ជំងឺអេដស៍ គឺជាជំងឺឆ្លងរីករាលដាលមួយបង្កឡើងដោយមេរោគអេដស៍ និងដែលទទួលស្គាល់ថា គ្មានព្រំដែនផ្នែកដែនដី សង្គម នយោបាយ និង សេដ្ឋកិច្ច ហើយជំងឺនេះ ពុំទាន់មានថ្នាំព្យាបាលឱ្យជាសះស្បើយទេ ការរាតត្បាតនៃជំងឺនេះ បាននិងកំពុងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើ សន្តិសុខស្ថិរភាព និងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម។
ច្បាប់ស្ដីពីការបង្ការនិងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ (HIV/AIDS) មានគោលដៅ កំណត់ការបង្ការ និង ការប្រយុទ្ធទប់ស្កាត់ការរីក រាលដាល មេរោគអេដស៍/ជំងឺអេដស៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មាត្រា ១៨ នៃច្បាប់នេះ បានចែងថា៖
ហាមឃាត់ដាច់ខាតចំពោះអ្នកដែលដឹងថាខ្លួនមានមេរោគអេដស៍/ជំងឺអេដស៍ទៅប្រព្រឹត្តក្នុងចេតនាចម្លងទៅអ្នកដ៏ទៃ។
បន្ថែមលើបទប្បញ្ញត្តិខាងលើ មាត្រា ៥០ បានកំណត់អំពីទោសដែលអនុវត្តចំពោះអ្នកដែលដឹងថាខ្លួនមានមេរោគអេដស៍/ជំងឺអេដស៍ទៅប្រព្រឹត្តក្នុងចេតនាចម្លងទៅអ្នកដ៏ទៃ យ៉ាងធ្ងន់ធ្ងរ គឺផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ១០ (ដប់) ឆ្នាំ ដល់ ១៥ (ដប់ប្រាំ) ឆ្នាំ។