ព្រះរាជក្រមលេខ នស/រកម/១២១១/០២១ ប្រកាសឱ្យប្រើច្បាប់ស្ដីពីពន្ធនាគារ
មាតិកា
- ជំពូកទី១៖ បទប្បញ្ញត្តិទូទៅ
- ជំពូកទី២៖ សមត្ថកិច្ចគ្រប់គ្រង
- ជំពូកទី៣៖ ហេត្ថារចនាសម្ព័ន្ធពន្ធនាគារ
- ជំពូកទី៤៖ ការឃុំឃាំង
- ជំពូកទី៥៖ សិទ្ធិ និងលក្ខខណ្ឌរស់នៅរសប់ជនជាប់ឃុំ
- ជំពូកទី៦៖ ការគ្រប់គ្រងពន្ធនាគារ
- ជំពូកទី៧៖ ការអប់រំកែប្រែ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការស្ដារនីតិសម្បទាទណ្ឌិត
- ជំពូកទី៨៖ ការបន្ធូរបន្ថយទោស ការលើកលែងទោស និងការដោះលែងទណ្ឌិត
- ជំពូកទី៩៖ ទោសប្បញ្ញត្តិ
- ជំពូកទី១០៖ អន្តរប្បញ្ញត្តិ
- ជំពូកទី១១៖អវសានប្បញ្ញត្តិ
យើង
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាហង្ស ខេមរាជនា សមូហោភា កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី
- បានទ្រង់យល់ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ ព្រះរាជក្រឹត្យលេខ នស/រកត/០៩០៨/១០៥៥ ចុះថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
ប្រកាសឱ្យប្រើ
ច្បាប់ ស្តីពីពន្ធនាគារ ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១១ នាសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៤ និងដែលព្រឹទ្ធសភាបានយល់ស្របតាមទម្រង់ និងគតិនៃច្បាប់នេះទាំងស្រុង ដោយគ្មានការកែប្រែអ្វីឡើយ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១១ នាសម័យ ប្រជុំពេញអង្គលើកទី១០ នីតិកាលទី ២ ដែលមានសេចក្តីទាំងស្រុង ដូចតទៅនេះ ៖
ជំពូកទី ១៖ បទប្បញ្ញត្តិទូទៅ
មាត្រា ១.-
ច្បាប់នេះ មានគោលបំណងកំណត់អំពីការគ្រប់គ្រងពន្ធនាគារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
មាត្រា ២.-
ច្បាប់នេះ មានគោលដៅដូចតទៅ :
- អប់រំ កែប្រែ ស្តារនីតិសម្បទា ដើម្បីធ្វើសមាហរណកម្មជនជាប់ឃុំទៅក្នុងសង្គមវិញ និងទប់ស្កាត់ការប្រព្រឹត្តបទល្មើសសាជាថ្មី
- គ្រប់គ្រងជនជាប់ឃុំឲ្យធានាបានសន្តិសុខ សុវត្ថិភាព សុខភាព និង មនុស្សធម៌ ស្របតាមគោលការណ៍អន្តរជាតិ និង វិធានសហប្រជាជាតិ សម្រាប់ការពារអនីតិជនដែលត្រូវបានដកហូត សិទ្ធិសេរីភាព ។
មាត្រា ៣.-
ច្បាប់នេះ មានវិសាលភាពអនុវត្តលើពន្ធនាគារទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា លើកលែងតែពន្ធនាគារយោធា ឬកន្លែងឃាត់ខ្លួនរបស់នគរបាលយុត្តិធម៌ ឬមណ្ឌលឃុំខ្លួនដទៃទៀត ដែលកំណត់ដោយច្បាប់ផ្សេង។
មាត្រា ៤. –
វាក្យសព្ទសំខាន់ៗដែលប្រើក្នុងច្បាប់នេះ មាននិយមន័យដូចតទៅ :
ពន្ធនាគារ សំដៅដល់កន្លែងប្រើសម្រាប់ធ្វើការឃុំឃាំងជនជាប់ឃុំតាមលិខិតឃុំខ្លួន ចេញដោយអាជ្ញាធរតុលាការ រួមមានមណ្ឌលឃុំខ្លួន និងមណ្ឌលអប់រំកែប្រែផង។
អនីតិជន សំដៅដល់បុគ្គលទាំងឡាយណា ដែលមានអាយុចាប់ពី ១៤ ឆ្នាំ ឡើង ដល់ក្រោម ១៨ ឆ្នាំ។
ជនជាប់ឃុំ សំដៅដល់ជនត្រូវចោទ ឬជនជាប់ចោទ ឬពិរុទ្ធជន ឬទណ្ឌិតដែលត្រូវ បានបញ្ជូនមកឃុំខ្លួននៅក្នុងពន្ធនាគារ តាមលិខិតឃុំខ្លួនចេញដោយអាជ្ញាធរតុលាការ ។
មន្ត្រីពន្ធនាគារ សំដៅដល់មន្ត្រីដែលស្ថិតក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ។
មន្ទីពេទ្យពន្ធនាគារ សំដៅដល់មន្ត្រីដែលត្រូវបានតែងតាំងឲ្យផ្តល់សេវាថែទាំ សុខភាពជនជាប់ឃុំក្នុងពន្ធនាគារ និងត្រូវបានទទួលស្គាល់ ឬបានចុះបញ្ជីជាគ្រូពេទ្យ ឬមន្ត្រីពេទ្យនៅ ក្រសួងសុខាភិបាល។
អ្នកសួរសុខទុក្ខ សំដៅដល់ជនដែលត្រូវបានអនុញ្ញាតឲ្យចូលក្នុង ពន្ធនាគារ ដើម្បីសួរសុខទុក្ខ ឬផ្តល់ជំនួយដល់ជនជាប់ឃុំ។
អ្នកសួរសុខទុក្ខផ្លូវការ សំដៅដល់មន្ត្រីសាធារណៈ ឬតំណាងបុគ្គលមកពីអង្គការនានាដែលទទួលបានការអនុញ្ញាតឲ្យទៅធ្វើទស្សនកិច្ចឃ្លាំមើលតាមពន្ធនាគារនានា ឬផ្តល់ជំនួយ ដល់ជនជាប់ឃុំ។
យន្តការបង្ការថ្នាក់ជាតិ សំដៅដល់យន្តការឯករាជ្យមួយ ស្របតាមពិធីសារបន្ថែម ស្តីពីការបង្ការអំពើទារុណកម្ម អំពើឃោរឃៅអមនុស្សធម៌ ឬបន្ទាបបន្ថោក។
ជំពូកទី ២៖ សមត្ថកិច្ចគ្រប់គ្រង
មាត្រា ៥.-
ក្រសួងមហាផ្ទៃជាស្ថាប័នមានសមត្ថកិច្ច ក្នុងការគ្រប់គ្រងពន្ធនាគារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
មាត្រា ៦.-
អគ្គនាយកដ្ឋានពន្ធនាគារជាសេនាធិការឲ្យក្រសួងមហាផ្ទៃ ក្នុងការគ្រប់គ្រងពន្ធនាគារ។
ការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវកំណត់ដោយអនុក្រឹត្យ។
មាត្រា ៧.-
មន្ត្រីពន្ធនាគារត្រូវស្ថិតក្រោមលក្ខន្តិកៈដោយឡែក ដែលត្រូវកំណត់ដោយព្រះរាជក្រឹត្យ ស្របតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។
មាត្រា ៨.-
មន្ត្រីពន្ធនាគារមានឯកសណ្ឋាន សញ្ញាសក្តិ គ្រឿងបំពាក់ ឧបករណ៍ និងសម្ភារៈការពារសមស្រប។
មាត្រា ៩.-
