ព្រះរាជក្រឹរ្យ នស/រកត/០៨១៣/៨៩២ ស្ដីពី លក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ
មាតិកា
- ជំពូកទី១៖ បទប្បញ្ញត្តិទូទៅ
- ជំពូកទី២៖ សិទ្ធិ កាតព្វកិច្ច និងភារកិច្ចរបស់មន្ត្រីពន្ធនាគារ
- ជំពូកទី៣៖ ការជ្រើសរើសមន្ត្រី
- ជំពូកទី៤៖ លំដាប់ឋានន្តរសក្ដិ និងមុខតំណែង
- ជំពូកទី៥៖ ការដំឡើងថ្នាក់ ឋានន្តរសក្ដិ
- ជំពូកទី៦៖ បៀវត្ស និងប្រាក់បំណាច់ផ្សេងៗ
- ជំពូកទី៧៖ ការចូលនិវត្តន៍
- ជំពូកទី៨៖ ទណ្ឌកម្ម
- ជំពូកទី៩៖ ការចោទប្រកាន់តាមផ្លូវតុលាការ
- ជំពូកទី១០៖ អន្តរប្បញ្ញត្តិ
- ជំពូកទី១១៖ អវសានប្បញ្ញត្តិ
យើង
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាហង្ស ខេមរាជនា សមូហោភា កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី
- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩០៨/១០៥៥ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២ នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៩៩៩/១១ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មមាត្រា ៥១ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខនស/រកម/០៣១៣/០០៤ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មមាត្រា៩ និងមាត្រា១០ នៃច្បាប់ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីពន្ធនាគារ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៣/០១២ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មមាត្រា ២៨ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈដ្ឋមន្ត្រី
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
ជំពូកទី១៖ បទប្បញ្ញត្តិទូទៅ
មាត្រា ១.-
ព្រះរាជក្រឹត្យនេះមានគោលបំណងបង្កើតក្របខ័ណ្ឌដោយឡែក របស់មន្ត្រីពន្ធនាគារស្ថិតក្រោមឱវាទក្រសួងមហាផ្ទៃ ដើម្បីធានាសិទ្ធិ កាតព្វកិច្ច និងផលប្រយោជន៍ស្របច្បាប់របស់មន្ត្រីពន្ធនាគារ។
មាត្រា ២.-
ព្រះរាជក្រឹត្យនេះមានគោលដៅដូចតទៅ :
- កំណត់អំពីការអនុវត្តសិទ្ធិ និងភារកិច្ចរបស់មន្ត្រីពន្ធនាគារ
- កំណត់អំពីលក្ខខណ្ឌ និងលក្ខណសម្បត្តិនៃការជ្រើសរើស ការរៀបចំឋានានុក្រម ឋានន្តរសក្តិ និងមុខតំណែងរបស់មន្ត្រីពន្ធនាគារ
- កំណត់អំពីការដំឡើងថ្នាក់ ឋានន្តរសក្តិ ការដាក់ទណ្ឌកម្មខាងវិន័យ និងការចោទប្រកាន់តាមផ្លូវតុលាការដល់មន្ត្រីពន្ធនាគារ។
មាត្រា ៣.-
ព្រះរាជក្រឹត្យនេះមានវិសាលភាពរអនុវត្តចំពោះមន្ត្រីពន្ធនាគារ ដែលកំពុងបំពេញភារកិច្ចនៅក្នុងរចនាសម្ព័ន្ធរបស់អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ។
ជំពូកទី២៖ សិទ្ធិ កាតព្វកិច្ច និងភារកិច្ចរបស់មន្ត្រីពន្ធនាគារ
មាត្រា ៤.-
មន្ត្រីពន្ធនាគារត្រូវមានឧត្តមគតិស្នេហាជាតិខ្ពស់ មានភក្តីភាពចំពោះព្រះមហាក្សត្រ ហើយត្រូវគោរពវិន័យ សីលធម៌វិជ្ជាជីវៈ និងមានស្មារតីអង់អាចក្លាហាន ហ៊ានពុះពារលះបង់ ដើម្បីសម្រេចការកិច្ច នៅគ្រប់កាលៈទេសៈ។
មាត្រា ៥.-
