ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា

(០៦ ន.ស.៩៤ ចុះថ្ងៃទី៣០ ខែ តុលា ១៩៩៤)

មាតិកា

ជំពូកទី ១៖ បញ្ញត្តិទូទៅ

មាត្រា ១.-

អ្នករាជការក្របខ័ណ្ឌទាំងឡាយនៃព្រះរាជណាចក្រកម្ពុជា ក្រៅពីអ្នករាជការដែលស្ថិតនៅក្នុងក្រុមតុលាការ និងក្រុមនីតិប្បញ្ញត្តិដែលមានលក្ខណៈ​ពិសេសនោះត្រូវស្ថិតនៅក្នុងសហវិធាននេះ។

មាត្រា ២.-

ច្បាប់នេះអនុវត្តចំពោះអ្នករាជការនៃព្រះរាជាណាចក្រកម្ពុជា ក្នុងក្រប​ខ័ណ្ឌ​ទាំងពួងដែលបានបង្កើត និងរៀបចំឡើងតាមព្រះរាជក្រឹត្យ ហើយបាន​ចូលធ្វើការនៅតាមក្រសួង ស្ថាប័ននានា ដោយមានសិទ្ធិទទួលប្រាក់សោធននិវត្តន៍។

មាត្រា ៣.-

ក្របខ័ណ្ឌទាំងឡាយនៃអ្នករាជការ ត្រូវកំណត់ដោយលក្ខន្តិកៈដោយឡែកតាមព្រះរាជក្រឹត្យ។

មាត្រា ៤.-

ប្រភេទក្របខ័ណ្ឌ ឋានន្តរស័ក្តិ ថ្នាក់សន្ទស្សន៍បៀវត្សអ្នករាជការក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលក្ខន្តិកៈដោយឡែកនៃអង្គផ្សេងៗ ត្រូវកំណត់ដោយព្រះរាជក្រឹត្យ។

មាត្រា ៥.-

ការតែងតាំង ការតម្លើងថ្នាក់ ការផ្លាស់ប្តូរ ការដាក់ក្រៅតំណែង ឬការដាក់អោយនៅក្រៅក្របខ័ណ្ឌ ត្រូវសម្រេច ដោយព្រះរាជក្រឹត្យ អនុក្រឹត្យ ឬប្រកាស។

ការបញ្ឈប់លែងអោយធ្វើការដោយបង្ខំ ការដាក់អោយចូលនិវត្តន៍មុនកំណត់ និងការហូតងារនៃអ្នករាជការ ក្របខ័ណ្ឌ ត្រូវសម្រេចតាមព្រះរាជក្រឹត្យ អនុក្រឹត្យ ឬប្រកាស ស្របតាមលក្ខន្តិកៈដោយឡែក នៃអ្នករាជការនេះ។

មាត្រា ៦.-

អ្នករាជការម្នាក់ៗមានសិទ្ធិសុំមើលកំណត់ត្រា និងឯកសារផ្សេងៗដែលជាសំណុំរឿងផ្ទាល់ខ្លួន មុននឹងត្រូវ ទទួលទណ្ឌកម្មខាងវិន័យ ឬមុននឹងត្រូវផ្លាស់ដោយបង្ខំ។ សិទ្ធិដដែលនេះ ត្រូវបានអនុញ្ញាតអោយដល់អ្នករាជការ​ណា ដែលយឺតយូរមិនបានឡើងឋានន្តរស័ក្តិ ឬថ្នាក់តាមវេនអតីតភាព។

មាត្រា ៧.-

អ្នករាជការក្របខ័ណ្ឌអាចដាក់ឱ្យទៅបម្រើការឬបំពេញមុខងារក្រៅពីក្រប​ខ័ណ្ឌដើមរបស់ខ្លួនបាន ក្នុងករណីចាំបាច់ និងមានការយល់ព្រមពីសាមីខ្លួន។

អ្នករាជការក្របខ័ណ្ឌ មានសិទ្ធិសុំផ្លាស់កន្លែងធ្វើការទៅតាមប្ដី ឬប្រពន្ធបាន។

មាត្រា ៨.-

នៅក្នុងក្របខ័ណ្ឌនីមួយៗ តាមគោលការណ៍ អ្នករាជការក្នុងឋានន្តរស័ក្តិ ឬថ្នាក់ណាមួយ មិនអាចចាត់អោយទៅធ្វើការក្រោមបង្គាប់អ្នករាជការម្នាក់ទៀតដែលមានឋានន្តរស័ក្តិ ឬថ្នាក់ទាបជាងខ្លួនទេ លើកលែងតែក្នុងករណី ចាំបាច់ ហើយសាមីខ្លួនដែលមានឋានន្តរស័ក្តិ ឬថ្នាក់ធំជាងនោះយល់ព្រម។

មាត្រា ៩.-

របបស្តីពីការសុំច្បាប់ និងការឈប់សម្រាកប្រចាំឆ្នាំ ប្រាក់បំណាច់បេសកកម្ម ប្រាក់បំណាច់ព្យាបាលរោគក្នុងមន្ទីរពេទ្យ និងប្រាក់សោធននិវត្តន៍។ល។ ត្រូវកំណត់តាមច្បាប់ដោយឡែក។

មាត្រា ១0.-

បៀវត្សនិងប្រាក់បន្ទាប់បន្សំនៃបៀវត្ស ដូចជាប្រាក់បំណាច់បន្ថែមនិងប្រាក់បំណាច់ទទួលខុសត្រូវ ប្រាក់តំបន់ ប្រាក់ឧបត្ថម្ភកូន និងប្រពន្ធ ប្រាក់ថ្លៃឈ្នួលផ្ទះ ថ្លៃសង្ហារឹមក្នុងផ្ទះ ថ្លៃជាវមធ្យោបាយការងារ ថ្លៃទឹក និងថ្លៃភ្លើង។ល។ នៃអ្នករាជការ ត្រូវកំណត់តាមច្បាប់ដោយឡែក។

ជំពូកទី ២៖ការជ្រើសរើសអោយចូលធ្វើការ

មាត្រា ១១.-

បេក្ខជនទាំងពីរភេទអាចទទួលឱ្យចូលធ្វើការក្នុងក្របខ័ណ្ឌរាជការបាន លុះត្រាតែបេក្ខជននោះបានបំពេញ នូវល័ក្ខខ័ណ្ឌដូចខាងក្រោម៖

១- មានសញ្ជាតិជាខ្មែរ ។

២- មានអាយុយ៉ាងតិច ១៨ ឆ្នាំ ហើយមិនលើសពី ២៥ ឆ្នាំ ប៉ុន្តែមានករណីលើកលែងខ្លះ ដូចមានចែង ខាងក្រោមនេះ ៖

ក-ចំពោះបេក្ខជនដែលមានសញ្ញាប័ត្រឧត្តមសិក្សា ការកម្រិតអាយុ ត្រូវបានរំកិលពី ២៥ ឆ្នាំ ដល់៣០ឆ្នាំ យ៉ាងច្រើនបំផុត។

 ខ- ចំពោះបេក្ខជនដែលបានរៀននៅគ្រឹះស្ថានឧត្តមសិក្សា មួយឆ្នាំ ឬច្រើនឆ្នាំ ហើយមិនបានសញ្ញាប័ត្រនោះ ការកំរិតអាយុ ២៥ ឆ្នាំ នឹងត្រូវ រំកិលតាមចំនួនឆ្នាំដែលបានរៀនក្នុងគ្រឹះស្ថាន ឧត្តមសិក្សាទាំងនោះ តែមិនឱ្យលើសពីអាយុ ៣០ ឆ្នាំ។

