គោលការណ៍ (principle) សំដៅដល់៖

១-វិធាន​ទូទៅ ឬទ្រឹស្តីមួយដែល​ផ្តល់​នូវមូលដ្ឋាន ឬប្រភព​ដើមនៃ បទ​ដ្ឋាន​​គតិយុត្ត។

២-វិធានគតិយុត្ត ដែលបង្កើតដោយ​​អត្ថបទ​ច្បាប់​ណា​មួយ​ដែលមានលក្ខណៈ ទូទៅ​ក្នុងគោល​បំណង​ធានា​ការ​អនុវត្ត​ផ្សេងៗ ហើយមានតម្លៃគតិយុត្តខ្ពស់។

ប្រភព៖ សទ្ទានុក្រមពាក្យច្បាប់​ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី រៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទក​អនុម័តពាក្យច្បាប់​ របស់ទីស្តីការគណៈរដ្ឋមន្រ្តីបោះពុម្ពលើកទី១ ឆ្នាំ ២០០៧​, ទំ. ៤។

សម្រង់មាត្រាមួយចំនួននៃក្រមរដ្ឋប្បវេណី

មាត្រា ១.- ច្បាប់ទូទៅនៃនីតិឯកជន

ក្រម​នេះ បញ្ញត្តិ​អំពី​គោល​ការណ៍​ទូ​ទៅ​ដែល​ទាក់​ទង​ទៅ​នឹង​ទំនាក់​ទំនង​គតិ​យុត្ត​ផ្នែករដ្ឋប្បវេណី។ បញ្ញត្តិ​នៃ​ក្រម​រដ្ឋ​ប្ប​វេណី​នេះ ត្រូ​វ​យក​មកអនុវត្តចំពោះទំនាក់ទំនងទ្រព្យ សម្បត្តិ និងទំនាក់ទំនងញាតិ លើកលែងតែមានកំណត់ផ្សេង នៅក្នុងច្បាប់ពិសេស។

មាត្រា ២.- គោលការណ៍ជាមូលដ្ឋាន

ក្រមនេះ កំណត់អំពីគោលការណ៍នៃការធានាសេចក្តីថ្លៃថ្នូររបស់បុគ្គល ភាព​ស្មើគ្នារបស់បុរស នារី និងសិទ្ធិលើទ្រព្យសម្បត្តិ ដែលត្រូវបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ ។

មាត្រា ៣.- គោលការណ៍ស្វ័យភាពនៃបុគ្គលឯកជន

ក្រមនេះ គោរពនូវសេរីភាពនៃឆន្ទៈរបស់បុគ្គល និងបញ្ញត្តអំពីទំនាក់ទំនង​គតិយុត្ត ប្រកបដោយសមភាពរវាងបុគ្គលឯកជន ដោយរួមបញ្ចូលទាំងនីតិបុគ្គល។    នីតិបុគ្គល​សាធារណៈ ដែល​នៅ​ក្នុងទំនាក់ទំ​នងនៃការជួញដូរត្រូវចាត់ទុកថាជាបុគ្គលឯកជន។

មាត្រា ៥.-គោលការណ៍នៃភាពសុចរិត និង ភាពស្មោះត្រង់

ការប្រើសិទ្ធិ និងការអនុវត្តករណីយកិច្ច ត្រូវធ្វើឡើងដោយសុចរិត ផ្អែកតាមភាពស្មោះត្រង់។

មាត្រា ៣៤០.- ពេលនៃការបង្កើតកិច្ចសន្យាៈ គោលការណ៍នៃការមកដល់នៃស្វីការ

កិច្ចសន្យាត្រូវកើតឡើងនៅពេលដែលដំណឹងអំពីស្វីការបានមកដល់អ្នកស្នើ។