ក្រសួងមហាផ្ទៃ ត្រូវធ្វើប្រតិភូកម្មមុខងារឲ្យរដ្ឋបាលរាជធានី ខេត្ត ក្នុងការគ្រប់គ្រងពន្ធនាគារ រាជធានី ខេត្ត។ ពន្ធនាគាររាជធានី ខេត្ត ស្ថិតក្រោមការគ្រប់គ្រងរបស់គណៈអភិបាលរាជធានី ខេត្ត។
ជំពូកទី ៣៖ ហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ
មាត្រា ១០.-
ហេដ្ឋារចនាសម្ព័ន្ធរបស់ពន្ធនាគារត្រូវគោរពតាមបទដ្ឋានអប្បបរមា សម្រាប់ការសាងសង់ ពន្ធនាគារ ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
មាត្រា ១១.-
អគារ និងបន្ទប់ឃុំឃាំង ត្រូវមានពន្លឺគ្រប់គ្រាន់ មានខ្យល់ធម្មជាតិ មានបន្ទប់អនាម័យ មានប្រព័ន្ធផ្គត់ផ្គង់ទឹក និងអគ្គិសនីសម្រាប់ប្រើប្រាស់។ មាត្រា ១២.-
ពន្ធនាគារត្រូវមានប៉ុស្តិ៍សុខភាព មានបន្ទប់សម្រាកព្យាបាលជនជាប់ឃុំ និងត្រូវមានមន្ត្រីពេទ្យ ពន្ធនាគារបម្រើការងារជាប្រចាំ។
សេវាសុខាភិបាលពន្ធនាគារត្រូវស្ថិតក្រោមការគ្របដណ្តប់របស់ក្រសួងសុខាភិបាល។
មាត្រា ១៣.-
ពន្ធនាគារត្រូវមានកន្លែងសម្រាប់គោរពជំនឿសាសនា មានបណ្ណាល័យ និងអគារអប់រំ បណ្តុះ បណ្តាលវិជ្ជាជីវៈ។
មាត្រា ១៤.-
ពន្ធនាគារត្រូវរៀបចំឲ្យមានកន្លែងហាត់ប្រាណសម្រាប់ជនជាប់ឃុំ។
មាត្រា ១៥.-
ពន្ធនាគារត្រូវមានកន្លែងធ្វើការ និងផ្ទះមុខងារ សម្រាប់មន្ត្រីពន្ធនាគារក្នុងអំឡុងពេលនៃការ បំពេញមុខងាររបស់ខ្លួន។
មាត្រា ១៦.-
ការបង្កើត ការដាក់ឈ្មោះ ការកំណត់ទីតាំង ការកំណត់ចំនួនជនជាប់ឃុំ ការផ្លាស់ប្ដូរឈ្មោះ ការផ្លាស់ប្តូរទីតាំង និងការរំលាយពន្ធនាគារ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ជំពូកទី ៤៖ ការឃុំឃាំង
មាត្រា ១៧.-
ការទទួល ឬការឃុំខ្លួនជនណាម្នាក់នៅក្នុងពន្ធនាគារបាន លុះត្រាតែមានលិខិតឃុំខ្លួនដែល ចេញពីអាជ្ញាធរតុលាការ។
មាត្រា ១៨.-
មុនពេលទទួលយកជនជាប់ឃុំចូលក្នុងពន្ធនាគារ ប្រធានពន្ធនាគារ ឬមន្ត្រីពន្ធនាគារដែលបានទទួលការចាត់តាំង ត្រូវត្រួតពិនិត្យអត្តសញ្ញាណរបស់ជនជាប់ឃុំឲ្យបានត្រឹមត្រូវ តាមលិខិតឃុំខ្លួន ដែលចេញដោយអាជ្ញាធរតុលាការ។
មាត្រា ១៩.-
មន្ត្រីពេទ្យពន្ធនាគារត្រូវពិនិត្យសុខភាពជនជាប់ឃុំ មុននឹងទទួលយកចូលក្នុងពន្ធនាគារ ដោយត្រូវកត់ត្រាបញ្ចូលក្នុងកំណត់ហេតុនូវព័ត៌មានអំពីស្ថានភាពសុខភាពរបស់ជនជាប់ឃុំ។
មាត្រា ២០.-
បន្ទាប់ពីទទួលយកជនជាប់ឃុំចូលក្នុងពន្ធនាគារ មន្ត្រីពន្ធនាគារត្រូវណែនាំដល់ជនជាប់ឃុំ អំពីច្បាប់ បទបញ្ជាផ្ទៃក្នុងពន្ធនាគារ សិទ្ធិស្វែងរកអ្នកតំណាងផ្លូវច្បាប់ សិទ្ធិផ្តល់ដំណឹងទៅគ្រួសារ ឬ សាច់ញាតិ ឬស្ថាប័នពាក់ព័ន្ធផ្សេងៗ អំពីការជាប់ពន្ធនាគារ និងទីតាំងនៃពន្ធនាគារ ព្រមទាំងសិទ្ធិ និង ករណីយកិច្ចផ្សេងៗទៀត ដូចមានចែងក្នុងច្បាប់នេះ។
ក្នុងករណីជនជាប់ឃុំជាជនបរទេស ប្រធានពន្ធនាគារត្រូវអនុញ្ញាតឲ្យជនជាប់ឃុំជូនដំណឹង ទៅស្ថានទូត ឬស្ថានកុងស៊ុល ឬស្ថានតំណាងរបស់ខ្លួន។ ប្រសិនបើជនជាប់ឃុំមិនមានលទ្ធភាពជូន ដំណឹងបាន ប្រធានពន្ធនាគារត្រូវធ្វើកិច្ចការនេះ។
ក្រោយពីបានទទួលការណែនាំនេះ ជនជាប់ឃុំត្រូវផ្តិតម្រាមដៃ និង បិទ ឬស្តេនរូបថតបញ្ចូល ក្នុងកំព្យូទ័រ ដើម្បីរក្សាទុកជាអចិន្ត្រៃយ៍ក្នុងសំណុំឯកសារ។
មាត្រា ២១.-
ពន្ធនាគារនីមួយៗ ត្រូវមានបញ្ជីជនជាប់ឃុំដែលបញ្ជាក់អំពីអត្តសញ្ញាណរបស់ជនជាប់ឃុំ ហើយចុះទិដ្ឋាការដោយតំណាងអង្គការអយ្យការនៅគ្រប់ទំព័រ។
ចំពោះជនជាប់ឃុំជាស្ត្រីភេទ និងជនជាប់ឃុំជាអនីតិជន ត្រូវមានបញ្ជីដោយឡែក ហើយត្រូវយកចិត្តទុកដាក់ជាពិសេសដល់ការគ្រប់គ្រងជនជាប់ឃុំទាំងពីរប្រភេទនេះ។
មាត្រា ២២.-
បញ្ជីជនជាប់ឃុំត្រូវបានត្រួតពិនិត្យដោយតំណាងអង្គការអយ្យការ និងត្រូវជូនទៅចៅក្រម ពិនិត្យមើលតាមការស្នើសុំ ព្រមទាំងបង្ហាញដល់មន្ត្រីនគរបាលយុត្តិធម៌ដែលបំពេញភារកិច្ចតាមការ ប្រគល់អំណាចពីអាជ្ញាធរតុលាការ។
មាត្រា ២៣.-
គ្រប់ពន្ធនាគារត្រូវបង្កើតសំណុំឯកសារផ្ទាល់ខ្លួន សម្រាប់ជនជាប់ឃុំម្នាក់ៗ រាប់ទាំងជនជាប់ឃុំជាអនីតិជនផង។ ព័ត៌មាន និងឯកសារពាក់ព័ន្ធទាំងអស់របស់ជនជាប់ឃុំ ត្រូវរក្សាទុកជាការសម្ងាត់ ក្នុងសំណុំរឿងផ្ទាល់ខ្លួន។
មាត្រា ២៤.-
ជនជាប់ឃុំ ត្រូវបានពិនិត្យវាយតម្លៃសុខភាពដោយមន្ត្រីពេទ្យពន្ធនាគារ។ ត្រូវកត់បញ្ចូលទៅ ក្នុងសំណុំរឿងជនជាប់ឃុំ នូវព័ត៌មានអំពីរបួសស្នាម ជំងឺផ្លូវចិត្ត ពិការភាពផ្នែកកាយសម្បទា ឬ ព័ត៌មានពាក់ព័ន្ធផ្សេងទៀត។
ក្នុងការចូលរួមការងារពលកម្មក្នុងពន្ធនាគារ ពេលពិនិត្យវាយតម្លៃសុខភាពលើកដំបូង មន្ត្រី ពេទ្យពន្ធនាគារត្រូវកំណត់អំពីសមត្ថភាពកាយសម្បទា និងត្រូវកត់បញ្ចូលទៅក្នុងសំណុំរឿងផ្ទាល់ ខ្លួនរបស់ទណ្ឌិត ដោយត្រូវយកចិត្តទុកដាក់ដល់សេចក្តីត្រូវការជាក់លាក់ និងខុសៗគ្នារបស់ស្ត្រី និង អនីតិជន។