គ- ចំពោះបេក្ខជនដែលបានបំពេញកាតព្វកិច្ចយោធា ការកម្រិតអាយុត្រូវរំកិលតាមចំនួនឆ្នាំដែលបានបំពេញកាតព្វកិច្ចយោធានោះ ។

ឃ- ក្នុងពេលចាំបាច់ រាជរដ្ឋាភិបាលអាចចេញអនុក្រឹត្យលើកលែងការកំណត់អាយុនៃបេក្ខជន ដើម្បី បំពេញសេចក្តីត្រូវការជាអាទិភាព និងដើម្បីផលប្រយោជន៍ជាតិ។

៣- មិនបានប្រាសចាកសិទ្ធិខាងផ្លូវរដ្ឋប្បវេណី សិទ្ធិជាពលរដ្ឋ សិទ្ធិខាងនយោបាយ។

៤- មិនដែលមានទោសឧក្រិដ្ឋ ឬមជ្ឈិមពីរឿងល្មើសប៉ះពាល់ដល់ទំនៀមទម្លាប់ កិត្តិយសនិងភាពសុចរិត។

៥- ត្រូវមានកាយសម្បទាគ្រប់គ្រាន់ក្នុងការបំពេញការងារ ដែលលក្ខណៈសម្បត្តិមានចែងទុកជាមុននៅក្នុងសេចក្តីណែនាំ និងបទបញ្ជាជាធរមាន។

៦-បងប្អូនជនជាតិភាគតិច បងប្អូននៅតំបន់ដាច់ស្រយាល និងបងបួននារីភេទ អាចត្រូវបានផ្តល់អាទិភាពនិងភាពងាយស្រួល។

៧- ត្រូវបំពេញល័ក្ខខ័ណ្ឌខាងសមត្ថភាពគ្រប់គ្រាន់ ដូចមានចែងក្នុងបទបញ្ជាដោយឡែកនៃអង្គដែលខ្លួនមានបំណងសុំចូលបម្រើការងារ។

មាត្រា ១២.-

ល័ក្ខខ័ណ្ឌស្តីពីសញ្ជាតិ និងអាយុ ត្រូវបញ្ជាក់តាមសំបុត្រអត្រានុកូលដ្ឋាន ឬ​​តាមសាលក្រមជំនួស អត្រានុកូលដ្ឋាននោះ។

សេចក្តីបញ្ជាក់ថាគ្មានទោស ត្រូវកំណត់ក្នុងសំបុត្រថ្កោលទោសមួយ មានសុពលភាព ៣ ខែ ដែលចេញឱ្យ ដោយក្រសួងយុត្តិធម៌។

មាត្រា ១៣.-

ជាគោលការណ៍ រាល់ការជ្រើសរើសបេក្ខជនឱ្យចូលក្នុងក្របខ័ណ្ឌ ត្រូវធ្វើឡើងតាមការប្រឡងប្រជែង លើកលែងតែមានការកំណត់ផ្សេងពីនេះដោយ​រាជរដ្ឋាភិបាល។

មាត្រា ១៤.-

កាលបរិច្ឆេទនៃការប្រឡងប្រជែងជ្រើសរើសអោយចូលក្នុងក្របខ័ណ្ឌរាជការ ត្រូវកំណត់ និងផ្សព្វផ្សាយយ៉ាងតិច ៣ខែ មុនថ្ងៃដែលបើកឱ្យចូលប្រឡង។ ក្នុងករណីដែលមានការប្រញាប់ ការផ្សព្វផ្សាយត្រូវធ្វើយ៉ាងតិច៣០ ថ្ងៃ។

មាត្រា ១៥.-

ជាគោលការណ៍ រាល់ការប្រឡងប្រជែងជ្រើសរើសឱ្យចូលក្របខ័ណ្ឌរាជការ ត្រូវមានតំណាងស្ថាប័នមុខងារសាធារណៈចូលរួម។

ជំពូកទី ៣៖ ការធ្វើកម្មសិក្សា ការតាំងស៊ប់ក្នុងក្របខ័ណ្ឌ ការបញ្ចេញពីក្របខ័ណ្ឌ

មាត្រា ១៦.-

ការតាំងស៊ប់ក្នុងក្របខ័ណ្ឌរាជការ នឹងអាចសម្រេចបានជាស្ថាពរ ក្រោយពីបានធ្វើកម្មសិក្សាសាកល្បងមួយ។ ផ្ទុយទៅវិញ អាចលើកលែងមិនបាច់ធ្វើកម្មសិក្សា ចំពោះបេក្ខជនទាំងឡាយដែលបានប្រឡងជាប់ទៅកាន់ប្រភេទ ក្របខ័ណ្ឌខ្ពស់ជាង នៃអង្គដែលខ្លួនធ្លាប់ជាមន្ត្រីរាជការចាស់ តាំងស៊ប់ក្នុងក្របខ័ណ្ឌម្តងរួចហើយ។

មាត្រា ១៧.-

បៀវត្សរបស់កម្មសិក្សាការី ត្រូវកាត់ទុកប្រាក់សម្រាប់សោធននិវត្តន៍។ បើសិនជាកម្មសិក្សាការីនោះមិនបាន តាំងស៊ប់ក្នុងក្របខ័ណ្ឌរាជការទេនោះ ប្រាក់ដែលបានកាត់ទុកសម្រាប់សោធននិវត្តន៍នោះត្រូវសងមកសាមីខ្លួនវិញ ។

មាត្រា ១៨.-

រយៈពេលកម្មសិក្សាត្រូវកម្រិត១២ខែ។ រយៈពេលកម្មសិក្សាត្រូវគិតពីថ្ងៃតែងតាំងកម្មសិក្សាការីនោះ។ កម្មសិក្សានេះមិនត្រូវយកជាការបានទេ បើកាលណាសាមីជនអាក់ខានមកធ្វើកម្មសិក្សាសរុបលើសពី៣០ថ្ងៃ។ ក្នុងករណីនេះ សាមីជនត្រូវបន្តធ្វើកម្មសិក្សានៅឆ្នាំទី ២ ទៀត។

  • ការតាំងស៊ប់ក្នុងក្របខ័ណ្ឌរាជការនឹងធ្វើទៅបានលុះត្រាតែកម្មសិក្សាការីបានបំពេញកម្មសិក្សាចំនួន ១២ ខែជាពិតប្រាកដ។ រយៈ​ពេលកម្មសិក្សានេះត្រូវបន្ថយ ៦ ខែចំពោះមន្ត្រីរាជការក្របខ័ណ្ឌចាស់ ដែលបានប្រឡងជាប់ចូលក្របខ័ណ្ឌថ្មីមួយទៀត ដោយរក្សាអតីតភាពដែលមានពីមុន។
  • ការតាំងស៊ប់ក្នុងក្របខ័ណ្ឌ ត្រូវធ្វើឡើងដោយអាជ្ញាធរមានសមត្ថកិច្ចតែងតាំង តាមសំណើពីប្រធានអង្គភាព។ ការតែងតាំងស៊ប់នៃកម្មសិក្សាការី ត្រូវមានការរួមយោបល់ពីគណៈកម្មការមួយ។