មន្ត្រីពន្ធនាគារមានសិទ្ធិ សេរីភាព និងកាតព្វកិច្ចដូចប្រជាពលរដ្ឋដទៃទៀតដែរ។ ការប្រើសិទ្ធិ និងសេរីភាព ត្រូវស្របតាមបទប្បញ្ញត្តិក្នុងលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ បទបញ្ជារបស់ក្រសួងមហាផ្ទៃ និងច្បាប់នានាជាធរមាន។
មាត្រា ៦.-
មន្ត្រីពន្ធនាគារមានសិទ្ធិជ្រើសរើសជំនឿសាសនាដើម្បីគោរពប្រតិបត្តិ។ មន្ត្រីពន្ធនាគារមានសិទ្ធិចូលរួមក្នុងគណបក្សនយោបាយណាមួយដែលខ្លួនពេញចិត្ត ប៉ុន្តែមិនអាចសម្តែងជាសាធារណៈក្នុងពេលបំពេញភារកិច្ចតាមតួនាទីបានឡើយ។
មាត្រា ៧.-
មន្ត្រីពន្ធនាគារមានសិទ្ធិប្រមូលផ្តុំគ្នាបង្កើតជាសមាគមវិជ្ជាជីវៈ ឬចូលរួមជាសមាជិកសមាគមវិជ្ជាជីវៈស្របច្បាប់ណាមួយ។
មាត្រា ៨.-
មន្ត្រីពន្ធនាគារមានសិទ្ធិប្រើប្រាស់អាវុធ និងឧបករណ៍បច្ចេកទេស ដើម្បីធានាសន្តិសុខ សុវត្ថិភាព ក្នុងនិងក្រៅបរិវេណមណ្ឌលអប់រំកែប្រែ ឬពន្ធនាគាររាជធានី ខេត្ត តាមគោលការណ៍កំណត់។
មាត្រា ៩.-
មន្ត្រីពន្ធនាគារមានសិទ្ធិសុំច្បាប់ឈប់គ្រប់ប្រភេទតាមការកំណត់របស់រាជរដ្ឋាភិបាល។ ក្នុងករណី ចាំបាច់មន្ត្រីពន្ធនាគារដែលកំពុងឈប់សម្រាកអាចត្រូវកោះហៅឱ្យចូលខ្លួនមកវិញបាន។
មាត្រា ១០.-
មន្ត្រីពន្ធនាគារ មានសិទ្ធិសុំមើលឯកសារផ្សេងៗ ដែលជាសំណុំរឿងផ្ទាល់ខ្លួន ពាក់ព័ន្ធទៅនឹងការទទួលទណ្ឌកម្មខាងវិន័យ ឬត្រូវផ្លាស់ប្តូរដោយបង្ខំ។ សិទ្ធិដដែលនេះត្រូវបានអនុញ្ញាតឱ្យដល់មន្ត្រីពន្ធនាគារណាយឺតយូរមិនបានឡើងឋានន្តរសក្ដិតាមវេនអតីតភាព។
ក្នុងករណីពិនិត្យឃើញឯកសារសំណុំរឿងនោះមិនប្រក្រតី ឬមិនត្រឹមត្រូវ មន្ត្រីពន្ធនាគារមាន :
- សិទ្ធិសំអាងសាក្សី
- សិទ្ធិជ្រើសរើសតំណាងការពារខ្លួន
- សិទ្ធិពន្យល់ដោះសារជាលាយលក្ខណ៍អក្សរ ឬដោយផ្ទាល់មាត់។
មាត្រា ១១.-
មន្ត្រីពន្ធនាគារត្រូវមានអព្យាក្រិតភាពក្នុងតួនាទី ឬកាងារបស់ខ្លួន។ ហាមការប្រើប្រាស់តួនាទី ឬការងារនិងការប្រើប្រាស់មធ្យោបាយ សម្ភារៈរបស់រដ្ឋ ដើម្បីបម្រើសកម្មភាព និងផលប្រយោជន៍បុគ្គល ឬអង្គកានយោបាយណាមួយ។
មាត្រា ១២.-
មន្ត្រីពន្ធនាតារមានកាតព្វកិច្ចរក្សាការសម្ងាត់របស់ជាតិ និងរបស់អង្គភាព។ ការផ្តល់ព័ត៌មាន លិខិតស្នាម ឬឯកសារផ្ទៃក្នុងរបស់អង្គភាពដោយគ្មានការអនុញ្ញាតត្រូវហាមឃាត់។
មាត្រា ១៣.-
ការផ្សព្វផ្សាយក្នុងបរិវេណអង្គភាព ទោះបីជាតាមរូបភាពណាក៏ដោយដែលនាំឱ្យខូចទឹកចិត្តឬ វិន័យត្រូវហាមឃាត់។ រាល់ការបកស្រាយជាសាធារណៈ ការសរសេរ ឬការធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធនឹងអង្គភាពណាមួយត្រូវមានការអនុញ្ញាតពីប្រធានអង្គភាពនោះ។
មាត្រា ១៤.-
មន្ត្រីពន្ធនាគារត្រូវបំពេញភារកិច្ចតាមការចាត់តាំងនៅគ្រប់កាលៈទេសៈ គ្រប់ពេលវេលានិងគ្រប់ទីកន្លែង។ ប្រសិនបើភារកិច្ចនោះជួបឧបសគ្គនិងការលំបាកដែលចាំបាច់ត្រូវការឧបត្ថម្ភ ឬជំនួយ ថ្នាក់ដែលមានសមត្ថកិច្ចត្រូវបានផ្តល់ទៅតាមលក្ខណៈជាក់ស្តែង។ ទន្ទឹមនេះមន្ត្រីពន្ធនាគារដែលទទួលភារកិច្ចនោះក៏មានសិទ្ធិសុំជំនួយអន្តរាគមន៍ពីអង្គភាពដទៃដែលនៅជិតបំផុត។
មាត្រា ១៥.-
មន្ត្រីពន្ធនាគារអាចនឹងត្រូវបានផ្លាស់ប្តូរទីកន្លែង ភារកិច្ច ទៅតាមតម្រូវការចាំបាច់របស់ក្រសួងមហាផ្ទៃ។ មន្ត្រីពន្ធនាការមានសិទ្ធិសុំផ្លាស់ប្តូរទីកន្លែងធ្វើការទៅតាមប្ដី ឬតាមប្រពន្ធបាន។