មាត្រា ២៥.-
រាល់ការធ្វើទារុណកម្ម ទង្វើអមនុស្សធម៌ ឬការប្រើប្រាស់ឧបករណ៍ផ្សេងៗ ដើម្បីដាក់ទណ្ឌកម្មដល់ជនជាប់ឃុំ ត្រូវហាមឃាត់ លើកលែងតែខ្នោះដៃដែលត្រូវបានអនុញ្ញាតតាមមាត្រា៥០ នៃច្បាប់នេះ។
មាត្រា ២៦.-
ជនជាប់ឃុំជាជនត្រូវចោទ ជនជាប់ចោទ ឬពិរុទ្ធជន ត្រូវដាក់បំបែកពីជនជាប់ឃុំជាទណ្ឌិត។ ជនជាប់ឃុំជាស្ត្រី ត្រូវដាក់បំបែកពីជនជាប់ឃុំជាបុរស។ ជនជាប់ឃុំជាអនីតិជន ត្រូវដាក់បំបែកពីជនជាប់ឃុំជានីតិជន។ ជនជាប់ឃុំដែលមានជំងឺឆ្លង ត្រូវដាក់បំបែកចេញពីជនជាប់ឃុំដទៃទៀត។
មាត្រា ២៧.-
ក្រោយពីទទួលយកជនជាប់ឃុំចូលក្នុងពន្ធនាគារ ប្រធានពន្ធនាគារត្រូវចាត់ឲ្យមានការវាយតម្លៃ កំណត់អំពីចំណាត់ថ្នាក់សន្តិសុខ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងពន្ធនាគារ។
ជំពូកទី ៥៖ សិទ្ធិ និងលក្ខខណ្ឌរស់នៅរបស់ជនជាប់ឃុំ
មាត្រា ២៨.-
ជនជាប់ឃុំ មានសិទ្ធិប្តឹងតវ៉ាទៅប្រធានពន្ធនាគារ ឬទៅអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ឬព្រះរាជអាជ្ញា ឬអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ពីអំពើរំលោភរបស់ជនជាប់ឃុំដូចគ្នា ឬអំពើរំលោភរបស់មន្ត្រីពន្ធនាគារ។
ពាក្យបណ្តឹងតវ៉ារបស់ជនជាប់ឃុំ ត្រូវធ្វើឡើងតាមរយៈមន្ត្រីពន្ធនាគារ ឬអ្នកសួរសុខទុក្ខផ្លូវការ ឬអ្នកសួរសុខទុក្ខសាច់ញាតិ ឬមេធាវីរបស់ជនជាប់ឃុំ ឬតំណាងអង្គការអយ្យការ។
រាល់បណ្តឹងតវ៉ាត្រូវតែបានដោះស្រាយនិងឆ្លើយតបក្នុងរយៈពេលសមស្រប។
គ្មានជនជាប់ឃុំណាម្នាក់ត្រូវបានដាក់ទណ្ឌកម្ម ឬត្រូវបានរើសអើងដោយសារតែបានដាក់ ពាក្យបណ្ដឹង ឬការដាក់ពាក្យស្នើសុំនោះឡើយ។
មាត្រា ២៩.-
ជនជាប់ឃុំមានសិទ្ធិប្រតិបត្តិសាសនាតាមជំនឿរបស់ខ្លួន និងមិនត្រូវបានបង្ខិតបង្ខំឲ្យប្រតិបត្តិ សាសនាណាមួយឡើយ។
មាត្រា ៣០.-
ជនជាប់ឃុំដែលមិនតម្រូវឲ្យធ្វើការនៅខាងក្រៅបាន ដោយមូលហេតុខាងផ្លូវច្បាប់ ឬមូលហេតុ ខាងសន្តិសុខ អាចអនុញ្ញាតឲ្យធ្វើលំហាត់ប្រាណប្រចាំថ្ងៃបាន។
មាត្រា ៣១.-
ជនជាប់ឃុំជាជនបរទេស មានសិទ្ធិទាក់ទងជាមួយស្ថានទូត ឬស្ថានកុងស៊ុល ឬស្ថានតំណាងរបស់ខ្លួន។
រាល់ទំនាក់ទំនងរវាងជនជាប់ឃុំនិងមេធាវី ត្រូវបានធ្វើឡើងដោយសម្ងាត់។
មាត្រា ៣២.-
ជនជាប់ឃុំ មានសិទ្ធិទទួល និង ផ្ញើលិខិតឆ្លងឆ្លើយ។ លិខិតឆ្លងឆ្លើយរបស់ជនជាប់ឃុំត្រូវបើក នៅចំពោះមុខមន្ត្រីពន្ធនាគារ ដែលត្រូវបានប្រគល់សិទ្ធិ លើកលែងតែលិខិតរបស់មេធាវី។
លិខិតឆ្លងឆ្លើយរបស់ជនជាប់ឃុំ ត្រូវបានដកហូត ប្រសិនបើមានការពាក់ព័ន្ធដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ទូទៅ ទាំងក្នុង និងក្រៅពន្ធនាគារ។
មាត្រា ៣៣.-
ជនជាប់ឃុំ ត្រូវបានទទួលរបបជីវភាព ដែលកំណត់ដោយអនុក្រឹត្យ។
មាត្រា ៣៤.-
ការផ្តល់អាហារដល់ជនជាប់ឃុំ ត្រូវយកចិត្តទុកដាក់គិតគូរអំពីអាហារតម ស្របតាមតម្រូវការ ខាងសុខភាព ដែលបញ្ជាក់ពីមន្ត្រីពេទ្យពន្ធនាគារ ឬស្របតាមតម្រូវការខាងសាសនារបស់ពួកគេ។
ជនជាប់ឃុំ អាចទទួល ឬទិញអាហារដោយថវិកាផ្ទាល់ខ្លួនពីប្រភពខាងក្រៅបាន តែអាហារទាំងនេះត្រូវបានត្រួតពិនិត្យពីមន្ត្រីពន្ធនាគារ។
មាត្រា ៣៥.-
ជនជាប់ឃុំ អាចត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ថវិកាផ្ទាល់ខ្លួន ដើម្បីទិញសម្ភារៈប្រើប្រាស់ ឬទទួលសម្ភារៈប្រើប្រាស់ពីគ្រួសារ ញាតិមិត្ត ឬពីប្រភពផ្សេងទៀត ប្រសិនបើមានការយល់ព្រម និងការត្រួតពិនិត្យពីប្រធានពន្ធនាគារ។
ជនជាប់ឃុំ មិនត្រូវបានអនុញ្ញាតឲ្យទិញ ឬផ្តល់ ឬឲ្យខ្ចី ឬលក់សម្ភារៈទៅឲ្យជនជាប់ឃុំផ្សេង ទៀតបានឡើយ។
មាត្រា ៣៦.-
ថវិកា ឬទ្រព្យសម្បត្តិមានតម្លៃជាប់ខ្លួនរបស់ជនជាប់ឃុំ ត្រូវបានដកហូត កត់ត្រាត្រឹមត្រូវ ក្នុងសៀវភៅបញ្ញើ និងរក្សាទុកក្នុងគណនីពន្ធនាគារ ឬត្រូវប្រគល់ជូនក្រុមគ្រួសារ ញាតិមិត្តរក្សាទុក ប្រសិន បើមានការយល់ព្រមពីជនជាប់ឃុំ ដោយត្រូវមានហត្ថលេខា ឬស្នាមម្រាមដៃរបស់ជនជាប់ឃុំ។
ក្នុងករណីចាំបាច់និងមានការយល់ព្រមពីប្រធានពន្ធនាគារ ជនជាប់ឃុំអាចប្រើប្រាស់ថវិកា បញ្ញើរបស់ខ្លួនបាន។
ថវិកា និងទ្រព្យសម្បត្តិមានតម្លៃរបស់ជនជាប់ឃុំដែលពន្ធនាគារទទួលខុសត្រូវរក្សាទុក ត្រូវប្រគល់ជូនជនជាប់ឃុំវិញ នៅពេលដោះលែង។
ជនជាប់ឃុំអាចរក្សាទុកឱសថជាកម្មសិទ្ធផ្ទាល់ខ្លួនបាន ក្នុងករណីមានការយល់ព្រមពីមន្ត្រីពេទ្យពន្ធនាគារ។
មាត្រា ៣៧.-
ជនជាប់ឃុំត្រូវបានអនុញ្ញាតឲ្យទទួលដំណឹង ឬព័ត៌មានសំខាន់ៗ តាមរយៈកម្មវិធីផ្សព្វផ្សាយ របស់វិទ្យុ ទូរទស្សន៍ ទស្សនាវដ្ដី សារព័ត៌មាន និងទំនាក់ទំនងទូរសព្ទជាមួយក្រុមគ្រួសារ ដែលរៀបចំឡើងដោយពន្ធនាគារ។
ជនជាប់ឃុំ អាចអនុញ្ញាតឲ្យចូលសិក្សាស្រាវជ្រាវនៅក្នុងបណ្ណាល័យពន្ធនាគារ ឬអាចអនុញ្ញាត ឲ្យខ្ចីសៀវភៅយកទៅស្រាវជ្រាវនៅក្នុងបន្ទប់ឃុំឃាំងដើម្បីបង្កើនចំណេះដឹង។
