មាតិកា

១. សេចក្ដីផ្ដើម

រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ប្រទេស។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលនៅជាធរមានសព្វថ្ងៃ ត្រូវបានអនុម័តដោយសភាធម្មនុញ្ញនៅថ្ងទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ និងត្រូវប្រកាសឱ្យប្រើជាផ្លូវការដោយព្រះរាជក្រមចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៤។ តាមរយៈព្រះរាជក្រមខាងលើនេះ សភាធម្មនុញ្ញ បានប្រែក្លាយមកជា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។

ត្រឹមខែសីហា ឆ្នាំ២០២២នេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបាន ធ្វើវិសោធនកម្មចំនួន ១០លើក។ ខ្ញុំសូមធ្វើសេចក្ដីសង្ខេបខ្លឹមសារវិសោធនកម្មទាំងនោះដូចខាងក្រោម។

២. វិសោធនកម្មលើកទី១៖ ការផ្តល់សិទ្ធិដល់ប្រមុខរដ្ឋស្តីទីចុះហត្ថលេខាលើព្រះរាជក្រម ឬព្រះរាជក្រឹត្យ

វិសោធនកម្មលើកទី១ នៃរដ្ឋធម្មនុញ្ញកម្ពុជា ធ្វើឡើងតាមរយៈព្រះរាជក្រមចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីការកែប្រែមាត្រា២៨ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា[1]។ ខ្លឹមសារនៃការកែ​ប្រែ​នេះ មានគោល​បំណង​ផ្តល់​សិទ្ធិ​ដល់​ប្រមុខ​​រដ្ឋ​​ស្តីទី​ចុះហត្ថលេខា​លើព្រះរាជក្រម ឬព្រះរាជក្រឹត្យ នៅពេល​ព្រះមហាក្សត្រ​អវត្តមាន ដោយព្រះរាជសារប្រគល់សិទ្ធិ។

៣. វិសោធនកម្មលើកទី២៖ ការបង្កើតឱ្យមានស្ថាប័នព្រឹទ្ធសភា

វិសោធនកម្មលើកទី២ ធ្វើឡើងតាមរយៈព្រះរាជក្រមលេខ នស/រកម/០៣​៩៩/០១ ចុះថ្ងៃទី ៨ មីនា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីវិសោធនកម្មមាត្រា ១១, ១២, ១៣, ១៨, ២២,២៤, ២៦, ២៨, ៣០, ៣៤, ៥១, ៩០, ៩១, ៩៣ និងមាត្រាទាំងឡាយនៃជំពូក៨ ដល់ជំពូកទី១៤[2]។ ខ្លឹមសារនៃវិសោធនកម្មនេះ គឺដើម្បីបង្កើតឱ្យមានស្ថាប័នព្រឹទ្ធសភា។

៤. វិសោធនកម្មលើកទី៣៖ បង្កើត និងប្រទានគ្រឿងឥស្សរិយយសជាតិ

វិសោធនកម្មលើកទី៣ ធ្វើឡើងតាមរយៈព្រះរាជក្រមលេខ នស/រកម/០៧០១/១១ ចុះថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់​​ធម្មនុញ្ញ ស្ដីពីវិសោធនកម្មមាត្រា ១៩ និងមាត្រា ២៩នៃរដ្ឋធម្មនុញ្ញ[3]។ ខ្លឹមសារ វិសោធនកម្មនេះ គឺ “ព្រះមហាក្សត្រទ្រង់បង្កើត និងប្រទានគ្រឿងឥស្សរិយយសជាតិ” និងកែតម្រូវកំហុសបច្ចេកទេសនូវមាត្រា១៩ថ្មី ត្រង់លេខមាត្រាយោងពីមាត្រា ១០០ចាស់ ទៅមាត្រា១១៩ថ្មី។

