ញាតិលោហិត (consanguinity) សំដៅដល់ញាតិ ដែលមានឈាមជ័រជាមួយគ្នា ដូចជា ឪពុក និងកូន ឬម្តាយ និងកូន ជាដើម។
ប្រភព៖ សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី រៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទកអនុម័តពាក្យច្បាប់ របស់ទីស្តីការគណៈរដ្ឋមន្រ្តីបោះពុម្ពលើកទី១ ឆ្នាំ ២០០៧។
✍សម្រង់មាត្រា នៃក្រមរដ្ឋប្បវេណី៖
មាត្រា ៩៤០.– ការកើតមានឡើងនូវទំនាក់ទំនងញាតិភាពដោយការស្មុំកូន
ទំនាក់ទំនងរវាងកូនចិញ្ចឹម និងឪពុក ម្តាយចិញ្ចឹម ព្រមទាំងញាតិលោហិតរបស់ឪពុកម្តាយចិញ្ចឹមនោះ នឹងត្រូវបង្កើតនូវញាតិភាពដូចគ្នានឹងញាតិលោហិត គិតចាប់ពីថ្ងៃដែលបានសុំកូន។
មាត្រា ១១៥០.– អភ័ព្វបុគ្គលនៃសន្តតិកម្ម ជាអាទិ៍
បុគ្គលដែលបានកំណត់ដូចខាងក្រោមនេះ ពុំអាចក្លាយជាសន្តតិជន ឬពុំអាចទទួលទ្រព្យសម្បត្តិតាមមតកសាសន៍ បានឡើយ:
- ក-បុគ្គលដែលបានទទួលទោស ដោយមានចេតនាធ្វើឃាត ឬប៉ុនប៉ងធ្វើឃាតលើមតកជនឬ លើជនដែលមានលំដាប់សន្តតិកម្មមុន ឬលំដាប់ស្មើគ្នាទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី។
- ខ-បុគ្គលដែលដឹងអំពីការសម្លាប់មតកជនតែមិនបានរាយការណ៍ ឬមិនបានប្តឹង។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលបុគ្គលនោះ មិនអាចវិនិច្ឆ័យអំពើល្អ ឬអាក្រក់បាន ឬករណីដែលអ្នកសម្លាប់ជាសហព័ទ្ធ ឬញាតិលោហិតខ្សែផ្ទាល់របស់បុគ្គលនោះ។
- គ-បុគ្គលដែលបានរារាំងមតកជនក្នុងការធ្វើលុបចោល ឬកែប្រែមតកសាសន៍ស្តីពីសន្តតិកម្ម ដោយការឆបោក ឬគម្រាមកំហែង។
- ឃ-បុគ្គលដែលបានឱ្យមតកជនធ្វើលុបចោល ឬកែប្រែមតកសាសន៍ស្តីពី សន្តតិកម្ម ដោយការឆបោក ឬគម្រាមកំហែង។
- ង-បុគ្គលដែល បានក្លែងកបន្លំ បំផ្លាញចោល ឬលាក់ទុកនូវលិខិតមតកសាសន៍ស្តីពីសន្តតិកម្ម របស់មតកជន។