ពន្ធនាគារត្រូវជូនដំណឹងទាក់ទងនឹងជំងឺ ឬមរណភាពរបស់ជនជាប់ឃុំ ឬរបស់គ្រួសារជនជាប់ ឃុំឲ្យបានដឹងទៅវិញទៅមក។
មាត្រា ៣៨.-
ជនជាប់ឃុំដែលមានជំងឺត្រូវបានទទួលសេវាថែទាំសុខភាពប្រចាំថ្ងៃដោយមន្ត្រីពេទ្យពន្ធនាគារ។
ជនជាប់ឃុំមានជំងឺធ្ងន់ ហើយតម្រូវឲ្យមានការព្យាបាលនៅមន្ទីរពេទ្យខាងក្រៅតាមសំណើ របស់មន្ត្រីពេទ្យពន្ធនាគារ ត្រូវមានការអនុញ្ញាតពីព្រះរាជអាជ្ញាក្នុងដែនសមត្ថកិច្ច។ ក្នុងករណីជន ជាប់ឃុំមានជំងឺធ្ងន់ ដែលតម្រូវឲ្យមានការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខាងក្រៅ ប្រធានពន្ធនាគារ ត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់តាមសំណើរបស់មន្ត្រីពេទ្យពន្ធនាគារ ហើយត្រូវជូនដំណឹង ជាបន្ទាន់ដល់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ព្រះរាជអាជ្ញាក្នុងដែនសមត្ថកិច្ច និងដល់គ្រួសារសាច់ញាតិ ឬមិត្តភក្តិជិតស្និទ្ធបំផុត តាមសំណើរបស់ជនជាប់ឃុំ។ បន្ទាប់ពីការព្យាបាលបានធូរស្រាល តាមការបញ្ជាក់ពីមន្ទីរពេទ្យដែលបានទទួលព្យាបាល ត្រូវបញ្ជូនជនជាប់ឃុំមកពន្ធនាគារវិញ។
ជនជាប់ឃុំដែលមានជំងឺផ្លូវចិត្ត ឬពិការកាយសម្បទា ឬស្ថិតក្រោមឥទ្ធិពលគ្រឿងញៀនត្រូវបានទទួលសេវាថែទាំសុខភាពដោយឡែក។
មាត្រា ៣៩.-
អគារឃុំឃាំងជនជាប់ឃុំជាស្ត្រីត្រូវមានមន្ត្រីពន្ធនាគារជាស្ត្រី ប្រចាំការជាអចិន្ត្រៃយ៍។
មិនអនុញ្ញាតឲ្យមន្ត្រីពន្ធនាគារជាបុរសចូលក្នុងតំបន់ជនជាប់ឃុំជាស្ត្រី ដោយគ្មានការអមដំណើរ ពីមន្ត្រីពន្ធនាគារជាស្រ្តីឡើយ លើកលែងតែក្នុងករណីមានឧប្បត្តិហេតុសង្គ្រោះបន្ទាន់ ឬក្នុងហេតុផលសន្តិសុខ សុវត្ថិភាពពន្ធនាគារ។
មាត្រា ៤០.-
ជនជាប់ឃុំជាស្ត្រីត្រូវបានផ្តល់សេវាគាំពារមាតា និងទារក នៅមុននិងក្រោយពេលសម្រាលកូន។
ជនជាប់ឃុំជាស្ត្រីដែលមានផ្ទៃពោះ ត្រូវបានអនុញ្ញាតឲ្យសម្រាលកូននៅមន្ទីរពេទ្យខាងក្រៅ។
ក្នុងករណីមានជនជាប់ឃុំជាស្រ្តីសម្រាលកូនក្នុងពន្ធនាគារ មិនត្រូវចុះសំបុត្រកំណើតថាទារក នោះកើតនៅក្នុងពន្ធនាគារទេ។
មាត្រា ៤១.-
កូនតាមម្តាយ ត្រូវបានអនុញ្ញាតឲ្យស្នាក់នៅក្នុងពន្ធនាគារជាមួយម្តាយត្រឹមអាយុក្រោម ៣ (បី) ឆ្នាំ និងត្រូវបានផ្តល់ម្ហូបអាហារ សម្លៀកបំពាក់ និងសេវាថែទាំសុខភាព។
កូនតាមម្តាយដែលមានអាយុចាប់ពី ៣ (បី) ឆ្នាំ ឡើង បើគ្មានអាណាព្យាបាលទទួលខុសត្រូវ ការចិញ្ចឹមបីបាច់ថែរក្សាបន្តនៅខាងក្រៅជាបន្ទុករបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា។
ជំពូកទី ៦៖ ការគ្រប់គ្រងពន្ធនាគារ
មាត្រា ៤២.-
គោលដៅជាសារវន្តនៃការគ្រប់គ្រងជនជាប់ឃុំ គឺការអប់រំកែប្រែនិងការស្តារនីតិសម្បទារបស់ជនជាប់ឃុំ ដែលជាស្នូលនៃក្របខ័ណ្ឌគោលនយោបាយកំណែទម្រង់ពន្ធនាគារ។
ការដាក់វិន័យទៅលើជនជាប់ឃុំ ត្រូវធ្វើឡើងក្នុងកម្រិតអប្បបរមាដែលចាំបាច់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ប៉ុណ្ណោះ។
មាត្រា ៤៣.–
ប្រធានពន្ធនាគារត្រូវទទួលខុសត្រូវដោយផ្ទាល់ក្នុងការគ្រប់គ្រងពន្ធនាគារឲ្យបានត្រឹមត្រូវតាមនីតិវិធី និងបទបញ្ជាផ្ទៃក្នុងដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
មាត្រា ៤៤.-
មន្ត្រីពន្ធនាគារអាចធ្វើការឆែកឆេរជនជាប់ឃុំនិងកន្លែងនានាក្នុងពន្ធនាគារ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពរបស់ពន្ធនាគារ។
ជនជាប់ឃុំដែលបដិសេធមិនឲ្យមន្ត្រីពន្ធនាគារឆែកឆេរ ត្រូវចាត់ទុកជាការល្មើសនឹងបទបញ្ជា ផ្ទៃក្នុងពន្ធនាគារ។
មាត្រា ៤៥.-
ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ពន្ធនាគារ មន្ត្រីពន្ធនាគារ និងអ្នកមកសួរសុខទុក្ខជនជាប់ឃុំ ត្រូវបានត្រួតពិនិត្យមុនពេលចូលទៅក្នុងពន្ធនាគារ។
មាត្រា ៤៦.-
ការរក្សាទុក ឬការប្រើប្រាស់គ្រឿងស្រវឹងក្នុងពន្ធនាគារត្រូវហាមឃាត់។
ជនជាប់ឃុំមិនត្រូវបានអនុញ្ញាតឱ្យរក្សាទុក ឬប្រើប្រាស់វត្ថុទាំងឡាយណាដែលអាចគំរាមកំហែងដល់សន្តិសុខពន្ធនាគារឡើយ។
ប្រភេទវត្ថុហាមឃាត់ត្រូវបានកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារ។ មាត្រា ៤៧.-
ប្រធានពន្ធនាគារអាចអនុញ្ញាតឲ្យមន្ត្រីពន្ធនាគារដែលបានបណ្តុះបណ្តាលហ្វឹកហាត់ត្រឹមត្រូវ ឲ្យប្រើប្រាស់អាវុធ និងឧបករណ៍បច្ចេកទេសដើម្បីធានាសន្តិសុខ សុវត្ថិភាពក្នុងកិច្ចប្រតិបត្តិការរបស់ពន្ធនាគារ។
ប្រធានពន្ធនាគារត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងអាវុធ និងឧបករណ៍បច្ចេកទេសឲ្យមានសុវត្ថិភាព។
មាត្រា ៤៨.-
