មាតិកា
១. ប្រវត្តិ
តុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice-ICJ) គឺជាស្ថាប័នយុត្តាធិការអន្តរជាតិដែលមានចៅក្រមឯករាជ្យមានសមត្ថភាព សីលធម៌ និងអាកប្បកិរិយាល្អ និងមកពីប្រទេសផ្សេងៗ។ តុលាការនេះ បង្កើតឡើងនៅខែមិថុនា ឆ្នាំ ១៩៤៥ ដោយធម្មនុញ្ញសហប្រជាជាតិ (United Nations Charter) ហើយបានចាប់ផ្ដើបំពេញការងាររបស់ខ្លួននៅខែមេសា ឆ្នាំ ១៩៤៦។[1] តុលាការនេះមានទីតាំងនៅទីក្រុងឡាអេ ប្រទេសហូឡង់។
ICJ បានទទួលរឿងក្ដីទី១ នៅខែឧសភា ឆ្នាំ១៩៤៧។ រឿងក្ដីទី១ ដែលដាក់ជូនតុលាការនេះសម្រេច គឺ បញ្ហាឧប្បត្តិហេតុនៅច្រកកូរហ្វួ ប្ដឹងដោយអង់គ្លេស ប្រឆាំងនឹងអាល់បានី។[2]
២. អំពីសមាជិក
តុលាការយុត្តិធម៌អន្តរជាតិមានចៅក្រមចំនួន ១៥ រូប និងមានស្ថាប័នរដ្ឋបាលជាជំនួយការផងដែរ។ ភាសាដែលប្រើប្រាស់ជាផ្លូវការក្នុងតុលាការនេះ គឺភាសាបារាំង និងភាសាអង់គ្លេស។ ចៅក្រមនៅតុលាការយុត្តិធម៌អន្តរជាតិទាំង ១៥ រូប ត្រូវបោះឆ្នោតជ្រើសតាំងសម្រាប់រយៈពេល ៩ ឆ្នាំ ហើយចៅក្រមទាំងនេះអាចឈរឈ្មោះបោះឆ្នោតសារជាថ្មីបាន។ ចៅក្រមត្រូវបោះឆ្នោតជ្រើសរើសដោយ មហាសន្និបាតអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខ ដែលអាចធ្វើឡើងដំណាលគ្នាក៏បាន ឬធ្វើឡើងក្នុងពេលខុសគ្នាក៏បាន។
ក្នុងករណីមានចៅក្រមណាម្នាក់មិនទាន់ផុតអាណត្តិ បានទទួលមរណភាព ឬក៏ប្ដូរការងារថ្មី ត្រូវតែមានការរៀបចំឱ្យមានការបោះឆ្នោតពិសេសមួយឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីជ្រើសរើសចៅក្រមថ្មីមកជំនួស។[3] ក្នុងចំណោមចៅក្រមទាំងអស់ មិនអាចមានចៅក្រមពីរនាក់ ដែលមកពីរដ្ឋដូចគ្នានោះទេ។[4]
ប្រធាន និងអនុប្រធាន នៃតុលាការយុត្តិធម៌អន្តរជាតិ ត្រូវបានបោះឆ្នោតជ្រើសតាំងដោយសមាជិកចៅក្រមជារៀងរាល់ ៣ ឆ្នាំម្ដង ដែលការបោះឆ្នោតជ្រើសតាំងនេះ ត្រូវធ្វើឡើងជាសម្ងាត់ និងជ្រើសរើសដោយសំឡេងភាគច្រើនដាច់ខាត។
៣. អំពីយុត្តាធិការ
តុលាការយុត្តិធម៌អន្តរជាតិ មានអង្គជំនុំជម្រះអចិន្ត្រៃយ៍ និងបណ្ដោះអាសន្ន។[5] លក្ខន្តិកៈនៃតុលាការនេះ បានបង្កើតឱ្យមានជាអង្គជំនុំជម្រះនៃនីតិវិធីសង្ខេប ដែលមានចៅក្រម៥ រូប សម្រាប់ដោះស្រាយបញ្ហាពាណិជ្ជកម្មផងដែរ។
រឿងក្ដីដែលដាក់ជូនតុលាការយុត្តិធម៌អន្តរជាតិ ត្រូវបញ្ចូលទៅក្នុងបញ្ជីទូទៅមួយរបស់តុលាការ។ នៅក្នុងបញ្ជីទូទៅនោះ មានសរសេរចំណងជើងនៃរឿងក្ដីវិវាទ កាលបរិច្ឆេទទទួលនិងកាលបរិច្ឆេទនៃសវនាការ។ នៅតុលាការយុត្តិធម៌អន្តរជាតិ មានយុត្តាធិការពីរប្រភេទ គឺយុត្តាធិការដោះស្រាយវិវាទ និងយុត្តាធិការបកស្រាយ។
យុត្តាធិការដោះស្រាយវិវាទ សំដៅដល់ការដោះស្រាយវិវាទច្បាប់ ដែលរដ្ឋភាគីបានដាក់ជូនតុលាការ ហើយតុលាការដោះស្រាយវិវាទនេះ ដោយអនុលោមទៅតាមច្បាប់អន្តរជាតិ។ យោងតាមមាត្រា៣៤ នៃលក្ខន្តិកៈតុលាការយុត្តិធម៌អន្តរជាតិ មានតែរដ្ឋដែលជាភាគីនៃវិវាទប៉ុណ្ណោះ ដែលអាចដាក់វិវាទជូនតុលាការនេះសម្រេច។
តុលាការ មានយុត្តាធិការបកស្រាយបញ្ហាច្បាប់ទាំងឡាយដែលដាក់ជូនខ្លួន។ យោបល់របស់តុលាការយុត្តិធម៌អន្តរជាតិ មិនមានអំណាចចាប់បង្ខំឡើយ។
[1] See: The Court | International Court of Justice (icj-cij.org), accessed: August 16, 2022.
[2] See: Latest developments | Corfu Channel (United Kingdom of Great Britain and Northern Ireland v. Albania) | International Court of Justice (icj-cij.org), accessed: August 16, 2022.
[3] The UN Department of Public Information, The International Court of Justice, Questions and answers about the principal judicial organ of the United Nations, New York, 2000. P.13.
[4] See all members of the court past and present: All Members | International Court of Justice (icj-cij.org), accessed: August 16, 2022.
[5] See: Chambers and Committees | International Court of Justice (icj-cij.org), Accessed: August 16, 2022.