សមាសភាពគណៈកម្មការនេះមាន៖

១- ប្រធានស្ថាប័ន ឬតំណាង  ប្រធាន

២-ប្រធានអង្គភាពដែលគ្រប់គ្រង ឬតំណាង សមាជិក

៣- ប្រធានការិយាល័យបុគ្គលិក ឬតំណាង សមាជិក

៤- អ្នករាជការមួយរូបដែលមានក្របខ័ណ្ឌជាមួយគ្នា សមាជិក

កម្មសិក្សាការីណាដែលមិនបានបង្ហាញឱ្យឃើញថាខ្លួនមានសម្បទាវិជ្ជាជីវៈ គ្រប់គ្រាន់ ឬក៏ពិនិត្យឃើញថា របៀបធ្វើការងារមានការខ្ជីខ្ជា ឬក៏គ្មានកម្លាំងពលំនឹងកាន់មុខតំណែងបាន តាមល័ក្ខខ័ណ្ឌដែលបានកំណត់ក្នុងសេចក្តីណែនាំជាធរមាន អាចបញ្ឈប់មិនឱ្យធ្វើការនេះពេលណាក៏បានក្នុងរយៈពេលកម្មសិក្សា។ ត្រូវបញ្ឈប់មិនឱ្យធ្វើការ ដូចគ្នាដែរ ចំពោះអ្នករាជការដែលបានប្រព្រឹត្តបទល្មើសនឹងមាត្រា ៣៣ និងមាត្រាបន្តបន្ទាប់ទៅមុខទៀតនៃច្បាប់នេះ ដែលចែងពីការដាក់វិន័យចំពោះ មន្ត្រីរាជការ។

ការបញ្ឈប់មិនឱ្យធ្វើការ ឬការតាំងស៊ប់ក្នុងក្របខ័ណ្ឌ តោងតែសម្រេចជាដាច់ខាតក្នុងរយៈពេល ៣ ខែ ក្រោយ ថ្ងៃផុតកំណត់រយៈពេលកម្មសិក្សា១២ ខែកន្លងមក។ ការតែងតាំងស៊ប់ក្នុងក្របខ័ណ្ឌ ចាប់ផ្តើមមានប្រសិទ្ធភាពក្នុងផ្នែកបៀវត្សក៏ដូចជាអតីតភាពការងារសម្រាប់ឡើងឋានន្តរស័ក្តិ ឬថ្នាក់ ចាប់ពីថ្ងៃផុតកំណត់នៃកម្មសិក្សានេះ។ ប៉ុន្តែ អតីតភាពការងារ​សម្រាប់ចូលនិវត្តន៍ ត្រូវបានគិតបញ្ចូលតាំងពីថ្ងៃចាប់ផ្តើមធ្វើកម្មសិក្សា។

មាត្រា ១៩.-

អ្នករាជការណាដែលធ្វើការតទៅទៀតមិនបាន ដោយហេតុមកពីបាត់បង់សម្បទាវិជ្ជាជីវៈ ហើយដែលមិនបាន បំពេញល័ក្ខខ័ណ្ឌគ្រប់គ្រាន់ដើម្បីទទួលសោធននិវត្តន៍ អាចនឹងត្រូវបញ្ឈប់មិនឱ្យធ្វើការតទៅទៀតនៅពេលណាក៏បាន។

អ្នករាជការមានអតីតភាពការងារចាប់ពី ២០ ឆ្នាំឡើងទៅ ដែលតម្រូវឱ្យចូលនិវត្តន៍ដោយបាត់បង់សម្បទាវិជ្ជាជីវៈ មានសិទ្ធិទទួលសោធនសមាមាត្រ។ បើអតីតភាពការងារក្រោម ២០ ឆ្នាំ អ្នករាជការដែលបាត់បង់​សម្បទា វិជ្ជាជីវៈ មានសិទ្ធិទទួលប្រាក់សោធនដែលបានកាត់ទុក និងប្រាក់ឧបត្ថម្ភផ្សេងៗរបស់រដ្ឋតែមួយលើក។

ការកំណត់ថាបាត់បង់សម្បទាវិជ្ជាជីវៈ ត្រូវសំរេចដោយគណៈកម្មការមួយ ដែលមានសមាសភាពដូចខាង ក្រោមនេះ៖

១- ប្រធានស្ថាប័នឬតំណាង ប្រធាន

២-ប្រធានអង្គភាពដែលគ្រប់គ្រងឬតំណាង សមាជិក

៣- ប្រធានការិយាល័យបុគ្គលិក ឬតំណាង សមាជិក

៤- គ្រូពេទ្យដែលបានទទួលសច្ចាប្រណិធាន ហើយដែលចាត់តាំងឡើងដោយក្រសួងសុខាភិបាល សមាជិក

៥- អ្នករាជការដែលនៅក្នុងក្របខ័ណ្ឌជាមួយគ្នាពីរនាក់ដែលមានឋានន្តរស័ក្តិយ៉ាងហោចណាស់ ស្មើនឹងសាមីខ្លួន 

ជំពូកទី ៤៖ ការឡើងឋានន្តរស័ក្តិ ឬឡើងថ្នាក់

មាត្រា ២០.-

ការឡើងឋានន្តរស័ក្តិ ឬឡើងថ្នាក់នៃអ្នករាជការ ត្រូវធ្វើតាមវេនជ្រើសរើសក៏បាន ឬតាមវេនជ្រើសរើសនិងអតីតភាពជាមួយគ្នាក៏បាន។

តាមធម្មតា រយៈពេលអប្បបរមានៃការឡើងថ្នាក់ ត្រូវកម្រិត២ ឆ្នាំ។ ដើម្បីនឹងអាចឱ្យឡើងថ្នាក់តាមការជ្រើសរើសយកនោះ ត្រូវមានចុះឈ្មោះ​នៅក្នុងតារាងឡើងថ្នាក់។ ក្នុងករណីអ្នករាជការណាម្នាក់បំពេញការងារមានស្នាដៃ ល្អពិសេស ត្រូវបានតម្លើងថ្នាក់ជាស្វ័យប្រវត្តិ ដោយពុំគិតពី​ល័ក្ខ​ខ័ណ្ឌ​អតីតភាពឡើយ។

ចំពោះក្របខ័ណ្ឌទាំងអស់ ការតម្លើងថ្នាក់ ត្រូវមានការយល់ព្រមពីស្ថាប័នមានសមត្ថកិច្ចក្នុងការតែងតាំង ដែលសម្រេចឱ្យតាមកម្រិតនៃកន្លែងទំនេរក្នុងឋានន្តរស័ក្តិនីមួយៗ និងតាមកម្រិតមុខចំណាយថវិកា។

មាត្រា ២១.-

អ្នករាជការក្នុងឋានន្តរស័ក្តិតែមួយ អាចឡើងថ្នាក់បានម្តងមួយថ្នាក់ បើដូរឋានន្តរស័ក្តិ _ ត្រូវឡើងទៅថ្នាក់ ក្រោមបំផុតនៃស័ក្តិខ្ពស់ជាងនោះ ។ នៅពេលដែលអ្នករាជការត្រូវប្តូរប្រភេទក្របខ័ណ្ឌ ដោយសារបានប្រឡងជាប់ទៅ ប្រភេទក្របខ័ណ្ឌខ្ពស់ សន្ទស្សន៍បៀវត្សត្រូវគិតត្រឹមថ្នាក់ដែលមានកំរិតស្មើ ឬខ្ពស់បន្ទាប់ពីសន្ទស្សន៍បៀវត្សចាស់នៃអ្នក រាជការនោះ ។

ការតម្លើងឋានន្តរស័ក្តិ ឬថ្នាក់ទាំងឡាយ ត្រូវគិតលើផ្នែកបៀវត្ស និងអតីតភាពចាប់ពីកាលបរិច្ឆេទ ដែលការ តម្លើងឋានន្តរស័ក្តិនេះ ត្រូវបានប្រកាស។