ប្រធានពន្ធនាគារត្រូវរាយការណ៍ជាបន្ទាន់ទៅព្រះរាជអាជ្ញា គណៈអភិបាលរាជធានី ខេត្ត និងអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ អំពីព័ត៌មាន ឬឧប្បត្តិរបតុទាំងឡាយណាដែលគំរាមកំហែង ឬដែលអាចគំរាមកំហែងដល់សន្តិសុខ សុវត្ថិភាពពន្ធនាគារ។
មាត្រា ៤៩.-
ប្រធានពន្ធនាគារអាចប្រើប្រាស់កម្លាំងប្រតិបត្តិការដើម្បីរក្សាសន្តិសុខ សុវត្ថិភាពពន្ធនាគារ។ ក្នុងករណីធ្ងន់ធ្ងរ ប្រធានពន្ធនាគារត្រូវរាយការណ៍សុំកម្លាំងអន្តរាគមន៍ទៅគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី ខេត្ត។ មាត្រា ៥០.-
ការប្រើប្រាស់ខ្នោះដៃដើម្បីដាក់ទណ្ឌកម្មជនជាប់ឃុំត្រូវហាមឃាត់ លើកលែងតែប្រើប្រាស់ក្នុង ស្ថានភាពដូចខាងក្រោមៈ
- ពេលមានចលាចលក្នុងពន្ធនាគារ
- ពេលផ្ទេរ ឬបញ្ជូន ឬនាំខ្លួនចេញពីពន្ធនាគារ
- ពេលមានហេតុផលខាងពេទ្យ
- ដើម្បីការពារជនជាប់ឃុំកុំឲ្យបង្ករបួសស្នាមដោយខ្លួនឯង ឬបង្ករបួសស្នាមដល់អ្នកដទៃ ឬបង្កការខូចខាតទ្រព្យសម្បត្តិអ្នកដទៃ។
មាត្រា ៥១.-
ជនជាប់ឃុំត្រូវគោរព និងអនុវត្តតាមបទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងការណែនាំរបស់មន្ត្រីពន្ធនាគារ។
មាត្រា ៥២.-
ជនជាប់ឃុំដែលបានប្រព្រឹត្តល្មើសនឹងបទបញ្ជាផ្ទៃក្នុង ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ពន្ធនាគារ មិនត្រូវលើកយកមកពិនិត្យលក្ខណវិនិច្ឆ័យសម្រាប់ការបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងរយៈពេលមួយឆ្នាំ។ ក្នុងករណីមិនរាងចាល ត្រូវឃុំខ្លួននៅក្នុងបន្ទប់ដោយឡែក។
ប្រធានពន្ធនាគារដែលចេញបទបញ្ជាឲ្យឃុំខ្លួននៅក្នុងបន្ទប់ដោយឡែក ត្រូវបញ្ជាក់ពីមូលហេតុ និងត្រូវរាយការណ៍ភ្លាមមកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ។
បទបញ្ជាឃុំខ្លួនដោយឡែកអាចមានរយៈពេលពី ១៤ (ដប់បួន) ថ្ងៃ ដល់ ២០ (ម្ភៃ) ថ្ងៃ។ ក្នុងករណីមិនរាងចាល បទបញ្ហានេះអាចត្រូវបានចេញបន្តទៀត។
ក្នុងរយៈពេលនៃការរងទណ្ឌកម្មដោយត្រូវឃុំខ្លួនក្នុងបន្ទប់ដោយឡែក ជនជាប់ឃុំមិនត្រូវបានអនុញ្ញាតៈ
- ឲ្យជួបគ្រួសារសាច់ញាតិដែលមកសួរសុខទុក្ខ
- ចូលរួមសកម្មភាពផ្សេងៗក្នុងពន្ធនាគារ។
មាត្រា ៥៣.-
ការធ្វើទារុណកម្មមកលើរាងកាយគ្រប់រូបភាព ការឃុំខ្លួនក្នុងបន្ទប់ងងឹត ការកាត់បន្ថយម្ហូបអាហារ ការដាក់ទណ្ឌកម្មជាសមូហភាពដល់ជនជាប់ឃុំ និងការប្រើប្រាស់ជនជាប់ឃុំឲ្យធ្វើទារុណកម្មជនជាប់ឃុំដូចគ្នា ត្រូវហាមឃាត់។
មាត្រា ៥៤.-
អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ព្រះរាជអាជ្ញា ប្រធានសភាស៊ើបសួរ និងចៅក្រមស៊ើបសួរ ត្រូវធ្វើអធិការកិច្ចពន្ធនាគារស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ។ បែបបទ នីតិវិធី និងការប្រព្រឹត្តទៅនៃ ការធ្វើអធិការកិច្ច ត្រូវកំណត់ដោយប្រកាសរួមរវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
យន្តការបង្ការថ្នាក់ជាតិ ត្រូវបានអនុញ្ញាតឲ្យធ្វើទស្សនកិច្ចតាមពន្ធនាគារនានា គ្រប់ពេលវេលា និងធ្វើសម្ភាសន៍ជាសម្ងាត់ជាមួយជនជាប់ឃុំ ដើម្បីត្រួតពិនិត្យមើលលក្ខខណ្ឌនៃការឃុំខ្លួន និងការប្រព្រឹត្តចំពោះជនជាប់ឃុំ ផ្តល់អនុសាសន៍កែលម្អ សំដៅបង្ការទារុណកម្ម អំពើឃោរឃៅអមនុស្សធម៌ ឬបន្ទាបបន្ថោក។
មាត្រា ៥៥.-
ជនជាប់ឃុំត្រូវបានអនុញ្ញាតឲ្យគ្រួសារ ឬញាតិមិត្តមកសួរសុខទុក្ខតាមការកំណត់ លើកលែង តែមានការហាមឃាត់ពីអាជ្ញាធរតុលាការ។
ប្រធានពន្ធនាគារ ត្រូវបិទផ្សាយជាសាធារណៈនូវពេលវេលា និងរយៈពេលសួរសុខទុក្ខ ដែលមានកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារ។ មាត្រា ៥៦.-
មន្ត្រីស្ថានទូត ឬស្ថានកុងស៊ុល ឬស្ថានតំណាងដែលមានបំណងចូលជួបសួរសុខទុក្ខជន ជាប់ឃុំជាពលរដ្ឋរបស់ខ្លួន ឬពលរដ្ឋដែលខ្លួនធ្វើជាតំណាង ត្រូវជូនដំណឹងជាមុនទៅអគ្គនាយកដ្ឋានពន្ធនាគារ។
គ្រួសារ ឬញាតិមិត្តជាជនបរទេសដែលមានបំណងចូលជួបសួរសុខទុក្ខជនជាប់ឃុំ ត្រូវស្នើមក អគ្គនាយកដ្ឋានពន្ធនាគារ តាមរយៈស្ថានទូត ឬស្ថានកុងស៊ុល ឬស្ថានតំណាងរបស់ខ្លួន។
មាត្រា ៥៧.-
អ្នកសួរសុខទុក្ខជនជាប់ឃុំ មិនត្រូវយកវត្ថុ ឬសម្ភារៈហាមឃាត់ ដូចមានកំណត់ក្នុងបទបញ្ជា ផ្ទៃក្នុងពន្ធនាគារចូលពន្ធនាគារឡើយ។
មាត្រា ៥៨.-
អ្នកសួរសុខទុក្ខជនជាប់ឃុំ អាចត្រូវបានហាមឃាត់ ឬបញ្ឈប់ ឬឲ្យចេញជាបណ្តោះអាសន្នពី ពន្ធនាគារ ក្នុងករណីដែលមានឧប្បត្តិហេតុចៃដន្យកើតឡើង។
ក្នុងករណីអ្នកសួរសុខទុក្ខជនជាប់ធ្វើសកម្មភាពនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាពពន្ធនាគារ ត្រូវឃាត់ខ្លួននិងចាត់វិធានការតាមផ្លូវច្បាប់។
មាត្រា ៥៩.-
បើអ្នកសួរសុខទុក្ខផ្លូវការមានបំណងធ្វើទស្សនកិច្ចពន្ធនាគារណាមួយ ត្រូវផ្តល់ដំណឹងជាមុន ទៅអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ អំពីគោលបំណង និងសំណូមពរនៃទស្សនកិច្ចនោះ។