៥. វិសោធនកម្មលើកទី៤៖ សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ

វិសោធនកម្មលើកទី៤ ធ្វើឡើងតាមរយៈព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ​ចុះថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០០៤ ដែលប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ[4]។ មាត្រា ១ នៃច្បាប់ធម្មនុញ្ញបន្ថែមខាងលើ មានគោលដៅធានាក្នុងគ្រប់កាលៈទេសៈ នូវដំណើការល្អប្រសើរ នៃស្ថាប័នជាតិ ដោយគោរពទៅតាមគោលការណ៍ជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សមស្របតាមតម្រូវការនៃភាពចាំបាច់។ ចំណែកមាត្រា ៣ ចែងថា “ក្នុងករណី​ដែលឃើញថា នីតិវិធីនៃមាត្រា៨២ និង១១៩ ថ្មី នៃ រដ្ឋធម្មនុញ្ញមិនអាចសម្រេចបាន រដ្ឋសភា តាមសំណើរបស់គណបក្ស ដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា អាចដំណើរការ ការបោះឆ្នោតជាកញ្ចប់ ដើម្បីជ្រើសតាំងប្រធាន អនុប្រធាន រដ្ឋសភា ក៏ដូចជាប្រធាន និង អនុប្រធានគណៈកម្មការ ក្នុងពេលជាមួយគ្នានឹង ការផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល។”

៦. វិសោធនកម្មលើកទី៥៖ ការកែប្រែកូរ៉ុមនៃការប្រជុំរដ្ឋសភា

វិសោធនកម្មលើកទី៥ ធ្វើឡើងតាមរយៈព្រះរាជក្រមលេខ នស/រកម/ ០៦០៥/០១៨ ចុះថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា ៨៨ និងមាត្រា ១១១ ថ្មី នៃរដ្ឋធម្មនុញ្ញ[5]។ ខ្លឹមសារវិសោធនកម្មមានដូចខាងក្រោម៖

  • កូរ៉ុមប្រាំពីរភាគដប់ សម្រាប់ការអនុម័តយកមតិភាគច្រើន ពីរ ភាគបី ឬយកមតិភាគច្រើន បីភាគបួន នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
  • កូរ៉ុមប្រាំមួយភាគដប់ សម្រាប់ការអនុម័តយកមតិភាគច្រើន ដោយប្រៀប ឬយកមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។

៧. វិសោធនកម្មលើកទី៦៖ ការសម្រួលសំឡេងបោះឆ្នោត ពី ២/៣ មកជា មតិភាគច្រើនដាច់ខាត និងកូរ៉ុមប្រជុំ

វិសោធនកម្មលើកទី៦ ធ្វើឡើងដោយព្រះរាជក្រមលេខ នស/រកម/០៣០៦/០០ ចុះថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញ​ស្តីពីវិសោធនកម្មមាត្រា៨២ មាត្រា៨៨ថ្មី មាត្រា ៩០ថ្មី មាត្រា៩៨ មាត្រា១០៦ថ្មី មាត្រា១១១ថ្មី(មួយ) មាត្រា១១៤ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៦ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវ ដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ[6]។ ខ្លឹមសារនៃវិសោធនកម្ម គឺ ការកែសម្រួលសំឡេងបោះឆ្នោត ២/៣ មកជា មតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំងមូល និងកូរ៉ុមប្រជុំដើម្បី បោះ​ឆ្នោតជ្រើសរើសប្រធាន អនុប្រធានរដ្ឋសភា និងសមាជិកគណៈកម្មការនានានៃរដ្ឋសភា បោះឆ្នោតទុកចិត្តដល់រាជរដ្ឋាភិបាល និងអនុម័តញត្តិបន្ទោសទម្លាក់សមាជិកគណៈរដ្ឋមន្ត្រី ឬទម្លាក់ រាជរដ្ឋាភិបាល បោះឆ្នោតជ្រើសរើប្រធាន អនុប្រធានព្រឹទ្ធសភា និងសមាជិកគណៈ កម្មការនានានៃព្រឹទ្ធសភា អនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងព្រឹទ្ធសភា។

