គតិយុត្ត (juridical) មានន័យថា តាមគន្លងច្បាប់ ឬដែលទាក់ទងនឹងច្បាប់ ឬដែលត្រឹមត្រូវតាមច្បាប់។
ប្រភព៖ សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី រៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទកអនុម័តពាក្យច្បាប់ របស់ទីស្តីការគណៈរដ្ឋមន្រ្តីបោះពុម្ពលើកទី១ ឆ្នាំ ២០០៧, ទំ. ៤។
✍សម្រង់មាត្រាមួយចំនួននៃក្រមរដ្ឋប្បវេណី៖
មាត្រា ១.- ច្បាប់ទូទៅនៃនីតិឯកជន
ក្រមនេះ បញ្ញត្តិអំពីគោលការណ៍ទូទៅដែលទាក់ទងទៅនឹងទំនាក់ទំនងគតិយុត្តផ្នែករដ្ឋប្បវេណី។ បញ្ញត្តិនៃក្រមរដ្ឋប្បវេណីនេះ ត្រូវយកមកអនុវត្តចំពោះទំនាក់ទំនងទ្រព្យ សម្បត្តិ និងទំនាក់ទំនងញាតិ លើកលែងតែមានកំណត់ផ្សេង នៅក្នុងច្បាប់ពិសេស។
មាត្រា ៣.- គោលការណ៍ស្វ័យភាពនៃបុគ្គលឯកជន
ក្រមនេះ គោរពនូវសេរីភាពនៃឆន្ទៈរបស់បុគ្គល និងបញ្ញត្តអំពីទំនាក់ទំនងគតិយុត្ត ប្រកបដោយសមភាពរវាងបុគ្គលឯកជន ដោយរួមបញ្ចូលទាំងនីតិបុគ្គល។ នីតិបុគ្គលសាធារណៈ ដែលនៅក្នុងទំនាក់ទំនងនៃការជួញដូរត្រូវចាត់ទុកថាជាបុគ្គលឯកជន។
មាត្រា ៤៣.- អានុភាពនៃការប្រកាសអំពីការបាត់ខ្លួន
ក្នុងករណីដែលការបាត់ខ្លួនត្រូវបានប្រកាសតាមបញ្ញត្តិនៃកថាខណ្ឌទី ១ នៃមាត្រា ៤១ (លក្ខខណ្ឌដើម្បីធ្វើការប្រកាសអំពីការបាត់ខ្លួន) នៃក្រមនេះ បន្ទាប់ពីពេលដែលអំឡុងពេលដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ នោះបានកន្លងផុត និងក្នុងករណីដែលការបាត់ខ្លួនត្រូវបានប្រកាសតាមបញ្ញត្តិនៃកថាខណ្ឌទី ២ នៃមាត្រាដដែលបន្ទាប់ពីពេលដែលគ្រោះថ្នាក់បានកន្លងផុតទៅអ្នកបាត់ខ្លួនត្រូវបានចាត់ទុកថា បានទទួលមរណភាព។ បញ្ញត្តិ នេះត្រូវយកមកអនុវត្ត ចំពោះតែទំនាក់ទំនងគតិយុត្តជុំវិញលំនៅឋាន ឬទីសំណាក់កន្លងមករហូតដល់ពេលនោះ។