ជំងឺអេដស៍ គឺជាជំងឺឆ្លងរីករាលដាលមួយបង្កឡើងដោយមេរោគអេដស៍ និងដែលទទួល​ស្គាល់​ថា គ្មាន​ព្រំដែន​ផ្នែក​ដែនដី សង្គម នយោបាយ និង សេដ្ឋកិច្ច ហើយជំងឺនេះ ពុំទាន់មានថ្នាំព្យាបាលឱ្យជាសះស្បើយទេ ការរាតត្បាតនៃជំងឺនេះ បាននិងកំពុងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើ សន្តិសុខស្ថិរភាព និងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម និងទាមទារឱ្យរដ្ឋ ចាត់វិធានការ ឆ្លើយតបជាពហុវិស័យ។

ច្បាប់ស្ដីពីការបង្ការនិងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ (HIV/AIDS) ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០២/០១៥ ចុះថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០០២ ក្រោយពីរដ្ឋសភាអនុម័តនៅថ្ងទី១៤ ខែមិថុនា ឆ្នាំ២០០២ ហើយព្រឹទ្ធសភាបានអនុម័តយល់ស្រប នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០២។ ច្បាប់នេះ មានគោលដៅ កំណត់ការបង្ការ និង ការប្រយុទ្ធទប់ស្កាត់ការរីក រាលដាល មេរោគអេដស៍/ជំងឺអេដស៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

យោងតាមមាត្រា ១៣ មាត្រា ១៤ មាត្រា ១៥ និងមាត្រា ៤៩ នៃច្បាប់នេះ រាល់ការប្រើប្រាស់ឈាម ជាលិកា ឬ សរីរាង្គ ត្រូវធ្វើតេស្តមេរោគអេដស៍បញ្ជាក់ជាមុន ហើយជនដែលល្មើសនឹងកាតព្វកិច្ចនេះ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥០០.០០០៛ (ប្រាំសែនរៀល) ដល់ ១.០00.000៛ (មួយលានរៀល) និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦(ប្រាំមួយ) ខែ ដល់ ១ (មួយ) ឆ្នាំ។ ករណីពុំរាងចាល ត្រូវផ្តន្ទាទោស ទ្វេជាពីរ។ ទោសនេះ ពុំទាន់រាប់បញ្ចូល នូវការទទួលខុសត្រូវ លើសំណងផ្នែករដ្ឋប្បវេណី និងការដកហូត អាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈ ដែលពាក់ពន្ធ។ ឯមន្រ្តីរាជការ ត្រូវទទួលទណ្ឌកម្មបន្ថែមផ្នែករដ្ឋបាល។