លទ្ធផលនៃទស្សនកិច្ចខាងលើ ត្រូវផ្តល់ព័ត៌មានដោយផ្ទាល់មាត់ ឬដោយលាយលក្ខណ៍អក្សរ ទៅប្រធានពន្ធនាគារ និងអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ។ ព័ត៌មាននោះត្រូវចាត់ទុកជាព័ត៌មានសម្ងាត់ លើកលែងតែមានការឯកភាពពីក្រសួងមហាផ្ទៃ។
មាត្រា ៦០.-
ជនជាប់ឃុំអាចត្រូវបានឲ្យចាកចេញជាបណ្តោះអាសន្នពីពន្ធនាគារ តាមដីកាបង្គាប់របស់តុលាការ ដើម្បីឡើងសវនាការ ឬធ្វើការស៊ើបអង្កេត ឬចង្អុលបង្ហាញភស្តុតាង។
មាត្រា ៦១.-
ប្រធានពន្ធនាគារត្រូវទទួលខុសត្រូវអំពីសន្តិសុខ សុវត្ថិភាពចំពោះការនាំខ្លួន ឬការបញ្ជូនជន ជាប់ឃុំទៅកាន់តុលាការ ឬទៅកាន់មន្ទីរពេទ្យខាងក្រៅ។
មាត្រា ៦២.-
ការផ្ទេរបញ្ជូនទណ្ឌិតពីពន្ធនាគារមួយទៅពន្ធនាគារមួយ ត្រូវមានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជូនដំណឹងភ្លាម ឬយ៉ាងយូរ ៣ (បី) ថ្ងៃ ដោយប្រធានពន្ធនាគារទៅព្រះរាជអាជ្ញាដែលមានសមត្ថកិច្ចខាងដែនដីបញ្ជូន និងសមត្ថកិច្ចខាងដែនដីទទួល។
ការផ្ទេរជនជាប់ឃុំក្រៅពីទណ្ឌិត ពីពន្ធនាគារមួយទៅពន្ធនាគារមួយ ត្រូវជូនដំណឹងទៅព្រះរាជអាជ្ញាមានសមត្ថកិច្ចខាងដែនដីបញ្ជូន និងព្រះរាជអាជ្ញាមានសមត្ថកិច្ចខាងដែនដីទទួល ឬអគ្គព្រះរាជអាជ្ញាដែលមានសមត្ថកិច្ចកំពុងចាត់ការរឿងក្តី។
ក្នុងករណីចាំបាច់ អគ្គព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញាអាចចេញដីកាបង្គាប់ឲ្យផ្ទេរជនជាប់ឃុំក្រៅ ពីទណិត ពីពន្ធនាគារមួយទៅពន្ធនាគារមួយ តាមតម្រូវការនៃនីតិវិធី។ ដីកាបង្គាប់នេះត្រូវចម្លងជូនទីស្ដីការក្រសួងមហាផ្ទៃ។
ការផ្ទេរបញ្ជូនជនជាប់ឃុំពីពន្ធនាគារមួយទៅពន្ធនាគារមួយ ត្រូវភ្ជាប់ទៅជាមួយនូវទ្រព្យសម្បត្តិ សំណុំរឿង និងឯកសារសុខភាពរបស់ជនជាប់ឃុំ។
មាត្រា ៦៣.-
ក្នុងករណីជនជាប់ឃុំលួចរត់គេចខ្លួន ប្រធានពន្ធនាគារ និងអាជ្ញាធរមានសមត្ថកិច្ចត្រូវជូនដំណឹងជាបន្ទាន់ទៅគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ទៅអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ និងទៅព្រះរាជអាជ្ញា ដែលមានសមត្ថកិច្ចខាងដែនដី ដើម្បីស្វែងរកចាប់ខ្លួនជនជាប់ឃុំមកវិញ ដោយអនុលោមតាមក្រមនីតិវិធីព្រហ្មទណ្ឌ។
មាត្រា ៦៤.-
ក្នុងករណីជនជាប់ឃុំទទួលមរណភាពក្នុងពន្ធនាគារ ត្រូវចាត់ទុកជាការសង្ស័យ។ មន្ត្រីពន្ធនាគារត្រូវការពារកន្លែងសាកសព និងរក្សាទុកជនជាប់ឃុំដែលអាចធ្វើសាក្សី។ ប្រធានពន្ធនាគារត្រូវជូនដំណឹងទៅព្រះរាជអាជ្ញាដើម្បីចាត់វិធានការស៊ើបអង្កេត។
ប្រសិនបើជនជាប់ឃុំស្លាប់នៅក្នុងមន្ទីរពេទ្យ ប្រធានពន្ធនាគារត្រូវជូនដំណឹងទៅព្រះរាជអាជ្ញា បើមានការសង្ស័យ ព្រះរាជអាជ្ញាត្រូវចាត់ឲ្យនគរបាលបច្ចេកទេសវិទ្យាសាស្រ្តធ្វើការពិនិត្យសាកសព។
មាត្រា ៦៥.-
ប្រធានពន្ធនាគារត្រូវជូនដំណឹងភ្លាមទៅគ្រួសារសព ឬស្ថានទូត ឬស្ថានកុងស៊ុល ឬស្ថានតំណាងនៃសព ដើម្បីរៀបចំទុកដាក់សព។
ក្នុងករណីគ្មានក្រុមគ្រួសារ ឬសាច់ញាតិ ប្រធានពន្ធនាគារត្រូវធ្វើរបាយការណ៍ជាលាយលក្ខណ៍ អក្សរអំពីស្ថានភាពនៃសព ជូនព្រះរាជអាជ្ញា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ និងមន្ត្រីអត្រានុកូលដ្ឋាននៃលំនៅឋានរបស់សព។ ការចំណាយលើការរៀបចំទុកដាក់សពជាបន្ទុករបស់រដ្ឋដែលកំណត់ដោយអនុក្រឹត្យ។
ជំពូកទី ៧៖ ការអប់រំ កែប្រែ ការបណ្តុះបណ្តាលវិជ្ជាជីវ: និង ការស្តារនីតិសម្បទាទណ្ឌិត
មាត្រា ៦៦.-
ទណ្ឌិតត្រូវបានចាត់តាំងឲ្យចូលរួមក្នុងកម្មវិធីអប់រំច្បាប់និងសីលធម៌សង្គម ដែលបានរៀបចំឡើងនៅតាមពន្ធនាគារ ។
មាត្រា ៦៧.-
ទណ្ឌិតត្រូវបានផ្តល់មធ្យោបាយដើម្បីចូលរួមកម្មវិធីសិក្សាចំណេះទូទៅ និងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងពន្ធនាគារ។
កម្មវិធីសិក្សាអប់រំ និងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងពន្ធនាគារ ត្រូវបានធ្វើសមាហរណកម្មជាមួយប្រព័ន្ធអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ជាតិ។
ទណ្ឌិតជាអនីតិជនត្រូវបានយកចិត្តទុកដាក់ដោយឡែក ទាក់ទងនឹងតម្រូវការសិក្សាអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការស្តារនីតិសម្បទា និងសមាហរណកម្មដោយសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងអប់រំ យុវជន និងកីឡា។
ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវសហការជាមួយ ក្រសួងមហាផ្ទៃរៀបចំកម្មវិធី និងដំណើរការអនុវត្តកម្មវិធីសិក្សាអប់រំ និងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់ទណ្ឌិតនៅក្នុងពន្ធនាគារ។
មាត្រា ៦៨.-
