១.សេចក្តីផ្តើម
សន្ធិសញ្ញាគឺជាកិច្ចព្រមព្រៀងអន្តរជាតិរវាងរដ្ឋ និងរដ្ឋក្នុងទម្រង់ជាលាយលក្ខណ៍អក្សរ គ្រប់គ្រងដោយច្បាប់អន្តរជាតិ និងធ្វើឡើងដោយលិខិតូបករណ៍តែមួយ ឬច្រើនបញ្ចូលគ្នា ទោះបីជាមានចំណងជើងអ្វីក៏ដោយ។[1]សន្ធិសញ្ញាអន្តរជាតិ អាចកើតឡើង រវាងតួអង្គនៃនីតិអន្តរជាតិ ពោលគឺ រវាងរដ្ឋ និងរដ្ឋ រវាងរដ្ឋ និងអង្គការអន្តរជាតិ ឬរវាងអង្គការអន្តរជាតិ និងអង្គការអន្តរជាតិផងដែរ។ អនុសញ្ញាទីក្រុងវីយ៉ែនចុះថ្ងៃទី ២១ ខែ មីនា ឆ្នាំ ១៩៨៦ ចែងអំពីការចុះសន្ធិសញ្ញារវាងរដ្ឋ និងអង្គការអន្តរជាតិ ប៉ុន្តែរហូតមកដល់ពេលនេះ អនុសញ្ញានេះមិនទាន់ចូលជាធរមានឡើយ។
កាលណាគេនិយាយអំពីការតាក់តែងសន្ធិសញ្ញា គេត្រូវគិតអំពីប្រភេទនៃកិច្ចព្រមព្រៀង ឬសន្ធិសញ្ញានោះជាមុនសិន ដែលលិខិតូបករណ៍ទាំងនេះ អាចជាទ្វេភាគី ឬ ពហុភាគី របស់តំបន់ណាមួយ ឬសម្រាប់ពិភពលោកទាំងមូល។[2] នៅក្នុងដំណើរការផ្ទៃក្នុងនៃចុះសន្ធិសញ្ញាអន្តរជាតិ របស់រដ្ឋនីមួយៗមានការចូលរួមពីតួអង្គសំខាន់ពីរគឺ អង្គការនីតិប្រតិបត្តិ ដែលសំដៅដល់រដ្ឋាភិបាលនិងអង្គការនីតិប្បញ្ញត្តិ ដែលសំដៅដល់សភា។
អត្ថបទនេះ ខ្ញុំនឹងសិក្សាដោយផ្ដោតលើចំណោទបញ្ហាដូចខាងក្រោម៖
- តើការចុះសន្ធិសញ្ញាមានដំណើរការដូចម្ដេចខ្លះ?
- រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ រហូតដល់រដ្ឋធម្មនុញ្ញបច្ចុប្បន្ន ចែងដូចម្ដេចខ្លះ អំពីដំណើរការចុះសន្ធិសញ្ញ?