មាត្រា ២២.-

ជារៀងរាល់ឆ្នាំ នៅខែមករា អ្នករាជការទាំងអស់ដែលមានសិទ្ធិត្រូវតម្លើងឋានន្តរស័ក្តិ ឬថ្នាក់ ត្រូវបំពេញព្រឹត្តិប័ត្រពិន្ទសម្រាប់តម្លើងថ្នាក់របស់ខ្លួន​។ ព្រឹត្តិប័ត្រពិន្ទនេះ ត្រូវបានប្រធានអង្គភាពធ្វើការកត់សម្គាល់ និងបញ្ជាក់ បន្ថែម ព្រមទាំងកំណត់ជាពិន្ទុ។

អភិបាលខេត្ត ក្រុង មានភារៈផ្តល់យោបល់ទៅលើកិរិយាមារយាទ ការគោរពវិន័យ សាមគ្គីភាពរបស់ប្រធានមន្ទីរនានានៅខេត្ត ក្រុង។

តារាងពិន្ទុទាំងនោះត្រូវបញ្ជូនតាមលិខិតសម្ងាត់ទៅប្រធានស្ថាប័នសាមី។

មាត្រា ២៣.-

ក្រោយពីបានចារលើព្រឹត្តិប័ត្រពិន្ទុ តាមក្របខ័ណ្ឌ និងលំដាប់លំដោយអតីតភាព ប្រធានអង្គភាព ឬប្រធានស្ថាប័នមានសមត្ថកិច្ច បញ្ឈប់បញ្ជីស្នើសុំឡើងថ្នាក់នោះ។ បញ្ជីខាងលើនេះ ត្រូវចុះឈ្មោះអ្នករាជការដែលបានបំពេញល័ក្ខខ័ណ្ឌដូចខាងក្រោម៖

១-តាមធម្មតា អតីតភាពការងារយ៉ាងតិចបាន ២ ឆ្នាំ ចំពោះឋានន្តរសក្តិ ឬថ្នាក់ដែលបានទទួល គិតចាប់ ពីថ្ងៃចូលឆ្នាំខ្មែរ ដែលជាថ្ងៃធ្វើតារាងឡើងថ្នាក់។

២- ត្រូវមានសេចក្តីស្នើសុំឱ្យឡើងថ្នាក់ត្រឹមត្រូវតាមច្បាប់ ពីថ្នាក់គ្រប់គ្រងបន្តបន្ទាប់ដែលសាមីខ្លួននៅ ក្រោមបង្គាប់។

មាត្រា ២៤.-

ព្រឹត្តប័ត្រកំណត់ពិន្ទវិជ្ជាជីវៈ និងស្ថានភាពសេវាកម្មនៃរាជការម្នាក់ៗដែលស្នើសុំឡើងឋានន្តរស័ក្តិ ឬថ្នាក់ ត្រូវ ដាក់ឱ្យគណៈកម្មការចំណាត់ថ្នាក់ពិនិត្យ។

មាត្រា ២៥.-

តារាងតម្លើងឋានន្តរស័ក្តិ ឬថ្នាក់ត្រូវធ្វើដោយគណៈកម្មការចំណាត់ថ្នាក់ តែងតាំងតាមសំណើប្រធាន អង្គភាព ឬពីប្រធានស្ថាប័នសាមី។

គណៈកម្មការនេះ ត្រូវតែងតាំងឡើងតាមព្រះរាជក្រឹត្យ អនុក្រឹត្យ ឬ តាមប្រកាសក្រសួង ហើយត្រូវមាន សមាសភាពដូចតទៅ ៖

១- ប្រធានស្ថាប័ន ឬតំណាង ប្រធាន

២- ប្រធានអង្គភាពដែលគ្រប់គ្រង ឬតំណាង សមាជិក

៣- ប្រធានការិយាល័យបុគ្គលិក ឬតំណាង សមាជិក

៤-អ្នករាជការពីរនាក់ ដែលនៅក្នុងក្របខ័ណ្ឌជាមួយគ្នាតែមានឋានន្តរស័ក្តិ និងថ្នាក់ខ្ពស់ជាង ឬបើគ្មានទេត្រូវយកអ្នករាជការក្នុងក្របខ័ណ្ឌឯទៀតក៏បានដែរ។ អ្នករាជការទាំងនេះ ត្រូវជ្រើសរើសឡើងដោយការបោះឆ្នោត សមាជិក

មាត្រា ២៦.-

តារាងតម្លើងឋានន្តរស័ក្តិ ឬថ្នាក់ ត្រូវធ្វើឡើងក្នុងត្រីមាសទី៤ នៃឆ្នាំនីមួយៗ (ត្រីមាសទី៤ នៃឆ្នាំខ្មែរ)។ តារាងនេះប្រើការសម្រាប់ឆ្នាំបន្ទាប់ និងមានតែឈ្មោះអ្នកដែលស្នើឡើងតាមវេនជ្រើសរើស។

គណៈកម្មការចំណាត់ថ្នាក់ប្រជុំពេញអង្គ កំណត់មធ្យមភាគនៃពិន្ទុចំពោះបេក្ខជនម្នាក់ៗពីពិន្ទ ០ ដល់ ពិន្ទ ២០ រួចគណៈកម្មការនេះ ស្រង់ឈ្មោះបេក្ខជនតាមលំដាប់លំដោយពិន្ទុ។

ការចុះឈ្មោះក្នុងតារាងតម្លើងឋានន្តរស័ក្តិឬថ្នាក់ ត្រូវធ្វើតាមចំនួនកន្លែងដែលមានសល់ទំនេរ។

ចំនួនឈ្មោះដែលចុះក្នុងតារាងតម្លើងឋានន្តរស័ក្តិឬថ្នាក់ប្រចាំឆ្នាំ សម្រាប់ក្របខណ្ឌនីមួយៗ នៅក្នុងឋានន្តរស័ក្តិ ឬថ្នាក់នីមួយៗ ត្រូវកំណត់ដោយព្រះរាជក្រឹត្យ អនុក្រឹត្យ ឬប្រកាស តាមចំនួនកន្លែងទំនេរ និងតាមមុខចំណាយដែលមានគ្រោងទុកក្នុងថវិកា។

មាត្រា ២៧.-

ក្នុងករណីដែលមិនអាចចុះឈ្មោះបេក្ខជនទាំងអស់ក្នុងតារាងតម្លើងឋានន្តរស័ក្តិ ឬថ្នាក់នៃឆ្នាំនេះបានទេ សាមីជនត្រូវមានសិទ្ធិចុះឈ្មោះមុនគេបង្អស់ តាមលេខរៀងក្នុងតារាងតម្លើងឋានន្តរស័ក្តិ ឬថ្នាក់ឆ្នាំបន្ទាប់មកទៀតលើកលែងតែគណៈកម្មការសំរេចផ្ទុយពីនេះ ដោយមានសេចក្តីរាយការណ៍សមហេតុផលពីប្រធានគ្រប់គ្រងសាមី។

មាត្រា ២៨.-

ដើម្បីចុះឈ្មោះក្នុងតារាងឡើងឋានន្តរស័ក្តិឬថ្នាក់បាននៅថ្ងៃ១៣ ខែ មេសា ក្នុងឆ្នាំនីមួយៗ បេក្ខជនត្រូវមាន លក្ខណសម្បត្តិគ្រប់គ្រាន់ ដែលមានចែងក្នុងលក្ខន្តិកៈដោយឡែកនៃអង្គរបស់ខ្លួន ដើម្បីឡើងថ្នាក់។ ក្នុងករណីពិសេស គណៈកម្មការចំណាត់ថ្នាក់ មានសិទ្ធិចុះឈ្មោះក្នុងតារាងតម្លើងឋានន្តរស័ក្តិឬថ្នាក់បាននូវអ្នករាជការណាដែលអង្គភាពគ្រប់គ្រងមិនបានស្នើសុំតម្លើងឋានន្តរស័ក្តិ ឬថ្នាក់។