ទណ្ឌិតដែលមានកម្រិតសន្តិសុខទាប ហើយត្រូវបានវាយតម្លៃថា មានសមត្ថភាពកាយសម្បទា ត្រូវបានចាត់តាំងឲ្យធ្វើការងារពលកម្មប្រចាំថ្ងៃនៅក្នុងពន្ធនាគារ ឬការងារជាអត្ថប្រយោជន៍សម្រាប់ សហគមន៍ និងផលប្រយោជន៍សាធារណៈ ឬចាត់តាំងឲ្យចូលរួមក្នុងកម្មវិធីឧស្សាហកម្ម សិប្បកម្ម កសិកម្មពន្ធនាគារ។
មាត្រា ៦៩.-
កម្មវិធីឧស្សាហកម្ម សិប្បកម្ម កសិកម្មពន្ធនាគារ ត្រូវបានរៀបចំរឡើងនៅតាមពន្ធនាគារនីមួយៗ ដើម្បីផ្តល់ឱកាសឲ្យទណ្ឌិតមានសមត្ថភាពប្រកបមុខរបរចិញ្ចឹមជីវិត នៅពេលធ្វើសមាហរណកម្មចូលក្នុងសហគមន៍វិញ។
មាត្រា ៧០.-
ទណ្ឌិតដែលចូលរួមក្នុងកម្មវិធីឧស្សាហកម្ម សិប្បកម្ម កសិកម្មពន្ធនាគារ ត្រូវបានបំពាក់សម្ភារៈ និងឧបករណ៍ការពារសុវត្ថិភាពការងារ ក្នុងពេលបំពេញការងារ។
មាត្រា ៧១.-
បន្ទាប់ពីមានការឯកភាពពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ មានសិទ្ធិចុះកិច្ចសន្យាជាមួយរូបវន្តបុគ្គល ឬនីតិបុគ្គល ឬអង្គការជាតិ អន្តរជាតិដើម្បីបង្កើតការងារសម្រាប់កម្មវិធីឧស្សាហកម្ម សិប្បកម្ម កសិកម្មពន្ធនាគារ និងមានសិទ្ធិចុះកិច្ចសន្យាលក់ផលិតផល ឧស្សាហកម្ម សិប្បកម្ម កសិកម្មពន្ធនាគារ។
មាត្រា ៧២.-
ការគ្រប់គ្រង និងការប្រើប្រាស់ប្រាក់ចំណូលដែលបានមកពីកម្មវិធីឧស្សាហកម្ម សិប្បកម្ម កសិកម្មពន្ធនាគារ ត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នីតិវិធីគ្រប់គ្រងកម្មវិធីឧស្សាហកម្ម សិប្បកម្ម កសិកម្មពន្ធនាគារ ត្រូវកំណត់ដោយប្រកាស របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
មាត្រា ៧៣.-
មុនផុតរយៈពេលទទួលរងទោស ៦ (ប្រាំមួយ) ខែ ទណ្ឌិតត្រូវបានទទួលកម្មវិធីសមាហរណកម្មដែលរៀបចំដោយពន្ធនាគារ ដើម្បីឲ្យគេក្លាយជាពលរដ្ឋអាចរស់នៅក្នុងសង្គមជាតិនិងសហគមន៍ មូលដ្ឋានបានល្អ។
ជំពូកទី ៨៖ ការបន្ធូរបន្ថយទោស ការលើកលែងទោស និង ការដោះលែងទណ្ឌិត
មាត្រា ៧៤.-
អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវបង្កើតគណៈកម្មការមួយដើម្បីពិនិត្យ និងវាយតម្លៃអំពីកម្រិតកែប្រែរបស់ទណ្ឌិត ក្នុងរយៈពេលជាប់ឃុំនៅក្នុងពន្ធនាគារដែលស្ថិតក្នុងការគ្រប់គ្រង របស់ខ្លួន។ គណៈកម្មការនេះ ត្រូវធ្វើបញ្ជីទណ្ឌិតដែលមានលក្ខណសម្បត្តិអាចស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បញ្ជូនទៅគណៈកម្មការថ្នាក់ជាតិ តាមរយៈអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ យ៉ាងយឺតបំផុត ៣០ (សាមសិប) ថ្ងៃ មុនថ្ងៃកំណត់នៃពិធីបុណ្យនីមួយៗ។ គណៈកម្មការនេះ មានសមាសភាពដូចខាងក្រោម:
- អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ជាប្រធាន
- តំណាងអង្គការអយ្យការអមសាលាដំបូងរាជធានី ខេត្ត ជាអនុប្រធាន
- ប្រធានក្រុមការងារប្រឡងប្រណាំងនៃពន្ធនាគាររាជធានី ខេត្ត ជាអនុប្រធានអចិន្ត្រៃយ៍
- អនុប្រធានពន្ធនាគាររាជធានី ខេត្តទទួលបន្ទុកអប់រំកែប្រែ ជាសមាជិក
- អនុប្រធានពន្ធនាគាររាជធានី ខេត្តទទួលបន្ទុកប្រតិបត្តិ ជាសមាជិក
គណៈកម្មការនេះអាចមានសមាសភាពមួយចំនួនទៀត តាមការចាំបាច់។
ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការនេះ ត្រូវកំណត់ដោយដីការបស់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវបង្កើតគណៈកម្មការមួយ ដើម្បីពិនិត្យ និងវាយតម្លៃអំពីកម្រិតកប្រែ របស់ទណ្ឌិតក្នុងរយៈពេលជាប់ឃុំនៅតាមមណ្ឌលអប់រំកែប្រែដែលស្ថិតក្នុងការគ្រប់គ្រងរបស់ខ្លួន។ គណៈកម្មការនេះត្រូវធ្វើបញ្ជីឈ្មោះទណ្ឌិតដែលមានលក្ខណសម្បត្តិអាចស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បញ្ជូនទៅគណៈកម្មការថ្នាក់ជាតិ យ៉ាងយឺតបំផុត ៣០ (សាមសិប) ថ្ងៃមុនថ្ងៃកំណត់នៃពិធីបុណ្យនីមួយៗ។ គណៈកម្មការនេះ មានសមាសភាពដូចខាងក្រោម:
- រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកពន្ធនាគារ ជាប្រធាន
- តំណាងអង្គការអយ្យការអមសាលាដំបូងដែលមាន សមត្ថកិច្ចលើមណ្ឌលអប់រំ កែប្រែសាមី ជាអនុប្រធាន
- ប្រធានក្រុមប្រឹក្សានីតិកម្មនៃក្រសួងមហាផ្ទៃ ជាអនុប្រធាន
- អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ជាអនុប្រធានអចិន្ត្រៃយ៍
- ប្រធាននាយកដ្ឋានអប់រំកែប្រែ ជាសមាជិក
- ប្រធាននាយកដ្ឋានប្រតិបត្តិ ជាសមាជិក
- ប្រធានក្រុមការងារប្រឡងប្រណាំងនៃមណ្ឌល អប់រំកែប្រែនីមួយៗជាសមាជិក
គណៈកម្មការនេះអាចមានសមាសភាពមួយចំនួនទៀត តាមការចាំបាច់។
ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មការនេះ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ។
មាត្រា ៧៥.-