អត្ថបទខ្លីនេះ ផ្អែកលើមូលដ្ឋានដូចជា មូលដ្ឋានច្បាប់ មូលដ្ឋានទ្រឹស្តីច្បាប់ និងការអនុវត្តជាក់ស្តែងរបស់កម្ពុជា ក្នុងដំណើរការចុះសន្ធិសញ្ញា ដែលការសិក្សានេះផ្ដោតសំខាន់តែ លើបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញកម្ពុជាពីឆ្នាំ ១៩៤៧ ដល់រដ្ឋធម្មនុញ្ញបច្ចុប្បន្នប៉ុណ្ណោះ។
នៅក្នុងផ្នែកបន្តបន្ទាប់ អត្ថបទនេះនឹងសិក្សាទៅលើ ការរម្លឹកទ្រឹស្តីខ្លះៗ អំពីដំណើរការចុះ និងភ្ជាប់ខ្លួនទៅនឹងសន្ធិសញ្ញា (ផ្នែកទី ២) ដំណើរការចុះ និងទទួលអនុវត្តកាតព្វកិច្ចសន្ធិសញ្ញាក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញកម្ពុជា (ផ្នែកទី ៣) និងចុងក្រោយ ជាកំណត់សម្គាល់លើបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៧ ដល់រដ្ឋធម្មនុញ្ញបច្ចុប្បន្ន (ផ្នែកទី ៤)។
២. ដំណើរការចុះ និងភ្ជាប់ខ្លួនទៅនឹងសន្ធិសញ្ញា
សន្ធិសញ្ញាអន្តរជាតិ អាចជា សន្ធិសញ្ញាទ្វេភាគី និងសន្ធិសញ្ញាពហុភាគី។[3] ដំណើរការចុះសន្ធិសញ្ញាទាំងពីរប្រភេទនេះ មានភាពខុសគ្នាមួយចំនួន។ ផ្នែកនេះ នឹងបង្ហាញដំណើរការចុះសន្ធិសញ្ញាជារួម ដោយបញ្ជាក់បន្ថែម លើចំណុចខុសគ្នាទាំងនោះ។
ជំហ៊ានដំបូងនៃការចុះសន្ធិសញ្ញាគឺការចរចា និងចុះហត្ថលេខាលើសន្ធិសញ្ញានោះ។ ចំពោះសន្ធិសញ្ញាពហុភាគី ការចរចា និងការចុះហត្ថលេខាតែមួយមុខមិនមែនមានន័យថារដ្ឋមួយបានក្លាយជាភាគីនៃសន្ធិសញ្ញានោះទេ លើកលែងតែមានការចែងដោយឡែកនៅក្នុងសន្ធិសញ្ញាពហុភាគីនោះ។[4]
ជាគោលការណ៍ ការកំណត់បុគ្គលដែលមានអំណាចចរចា និងចុះហត្ថលេខា គឺស្ថិតនៅក្រោមបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញ និងច្បាប់ផ្ទៃក្នុងរបស់រដ្ឋ ហើយមានតែអាជ្ញាធរដែលផ្តល់សិទ្ធិដោយរដ្ឋធម្មនុញ្ញ និងច្បាប់ របស់រដ្ឋប៉ុណ្ណោះដែលមានសិទ្ធិចរចានិងចុះហត្ថលេខា ហើយអាចប្រគល់សិទ្ធិ ដល់បុគ្គលជាតំណាងរបស់ខ្លួន ចូលរួមក្នុងការចរចា និងចុះហត្ថលេខាលើសន្ធិសញ្ញា។[5]
តាមការអនុវត្តជាទូទៅ នៃច្បាប់ទំនៀមទម្លាប់អន្តរជាតិ ដែលត្រូវបានយកមកចែងឡើងវិញដោយអនុសញ្ញាទីក្រុងវីយ៉ែនស្ដីពីច្បាប់សន្ធិសញ្ញាឆ្នាំ ១៩៦៩ គេទទួលស្គាល់ថា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ឬរដ្ឋមន្ត្រីការបរទេសជាបុគ្គលដែលមានសិទ្ធិចរចា និងចុះហត្ថលេខាលើសន្ធិសញ្ញាដោយពុំចាំបាច់មានសិទ្ធិប្រទាន (Full