មាត្រា ១៦.-
មន្ត្រីពន្ធនាគារត្រូវបានហាមឃាត់ជាដាច់ខាតនូវប្រការដូចខាងក្រោមៈ
១-យកម៉ោងបំពេញភារកិច្ចទៅប្រកបមុខរបរផ្ទាល់ខ្លួនផ្សេងៗទៀត
២-យកឥទ្ធិពលនិងអំណាចនៅក្នុងមុខងាររបស់ខ្លួន ទៅប្រើដើម្បីទាញយកផលប្រយោជន៍អ្វីមួយ ឬដើម្បីសំឡុតគំរាមកំហែងបំពានសិទ្ធិពលរដ្ឋ ឬជនជាប់ឃុំ
៣- ប្រកបមុខរបរណាដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីពន្ធនាគារ
៤- ចូលជាសមាជិកនៃក្រុមប្រឹក្សាភិបាល ឬគ្រប់គ្រងក្រុមហ៊ុនឯកជនដោយផ្ទាល់ឬដោយប្រយោល
៥- បោះពុម្ពផ្សាយ ឬធ្វើការផ្សព្វផ្សាយព័ត៌មានដែលពាក់ព័ន្ធនឹងស្ថាប័ន ដោយពុំមានការអនុញ្ញាតជាមុនពីប្រធានស្ថាប័នដែលសាមីខ្លួននៅក្រោមឱវាទ។
មាត្រា ១៧.-
មន្ត្រីពន្ធនាគារ ត្រូវទទួលខុសត្រូវក្នុងការបំពេញភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ និតិវិធី និង ក្រមសីលធម៌របស់មន្ត្រីពន្ធនាគារដែលមានជាធរមាន។ នៅពេលបំពេញបេសកកម្មការងារមានជួបគ្រោះថ្នាក់ ឬប៉ះពាល់ខាងផ្លូវច្បាប់ដោយអចេតនា រដ្ឋត្រូវគាំពារទាំងខាងមធ្យោបាយ សម្ភារ និងផ្លូវច្បាប់។
មាត្រា ១៨.-
មន្ត្រីពន្ធនាគារត្រូវបានទទួលពិន្ទុជារៀងរាល់ឆ្នាំសម្រាប់ពិនិត្យការដំឡើងថ្នាក់ ឋានន្តរសក្តិ។ ប្រធានអង្គភាពជាអ្នកវាយតម្លៃដាក់ពិន្ទុ និងផ្តល់មូលវិចារណ៍។
មាត្រា ១៩.-
មន្ត្រី ឬអង្គភាពពន្ធនាគារណាដែលមានស្នាដៃ ត្រូវបានទទួលការលើកទឹកចិត្ត ការសរសើរនិង ជូនរង្វាន់តាមការកំណត់របស់រាជរដ្ឋាភិបាល។
ជំពូកទី៣៖ ការជ្រើសរើសមន្ត្រី
មាត្រា ២០.-
ការជ្រើសរើសមន្ត្រីឱ្យចូលធ្វើការក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ត្រូវធ្វើតាមរយៈការប្រឡងប្រជែងក្នុងចំណោមសិស្ស និស្សិត ឬក្នុងចំណោមមន្ត្រីរាជការដែលមានក្របខ័ណ្ឌស្រាប់។
លក្ខណសម្បត្តិជ្រើសរើសត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
មាត្រា ២១.-
ការប្រឡងប្រជែងចូលឋានន្តរសក្តិវរអគ្គានុរក្សថ្នាក់លេខ៣ ត្រូវបានកំណត់ដូចខាងក្រោមៈ
១- បេក្ខជនជានិស្សិតទាំងពីរភេទ ត្រូវមានសញ្ញាប័ត្រយ៉ាងទាបសញ្ញាបត្របរិញ្ញាបត្រ ឬមានសញ្ញាប័ត្រសមមូលជាមួយនឹងសញ្ញាប័ត្របរិញ្ញាប័ត្រនិងត្រូវមានអាយុយ៉ាងច្រើន ៣០ (សាមសិប) ឆ្នាំគិតដល់ថ្ងៃប្រឡង។ ២- បេក្ខជនជាមន្ត្រីរាជការស្ថិតក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ដែលមានឋានន្តរសក្តិចាប់ពីអគ្គានុរក្សថ្នាក់លេខ ៣ ឡើងទៅនិងមានអតីតភាពយ៉ាងតិច៣ (បី)ឆ្នាំ ក្នុងឋានន្តរសក្តិ អគ្គានុរក្សថ្នាក់លេខ៣ ឬជាមន្រ្តីរាជការនៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារដែលមានសញ្ញាប័ត្រ សមមូលជាមួយនឹងសញ្ញាប័ត្របរិញ្ញាប័ត្រ ហើយមានអតីតភាពការងារយ៉ាងតិច ០៦(ប្រាំមួយ) ឆ្នាំ និងមានអាយុយ៉ាងច្រើនបំផុត៤០ (សែសិប) ឆ្នាំ គិតដល់ថ្ងៃប្រឡង។
មាត្រា ២២.-
