អង្គបោះឆ្នោត (elector/electoral college) សំដៅដល់​អ្នកបោះឆ្នោតដែលជាតំណាងប្រជាពលរដ្ឋដោយអនុលោម​តាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ហើយត្រូវបានផ្តល់សិទ្ធិ​ស្របច្បាប់ដើម្បីបោះឆ្នោតជ្រើសរើសអ្នកដឹកនាំ អ្នកតំណាងក្នុង ស្ថាប័ននីតិប្បញ្ញត្តិ ឬអ្នកតំណាងក្នុងស្ថាប័នដែលទទួលអាណត្តិ​ដោយការបោះឆ្នោត។

នៅកម្ពុជា អង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា គឺជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិក​ក្រុមប្រឹក្សា​​ឃុំ សង្កាត់​ទាំង​អស់​ក្នុង​តំណែងនៅក្នុងក្របខ័ណ្ឌនៃ​ភូមិភាគនីមួយៗ។

កិច្ចសន្យាសង្គម (social contract) គឺជា​កិច្ចព្រមព្រៀង​នៃការបង្កើតរដ្ឋ ដែលក្រុមមនុស្សរួមគ្នាបង្កើត​​ឡើង​តាម​ទម្រង់​ណាមួយ​ដែលគេចង់បាន ដើម្បីផ្តាច់ខ្លួនចេញពី​សភាពធម្មជាតិក្នុងគោលបំណងស្វែងរកការធានានិងការការពារសុវត្ថិភាព សេរីភាព និងយុត្តិធម៌ពីរដ្ឋ។ ទ្រឹស្តីនៃកិច្ចសន្យាសង្គម នេះពេញនិយមនៅក្នុងសតវត្សរ៍ទី១៦ ១៧ និង១៨ កើតចេញពីអ្នកទ្រឹស្តីមួយចំនួន ដូចជា Thomas Hobbes, John Locke និង Jean-Jacques Rousseau ដែលពន្យល់​កំណើត​រដ្ឋា​ភិបាល​និងកាតព្វ​កិច្ច​ប្រជាពលរដ្ឋ។

ប្រភព៖ ពាក្យបច្ចេកសព្ទរបស់គណៈកម្មការបច្ចេកទេសវិទ្យាសាស្ត្រនយោបាយដាក់ជូនក្រុមប្រឹក្សាជាតិភាសាខ្មែរអនុម័តថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។