Power) ហើយបុគ្គលទាំងបីខាងលើនេះ អាចប្រគល់សិទ្ធិដល់បុគ្គលផ្សេងទៀត ដើម្បីជាតំណាងរបស់ខ្លួនក្នុងការចរចា និងចុះហត្ថលេខាលើសន្ធិសញ្ញាបាន។[6] ការប្រគល់សិទ្ធិ (សិទ្ធិប្រទាន) ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ និងចុះហត្ថលេខាដោយអាជ្ញាធរណាមួយក្នុងចំណោមអាជ្ញាធរទាំងបីខាងលើ។[7] សិទ្ធិប្រទានបង្ហាញពីភាពជាតំណាងរបស់រដ្ឋ ក្នុងការចរចា និងចុះហត្ថលេខាលើសន្ធិសញ្ញាណាមួយ។
ការចរចាអាចធ្វើឡើងតាមច្រើនរបៀប ដូចជាការចរចាតាមផ្លូវទូត សន្និសីទពិសេសឬការចរចាដែលធ្វើឡើង នៅក្នុងអង្គការអន្តរជាតិណាមួយ ឬតាមការកោះអញ្ជើញដោយអង្គការអន្តរជាតិណាមួយ។ នៅពេលដែលការចរចាត្រូវបានបញ្ចប់ ហើយអត្ថបទនៃសន្ធិសញ្ញាត្រូវបានអនុម័ត តំណាងរដ្ឋនឹងធ្វើការចុះហត្ថលេខាដើម្បីផ្តល់យថាភូតលើអត្ថបទសន្ធិសញ្ញា។[8]
ហត្ថលេខា ដែលគេចុះលើសន្ធិសញ្ញាមានពីរប្រភេទ គឺហត្ថលេខាសាមញ្ញ និងហត្ថលេខាឱឡារិក។[9] និយាយដោយឡែក សន្ធិសញ្ញា មានពីរទម្រង់គឺ សន្ធិសញ្ញាទម្រង់សាមញ្ញ និងសន្ធិសញ្ញាទម្រង់ឱឡារិក។
សន្ធិសញ្ញាទម្រង់សាមញ្ញ ចូលជាធរមានដោយមិនចាំបាច់មានកិច្ចឱឡារិកបន្ថែម (ដូចជា ការផ្ដល់សច្ចាប័ន ការចូលជាសមាជិក ការអនុម័តយល់ព្រម ឬការទទួលយក) នោះទេ ពោលគឺការចុះហត្ថលេខា គឺជាកិច្ចឱឡារិកហើយ។ ជារួមគឺ ហត្ថលេខាឱឡារិក គឺជាហត្ថលេខាដែលចុះលើសន្ធិសញ្ញាទម្រង់សាមញ្ញ។ សន្ធិសញ្ញាទ្វេភាគី ខ្លះមានទម្រង់សាមញ្ញ ហើយចែងយ៉ាងច្បាស់ថា ការចុះហត្ថលេខា គឺជាកិច្ចដែលនាំឱ្យសន្ធិសញ្ញាចូលជាធរមានចំពោះរដ្ឋ។
ត្រង់នេះ ខ្ញុំសូមបញ្ជាក់ជូនថា ច្បាប់អន្តរជាតិ មិនចង្អុលបង្ហាញសោះឡើយថា កិច្ចព្រមព្រៀងមួយជាសន្ធិសញ្ញាឬមិនមែនត្រូវផ្អែកលើចំណងជើងរបស់វា ប៉ុន្តែអនុសញ្ញាទីក្រុងវីយ៉ែន ១៩៦៩ បានបញ្ជាក់យ៉ាងច្បាស់ថា ទោះបីជាមានចំណងជើងបែបណាក៏ដោយ ឱ្យតែមានសារធាតុជាកិច្ចព្រមព្រៀងរវាងរដ្ឋ និងរដ្ឋ គឺជាសន្ធិសញ្ញាហើយ។ ខ្ញុំសូមសង្កត់ធ្ងន់បន្ថែមថា អាចមានការយល់ច្រឡំថា អនុស្សារណៈយោគយល់ (MoU) មិនមែនជាសន្ធិសញ្ញា ប៉ុន្តែសូមពិចារណាជាមួយខ្ញុំបន្តិច។ ឧទាហរណ៍ថា ប្រទេស “ក” តំណាងដោយនាយករដ្ឋមន្ត្រី បានចុះអនុស្សារណៈយោគយល់ជាមួយប្រទេស “ខ” តំណាងដោយប្រមុខរដ្ឋ ស្ដីពីការកែប្រែខ្សែបន្ទាត់ព្រំដែនគោក ហើយអនុស្សារណៈយោគយល់នោះ ចែងថាមានអានុភាពចាប់ពីថ្ងៃចុះហត្ថលេខា។ សំណួរសួរថា តើអនុស្សារណៈយោគយល់នេះ ជាសន្ធិសញ្ញាដែរឬទេ? ចម្លើយគឺថា អនុស្សារណៈយោគយល់នេះ គឺជាសន្ធិសញ្ញាយ៉ាងពិតប្រាកដ ដោយមិនអាចប្រកែកបានឡើយ។ មានយុត្តិសាស្ត្រតុលាការអន្តរជាតិ ច្រើនណាស់ដែលចង្អុលបង្ហាញពីរឿងនេះ។ សូម្បីតែ កំណត់ហេតុព្រមព្រៀង (Agreed Minute) ក៏តុលាការចាត់ទុកថា ជាសន្ធិសញ្ញាដែរ។ ខ្ញុំបញ្ជាក់ម្ដងទៀតថា មិនសំខាន់ចំណងជើងទេ ដែលសំខាន់នោះ គឺខ្លឹមសារក្នុងលិខិតនោះ ថាតើបង្ហាញពីការព្រមព្រៀងក្នុងនាមរដ្ឋឬអត់។ ប្រទេសមួយចំនួន (ឧ.ថៃ) ប្រុងប្រយ័ត្នខ្លាំងណាស់ អំពីកិច្ចរបស់តំណាងរដ្ឋ ដោយសូម្បីតែសេចក្ដីប្រកាសរួមរវាងរដ្ឋមន្ត្រីរបស់ខ្លួន និងរដ្ឋមន្ត្រីប្រទេសផ្សេង ក៏ត្រូវសន្មតជាមុនថា ជាសន្ធិសញ្ញា និងត្រូវយកទៅពិនិត្យពិច័យជាមុន មុននឹងចុះហត្ថលេខាដែរ។
ការបង្ហាញឆន្ទៈភ្ជាប់ខ្លួនទៅនឹងសន្ធិសញ្ញា (Consent to be bound by the treaty) អាចធ្វើឡើងដោយការចុះហត្ថលេខាឱឡារិក (បង្ហាញខាងលើ) ការផ្ដល់សច្ចាប័ន ការចូលជាសមាជិក ការអនុម័តយល់ព្រម ការទទួលយក ការផ្លាស់ប្ដូរលិខិតូករណ៍ និងមធ្យោបាយផ្សេងទៀតតាមការព្រមព្រៀងរបស់ភាគី។
សន្ធិសញ្ញាពហុភាគី ជាទូទៅចែងអំពីការចុះហត្ថលេខា ដែលត្រូវរង់ចាំការផ្តល់សច្ចាប័ន ការចូលជាសមាជិក ឬការអនុម័តយល់ព្រម ដែលគេអាចហៅម្យ៉ាងទៀតថា ហត្ថលេខាសាមញ្ញ។ ក្នុងករណីនេះ រដ្ឋជាហត្ថលេខី មិនជាប់កាតព្វកិច្ចច្បាប់កំណត់ដោយសន្ធិសញ្ញាពហុភាគីដោយការចុះហត្ថលេខាឡើយ។ ទោះជាយ៉ាងនេះក្តី ការចុះហត្ថលេខាបង្ហាញអំពីបំណងរបស់រដ្ឋ ក្នុងការព្រមព្រៀងទទួលយកការអនុវត្តសន្ធិសញ្ញានោះ នៅពេលអនាគត។ ការចុះហត្ថលេខា ក៏បង្កើតកាតព្វកិច្ចរដ្ឋ ដោយមិនត្រូវធ្វើសកម្មភាពប៉ះពាល់ដល់កម្មវត្ថុ និងគោលបំណងនៃសន្ធិសញ្ញា ក្នុងចន្លោះពេលនៃការចុះហត្ថលេខា និងការផ្តល់សច្ចាប័ន ការចូលជាសមាជិក ឬការអនុម័តយល់ព្រម។[10]
៣. បទប្បញ្ញត្តិរដ្ឋធម្មនុញ្ញកម្ពុជា អំពីការចុះសន្ធិសញ្ញា
៣.១.រដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៧
រដ្ឋាភិបាលក្រោមរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ ដឹកនាំដោយព្រះមហាក្សត្រិយ៍។ [11] របបរាជានិយមទី១ នេះបានដឹកនាំប្រទេសពីឆ្នាំ ១៩៤៧ ដល់ឆ្នាំ ១៩៧០ និង មានបែងចែកអំណាចជាបី គឺនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងអំណាចតុលាការ ប៉ុន្តែស្ថាប័នទាំងបីនេះ ត្រូវអនុវត្តអំណាចក្នុងនាមព្រះមហាក្សត្រិយ៍។ [12]
រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៤៧ បានចែងទាក់ទងនឹងសន្ធិសញ្ញាអន្តរជាតិ តែ ១ មាត្រាប៉ុណ្ណោះ គឺមាត្រា ៤៦ (កែប្រែ) ដែលមានខ្លឹមសារថា៖ “ព្រះមហាក្សត្រិយ៍ ទ្រង់ឡាយព្រះហស្ថលេខាក្នុងសន្ធិសញ្ញា និងអនុសញ្ញាទាំងឡាយណាដែលធ្វើជាមួយនឹងបរទេសនានា ហើយទ្រង់ព្រះរាជទានសច្ចាប័នដល់សន្ធិសញ្ញា និងអនុសញ្ញាទាំងនោះ ដោយអាស្រ័យការអនុម័តនៃរដ្ឋសភា។”[13]
៣.២. រដ្ឋធម្មនុញ្ញឆ្នាំ ១៩៧២
ក្រោយការធ្វើរដ្ឋប្រហារទម្លាក់ព្រះបាទនរោត្ដមសីហនុពីតំណែងនៅ ឆ្នាំ១៩៧០ លោក លន់ នល់ បានបង្កើតរបបសាធារណរដ្ឋខ្មែរ ហើយបានប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញថ្មីនេះ នៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ១៩៧២។
ក្រោមរបបប្រធានាធិបតីនិយមមួយនេះ រដ្ឋាភិបាលកម្ពុជា ត្រូវដឹកនាំដោយប្រធានាធិបតី ដែលអំណាចនេះមានបញ្ញត្តិនៅក្នុង មាត្រា ២៣ នៃរដ្ឋធម្មនុញ្ញខាងលើ។[14] ចំណែកមាត្រា ៣៨ នៃរដ្ឋធម្មនុញ្ញសាធារណរដ្ឋខ្មែរចែងថា៖ “ប្រធានាធិបតីនៃសាធារណរដ្ឋចុះហត្ថលេខាលើសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិហើយឱ្យសច្ចាប័នលើឯកសារទាំងនេះ ដោយអាស្រ័យការអនុម័តនៃសភា”។[15]
៣.៣. រដ្ឋធម្មនុញ្ញឆ្នាំ ១៩៧៦
នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ របបសាធារណរដ្ឋខ្មែរ បានដួលរលំ ហើយជំនួសមកវិញដោយរបបកម្ពុជាប្រជាធិបតេយ្យ ដែលគេហៅម្យ៉ាងទៀតថា របបខ្មែរក្រហម។ របបនេះកាន់អំណាចពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ហើយមានរដ្ឋធម្មនុញ្ញរបស់ខ្លួន ប្រកាសឱ្យប្រើជាផ្លូវការនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ១៩៧៦។ រដ្ឋធម្មនុញ្ញនេះ មានតែ ២១ មាត្រាប៉ុណ្ណោះ ហើយមិនមានមាត្រាណាមួយចែងអំពីសន្ធិសញ្ញាអន្តរជាតិឡើយ។
ប៉ុន្តែ មានមាត្រា មួយចំនួនចែងអំពីនយោបាយក្រៅប្រទេស គឺមាត្រា ៧ ដែលចែងថា៖ “សភាតំណាងប្រជាជនមានភារៈសម្រេចច្បាប់ និងកំណត់មាគ៌ានយោបាយផ្សេងៗក្នុងប្រទេស និងក្រៅប្រទេសរបស់កម្ពុជាប្រជាធិបតេយ្យ”។[16] ចំណែកមាត្រា ៨(២) បានចែងថា ៖ “រដ្ឋាភិបាលត្រូវបានជ្រើសតាំងឡើងដោយសភាតំណាងប្រជាជនកម្ពុជា ហើយត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខសភាតំណាងប្រជាជន ក្នុងកិច្ចដំណើរការទាំងអស់របស់ខ្លួន ទាំងក្នុងប្រទេសទាំងក្រៅប្រទេស”។[17]