ការប្រឡងប្រជែងចូលឋានន្តរសក្តិអនុរក្សថ្នាក់លេខ ៣ ត្រូវរធ្វើចំពោះបេក្ខជនជាសិស្ស និស្សិត ទាំងពីរភេទដែលមានសញ្ញាប័ត្រយ៉ាងទាបសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬមានសញ្ញាប័ត្រសមមូលជាមួយនឹងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ និងត្រូវមានអាយុយ៉ាងច្រើន ២៥ (ម្ភៃប្រាំ) ឆ្នាំ គិតដល់ថ្ងៃ ប្រឡង។
មាត្រា ២៣.-
ចំនួនក្របខ័ណ្ឌមន្ត្រីពន្ធនាគារដែលធ្វើការជ្រើសរើស ត្រូវកំណត់ដោយរាជរដ្ឋាភិបាលតាមសេចក្តីស្នើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
មាត្រា ២៤.-
បេក្ខជនទាំងពីរភេទដែលបានប្រឡងប្រជែងជាប់ចូលក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារត្រូវបានទទួលការបណ្តុះបណ្តាលជាដំបូង ដោយក្រសួងមហាផ្ទៃ។ រយៈពេលបណ្តុះបណ្តាលនេះនឹងចាត់ទុកជារយៈពេលនៃកម្មសិក្សារបស់សិស្សមន្ត្រីទាំងនោះ។
មន្ត្រីដែលត្រូវបានជ្រើសរើសចេញមកពីសិស្ស និស្សិតត្រូវឆ្លងកាត់កម្មសិក្សាសាកល្បងរយៈពេល១២ (ដប់ពីរ)ខែ។ ប្រសិនបើបេក្ខជនជាមន្ត្រីរាជការដែលបានប្រឡងជាប់ចូលក្នុងក្របខ័ណ្ឌមន្ត្រី ពន្ធនាគារក្នុងឋានន្តរសក្តិវរអគ្គានុរក្សថ្នាក់លេខ៣ ដូចមានចែងក្នុងមាត្រា២១ ពុំចាំបាច់ឆ្លងកាត់កម្មសិក្សាសាកល្បងឡើយ។
មាត្រា ២៥.-
ក្រោយពេលធ្វើកម្មសិក្សាសាកល្បងសិស្សមន្ត្រីពន្ធនាគារទាំងនោះ ត្រូវបានតាំងស៊ប់ក្នុងក្របខ័ណ្ឌ ដូចខាងក្រោមៈ
- សិស្សវរអគ្គានុរក្សពន្ធនាគារត្រូវបានបញ្ចូលក្របខ័ណ្ឌ និងតែងតាំងឋានន្តរសក្តិថ្នាក់វរអគ្គានុរក្សថ្នាក់លេខ៣ ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
- សិស្សអគ្គានុរក្សពន្ធនាគារត្រូវបានបញ្ចូលក្របខ័ណ្ឌ និងតែងតាំងឋានន្តរសក្តិថ្នាក់អនុរក្សថ្នាក់លេខ៣ ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
- ចំពោះសិស្សអគ្គានុរក្សពន្ធនាគារដែលមានសញ្ញាប័ត្របរិញ្ញាប័ត្ររងឬមានសញ្ញាប័ត្រសមមូលជាមួយនឹងសញ្ញាប័ត្របរិញ្ញាប័ត្ររងត្រូវបានតែងតាំងឋានន្តរសក្តិថ្នាក់អនុរក្សថ្នាក់លេខ១ ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
មាត្រា ២៦.-
ក្នុងករណីក្រសួងមហាផ្ទៃពុំមានលទ្ធភាពធ្វើការបណ្តុះបណ្តាលដំបូង ក្រសួងមហាផ្ទៃអាចចាត់បញ្ជូនសិស្ស និស្សិតដែលបានប្រឡងប្រជែងជាប់ជាស្ថាពរក្នុងក្របខ័ណ្ឌ និងឋានន្តរសក្តិនីមួយៗ ឱ្យចូលូបំពេញការងារនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានីខេត្តបាន។ ក្រោយពីបំពេញ ការងារបានរយៈពេល ១២ (ដប់ពីរ)ខែ សិស្ស និស្សិតទាំងនោះត្រូវបានតាំងស៊ប់និងតែងតាំងឋានន្តរសក្តិ ដូចបានបណ្តុះបណ្តាលដែរ។
ជំពូកទី៤៖ លំជាប់ឋានន្តរសក្តិ និងមុខតំណែង
មាត្រា ២៧.-
ឋានន្តរសក្ដិរបស់មន្ត្រីពន្ធនាគារមាន ៣ (បី) គឺ :
១-ឋានន្តរសក្តិឧត្តមអគ្គានុរក្សពន្ធនាគារ
២-ឋានន្តរសក្តិវរអគ្គានុរក្សពន្ធនាគារ
៣-ឋានន្តរសក្តិអគ្គានុរក្សពន្ធនាគារ។
មាត្រា ២៨.-
លំដាប់ថ្នាក់ ឋានន្តរសក្តិមន្ត្រីពន្ធនាគារ មាន :
១-ឋានន្តរសក្តិឧត្តមអគ្គានុរក្សពន្ធនាគារ មាន ៣ថ្នាក់ :
- ឧត្តមអគ្គានុរក្សថ្នាក់លេខ ១
- ឧត្តមអគ្គានុរក្សថ្នាក់លេខ ២
- ឧត្តមអគ្គានុរក្សថ្នាក់លេខ ៣
២- ឋានន្តរសក្តិវរអគ្គានុរក្សពន្ធនាគារ មាន ៣ថ្នាក់ :
- វរអគ្គានុរក្សថ្នាក់លេខ ១
- វរអគ្គានុរក្សថ្នាក់លេខ ២