មាត្រា ២៩.-

អតីតភាពការងារមន្ត្រីរាជការដែលធ្វើការនៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ប៉ះពាល់សុខភាព ឬ គ្រោះថ្នាក់ ត្រូវគិតបន្ថែមពាក់កណ្តាលនៃអតីតភាពនេះទៀត ក្នុងការចុះឈ្មោះលើតារាងរាយនាមសំរាប់ស្នើសុំ​តម្លើង​ឋានន្តរស័ក្តិ ឬថ្នាក់។

មាត្រា ៣០.-

ការតម្លើងឋានន្តរស័ក្តិ ឬថ្នាក់តាមវេនអតីតភាព ត្រូវឆ្លាស់គ្នាជាមួយការឡើងឋានន្តរស័ក្តិ ឬថ្នាក់ តាមវេន ជ្រើសរើស ទៅតាមសមាមាត្រដែលបានគ្រោងទុកក្នុងលក្ខន្តិកៈដោយឡែកសម្រាប់អង្គនីមួយៗ។

ការឡើងឋានន្តរស័ក្តិ ឬថ្នាក់តាមវេនអតីតភាព ត្រូវសម្រេចតាមលំដាប់លំដោយអតីតភាពជាដាច់ខាត ក្នុងបញ្ជី រាយនាមអ្នករាជការដែលត្រូវសុំឱ្យឡើងឋានន្តរស័ក្តិឬថ្នាក់នោះ។

មាត្រា ៣១.-

សិទ្ធិត្រូវបានឡើងឋានន្តរស័ក្តិឬថ្នាក់ ដោយវេនជ្រើសរើស ក៏ដូចជាដោយវេនអតីតភាព ត្រូវផ្អាកចំពោះ អ្នករាជការណាដែលជាប់ចោទជាបទវិន័យ ឬជាបទតុលាការ។

មាត្រា ៣២.-

ឋានន្តរស័ក្តិកិត្តិយស អាចផ្តល់ដោយអាជ្ញាធរមានសមត្ថកិច្ចតែងតាំងជូនមន្ត្រីរាជការចូលនិវត្តន៍ ឬ លាលែង ឬដែលបានដាក់ឱ្យឈប់ធ្វើការងារ ដោយបាត់បង់សមត្ថភាពការងារ។ ឋានន្តរស័ក្តិកិត្តិយសជាកិច្ចបច្ឆាម​រណៈ អាចផ្តល់ជូនមន្ត្រីរាជការដែលបានទទួលមរណភាព។

ជំពូកទី ៥៖ វិន័យ

មាត្រា ៣៣.-

អ្នករាជការរាល់រូប ត្រូវតែគោរពអនុវត្តច្បាប់ និងបទបញ្ជា ហើយនិងការណែនាំថ្នាក់លើរបស់ខ្លួន។

អ្នករាជការ ត្រូវទទួលខុសត្រូវចំពោះមុខថ្នាក់លើអំពីកិច្ចការរបស់ខ្លួន និងអំពើដែលអាចធ្វើឱ្យប៉ះពាល់ទៅលើ សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់ខ្លួន។

អ្នករាជការក្នុងក្របខ័ណ្ឌទាំងអស់ ត្រូវតែគោរពបញ្ជាថ្នាក់ដែលបានចាត់ឱ្យទៅបម្រើការងារ ទោះបីទីតំបន់ណាក៏ដោយ ទាំងក្នុង និងក្រៅប្រទេស។

មាត្រា ៣៤.-

អ្នករាជការទាំងឡាយ មិនអាចឈប់ធ្វើការដោយគ្មានបានទទួលការអនុញ្ញាតជាមុនពីថ្នាក់លើរបស់ខ្លួន ឬដោយគ្មានមូលហេតុត្រឹមត្រូវ។ ការឈប់ធ្វើការ ឬការខានទៅធ្វើការដោយគ្មានការអនុញ្ញាត ឬដោយគ្មានមូលហេតុ ត្រឹមត្រូវ អាចបង្ខំឱ្យអ្នករាជការនោះនៅទំនេរគ្មានបៀវត្ស ឬត្រូវផ្អាកបៀវត្ស។ អ្នករាជការនោះ អាចនឹងត្រូវទទួលទណ្ឌកម្មខាងវិន័យដូចមានចែងក្នុងមាត្រា ៤០ នៃច្បាប់នេះ។

មាត្រា ៣៥.-

ត្រូវហាមឃាត់ជាដាច់ខាត ដល់អ្នករាជការនូវការខាងក្រោម៖

 ១- យកម៉ោងរដ្ឋបាលទៅប្រកបមុខរបរផ្ទាល់ខ្លួនផ្សេងៗទៀត។

២- យកឥទ្ធិពលនិងអំណាចនៅក្នុងមុខងាររបស់ខ្លួនទៅប្រើ ដើម្បីទាញយកផលប្រយោជន៍អ្វីមួយឬដើម្បីសំឡុត គំរាមគំហែង បំពានសិទ្ធិរបស់ពលរដ្ឋ។

៣- ប្រកបមុខរបរណាដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃអ្នករាជការ។

៤- ចូលជាសមាជិកក្នុងក្រុមប្រឹក្សាភិបាល ឬគ្រប់គ្រងក្រុមហ៊ុនឯកជនដោយផ្ទាល់ ឬដោយប្រយោល។

៥- បោះពុម្ពផ្សាយ ឬធ្វើការផ្សព្វផ្សាយព័ត៌មានដែលមានពាក់ព័ន្ធនៅក្នុងមុខងារក្រសួង ដោយពុំមានការអនុញ្ញាតជាមុនពីប្រធានស្ថាប័ន ដែលសាមីខ្លួននៅក្រោមឱវាទ។

៦-ប្រកបមុខរបរបន្ថែមត្រួតលើមុខងាររបស់ខ្លួនជាអ្នករាជការ ក្នុងករណីដែលលក្ខន្តិកៈដោយឡែកនៃអង្គនីមួយៗហាមឃាត់។

 អំពើបំពាននឹងបទប្បញ្ញត្តិនៃមាត្រានេះ អាចបណ្តាលឱ្យទទួលទណ្ឌកម្មផ្នែកវិន័យណាមួយដែលមានចែងក្នុង មាត្រា ៤០នៃច្បាប់នេះ ដោយមិនទាន់គិតដល់ការចោទប្រកាន់ជាបទអាជ្ញាដែលអាចកើតមានឡើងទៀតផង។

មាត្រា ៣៦.-

អ្នករាជការទាំងឡាយមានសិទ្ធិចូលជាសមាជិក ឬចូលរួមក្នុងការគ្រប់គ្រងសមាគមស្របច្បាប់។

មាត្រា ៣៧.-

មន្ត្រីរាជការ ត្រូវមានអព្យាក្រឹតភាពក្នុងសកម្មភាពការងារ និងហាមឃាត់ដាច់ខាតនូវការប្រើប្រាស់មុខងាររបស់ខ្លួន និងសម្ភារៈរបស់រដ្ឋដើម្បីបម្រើ​សកម្មភាពនយោបាយដូចខាងក្រោម៖

