហេតុថា គ្មានការដាក់ទណ្ឌកម្ម។ ជាការពិតណាស់ បើប្រៀបធៀបទៅនឹងច្បាប់របស់រដ្ឋច្បាប់អន្តរជាតិមានការដាក់ទណ្ឌកម្មតិចតួចណាស់។ ច្បាប់សង្គ្រាម ជាញឹកញាប់ ត្រូវបានគេរំលោភបំពាន ប៉ុន្តែ ច្បាប់អន្តរជាតិពុំមានមធ្យោបាយណាមួយ ដើម្បីបង្ខំឱ្យរដ្ឋទាំងអស់ ប្រតិបត្តិតាមច្បាប់នេះឡើយ។ ជាទូទៅ នៅក្នុងករណីប្រទេសមហាអំណាចជាអ្នកបង្កសង្គ្រាម ប្រទេសនោះមិនត្រូវបានគេដាក់ទណ្ឌកម្មនោះទេ។ ផ្ទុយទៅវិញ ប្រទេសតូចតាចនិងទន់ខ្សោយ តែងតែទទួលរងការដាក់ទណ្ឌកម្មសង្គ្រាម។
ឧទាហរណ៍៖ លោក Slobodan Milosevic (១៩៤១២០០៦) ដែលជាប្រធានាធិបតីសាធារណរដ្ឋសែប៊ី ពីឆ្នាំ១៩៨៩ ដល់១៩៩៧ និង ជាប្រធាន សហព័ន្ធសាធារណរដ្ឋយូហ្គោស្លាវី ពីឆ្នាំ១៩៩៧-២០០០ ត្រូវបានគេចោទប្រកាន់ជាឧក្រិដ្ឋជនសង្គ្រាម ហើយត្រូវបានគេកាត់ទោសតាមច្បាប់អន្តរជាតិស្តីពីឧក្រិដ្ឋកម្មសង្គ្រាម។
ទណ្ឌកម្មសង្គ្រាមមានដូចតទៅ ៖
១-ការផ្ចាញ់តប (reprisal)
ជាវិធានការដ៏ចំណាស់មួយនៅក្នុងចំណោមវិធានការនានានៃច្បាប់អន្តរជាតិ។ ការផ្ចាញ់តប គឺជាមធ្យោបាយមួយដើម្បីបង្ខំឱ្យបណ្តារដ្ឋ ដែលឈ្លោះគ្នាទាំងអស់ប្រតិបត្តិតាមវិធាននៃការធ្វើសង្គ្រាម។ ក្នុងពេលថ្មីៗនេះ ការផ្ចាញ់តប ជារឿយៗ ធ្វើឱ្យរដ្ឋាភិបាលមានជម្លោះប្រតិបត្តិតាមវិធាននៃច្បាប់ ស្តីពីសង្គ្រាម។
២-ការដាក់ទណ្ឌកម្មលើឧក្រិដ្ឋជនសង្គ្រាម (punishment of war criminals)
ជនដែលមានកំហុសពីបទឧក្រិដ្ឋសង្គ្រាមអាចត្រូវ បានចាប់ខ្លួននិងកាត់ទោស។ ក្រោយសង្គ្រាម លោកលើកទី២ មានឧក្រិដ្ឋជនសង្គ្រាមមួយចំនួន ត្រូវបានគេឃុំខ្លួន និងជនដែលគេរកឃើញថា មានកំហុសពីបទឧក្រិដ្ឋកម្មសង្គ្រាម ត្រូវបានគេកាត់ទោស។ នៅក្នុងចំណោមសវនការស្តីពីបទឧក្រិដ្ឋកម្មសង្គ្រាម មានសវនការ នៅទីក្រុង នុយរ៉ុមប៊ែរ និងទីក្រុងតូក្យូ។
៣- សំណង (compensation)
រដ្ឋមានជម្លោះ មួយដែលរំលោភបំពានលើច្បាប់នានាដែល ទាក់ទងទៅនឹងសង្គ្រាមអាចត្រូវបានបង្ខំឱ្យបង់ សំណងសម្រាប់ការរំលោភបំពាននោះ។ មាត្រា៣នៃអនុសញ្ញាទីក្រុងឡាអេ នាឆ្នាំ ១៩០៧ ចែងថា “រដ្ឋមួយដែលបានរំលោភច្បាប់សង្គ្រាមអាចត្រូវបានបង្ខំឱ្យបង់សំណងចំពោះការរំលោភបំពាននោះ”។
ប្រភព៖ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃទីស្ដីការគណៈរដ្ឋមន្ត្រី, សទ្ទានុក្រមវិទ្យាសាស្ត្រនយោបាយ និង ការទូត៖ ខ្មែរ-អង់គ្លេស-បារាំង, មិថុនា ២០១៤, ទំ.២២-២៣។