រាជរដ្ឋាភិបាលត្រូវបង្កើតគណៈកម្មការថ្នាក់ជាតិមួយ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះ ទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដែលបានផ្ញើមកពីគណៈកម្មការរាជធានី ខេត្ត និងពីគណៈកម្មការក្រសួងមហាផ្ទៃ។ ក្រោយពីបានពិនិត្យវាយតម្លៃរួចហើយ គណៈកម្មការនេះត្រូវ ធ្វើបែបបទជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច ដើម្បីដាក់សំណើថ្វាយព្រះមហាក្សត្រសុំបន្ធរ បន្ថយទោស និងលើកលែងទោសឲ្យទណ្ឌិត យ៉ាងយឺតបំផុត ១០ (ដប់) វិថ្ងៃ មុនថ្ងៃកំណត់នៃពិធីបុណ្យនីមួយៗ។
គណៈកម្មការនេះមានសមាសភាពដូចខាងក្រោមៈ
- រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធាន
- រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកពន្ធនាគារ ជាអនុប្រធានអចិន្ត្រៃយ៍
- អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ជាអនុប្រធាន
- តំណាងក្រុមប្រឹក្សាអ្នកច្បាប់ ចំនួន ០១ រូបជាសមាជិក
- ប្រធានក្រុមប្រឹក្សានីតិកម្មនៃក្រសួងមហាផ្ទៃ ជាសមាជិក
- តំណាងក្រសួងយុត្តិធម៌ ចំនួន០១ រូប ជាសមាជិក
- អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ជាសមាជិក
- ប្រធាននាយកដ្ឋានជំនាញនៃអគ្គនាយកដ្ឋាន ពន្ធនាគារ ចំនួន ០២ រូប ជាសមាជិក
- គណៈកម្មការនេះអាចមានសមាសភាពមួយចំនួនទៀត តាមការចាំបាច់។
ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការនេះ ត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្ទាប់ពីមានការឯកភាពពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
មាត្រា៧៦.-
លក្ខណសម្បត្តិ និងចំណាត់ថ្នាក់ប្រឡងប្រណាំង សំដៅជំរុញលើកទឹកចិត្តដល់ទណ្ឌិតម្នាក់ៗ ឲ្យខិតខំកសាងកែប្រែគំនិតមារយាទ ក្លាយជាពលរដ្ឋល្អដើម្បីធ្វើសមាហរណកម្មបញ្ចូលទៅក្នុងសង្គមជាតិវិញបាននៅពេលអនាគត ត្រូវកំណត់ដោយសេចក្តីណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ទណ្ឌិតដែលយល់ឃើញថា ខ្លួនបានបំពេញលក្ខខណ្ឌក្នុងការស្នើសុំបន្ធូរបន្ថយទោស ឬលើក លែងទោស ប៉ុន្តែមិនត្រូវបានប្រធានពន្ធនាគារធ្វើការស្នើសុំឲ្យខ្លួន សាមីខ្លួនមានសិទ្ធិប្តឹងតវ៉ាទៅ គណៈកម្មការថ្នាក់ជាតិ ដូចមានចែងក្នុងមាត្រា ៧៥ នៃច្បាប់នេះ ដោយមានការគាំទ្រពីក្រុមការងារប្រឡង ប្រណាំងនៃពន្ធនាគារ។
មាត្រា ៧៧.-
ក្នុងករណីចាំបាច់ ប្រមុខរាជរដ្ឋាភិបាលមានបុព្វសិទ្ធិធ្វើសំណើថ្វាយព្រះមហាក្សត្រសុំលើកលែងទោសឲ្យទណ្ឌិតនៅពេលណាក៏បាន។
មាត្រា៧៨.-
ពិធីបុណ្យ លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការបន្ធូរបន្ថយទោសនិងការលើកលែងទោស ត្រូវកំណត់ដោយព្រះរាជក្រឹត្យ។
មាត្រា ៧៩.-
គ្រប់ទណ្ឌិតដែលត្រូវទទួលទោសពន្ធនាគារមួយ ឬច្រើន អាចត្រូវបានដោះលែងដោយមានលក្ខខណ្ឌ ប្រសិនបើទណ្ឌិតនោះបានបង្ហាញឲ្យឃើញថា ខ្លួនមានគំនិតមារយាទល្អក្នុងរយៈពេលជាប់ឃុំ និងមានសម្បទាដែលអាចបញ្ចូលខ្លួនទៅក្នុងសង្គមវិញបាន។
លក្ខខណ្ឌ និងបែបបទនៃការអនុវត្តការដោះលែងដោយមានលក្ខខណ្ឌក្នុងច្បាប់នេះ ត្រូវអនុលោមតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
មាត្រា ៨០.-
ប្រធានពន្ធនាគារត្រូវធ្វើការដោះលែងជនជាប់ឃុំ ក្រោយពីបានទទួលលិខិតសម្រេចពីអាជ្ញាធរតុលាការ។ ជាគោលការណ៍ ទណ្ឌិតដែលទោសរបស់ខ្លួនត្រូវបញ្ចប់នៅថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ ឬថ្ងៃឈប់ សម្រាកផ្សេងទៀតដែលច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តបានកំណត់ ត្រូវតែដោះលែងឲ្យមានសេរីភាពវិញ នៅមុនថ្ងៃឈប់សម្រាកនោះ ស្របតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។
ជំពូកទី ៩៖ ទោសប្បញ្ញត្តិ
មាត្រា ៨១.-
ការធ្វើទារុណកម្ម អំពើឃោរឃៅ និងរាល់ទម្រង់ផ្សេងទៀតនៃការរំលោភបំពានដែលប្រព្រឹត្ត ទៅលើជនជាប់ឃុំ ត្រូវផ្តន្ទាទោសដោយយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
មាត្រា ៨២.-
ជនជាប់ឃុំដែលបានលួចរត់ចេញពីការឃុំខ្លួនតាមគ្រប់មធ្យោបាយ ត្រូវផ្តន្ទាទោសដោយយោង តាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ មាត្រា ៨៣.-
អំពើរបស់មន្ត្រីពន្ធនាគារដែលទទួលឃុំបុគ្គលណាម្នាក់ ឬពន្យាររយៈពេលឃុំ ឬដោះលែងជន ជាប់ឃុំដោយខុសច្បាប់ ត្រូវផ្តន្ទាទោសដោយយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
ជំពូកទី ១០៖ អន្តរប្បញ្ញត្តិ
មាត្រា ៨៤.-
លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងពន្ធនាគារដែលបានអនុវត្តកន្លងមក នៅមានសុពលភាព រហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស ស្របតាមគោលការណ៍នៃច្បាប់នេះ។
ជំពូកទី ១១៖ អវសានប្បញ្ញត្តិ
មាត្រា ៨៥.-
បទប្បញ្ញត្តិទាំងឡាយដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍។
ធ្វើនៅព្រះបរមរាជវាំងរាជធានីភ្នំពេញថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១១