- វរអគ្គានុរក្សថ្នាក់លេខ ៣
៣-ឋានន្តរសក្តិអគ្គានុរក្សពន្ធនាគារ មាន ៧ ថ្នាក់ៈ
- អគ្គានុរក្សថ្នាក់លេខ ១
- អគ្គានុរក្សថ្នាក់លេខ ២
- អគ្គានុរក្សថ្នាក់លេខ ៣
- អគ្គានុរក្សថ្នាក់លេខ ៤
- អនុរក្សថ្នាក់លេខ ១
- អនុរក្សថ្នាក់លេខ ២
- អនុរក្សថ្នាក់លេខ ៣។
មាត្រា ២៩.-
ឋានន្តរសក្តិមន្ត្រីពន្ធនាគារដូចមានចែងក្នុងមាត្រា២៨ខាងលើនេះ ត្រូវមានឋានន្តរសក្តិសមមូល ជាមួយនឹងឋានន្ទសក្តិមន្ត្រីរាជការស៊ីវិល និងឋានន្តរសក្តិមន្ត្រីនគរបាលជាតិនៃក្រសួងមហាផ្ទៃ។
ការកំណត់អំពីឋានន្តរសក្តិសមមូលនេះ ត្រូវធ្វើដោយអនុក្រឹត្យ។
មាត្រា ៣០.-
ឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិមន្ត្រីពន្ធនាគារ ត្រូវកំណត់ដោយអនុក្រឹត្យ។
មាត្រា ៣១.-
ឋានន្តរសក្តិឧត្តមអគ្គានុរក្សពន្ធនាគារមានឧបនិស្ស័យកាន់មុខតំណែងដូចខាងក្រោម :
- ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ
- ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ជាអគ្គនាយករង ឬជាប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានពន្ធនាគារ
- ឧត្តមអគ្គានុរក្សថ្នាក់លេខ៣ ជាអនុប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានពន្ធនាគារ ឬជាប្រធានមណ្ឌលអប់រំកែប្រែឬជាប្រធានពន្ធនាគាររាជធានី ខេត្ត។
មាត្រា ៣២.-
ឋានន្តរសក្តិវរអគ្គានុរក្សពន្ធនាគារមានឧបនិស្ស័យកាន់មុខតំណែងដូចខាងក្រោម :
- វរអគ្គានុរក្សថ្នាក់លេខ១ ជាប្រធានការិយាល័យថ្នាក់កណ្តាល ឬជាអនុប្រធានមណ្ឌលអប់រំកែប្រែ ឬជាអនុប្រធានពន្ធនាគាររាជធានី ខេត្ត
- វរអគ្គានុរក្សថ្នាក់លេខ២ ជាអនុប្រធានការិយាល័យថ្នាក់កណ្តាល ឬជាប្រធានការិយាល័យនៅមណ្ឌលអប់រំកែប្រែ ឬនៅពន្ធនាគាររាជធាន័ ខេត្ត
- វរអគ្គានុរក្សថ្នាក់លេខ៣ ជាប្រធានផ្នែកថ្នាក់កណ្តាល ឬជាអនុប្រធានការិយាល័យនៅមណ្ឌលអប់រំកែប្រែ ឬនៅពន្ធនាគាររាជធានី ខេត្ត។
មាត្រា ៣៣.-
ឋានន្តរសក្តិអគ្គានុរក្សពន្ធនាគារមានឧបនិស្ស័យកាន់មុខតំណែងដូចខាងក្រោមៈ
- អគ្គានុរក្សថ្នាក់លេខ១ ជាអនុប្រធានផ្នែកថ្នាក់កណ្តាល ឬជាប្រធានផ្នែកនៅមណ្ឌលអប់រំកែប្រែ ឬនៅពន្ធនាគាររាជធានី ខេត្ត
- អគ្គានុរក្សថ្នាក់លេខ២ ជានាយត្រួតថ្នាក់កណ្តាល ឬជាអនុប្រធានផ្នែកនៅមណ្ឌលអប់រំកែប្រែ ឬនៅពន្ធនាគាររាជធានី ខេត្ត
- អគ្គានុរក្សថ្នាក់លេខ៣ ជានាយត្រួតរងថ្នាក់កណ្តាល ឬជាប្រធានក្រុមនៅមណ្ឌលអប់រំកែប្រែ ឬនៅពន្ធនាគាររាជធានី ខេត្ត។
ជំពូកទី៥៖ ការដំឡើងថ្នាក់ ឋានន្តរសក្ដិ
មាត្រា ៧៤.-
ការដំឡើងថ្នាក់ ឋានន្តរសក្ដិរបស់មន្ត្រីពន្ធនាគារត្រូវគិតអំពីលក្ខណសម្បត្តិ និងអតីតភាពការងារ ដែលបានបំពេញក្នុងរយៈកាលកន្លងមក។ មាត្រា ៣៥.-
លក្ខណសម្បត្តិសម្រាប់ពិនិត្យក្នុងការស្នើដំឡើងថ្នាក់ ឋានន្តរសក្តិត្រូវផ្អែកលើ :
១-ការគោរពវិន័យ ការចាត់តាំងនិងការអនុវត្តបទបញ្ជា និងនីតិវិធីពន្ធនាគារ
២- កិរិយាមារយាទ សីលធម៌ ស្មារតីសាមគ្គីសហប្រតិបត្តិការក្នុងការបំពេញភារកិច្ច
៣- សមត្ថភាពបំពេញការងារវិជ្ជាជីវៈ បង្កើនចំណេះដឹងទូទៅ មុខជំនាញបច្ចេកទេស ភាសាបរទេស។
មាត្រា ៣៦.-
ការដំឡើងថ្នាក់ ឋានន្តរសក្តិរបស់មន្ត្រីពន្ធនាគារក្នុងថ្នាក់ ឋានន្តរសក្តិនីមួយៗត្រូវអនុវត្តតាមវេនជ្រើសរើស និងតាមរយៈពេលកំណត់ដូចមានចែងខាងក្រោមៈ
១- ឋានន្តរសក្ដិឧត្ដមអគ្គានុរក្សពន្ធនាគារ
ឋានន្តរសក្ដិ | រយៈពេលបម្រើការងារក្នុងឋានន្តរសក្ដិដើម្បីអាចដំឡើងបានមួយថ្នាក់ |
ឧត្តមអគ្គានុរក្សថ្នាក់លេខ១ | |
ឧត្តមអគ្គានុរក្សថ្នាក់លេខ២ | ០៥ឆ្នាំ |
ឧត្តមអគ្គានុរក្សថ្នាក់លេខ៣ | ០៥ឆ្នាំ |
២- ឋានន្តរសក្ដិវរអគ្គានុរក្សពន្ធនាគារ
ឋានន្តរសក្ដិ | រយៈពេលបម្រើការងារក្នុងឋានន្តរសក្ដិដើម្បីអាចដំឡើងបានមួយថ្នាក់ |
វរអគ្គានុរក្សថ្នាក់លេខ១ | ០៦ឆ្នាំ |
វរអគ្គានុរក្សថ្នាក់លេខ២ | ០៥ឆ្នាំ |
វរអគ្គានុរក្សថ្នាក់លេខ៣ | ០៥ឆ្នាំ |
- វរអគ្គានុរក្សថ្នាក់លេខ១ ដែលមានអតីតកាល៦ (ប្រាំមួយ) ឆ្នាំឡើងអាចត្រូវបានស្នើសុំតែងតាំង និងសុំដំឡើងឋានន្តរសក្តិថ្នាក់ឧត្តមអគ្គានុរក្សថ្នាក់លេខ៣ដោយយោងទៅតាមមុខតំណែងទំនេរ ឬតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល។
៣- ឋានន្តរសក្ដិអគ្គានុរក្សពន្ធនាគារ
ឋានន្តរសក្ដិ | រយៈពេលបម្រើការងារក្នុងឋានន្តរសក្ដិដើម្បីអាចដំឡើងបានមួយថ្នាក់ |
អគ្គានុរក្សថ្នាក់លេខ ១ | ០៣ឆ្នាំ |
អគ្គានុរក្សថ្នាក់លេខ ២ | ០៣ឆ្នាំ |
អគ្គានុរក្សថ្នាក់លេខ ៣ | ០៣ឆ្នាំ |
អគ្គានុរក្សថ្នាក់លេខ ៤ | ០៣ឆ្នាំ |
អនុរក្សថ្នាក់លេខ ១ | ០២ឆ្នាំ |
អនុរក្សថ្នាក់លេខ ២ | ០២ឆ្នាំ |
អនុរក្សថ្នាក់លេខ ៣ | ០១ឆ្នាំ |
មាត្រា ៣៦.
—–
មាត្រា ៣៧–
ចំពោះមន្ត្រីពន្ធនាគារដែលបានទទួលមរណភាពត្រូវបានដំឡើងថ្នាក់ ឋានន្តរសក្តិ ជាកិច្ចបញ្ឆាមរណៈ។
មាត្រា ៣៨.-
ការដំឡើងថ្នាក់ ឋានន្តរសក្តិត្រូវប្រព្រឹត្តទៅតាមលំដាប់ថ្នាក់មួយថ្នាក់ម្តងៗ ហើយពុំអាចមានការតែងតាំងជាឋានន្តរសក្ដិកិត្តិយសឡើយ។ ក្នុងករណីមន្ត្រីពន្ធនាគាណោម្នាក់បំពេញការងារមានស្នាដៃ ល្អពិសេសត្រូវបានដំឡើងថ្នាក់ ឋានន្តរសក្តិមួយថ្នាក់ដោយពុំគិតពីលក្ខ័ខ័ណ្ឌអតីតភាពឡើយ។
មាត្រា ៣៩.-
ការដំឡើងថ្នាក់ ឋានន្តរសក្ដិរបស់មន្ត្រីពន្ធនាគារត្រូវប្រព្រឹត្តទៅតាមលំដាប់នៃបញ្ជីអតីតភាព។ ក្នុងករណីអ្នកមានអតីតភាពគ្រប់ ហើយមិនបានជាប់ឈ្មោះក្នុងតារាងដំឡើងថ្នាក់ ឋានន្តរសក្តិប្រចាំឆ្នាំ មន្ត្រីពន្ធនាគារនោះត្រូវបានទទួលសិទ្ធិចុះឈ្មោះមុនគេតាមលេខរៀងក្នុងតារាងដំឡើងថ្នាក់ ឋានន្តរសក្ដិ ឆ្នាំបន្ទាប់ លើកលែងតែបុគ្គលនោះបានប្រព្រឹត្តអំពើល្មើសនឹងវិន័យ នីតិវិធី លក្ខន្តិកៈ ឬច្បាប់របស់រដ្ឋ។
មាត្រា ៤០.-
ការតែងតាំងនិងដំឡើងថ្នាក់ ឋានន្តរសក្តិ ត្រូវសម្រេចដោយៈ
- ព្រះរាជក្រឹត្យ ចំពោះមន្ត្រីពន្ធនាគារស្ថិតក្នុងឋានន្តរសក្តិឧត្តមអគ្គានុរក្សពន្ធនាគារ
- អនុក្រឹត្យ ចំពោះមន្ត្រីពន្ធនាគារស្ថិតក្នុងឋានន្តរសក្តិវរអគ្គានុរក្សថ្នាក់លេខ១
- ប្រកាសរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចំពោះមន្ត្រីពន្ធនាគាចាប់ពីឋានន្តរសក្តិវរអគ្គានុរក្សថ្នាក់លេខ២ចុះ។
ជំពូកទី៦៖ បៀវត្ស និងប្រាក់បំណាច់ផ្សេងៗ
មាត្រា ៤១.-
មន្ត្រីពន្ធនាគារមានសិទ្ធិទទួលបៀវត្សទៅតាមឋានន្តរសក្តិ។
មន្ត្រីពន្ធនាគារអាចទទួលប្រាក់បំណាច់ផ្សេងៗតាមប្រភេទមុខងារ ឬតំណែងដែលខ្លួនបំពេញ ប្រាក់ឧបត្ថម្ភតំបន់ ប្រាក់ឧបត្ថម្ភការងារងាយប៉ះពាល់ដល់សុខភាព ប្រាក់វិភាជន៍គ្រួសារ និងប្រាក់ឧបត្ថម្ភ ផ្សេងទៀត។
បៀវត្ស និងប្រាក់បំណាច់ផ្សេងៗរបស់មន្ត្រីពន្ធនាគារត្រូវកំណត់ដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ។
មាត្រា ៤២.-
មន្ត្រីពន្ធនាគារជាស្ត្រី ត្រូវបានទទួលប្រាក់ឧបត្ថម្ភលំហែមាតុភាពតាមការកំណត់របស់រាជរដ្ឋាភិបាល។
ជំពូកទី៧៖ការចូលនិវត្តន៍
មាត្រា ៤៣.-
មន្ត្រីពន្ធនាគារដែលបានបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារត្រូវបានដាក់ឱ្យចូលនិវត្តន៍រួមមានៈ
ក-….
ខ- នៅពេលគ្រប់អាយុ ៥៨ឆ្នាំ ចំពោះមន្ត្រីពន្ធនាគារស្ថិតក្នុងឋានន្តរសក្តិអគ្គានុរក្សពន្ធនាគារ
គ- នៅពេលគ្រប់អាយុ ៦០ឆ្នាំ ចំពោះមន្ត្រីពន្ធនាគារ ស្ថិតក្នុងឋានន្តរសក្តិឧត្តមអគ្គានុរក្សពន្ធនាគារ។
ការដាក់ឱ្យចូលនិវត្តន៍ត្រូវសម្រេចដោយ :
- ព្រះរាជក្រឹត្យ ចំពោះមន្ត្រីពន្ធនាគារមានឋានន្តរសក្តិឧត្តមអគ្គានុរក្សពន្ធនាគារ
- អនុក្រឹត្យ ចំពោះមន្ត្រីពន្ធនាគារមានឋានន្តរសក្តិវរអគ្គានុរក្សថ្នាក់លេខ១
- ប្រកាសបស់ក្រសួងមហាផ្ទៃ ចំពោះមន្ត្រីពន្ធនាគារចាប់ពីឋានន្តរសក្តិវរអគ្គានុរក្សថ្នាក់លេខ២ចុះ។
- មន្ត្រីពន្ធនាគាជាស្ត្រី ត្រូវបានដាក់ឱ្យចូលនិវត្តន៏តាមព្រះរាជក្រឹត្យលេខ នស/រកត/០៩១២/៨៤៨ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១២ ស្តីពីការកែសម្រួលអាយុចូលនិវត្តន៍របស់មន្ត្រីរាជការស៊ីវិលជាស្ត្រី។
ជំពូកទី៨៖ ទណ្ឌកម្ម
មាត្រា ៤៤.-
មន្ត្រីពន្ធនាគារដែលមានកំហុសត្រូវទទួលទណ្ឌកម្មខាងវិន័យ ដូចខាងក្រោម ៖
១-ទណ្ឌកម្មដែលកំណត់ដោយក្រមសីលធម៌ និងបទវិន័យ ឬដោយនីតិវិធីពន្ធនាគារ
២-ទណ្ឌកម្មដែលកំណត់ដោយរមាត្រា៤៦នៃព្រះរាជក្រឹត្យនេះ។
មាត្រា៤៥.-
ការដាក់ទណ្ឌកម្មតាមបទវិន័យ ឬនីតិវិធី ឬលក្ខន្តិកៈដោយឡែកនេះ ត្រូវសុំយោបល់ពីក្រុមប្រឹក្សាវិន័យជាមុន។
មាត្រា ៤៦.-
ក្រោយទទួលបានយោបល់ពីក្រុមប្រឹក្សាវិន័យ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្រេចដាក់ទណ្ឌកម្ម ឬ ស្នើសុំដាក់ទណ្ឌកម្មខាងវិន័យ ដែលរួមមានដូចខាងក្រោមៈ
ក-ស្តីបន្ទោស
ខ- ការផ្លាស់ភារកិច្ចដោយបង្ខំ
គ- ការលុបឈ្មោះចេញពីតារាងដំឡើងថ្នាក់ ឋានន្តរសក្តិ
ឃ-ការដកមុខតំណែងដោយឱ្យនៅក្នុងស្ថានភាពអសកម្ម
ង-ការដាក់ឱ្យនៅទំនេរគ្មានបៀវត្ស មិនឱ្យលើសពី០១ (មួយ)ឆ្នាំ
ច-ការបន្ថយថ្នាក់ ឋានន្តរសក្តិមួយថ្នាក់ឬច្រើនថ្នាក់
ឆ-ការដាក់ឱ្យចូលនិវត្តន៍មុនកំណត់
ជ-ការលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីពន្ធនាគារ។
មាត្រា ៤៧.-
ការដកមុខតំណែងដោយដាក់ក្នុងស្ថានភាពអសកម្មត្រូវអនុវត្តចំពោះតែមន្ត្រីពន្ធនាគារណាដែលមិនត្រូវចូលនិវត្តន៍ភ្លាមៗ។ ការដកមុខតំណែងមិនអាចមានរយៈពេលលើសពី២ (ពីរ)ឆ្នាំ។
នៅពេលផុតកំណត់នៃរយៈពេលដែលស្ថិតនៅក្នុងស្ថានភាពអសកម្ម មន្ត្រីពន្ធនាគារនោះត្រូវដាក់ឲ្យនៅក្នុងស្ថានភាពសកម្មវិញ។
—-
មាត្រា ៤៨.-