៨. វិសោធនកម្មលើកទី៧៖ ការកែប្រែរចនាសម្ព័ន្ធរដ្ឋបាលទឹកដីមកជា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់

វិសោធនកម្មលើកទី៧ ធ្វើឡើងតាមរយៈព្រះរាជក្រមលេខ នស/រកម/០២០៨/០០៨ ចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៤៥ថ្មី និងមាត្រា១៤៦ថ្មី នៃរដ្ឋធម្មនុញ្ញ[7]។ ខ្លឹមសារវិសោធនកម្មគឺ៖ ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ចែកជា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ [មាត្រា ១៤៥.-ថ្មី (មួយ)]។

៩. វិសោធនកម្មលើកទី៨៖ តំណាងរាស្ត្រ,​អង្គការរៀបចំការបោះឆ្នោត និងការសើរើនិងវិសោធនកម្មរដ្ឋធម្មនុញ្ញ

វិសោធនកម្មលើកទី៨ ធ្វើឡើងតាមរយៈព្រះរាជក្រមលេខ នស/រកម/១០១៤/០២២ ចុះថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៧៦ និងមាត្រាទាំងឡាយ ពីជំពូកទី១៥ថ្មី ដល់ជំពូក ទី១៦ថ្មី នៃរដ្ឋធម្មនុញ្ញ[8]។ ខ្លឹមសារនៃវិសោធនកម្មគឺទាក់ទងទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អង្គការរៀបចំការបោះឆ្នោត ការសើរើ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ។

១០. វិសោធនកម្មលើកទី៩៖ ការធានានូវដំណើរកាជាប្រក្រតីនៃស្ថាប័នជាតិ

វិសោធនកម្មលើកទី៩ ធ្វើឡើងតាមរយៈព្រះរាជក្រមលេខ នស/រកម/១១២១/០១៨ ចុះថ្ងៃទី ០៣ វិច្ឆិកា ឆ្នាំ២០២១ ដែលប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្ម[9]មាត្រា ១៩ថ្មី មាត្រា ៨២ថ្មី មាត្រា ១០៦ ថ្មី (មួយ) មាត្រា ១១៩ ថ្មី និងមាត្រា ១៣៧ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរកាជាប្រក្រតីនៃស្ថាប័នជាតិ។

១១. វិសោធនកម្មលើកទី១០៖ ការធានានូវដំណើរកាជាប្រក្រតីនៃស្ថាប័នជាតិ

វិសោធនកម្មលើកទី១០ ធ្វើឡើងតាមរយៈព្រះរាជក្រមលេខ នស/រកម/០៨២២/០០៧ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ដែលប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញ[10] ស្ដីពីវិសោធនកម្មមាត្រា ១៩ ថ្មី (មួយ) មាត្រា ៨៩ ថ្មី មាត្រា ១០២ ថ្មី មាត្រា ១១៩ ថ្មី (មួយ) និងមាត្រា ១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ ថ្មី និងមាត្រា ៤ ថ្មីនៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។


[1] ច្បាប់នេះត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៤ នាសម័យ ប្រជុំរដ្ឋសភាវិសាមញ្ញ នីតិកាលទី១។

[2] ច្បាប់នេះត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃទី៤ ខែមីនា ឆ្នាំ១៩៩៩ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាល ទី២។

[3] ត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០០១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាល ទី២។

[4] ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី០៨ កក្កដា ឆ្នាំ២០០៤ នាសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៣។

[5] រដ្ឋសភាអនុម័ត នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០៥ នាសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលកាលទី៣។

[6] រដ្ឋសភាអនុម័តនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០០៦ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៣។

[7] រដ្ឋសភាអនុម័ត នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៨ នាសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៣។

[8] រដ្ឋសភាអនុម័តនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ នាសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៥។

[9] រដ្ឋសភាអនុម័តនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៥។

[10] រដ្ឋសភាអនុម័តនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នាសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦។