កូនបំណុលដែលមានកាតព្វកិច្ចចម្បង (debtor of the principal obligation) គឺ​ជា​កូន​បំណុល​​ដែល​ត្រូវ​អនុវត្ត​កាតព្វ​កិច្ចដើម ហើយកាតព្វកិច្ច​នោះត្រូវ​បាន​ធានា​ដោយ​កិច្ច​សន្យាធានា។

ប្រភព៖ សទ្ទានុក្រមពាក្យច្បាប់​ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី រៀបចំដោយគណៈ​កម្មការ​បណ្ឌិត្យសភាទទួលបន្ទក​អនុម័តពាក្យច្បាប់​ របស់ទីស្តីការគណៈរដ្ឋមន្រ្តីបោះពុម្ពលើកទី១ ឆ្នាំ ២០០៧​, ទំ. ៣។

សម្រង់មាត្រាមួយចំនួននៃក្រមរដ្ឋប្បវេណី

មាត្រា ៨៦២. អានុភាពនៃការចាត់ចែងហ៊ីប៉ូតែក

១-ការចាត់ចែងហ៊ីប៉ូតែកដែល​បាន​កំណត់​នៅ​ក្នុង​មាត្រា៨៥៩ (ហ៊ីប៉ូតែក​បន្ត​) មាត្រា ៨៦០ (អនុប្បទាន ឬការបោះបង់នូវហ៊ីប៉ូតែក) និង មាត្រា ៨៦១ (អនុប្បទាន ឬការបោះបង់ និងការផ្លាស់ប្តូរនូវលំដាប់នៃហ៊ីប៉ូតែក) ខាងលើនេះ មិនមានអានុភាពឡើយ បើមិនធ្វើឡើងដោយលិខិតយថាភូត និង​មិនបានចុះបញ្ជីបន្ថែមអំពីការចាត់ចែងនោះ។

២-ការចាត់ចែងហ៊ីប៉ូតែកមិនអាចតតាំងចំពោះកូនបំណុលដែលមានកាតព្វកិច្ចចម្បង​ ​អ្នកធានាអ្នកបង្កើត​ហ៊ីប៉ូតែក និងប្រតិសិទ្ធិរបស់ជនទាំងនោះបានឡើយ បើម្ចាស់បំណុលហ៊ីប៉ូតែកមិនបានជូនដំណឹងទៅកូនបំណុល​ដែលមានកាតព្វកិច្ចចម្បង ឬទទួលការយល់ព្រមពីកូនបំណុលនោះទេ។

៣-បើកូនបំណុលដែលមានកាតព្វកិច្ចចម្បងបានទទួលដំណឹង ឬផ្តល់ការយល់ព្រម ដូចបានកំណត់នៅក្នុងកថាខណ្ឌទី២ ខាងលើនេះ ការសងដែលបានធ្វើឡើងចំពោះអ្នកចាត់ចែងហ៊ីប៉ូតែក ដោយគ្មានការយល់ព្រមពី​អ្នកដែលទទួលផលប្រយោជន៍ពីការចាត់ចែងហ៊ីប៉ូតែក មិនអាចតតាំងចំពោះអ្នកដែលទទួលផលប្រយោជន៍បានឡើយ។

មាត្រា ៩០៥. សិទ្ធិរបស់អ្នកធានា

១-អ្នក​ធានា​អាច​លើក​ឡើង​អំពី​ការ​រលត់កាតព្វកិច្ចចម្បង ដោយអាជ្ញាយុកាលបាន។

២-បើកូនបំណុលដែលមានកាតព្វកិច្ចចម្បង បានបោះបង់ចោលផលប្រយោជន៍នៃអាជ្ញាយុកាល អានុភាពនេះពុំមានចំពោះអ្នកធានាឡើយ។

៣-អ្នកធានាអាចលើកឡើង​នូវ​សិទ្ធិ​តវ៉ា​របស់​កូន​បំណុលដែលមានកាតព្វកិច្ចចម្បង មកប្រើបាន។

៤-បើកូនបំណុលដែលមានកាតព្វកិច្ចចម្បង មានសិទ្ធិលុបចោល ឬសិទ្ធិរំលាយនោះអ្នកធានាអាចបដិសេធនូវការអនុវត្តកាតព្វកិច្ចធានាបាន។

៥-បើកូនបំណុលដែលមានកាតព្វកិច្ចចម្បងស្ថិតនៅក្នុងឋានៈ ដែលខ្លួនអាចទូទាត់កាត​ព្វកិច្ចរបស់ខ្លួន​ ដោយ​យក​សិទ្ធិ​លើបំណុល​ចំពោះ​ម្ចាស់ បំណុល​បាន​នោះអ្នកធានាអាចបដិសេ​ធនូវ​ការអនុវត្ត​កាតព្វ​កិច្ច​ធានាបានត្រឹម​តែកម្រិត​ដែល​កាតព្វ​កិច្ច​ចម្បង​ត្រូវរលត់ ដោយសារការទូទាត់នោះ។

មាត្រា ៩០៩. អានុភាពនៃហេតុដែលកើតឡើងចំពោះអ្នកធានា

ហេតុទាំងឡាយដែលកើតឡើងចំពោះអ្នកធានា ពុំមានអានុភាពចំពោះកូនបំណុលដែលមានកាតព្វកិច្ចចម្បងឡើយ។     ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយចំពោះ ការទាមទារ ឬហេតុផ្សេងនៃការផ្អាកអាជ្ញាយុកាលចំពោះអ្នកធានាដែលទទួលអាណត្តិ ពីកូនបំណុលដែលមានកាតព្វកិច្ចចម្បង