សេចក្ដីផ្ដើមនីតិសមុទ្ទ (Introduction to international Law of the Sea)
មហាសមុទ្ទ គឺជាផ្ទៃទឹកប្រៃដ៏ធំល្វឹងល្វើយ នៅព័ទ្ធជុំវិញផ្ទៃដី និងជាផ្នែកដ៏សំខាន់ នៃសកម្មភាពជំនួញ ការធ្វើដំណើរ ការទាញយករ៉ែ ការបំប្លែងថាមពលសម្រាប់មនុស្សជាតិ ហើយក៏ជាប្រភពដ៏សំខាន់នៃសេដ្ឋកិច្ចបៃតងផងដែរ។ កំណើនតម្រូវការ និងសកម្មភាពទាញយកប្រយោជន៍ពីមហាសាគរដោយមនុស្សជាតិ និងកត្តាធម្មជាតិផ្សេងៗ ជាហេតុនាំឱ្យកើតមានទំនាស់លើការកាន់កាប់ ការវាតទីតំបន់គ្រប់គ្រង ការបង្កជាកង្វក់ដល់បរិស្ថាន និងទំនាស់ជាច្រើនទៀត។ ហេតុនេះហើយបានជាគេត្រូវបង្កើតវិធានគ្រប់គ្រង និងដោះស្រាយទំនាស់ទាំងឡាយដែលកើតឡើងពីសកម្មភាពទាក់ទងនឹងសមុទ្ទ។
នីតិសមុទ្ទ គឺជាមែកធាងដែលមានវ័យចំណាស់មួយនៃនីតិអន្តរជាតិសា-ធារណៈ ដូចគ្នាទៅនឹងច្បាប់សង្គ្រាម និងច្បាប់ការទូតផងដែរ។ និយាយដោយឡែក នីតិសមុទ្ទ គឺជាវិស័យដ៏មានឥទ្ធិពលមួយនៃនីតិអន្តរជាតិ ដូចគ្នាទៅនឹងនីតិសិទ្ធិមនុស្សអន្តរជាតិ និងនីតិបរិស្ថានអន្តរជាតិដែរ។ វិធានគ្រប់គ្រងសមុទ្ទកើតចេញពីទំនៀមទម្លាប់អន្តរជាតិ ហើយក្រោយមក វិធានទាំងនេះ ត្រូវបានយកមកចងក្រងនៅក្នុងលិខិតូបករណ៍អន្តរជាតិជាបន្តបន្ទាប់។
ខ្លឹមសារទូទៅនៃសៀវភៅនេះ សិក្សាអំពីប្រវត្តិ ការអភិវឌ្ឍ និងសារសំខាន់នៃនីតិសមុទ្ទ និង គោលការណ៍សំខាន់ៗក្នុងនីតិសមុទ្ទ (ជំពូកទី១) បន្ទាត់មូលដ្ឋាន រួមមានបន្ទាត់មូលដ្ឋានធម្មតា បន្ទាត់មូលដ្ឋានត្រង់ និងបន្ទាត់មូលដ្ឋានប្រជុំកោះ (ជំពូកទី២) តំបន់សមុទ្ទ និងយុត្តាធិការរបស់រដ្ឋ ដែលនឹងសិក្សាទៅលើ ដែនទឹកផ្ទៃក្នុង សមុទ្ទដែនដី សមុទ្ទតភ្ជាប់ តំបន់សេដ្ឋកិច្ចផ្ដាច់មុខ ខ្ពង់រាបបាតសមុទ្ទ និងសមុទ្ទអន្តរជាតិ (ជំពូកទី៣) ការកំណត់ព្រំដែនសមុទ្ទ ដោយសិក្សាទៅលើដំណើរការឆ្ពោះទៅរកការកំណត់វិធានអន្តរជាតិ ស្ដីពីការកំណត់ព្រំដែនសមុទ្ទ វិធានគតិយុត្តបច្ចុប្បន្នស្ដីពីការកំណត់ព្រំដែនសមុទ្ទ វិធីសាស្ត្រកំណត់ព្រំដែនសមុទ្ទ កាលៈទេសៈនានាពាក់ព័ន្ធទៅនឹងការកំណត់ព្រំដែនសមុទ្ទ និងដំណើរការនានានៅក្នុងការកំណត់ព្រំដែនសមុទ្ទជាក់ស្ដែង (ជំពូកទី៤) បរិស្ថានសមុទ្ទ ដោយសិក្សាលើ សញ្ញាណទូទៅ ប្រភពនៃកង្វក់បរិស្ថានសមុទ្ទ និងក្របខណ្ឌច្បាប់អន្តរជាតិពាក់ព័ន្ធនឹងការការពារបរិស្ថានសមុទ្ទ (ជំពូកទី៥) ការដោះស្រាយវិវាទដែនសមុទ្ទ ដោយសិក្សាលើ កាតព្វកិច្ចជាទូទៅក្នុងការដោះស្រាយវិវាទដោយសន្តិវិធី និងការដោះស្រាយវិវាទតាមប្រព័ន្ធតុលាការ (ជំពូកទី៦) សន្តិសុខដែនសមុទ្ទ ដោយសិក្សាលើ សញ្ញាណ ទំនាក់ទំនង និងបញ្ហាសំខាន់ៗដែលគម្រាមកំហែងដល់សន្តិសុខដែនសមុទ្ទ (ជំពូកទី៧)។
ដោយ៖ នូ ចន្ថា
ទំនាក់ទំនងជាវសៀវភៅព្រីន៖ 089788048 (Telegram)
(តម្លៃព្រីនB5: ៦០០០០ រៀល )