ញាតិពន្ធ (affinity) សំដៅដល់ចំណងគតិយុត្តរវាងសហព័ទ្ធម្ខាង និងញាតិលោហិត របស់សហព័ទ្ធម្ខាងទៀត (សាច់ថ្លៃ)។ ឧ. ឪពុកម្តាយក្មេក និងកូនប្រសា បងថ្លៃ ប្អូនថ្លៃ (ខាងប្ដី ឬខាង ប្រពន្ធ)។ល ។
ប្រភព៖ សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី រៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទកអនុម័តពាក្យច្បាប់ របស់ទីស្តីការគណៈរដ្ឋមន្រ្តីបោះពុម្ពលើកទី១ ឆ្នាំ ២០០៧។
✍សម្រង់មាត្រាមួយចំនួននៃក្រមរដ្ឋប្បវេណី៖
មាត្រា ៩៤១.– ការរលត់ទំនាក់ទំនងញាតិពន្ធ
១-ទំនាក់ទំនងញាតិពន្ធ ត្រូវបញ្ចប់ដោយការលែងលះគ្នា។
២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះករណីដែលសហព័ទ្ធណាម្ខាងបានទទួលមរណភាព ហើយសហព័ទ្ធដែលនៅរស់បានរៀបអាពាហ៍ពិពាហ៍ថ្មីទៀត ឬបានបង្ហាញឆន្ទ:បញ្ចប់ទំនាក់ទំនងញាតិពន្ធ។
មាត្រា ៩៥២.- ការហាមឃាត់មិនឱ្យរៀបអាពាហ៍ពិពាហ៍រវាងញាតិពន្ធ
១-អាពាហ៍ពិពាហ៍ពុំអាចធ្វើបានឡើយ រវាងញាតិពន្ធនៃខ្សែផ្ទាល់។ បញ្ញត្តិនេះ ត្រូវយកមកអនុវត្តដូចគ្នាដែរនៅក្រោយពេលដែលបានបញ្ចប់ទំនាក់ទំនងញាតិពន្ធ ដោយបញ្ញត្តិមាត្រា ៩៤១ (ការរលត់ទំនាក់ទំនងញាតិពន្ធ) ឬមាត្រា ១០១៦ (ការកាត់កាល់នៃសុំកូនពេញលេញ) នៃក្រមនេះ។
២-អាពាហ៍ពិពាហ៍ពុំអាចធ្វើបានឡើយ រវាងសាខាញាតិពន្ធ នៅក្នុង ៣ (បី) ថ្នាក់ រាប់ទាំងថ្នាក់ទី ៣ (បី) ផង។ បញ្ញត្តិនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរក្រោយពេលបានបញ្ចប់ទំនាក់ទំនងញាតិពន្ធ តាមបញ្ញត្តិនៃមាត្រា ៩៤១ (ការរលត់ទំនាក់ទំនងញាតិពន្ធ) ខាងលើនេះ។ ប៉ុន្តែ បើសហព័ទ្ធណាម្ខាង បានទទួលមរណភាព សហព័ទ្ធដែលនៅរស់អាចរៀបអាពាហ៍ពិពាហ៍ជាមួយបុគ្គលដែលធ្លាប់ជាសាខាញាតិពន្ធ នៅក្នុង ៣ (ថ្មី) ថ្នាក់ បាន។