នយោបាយបង្កក (frozen politics) សំដៅដល់ នយោបាយដែលផ្តាច់ទំនាក់ទំនងជាមួយប្រទេសណាមួយ ឬក្រុមណាមួយដែលបានប៉ះពាល់ផលប្រយោជន៍ដល់ប្រទេសឬក្រុមនោះ។
នយោបាយបង្កកគឺមានន័យថា បញ្ឈប់ទំនាក់ទំនងការបរទេស ការទូត និង ផ្នែកសេដ្ឋកិច្ច។ នយោបាយនេះកើតឡើងតែនៅក្នុងរយៈពេល ណាមួយដែលភាគីទាំងសងខាងមិនទាន់ឯកភាពឬស្រុះស្រួលគ្នា។
ឧទាហរណ៍៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០០៨ ក្រោយពីមានទំនាស់រវាងសហព័ន្ធរុស្ស៊ី និងហ្សកហ្សី(Georgia)បានធ្វើឱ្យសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិកបង្កកទំនាក់ទំនងជាមួយរុស្ស៊ី។ ឯរុស្សីវិញបានឆ្លើយតបនឹងសហគមន៍អឺរ៉ុបដោយធ្វើនយោបាយបង្កកវិញតាមរយៈការផ្តាច់ការផ្គត់ផ្គង់ថាមពលឧស្ម័ន ដោយចោទអ៊ុយក្រែនថាបានបូមយកឧស្ម័នប្រាសចាកពីកិច្ចព្រមព្រៀងដែលធ្វើឱ្យទំនាស់នេះកាន់តែមានសភាព ប្រឈមដាក់គ្នាកាន់តែតានតឹងឡើងរវាងរុស្សី និងអឺរ៉ុបរហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០០៩ ទើបមានជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីអ៊ុយ ក្រែននិងនាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី ដើម្បីធ្វើការដោះស្រាយបញ្ហានេះ ដោយមានការចូលរួមពីប្រទេសបារាំង អ៊ុតាលី អេស្ប៉ាញ អាល្លឺម៉ង់ផង។
ប្រភព៖ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃទីស្ដីការគណៈរដ្ឋមន្ត្រី, សទ្ទានុក្រមវិទ្យាសាស្ត្រនយោបាយ និង ការទូត៖ ខ្មែរ-អង់គ្លេស-បារាំង, មិថុនា ២០១៤, ទំ.២៨។