១- ធ្វើការដើម្បីផលប្រយោជន៍ដល់បេក្ខជននយោបាយ ឬប្រឆាំងនឹងបេក្ខជននយោបាយណាមួយ។

២- ធ្វើការដើម្បីផលប្រយោជន៍គណបក្សនយោបាយ ឬប្រឆាំងនឹងគណបក្សនយោបាយណាមួយ។

ការប្រព្រឹត្តិផ្ទុយនឹងមាត្រានេះចាត់ទុកជាកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ។

មាត្រា ៣៨.-

អ្នករាជការទាំងអស់ត្រូវបង្ហាញឱ្យឃើញថា ខ្លួនមានសមត្ថភាពក្នុងវិជ្ជាជីវៈ​ជាដរាបក្នុងការប្រតិបត្តិមុខងារ របស់ខ្លួន។ អ្នករាជការទាំងអស់ត្រូវទទួលខុសត្រូវពីកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ ព្រមទាំងបទល្មើសដែលខ្លួនបានប្រព្រឹត្តក្នុងមុខងាររបស់ខ្លួន។

មាត្រា ៣៩.-

កំហុសនិងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈត្រូវយកទណ្ឌកម្មខាងវិន័យទៅអនុវត្ត។ ការខ្វះខាតឬបាត់បង់សម្បទា វិជ្ជាជីវៈ អាចត្រូវដាក់ឱ្យចូលនិវត្តន៍ បើសាមីខ្លួនបំពេញលក្ខខ័ណ្ឌដើម្បីទទួលប្រាក់សោធននិវត្តន៍ ឬបញ្ឈប់ពីការងារ រាជការ ក្នុងករណីមិនគ្រប់ល័ក្ខខ័ណ្ឌដើម្បីទទួលប្រាក់សោធននិវត្តន៍។

មាត្រា ៤០.-

ទណ្ឌកម្មខាងវិន័យមានដូចតទៅ៖

១- ទណ្ឌកម្មថ្នាក់ទី១

ក- ស្តីបន្ទោស

ខ- ស្តីបន្ទោសដោយមានចំណារក្នុងសំណុំលិខិតផ្ទាល់ខ្លួន

គ- ផ្លាស់ដោយបង្ខំតាមវិធានការខាងវិន័យ

ឃ- លុបឈ្មោះចេញពីតារាងឡើងឋានន្តរស័ក្តិ ឬថ្នាក់

២- ទណ្ឌកម្មថ្នាក់ទី ២

ក- ស្តីបន្ទោសជាទម្ងន់បណ្តាលឱ្យលុបចេញពីតារាងឡើងឋានន្តរស័ក្តិឬថ្នាក់ បើសិនជាមានចុះឈ្មោះហើយ ឬធ្វើឱ្យយឺតក្នុងការតម្លើងឋានន្តរស័ក្តិ ឬថ្នាក់ក្នុងថេរៈវេលាមួយ មានកំណត់ តែមិនត្រូវឱ្យលើសពី ២ឆ្នាំ ក្នុងការតម្លើងឋានន្តរស័ក្តិ ឬថ្នាក់តាមវេនជ្រើសរើស ឬតាមវេនអតីតភាព។

ខ- ដាក់ឱ្យនៅទំនេរគ្មានបៀវត្សមិនឱ្យលើសពីមួយឆ្នាំ។

គ- បន្ថយឋានន្តរស័ក្តិ ឬថ្នាក់មួយថ្នាក់ ឬច្រើនថ្នាក់។

ឃ-ដាក់ឱ្យចូលនិវត្តន៍មុនកំណត់ ឬបញ្ឈប់ពីការងារដោយបង្ខំ។

ង-បណ្តេញចេញពីមុខតំណែងរាជការ។

មាត្រា ៤១.-

ការស្តីបន្ទោស ត្រូវធ្វើជាលិខិតផ្ញើទៅសាមីខ្លួន ដោយប្រធានអង្គភាព ឬប្រធានស្ថាប័ន។

ការស្តីបន្ទោសដែលមានចំណារក្នុងសំណុំលិខិតផ្ទាល់ខ្លួន ការផ្លាស់ដោយបង្ខំតាមវិធានការខាងវិន័យ និងការ លុបឈ្មោះចេញពីតារាងតម្លើងឋានន្តរស័ក្តឬថ្នាក់ ត្រូវសម្រេចតាមព្រះរាជក្រឹត្យ អនុក្រឹត្យ ឬប្រកាស តាមសេចក្តី រាយការណ៍ពីប្រធានអង្គភាព និងក្រោយពីសាមីខ្លួនបានដោះសា។

មាត្រា ៤២.-

រាល់ទណ្ឌកម្មខាងវិន័យថ្នាក់ទី ២ ត្រូវសម្រេចតាមព្រះរាជក្រឹត្យ អនុក្រឹត្យ ឬប្រកាស ក្រោយពីមានយោបល់របស់ក្រុមប្រឹក្សាវិន័យ ។

មាត្រា ៤៣.-

អ្នករាជការដែលត្រូវបន្ថយថ្នាក់ ឬឋានន្តរស័ក្តិ ត្រូវបញ្ចូលទៅក្នុងថ្នាក់ថ្មី ឬឋានន្តរស័ក្តិថ្មី ចាប់គិតពីថ្ងៃដែលមានសេចក្តីសម្រេចជាផ្លូវការ។

មាត្រា ៤៤.-

ការបញ្ចេញមន្ត្រីរាជការចេញពីមុខតំណែង គឺការដកមុខងារឬអំណាច និងឋានន្តរស័ក្តិដែលបានប្រគល់ឱ្យពី មុនដល់មន្ត្រីរាជការនោះ។ ក្នុងករណីដែលត្រូវលុបចោលនូវសិទ្ធិទទួលប្រាក់សោធននិវត្តន៍ ឬប្រាក់ដែលកាត់ទុកក្នុង បេឡាសោធននិវត្តន៍នោះ ត្រូវមានសេចក្តីសម្រេចជាលាយល័ក្ខណ៍អក្សរ។

មាត្រា ៤៥.-

ការចោទប្រកាន់អំពីកំហុសខាងវិន័យ ត្រូវធ្វើដោយសេចក្តីសម្រេចរបស់ថ្នាក់គ្រប់គ្រងដែលមានសមត្ថកិច្ច ក្រោយពីមានសេចក្តីរាយការណ៍ពិស្តារពីប្រធានអង្គភាព ឬប្រធានស្ថាប័ន។

មាត្រា ៤៦.-

អនុក្រឹត្យ ឬប្រកាស ដែលសម្រេចចោទប្រកាន់អំពីកំហុសខាងវិន័យ នាំឱ្យមានការផ្អាកមុខងារនៃអ្នករាជការ នោះជាបណ្តោះអាសន្ន តែមិនមានការបន្ថយបៀវត្សទេ។ ក្នុងរយៈពេលមួយខែយ៉ាងយូរ ក្រុមប្រឹក្សាវិន័យត្រូវការ ប្រជុំដើម្បីផ្តល់យោបល់។

សេចក្តីសម្រេចផ្អាកការងារអ្នករាជការឱ្យឈប់ពីតំណែង មានកំណត់ត្រឹម៣ខែ ប៉ុន្តែបើជាករណីពិសេស អាចសម្រេចឱ្យបន្តជាថ្មីទៀតបាន កំណត់ ០១ ខែ ម្តង ប៉ុន្តែការបន្តនោះមិនត្រូវលើសពី៣ដងឡើយ។

មាត្រា ៤៧.-

ការចោទប្រកាន់អំពីកំហុសខាងវិន័យ ត្រូវធ្វើការអង្កេតជាមុនសិនចំពោះទណ្ឌកម្មខាងវិន័យថ្នាក់ទី២។

ការអង្កេតត្រូវប្រគល់ឱ្យតំណាងប្រធានស្ថាប័នសាមីមួយរូបឬច្រើនរូបដែលមានឋានន្តរស័ក្តិ និងថ្នាក់ខ្ពស់ជាង ឬអតីតភាព ច្រើនជាងអ្នករាជការដែលត្រូវជាប់ចោទ។

សំណុំរឿងអង្កេតត្រូវបញ្ជូនទៅប្រធានស្ថាប័នដើម្បីពិនិត្យ និងសម្រេចថាគួរបញ្ជូនអ្នករាជការជាប់ចោទនោះទៅឱ្យក្រុមប្រឹក្សាវិន័យ ឬក៏សម្រេចថាគួរបញ្ឈប់ការចោទប្រកាន់វិញ។ ក្នុងករណីដែលប្រធានស្ថាប័នយល់ថាគួរបន្ត ការចោទប្រកាន់ សំណុំរឿងត្រូវបញ្ជូនទៅក្រុមប្រឹក្សាវិន័យដែលត្រូវអញ្ជើញអ្នករាជការជាប់ចោទមកពន្យល់ដោះសា ដោយផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរ មុននឹងក្រុមប្រឹក្សាវិន័យធ្វើការសន្និដ្ឋានអំពីកំហុស និងទណ្ឌកម្ម ដើម្បីជាយោបល់ដល់ថ្នាក់មានសមត្ថកិច្ចសម្រេច។

មាត្រា ៤៨.-

ក្រុមប្រឹក្សាវិន័យ ត្រូវមានសមាជិក ៥ នាក់ ៖

  • អ្នករាជការ ៣ នាក់ ចាត់តាំងដោយប្រធានស្ថាប័នដែលអ្នករាជការ​ជាប់ចោទនោះនៅក្រោមឱវាទ ម្នាក់បំពេញមុខងារជាប្រធាន និងម្នាក់ទៀតបំពេញមុខងារជាអ្នកធ្វើរបាយការណ៍។
  • អ្នករាជការ ២ នាក់ ដែលនៅក្នុងក្របខ័ណ្ឌជាមួយគ្នានឹងអ្នករាជការជាប់ចោទ ក៏ប៉ុន្តែមានឋានន្តរស័ក្តិខ្ពស់ជាង ឬមានអតីតភាពការងារចាស់ជាងក្នុងថ្នាក់ស្មើគ្នា។ មិនអាចចាត់តាំងឱ្យចូលក្នុងក្រុមប្រឹក្សាវិន័យនេះបាន អ្នករាជការណាដែលជាអ្នកធ្វើពាក្យ​បណ្តឹងចំពោះអ្នក រាជការជាប់ចោទ ឬជាក្រុមញាតិរហូតដល់ជួរទី ៣ របស់អ្នករាជការជាប់ចោទនោះ។

មាត្រា ៤៩.-

អ្នកធ្វើរបាយការណ៍មានកាតព្វកិច្ចប្រាប់ទៅអ្នករាជការជាប់ចោទនូវសិទ្ធិរបស់​អ្នករាជការនោះដូចតទៅ៖

១- សិទ្ធិសុំមើលសំណុំរឿងផ្ទាល់ខ្លួន

២- សិទ្ធិសំអាងសាក្សី

៣- សិទ្ធិជ្រើសរើសតំណាងការពារខ្លួន

៤- សិទ្ធិពន្យល់ដោះសាជាលាយលក្ខណ៍អក្សរ ឬដោយផ្ទាល់មាត់។

មាត្រា ៥០.-

ក្រោយពេលបានទទួលរបាយការណ៍ ក្រុមប្រឹក្សាវិន័យអាចបង្គាប់ឱ្យអ្នកធ្វើរបាយការណ៍រកព័ត៌មានបន្ថែម ទៀតបាន។

ប្រធានអាចពន្យារពេលប្រជុំក្រុមប្រឹក្សាវិន័យទៅថ្ងៃក្រោយបាន ព្រមទាំងអាចចាត់វិធានការផ្សេងៗ ដែលមានសារប្រយោជន៍ដើម្បីរកការពិត និងកុំឱ្យប៉ះពាល់ដល់សេចក្តីវិនិច្ឆ័យរបស់តុលាការ ក្នុងករណីដែលតុលាការបាន សម្រេចជាមុនមកហើយ។ នីតិវិធីនៃការអនុវត្តវិន័យនឹងត្រូវកំណត់ដោយអនុក្រឹត្យ។

ជំពូកទី៦៖ ការចោទប្រកាន់តាមផ្លូវតុលាការ

មាត្រា ៥១.-

អ្នករាជការដែលជាប់បណ្តឹងពីបទមជ្ឈិម ឬបទឧក្រិដ្ឋចំពោះមុខតុលាការ អាចត្រូវចោទប្រកាន់បានលុះត្រា មានសេចក្ដីអនុញ្ញាតបើកឱ្យចោទប្រកាន់ជាមុនពីគណៈរដ្ឋមន្ត្រី តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចំពោះមន្ត្រី ដែលមានបៀវត្សស្មើ ឬលើសបៀវត្សឧត្តមមន្ត្រីថ្នាក់លេខ៣ ឬមានឋានៈជាប្រតិភូរាជរដ្ឋាភិបាលប្រចាំរាជធានី និង ក្រុង អភិបាលខេត្ត ក្រុង។ ចំពោះអ្នករាជការដែលមានបៀវត្សទាបជាងបៀវត្សឧត្តមមន្ត្រីថ្នាក់លេខ ៣ វិញ សេចក្តី អនុញ្ញាតជាមុនឱ្យចោទប្រកាន់នោះ ត្រូវសម្រេច​ត្រឹមប្រធានស្ថាប័នសាមី។

ក្នុងករណីបទល្មើសជាក់ស្តែង តុលាការអាចបង្គាប់ឱ្យឃុំខ្លួនភ្លាម មិនចាំបាច់មានសេចក្ដីអនុញ្ញាតឱ្យចោទ ប្រកាន់ទេ ប៉ុន្តែត្រូវជូនដំណឹងអំពីរឿងនេះជាប្រញាប់ទៅប្រធានស្ថាប័នសាមី។

មាត្រា ៥២.-

អ្នករាជការណាដែលកំពុងជាប់ការចោទប្រកាន់ទៅតុលាការជំនុំជម្រះអាចត្រូវបានផ្អាកពីមុខងារសិន ក្នុងករណីចាំបាច់។

ក្នុងករណីដែលអ្នករាជការត្រូវផ្អាកពីការងារដោយផ្អាកបៀវត្ស អ្នករាជការនោះ ត្រូវបានទទួលឱ្យចូលធ្វើការ វិញភ្លាម ដោយគិតពីអតីតភាព ឋានន្តរស័ក្តិ សោធននិវត្តន៍ និងទទួលបៀវត្សប្រតិសកម្មផង បើតុលាការប្រកាស ឱ្យរួចខ្លួនជាស្ថាពរ។

មាត្រា ៥៣.