មន្ត្រីពន្ធនាគារដែលត្រូវបានបន្ថយថ្នាក់ ឋានន្តរសក្តិត្រូវបញ្ចូលទៅក្នុងតារាងដំឡើងថ្នាក់ ឋានន្តរសក្តិថ្មី ចាប់គិតពីថ្ងៃដែលមានការសម្រេចជាផ្លូវការ។
ជំពូកទី៩៖ ការចោទប្រកាន់តាមផ្លូវតុលាការ
មាត្រា ៤៩.-
ក្នុងករណីដែលមន្ត្រីពន្ធនាគារណាម្នាក់ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ហើយត្រូវបានអាជ្ញាធរតុលាការធ្វើការចោទប្រកាន់ ត្រូវជូនដំណឹងអំពីការចោទប្រកាន់ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងរយៈពេល ៧២ ( ចិតសិបពីរ)ម៉ោង យ៉ាងយូរ។
បើមានការចាប់ខ្លួន ឬការឃាត់ខ្លួន ឬការឃុំខ្លួនបណ្តោះអាសន្នលើមន្ត្រីពន្ធនាគារណាមួយនោះ អាជ្ញាធរតុលាការត្រូវរាយការណ៍ជាបន្ទាន់ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
មាត្រា ៥០.-
មន្ត្រីពន្ធនាគារណាដែលកំពុងជាប់ការចោទប្រកាន់ពីអាជ្ញាធរតុលាការ អាចត្រូវបានផ្អាកពីមុខងារសិនក្នុងករណីចាំបាច់។
ក្នុងករណីអាជ្ញាធតុលាការសម្រេចលើកលែងការចោទប្រកាន់ជាស្ថាពរមន្ត្រីពន្ធនាគារនោះត្រូវបានទទួលឱ្យចូលធ្វើការវិញភ្លាម ដោយគិតអតីតភាពសម្រាប់ការឡើងថ្នាក់ ឋានន្តរសក្តិ និងអតីតភាព ចូលនិវត្តន៍ ព្រមទាំងទទួលរបៀវត្សប្រតិសកម្មផង។
មាត្រា ៥១.-
មន្ត្រីពន្ធនាគារណាដែលត្រូវបានផ្តន្ទាទោសដោយអាជ្ញាធរតុលាការ ត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌ មន្ត្រីពន្ធនាគារ ដោយគិតពីថ្ងៃចេញសាលក្រមស្ថាពរ។
មន្ត្រីពន្ធនាគារដែលបានតវ៉ាសុំឧទ្ធរណ៍ត្រូវដាក់ឱ្យស្ថិតនៅក្នុងភាពទំនេគ្មានបៀវត្សជាបណ្តោះអាសន្នដោយស្វ័យប្រវត្តិ។
ជំពូកទី១០៖ អន្តរប្បញ្ញត្តិ
មាត្រា ៥២.-
ក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ត្រូវបានកសាងចេញពីសមាហរណកម្មនៃក្របខ័ណ្ឌមន្រ្តីរាជការទាំងឡាយ ដែលបច្ចុប្បន្នកំពុងបំពេញមុខតំណែង និងមុខងារពិតប្រាកដនៅក្នុងអគ្គនាយកដ្ឋានពន្ធនាគារ ឬក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ឬក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ចំណុះក្រសួងមហាផ្ទៃ។
ការធ្វើសមាហណេកម្មក្របខ័ណ្ឌមន្ត្រីខាងលើនេះ ទៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ត្រូវធ្វើឡើង ដោយព្រះរាជក្រឹត្យ អនុក្រឹត្យ និងប្រកាស។ មាត្រា ៥៣.-
លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងពន្ធនាគារដែលបានអនុវត្តកន្លងមកនៅមានសុពលភាពរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួសស្របតាមខ្លឹមសារនៃព្រះរាជក្រឹត្យនេះ។
ជំពូកទី ១១៖ អវសានប្បញ្ញត្តិ
មាត្រា ៥៤.-
បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងព្រះរាជក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
មាត្រា ៥៥.-
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះឱ្យមានប្រសិទ្ធភាព។
មាត្រា ៥៦.-
ព្រះរាជក្រឹត្យនេះចូលជាធរមានចាប់ពីថ្ងៃឡាយព្រះហស្ដលេខាតទៅ។
រាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០១៣
ទាញយកជាPDF ពីឆាណែលតេឡេក្រាមLAWKH: https://t.me/lawaudio_kh/809