៣.៤. រដ្ឋធម្មនុញ្ញឆ្នាំ ១៩៨១
នៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ របបកម្ពុជា ប្រជាធិបតេយ្យ បានដួលរលំ ហើយជំនួសមកវិញដោយរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលគ្រប់គ្រងប្រទេស ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៩ ដោយមានការបង្កើតរដ្ឋធម្មនុញ្ញថ្មីមួយ គឺរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ប្រកាសឱ្យប្រើជាផ្លូវការនៅថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ១៩៨១ ដោយប្រធានក្រុមប្រឹក្សារដ្ឋនៅពេលនោះ គឺសម្ដេចហេង សំរិន។
រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាមាន ១០ជំពូក និង ៩៣ មាត្រា ដែលក្នុងនោះ មាត្រា៦០ និងមាត្រា៦៦ បានចែងអំពីសន្ធិសញ្ញាអន្តរជាតិ។[18]
តាមរយៈរដ្ឋធម្មនុញ្ញខាងលើ ស្ថាប័នដែលដឹកនាំសកម្មភាពរបស់រដ្ឋាភិបាល គឺក្រុមប្រឹក្សារដ្ឋ និងក្រុមប្រឹក្សារដ្ឋមន្ត្រី។ ចំណែកសកម្មភាពរបស់រដ្ឋាភិបាលក្នុងដំណើរការផ្ដល់សច្ចាប័នសន្ធិសញ្ញាអន្តរជាតិ ក៏ប្រគល់ឱ្យស្ថាប័នទាំងពីរនេះដែរ។
រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៨១ មាត្រា ៦០ វាក្យខណ្ឌទី ៦ បានចែងថា “ក្រុមប្រឹក្សារដ្ឋ មានមុខងារ ឱ្យសច្ចាប័នឬលុបចោលសន្ធិសញ្ញាអន្តរជាតិ លើកលែងតែក្នុងករណីចាំបាច់ដែលត្រូវដាក់ជូនរដ្ឋសភា។[19]” មាត្រា ៦៦ វាក្យខណ្ឌទី ៦ បានផ្ដល់មុខងារដល់ក្រុមប្រឹក្សារដ្ឋមន្ត្រី ក្នុងការផ្អាកការអនុវត្ត កែប្រែ ឬលុបចោលអនុសញ្ញា និងសេចក្ដីណែនាំមិនសមស្របរបស់រដ្ឋមន្ត្រី និងរបស់ប្រធានស្ថាប័ន។ ចំណែកវាក្យខណ្ឌទី ១០ នៃមាត្រា ដដែល បានចែងផងដែរថា “ក្រុមប្រឹក្សារដ្ឋមន្ត្រីមានមុខងារអនុវត្តសន្ធិសញ្ញាទាំងឡាយ ដែលបានព្រមព្រៀងជាមួយប្រទេសក្រៅ”។
៣.៥. រដ្ឋធម្មនុញ្ញឆ្នាំ ១៩៨៩
ក្រោយមានការប្រកាសថ្ងៃទី ៥ ខែមករា ឆ្នាំ ១៩៨៩ អំពីការដកកងទ័ពវៀតណាមឱ្យអស់ពីកម្ពុជា ត្រឹមចុង ខែកញ្ញា ឆ្នាំ ១៩៨៩ សភាជាតិ នៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា បានបើកសម័យប្រជុំវិសាមញ្ញមួយ ដោយសម្រេចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែ មេសា ក្នុងឆ្នាំដដែល។