ការផ្តន្ទាទោសជាបទឧក្រិដ្ឋ ឬជាបទមជ្ឈិមដោយឥតព្យួរទោស បណ្តាលឱ្យមានការហូតងារអ្នករាជការនោះគិតពីថ្ងៃសាលក្រមចូលជាស្ថាពរ។

អ្នករាជការដែលតវ៉ាសុំឧទ្ធរណ៍ ត្រូវដាក់ឱ្យនៅទំនេរគ្មានបៀវត្សជាបណ្តោះអាសន្នដោយស្វ័យប្រវត្តិ។

ជំពូកទី ៧៖ ការចូលនិវត្តន៍

មាត្រា ៥៤.-

អ្នករាជការទាំងពីរប្រភេទត្រូវដាក់ឱ្យចូលនិវត្តន៍ជាកំហិត ពេលដល់អាយុ៥៥ ឆ្នាំ។  អាយុកំហិតនេះ អាចរំកិលឡើងដល់ ៦០ឆ្នាំ បើលក្ខន្តិកៈដោយឡែកបានកំណត់។ ដើម្បីមានសិទ្ធិទទួលសោធននិវត្តន៍អតីតភាពបាន អ្នករាជការត្រូវបំពេញល័ក្ខខ័ណ្ឌដូចតទៅ៖

  • មានអាយុ ៥៥ ឆ្នាំ
  • មានអតីតភាពការងារ ៣០ ឆ្នាំ ប៉ុន្តែអ្នករាជការដែលបានបម្រើការងារអស់រយៈពេល ៣០ ឆ្នាំហើយ អាចសុំចូលនិវត្តន៍មុនអាយុ៥៥ ឆ្នាំបាន ដោយទទួលប្រាក់សោធននិវត្តន៍អតីតភាព។

មាត្រា ៥៥.-

អ្នករាជការដែលបំពេញការងារបាន ៣០ យ៉ាងតិច ត្រូវទទួលប្រាក់សោធននិវត្តន៍អតីតភាព។

អ្នករាជការដែលបានបំពេញការងារក្រោម ២០ ឆ្នាំ ត្រូវទទួលប្រាក់សោធននិវត្តន៍ដែលបានកាត់ទុក និងប្រាក់ឧបត្ថម្ភផ្សេងៗរបស់រដ្ឋតែមួយលើក។

អ្នករាជការដែលបំពេញការងារក្នុងចន្លោះរយៈពេលពី ២០ឆ្នាំ ដល់ក្រោម ៣០ឆ្នាំ ត្រូវទទួលប្រាក់សោធននិវត្តន៍សមាមាត្រ។

មាត្រា ៥៦.-

ក្នុងរយៈពេលបន្តការងារក្រោយពេលដល់អាយុចូលនិវត្តន៍ ចំពោះអ្នករាជការដែលមានអតីតភាពគ្រប់៣០ឆ្នាំ ហើយមិនត្រូវកាត់ទុកប្រាក់សោធននិវត្តន៍ឡើយ ប៉ុន្តែបើអតីតភាពការងារមិនទាន់គ្រប់៣០ ឆ្នាំនោះ ត្រូវកាត់ទុក ប្រាក់សោធននិវត្តន៍ ហើយរាប់បញ្ចូលចំនួនឆ្នាំដែលបានបន្តការងារ ដើម្បីទទួលប្រាក់សោធននិវត្តន៍។

មាត្រា ៥៧.-

អតីតភាពការងាររបស់អ្នករាជការ ត្រូវគិតតាំងពីថ្ងៃដែលសាមីខ្លួនបានចូលបម្រើការងាររដ្ឋ ទោះក្នុងសម័យណាក៏ដោយ។

ជំពូកទី៨៖ ការដោះស្រាយទំនាស់ពាក់ព័ន្ធនឹងកិច្ចការមុខងារសាធារណៈ

មាត្រា ៥៨.-

អ្នករាជការ មានសិទ្ធិប្តឹងតវ៉ាទៅតុលាការអំពីករណីដែលពាក់ព័ន្ធទៅនឹងកិច្ចការមុខងារសាធារណៈ។ ប៉ុន្តែជាការចាំបាច់ អ្នករាជការនោះត្រូវរកវិធីដោះស្រាយតាមផ្លូវរដ្ឋបាលជាមុនសិន។

មាត្រា ៥៩.-

សមត្ថកិច្ចដើម្បីដោះស្រាយទំនាស់ខាងលើនេះ ត្រូវប្រគល់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍មួយមានឈ្មោះថា គណៈកម្មាធិការសម្រុះសម្រួលទំនាស់ពាក់ព័ន្ធនឹងកិច្ចការមុខងារសាធារណៈ ដែលមានប្រធានស្ថាប័នមុខងារសាធារណៈ ជាប្រធាន ហើយនិងមានសមាសភាពដែលកំណត់ដោយអនុក្រឹត្យ។

ជំពូកទី ៩៖ បទប្បញ្ញត្តិដោយឡែក

ការកែសម្រួលចំនួនអ្នករាជការតាមសភាពជាក់ស្តែង ជាសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល។ ក្នុងករណីដែលត្រូវ កាត់បន្ថយចំនួនអ្នករាជការជាការចាំបាច់ ជាគោលការណ៍ ការរំសាយត្រូវប៉ះពាល់ជាបឋមចំពោះអ្នករាជការដែលជិតដល់អាយុចូលនិវត្តន៍ ដែលមានសម្បទាវិជ្ជាជីវៈថមថយ និងអ្នកដែលស្ម័គ្រចិត្តឈប់ពីការងារ។

មាត្រា ៦១.-

ជាគោលការណ៍ អ្នករាជការក្របខ័ណ្ឌ មានអាទិភាពក្នុងការទទួលមុខតំណែងណាមួយ។ តែក្នុងករណីពិសេស ផ្អែកលើការចាំបាច់ រាជរដ្ឋាភិបាល​អាចតែងតាំងវរជនណាម្នាក់ ឬជនដែលមានសញ្ញាប័ត្រខ្ពស់ ឱ្យកាន់មុខតំណែង អ្វីមួយក៏បាន ទោះវរជនឬជននោះ ពុំមែនជាមន្ត្រីក្របខ័ណ្ឌក៏ដោយ។

ក្នុងលក្ខណៈនេះ សាមីខ្លួនមានសិទ្ធិទទួលបៀវត្សជាធម្មតា តែគ្មានសិទ្ធិទទួលសោធននិវត្តន៍ទេ។

មាត្រា ៦២.-

រាជរដ្ឋាភិបាលអាចតែងតាំងឱ្យចូលក្របខ័ណ្ឌអ្នករាជការនៅពេលណាក៏បាន ចំពោះវរជន ឬជនដែលមានសញ្ញាប័ត្រខ្ពស់ ដែលមានផលប្រយោជន៍ដល់ការងាររដ្ឋ ដោយមិនគិតពីល័ក្ខខ័ណ្ឌអាយុ។

ជំពូកទី ១០៖ អន្តរប្បញ្ញត្តិ

មាត្រា ៦៣.-

ចាប់តាំងពីច្បាប់នេះចូលជាធរមាន រហូតដល់ឆ្នាំ ២000 អ្នករាជការដែលមានអាយុលើសពី ៥៥ ឆ្នាំ អាច អនុញ្ញាតបន្តឱ្យធ្វើការងារបាន តាមការស្នើសុំរបស់សាមីខ្លួន និងតាមការសម្រេចដោយអនុក្រឹត្យ ផ្អែកលើយោបល់ ឯកភាពពីស្ថាប័នមុខងារសាធារណៈ និងប្រធានស្ថាប័ន​សាមី។ ការបន្តនេះមានរយៈពេលមួយឆ្នាំម្តងៗ តែមិនឱ្យលើសពី ៥ ឆ្នាំទេ។

ជំពូកទី ១១៖ អវសានប្បញ្ញត្តិ

មាត្រា ៦៤.-

បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយពីច្បាប់នេះ ត្រូវទុកជានិរាករណ៍។

ថ្ងៃទី៣០ ខែ តុលា ឆ្នាំ ១៩៩៤