ចលនវត្ថុ (movable) សំដៅដល់វត្ថុទាំងឡាយក្រៅពីអចលនវត្ថុ។

ប្រភព៖ សទ្ទានុក្រមពាក្យច្បាប់​ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី រៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទក​អនុម័តពាក្យច្បាប់​ របស់ទីស្តីការគណៈរដ្ឋមន្រ្តីបោះពុម្ពលើកទី១ ឆ្នាំ ២០០៧​, ទំ. ៥។

សម្រង់មាត្រាមួយចំនួននៃក្រមរដ្ឋប្បវេណី

មាត្រា ១៨៦.-ការជាប់គ្នារវាងចលនវត្ថុ និងអចលនវត្ថុ

ក្នុងករណីដែល​ចលនវត្ថុបានក្លាយជាផ្នែកមួយនៃអចលនវត្ថុ ដោយភ្ជាប់ជា​មួយនឹងអចលនវត្ថុនោះកម្មសិទ្ធិលើអចលនវត្ថុនោះ ត្រូវមានអានុភាពទៅ​លើចលនវត្ថុនោះផងដែរ លើកលែងតែមានបញ្ញត្តិនៃច្បាប់ ឬការព្រម​ព្រៀងពិសេស។    ក្នុងករណីនេះអ្នកដែល​បាន​បាត់​បង់កម្មសិទ្ធិ​លើចលន​វត្ថុអាចទាមទារប្រាក់សំណងបានតាមបញ្ញត្តិស្តីពី សេចក្តីចម្រើនដោយ​ឥតហេតុតែមិនអាចទាមទារឱ្យធ្វើបដិទានបានឡើយ។

មាត្រា ១៨៧.- លទ្ធកម្មនៃកម្មសិទ្ធិលើចលនវត្ថុ

កម្មសិទ្ធិលើចលនវត្ថុអាចត្រូវបានធ្វើលទ្ធកម្មដោយកិច្ចសន្យា សន្តតិកម្ម និង​ហេតុដែលបានកំណត់នៅក្នុងផ្នែកទី ៤ (លទ្ធកម្មនៃកម្មសិទ្ធិ) នេះព្រមទាំងតាមបញ្ញត្តិនៃក្រមនេះ ឬ ច្បាប់ផ្សេង។

មាត្រា ១៨៨.- កម្មសិទ្ធិនៃចលនវត្ថុគ្មានម្ចាស់

ចលនវត្ថុ​ដែលគ្មានម្ចាស់ ត្រូវជាកម្មសិទ្ធិរបស់អ្នកកាន់កាប់វត្ថុនោះមុនគេ ដោយ មានឆន្ទៈយកជាកម្មសិទ្ធិ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមក​អនុវត្តឡើយ​ចំពោះ​ករណី​ដែល​មាន​បញ្ញត្តិ​ពិសេស​នៅ​ក្នុង​ច្បាប់ ឬបទដ្ឋានគតិយុត្ត ស្តីពីការការពារសត្វព្រៃ។