ច្បាប់ស្ដីពីការបង្ការនិងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ (HIV/AIDS) ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០២/០១៥ ចុះថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០០២ ក្រោយពីរដ្ឋសភាអនុម័តនៅថ្ងទី១៤ ខែមិថុនា ឆ្នាំ២០០២ ហើយព្រឹទ្ធសភាបានអនុម័តយល់ស្រប នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០២។
យោងតាមមាត្រា ២ នៃច្បាប់ខាងលើ ជំងឺអេដស៍ គឺជាជំងឺឆ្លងរីករាលដាលមួយបង្កឡើងដោយមេរោគអេដស៍ និងដែលទទួលស្គាល់ថា គ្មានព្រំដែនផ្នែកដែនដី សង្គម នយោបាយ និង សេដ្ឋកិច្ច ហើយជំងឺនេះ ពុំទាន់មានថ្នាំព្យាបាលឱ្យជាសះស្បើយទេ ការរាតត្បាតនៃជំងឺនេះ បាននិងកំពុងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើ សន្តិសុខស្ថិរភាព និងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម និងទាមទារឱ្យរដ្ឋ ចាត់វិធានការ ឆ្លើយតបជាពហុវិស័យ ដើម្បីៈ
- ជំរុញឱ្យមានការយល់ដឹង ជាសាធារណៈដល់ប្រជាពលរដ្ឋគ្រប់រូប ស្តីពីមូលហេតុ របៀបនៃការចំលង ផលវិបាក មធ្យោបាយបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ តាមរយៈកម្មវិធីអប់រំ និងយុទ្ធនាការផ្សព្វផ្សាយទូលំទូលាយទូទាំងប្រទេស។
- ហាមឃាត់ការរើសអើងគ្រប់ប្រភេទ ចំពោះរាល់បុគ្គលណា ដែលត្រូវបានសង្ស័យ ឬត្រូវបានដឹងថាមានមេរោគអេដស៍/ជំងឺអេដស៍។
- ជំរុញឱ្យមានការប្រុងប្រយ័ត្នជាសកល ចំពោះវិធីសាស្ត្រ និងការអនុវត្តទាំងឡាយ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ ក្នុងការឆ្លងមេរោគអេដស៍/ជំងឺអេដស៍។
- ចាត់វិធានការសមស្រប ចំពោះរាល់កត្តាទាំងឡាយ ដែលធ្វើឱ្យកាន់តែធ្ងន់ធ្ងរដល់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍។
- លើកទឹកចិត្តឱ្យមានតួនាទីជាសក្តានុពលរបស់បុគ្គល ដែលមានមេរោគអេដស៍ / ជំងឺអេដស៍ ក្នុងការលាតត្រដាងពត៌មាន និងបទពិសោធន៍របស់ពួកគេ ដើម្បីចង្អុលបង្ហាញដល់ សាធារណជន។
- បញ្ចូលកម្មវិធីបង្ការ និងការប្រយុទ្ធទប់ស្កាត់ការរីករាលដាល មេរោគអេដស៍ / ជំងឺអេដស៍ ជាកម្មវិធីអាទិភាព នៅក្នុងផែនការអភិវឌ្ឍន៍ជាតិ។
ច្បាប់នេះ (មាត្រា ១២ និងមាត្រា ៤៨) បានចែងហាមដាច់ខាតរាល់ការឃោសនា ឬផ្សព្វផ្សាយពាណិជ្ជកម្ម ដែលអះអាងពីការព្យាបាល ព្រមទាំងវិធីបង្ការ មេរោគអេដស៍/ជំងឺអេដស៍ ដែលផ្ទុយនឹងវិធានការនានា របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងគោលការណ៍ បច្ចេកទេសវេជ្ជសាស្ត្រ។ មិនតែប៉ុណ្ណោះ ជនណាដែលប្រព្រឹត្តផ្ទុយនឹងការហាមឃាត់នេះ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥០០.000៛ (ប្រាំសែនរៀល) ដល់ ១.000.000 មួយលានរៀល) និងត្រូវផ្តន្ទាទោស ដាក់ពន្ធធនាគារពី១ (មួយ) ខែ ដល់ ១ (មួយ) ឆ្នាំ។ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសទេ មួយជាពីរ។ ឯមន្រ្តីរាជការ ត្រូវទទួល ទណ្ឌកម្មបន្ថែមផ្នែករដ្ឋបាល។