ដីបម្រើ (servient land) គឺជាដី ដែលជារបស់អ្នកដទៃដែលផ្តល់ផលប្រយោជន៍ ដល់ដីរបស់ជនណាមួយទៀត។
ប្រភព៖ សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី រៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទកអនុម័តពាក្យច្បាប់ របស់ទីស្តីការគណៈរដ្ឋមន្រ្តីបោះពុម្ពលើកទី១ ឆ្នាំ ២០០៧។
✍សម្រង់មាត្រា នៃក្រមរដ្ឋប្បវេណី៖
មាត្រា ២៨៥.– និយមន័យនៃសេវភាព
១-សេវភាពសំដៅទៅលើសិទ្ធិប្រើប្រាស់ដីរបស់អ្នកដទៃ សម្រាប់ផលប្រយោជន៍ដីរបស់ខ្លួនដោយយោងទៅតាមគោលបំណងដែលបានកំណត់នៅក្នុងកិច្ចសន្យាបង្កើត។ ប៉ុន្តែ សេវភាពដែលមានខ្លឹមសារផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈពុំអាចបង្កើតបានឡើយ ។
២-ដីអ្នកដទៃដែលផ្តល់ផលប្រយោជន៍ហៅថា “ដីបម្រើ” រីឯដីដែលធ្វើឱ្យកើនផលប្រយោជន៍របស់ខ្លួនហៅថា “ដីប្រើ”។
៣-ម្ចាស់សិទ្ធិជួលអចិន្ត្រៃយ៍នៃដី ឬផលុបភោគីអាចបង្កើតសេវភាពដោយយកដីនោះធ្វើជាដីប្រើបាន។
មាត្រា ២៨៦.– ការបង្កើតសេវភាព
១-សេវភាពអាចបង្កើតតាមលិខិតជាលាយល័ក្ខណ៍អក្សរ ឬមិនតាមលិខិតជាលាយល័ក្ខណ៍អក្សរបាន។
២-កម្មសិទ្ធិករនៃដីបម្រើ អាចស្នើសុំឱ្យរំលត់សេវភាពដែលមិនធ្វើតាមលិខិតជាលាយល័ក្ខណ៍អក្សរនៅពេលណាក៏បាន។ ក្នុងករណីដែលការស្នើសុំឱ្យរំលត់មិនបានបញ្ជាក់អំពីពេលរលត់ និងក្នុងករណីដែលអំឡុងពេលគិតចាប់ពីពេលស្នើសុំឱ្យរំលត់រហូតដល់ពេលរលត់ដែលបានបញ្ជាក់នៅក្នុងការស្នើសុំឱ្យរំលត់នោះតិចជាងអំឡុងពេល ១ (មួយ) ខែ សេវភាពត្រូវរលត់នៅពេលដែលអំឡុងពេល ១ (មួយ) ខែ បានកន្លងហួស គិតចាប់ពីពេលស្នើសុំឱ្យ រំលត់។
មាត្រា ២៨៧.– ល័ក្ខខ័ណ្ឌតតាំងនៃសេវភាព
១-សេវភាពពុំអាចតតាំងចំពោះតតិយជនបានឡើយបើពុំបានចុះបញ្ជី។
២-សេវភាពដែលបានចុះបញ្ជី ហើយអាចតតាំងចំពោះអនុប្បទានិកនៃដីបម្រើបាន។