នៅក្នុងវិសោធនកម្មនោះ មានការកែប្រែរដ្ឋធម្មនុញ្ញសំខាន់ៗ ៥ចំណុច គឺ ទី១ ការប្ដូរឈ្មោះប្រទេសពីសាធារណរដ្ឋប្រជាមានិតកម្ពុជាទៅជា រដ្ឋកម្ពុជា ទី២ គឺប្ដូរទង់ជាតិ និងភ្លេងជាតិ ទី៣ គឺលុបបំបាត់ទោសប្រហារជីវិត ទី៤ ទទួលស្គាល់ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងទី៥ បង្កើនទីផ្សារសេរី ផ្ដល់សេរីភាពសារព័ត៌មាន និងការបង្កើតអង្គការសង្គមស៊ីវិល។[20]
ទោះបីជា មានការធ្វើវិសោធនកម្ម និងប្ដូរឈ្មោះប្រទេស មកជារដ្ឋកម្ពុជាក្ដី ប៉ុន្តែ រចនាសម្ព័ន្ធទាំងស្រុងរបស់រដ្ឋធម្មនុញ្ញ មិនមានការកែប្រែប៉ុន្មានឡើយ ហើយរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៨៩ នេះ មាន ១០ ជំពូក និង ៩៣ មាត្រា ដូចគ្នានឹងរដ្ឋធម្មនុញ្ញឆ្នាំ១៩៨១ ដែរ។ មិនតែប៉ុណ្ណោះ បទប្បញ្ញត្តិពាក់ព័ន្ធនឹងមុខងាររបស់រដ្ឋាភិបាល ក្នុងពាក់ព័ន្ធនឹងសន្ធិសញ្ញា ត្រង់មាត្រា ៦០ និងមាត្រា ៦៦ នៃរដ្ឋធម្មនុញ្ញមុន មិនមានអ្វីកែប្រែឡើយ។
៣.៦. រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣
រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា និងនៅជាធរមាន។ រដ្ឋធម្មនុញ្ញនេះ ត្រូវបានសភាធម្មនុញ្ញអនុម័ត នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយត្រូវបានព្រះមហាក្សត្រ ឡាយព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើនៅថ្ងៃទី២៤ខែកញ្ញាឆ្នាំ១៩៩៣។
បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ដែលពាក់ព័ន្ធនឹងការចុះ និងផ្ដល់សច្ចាប័នលើសន្ធិសញ្ញាអន្តរជាតិ គឺ មាត្រា ២៦ ថ្មី.- (ការឡាយព្រះហស្ថលេខាសន្ធិសញ្ញា និងអនុសញ្ញា និងការប្រទានសច្ចាប័ន)មាត្រា ២៨ ថ្មី.- (ការឡាយព្រះហស្ថលេខាលើច្បាប់និងការផ្ទេរអំណាចឡាយព្រះហស្ថលេខាទៅប្រមុខរដ្ឋស្ដីទី) មាត្រា៣១ (ការទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ) មាត្រា ៤៨ (ការធានារក្សាការពារសិទ្ធិរបស់កុមារ ដែលមានចែងក្នុងអនុសញ្ញាស្តីពីកុមារ) មាត្រា៥៥ (ការលុបចោលសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹត្យភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា) មាត្រា៩០ថ្មី (ពីរ) វាក្យខណ្ឌទី៥ (ការអនុម័តយល់ព្រម ឬលុបចោលសន្ធិសញ្ញា អនុសញ្ញាអន្តរជាតិ ដោយរដ្ឋសភា) មាត្រា៩២ (ការចាត់ទុកជាអសារសូន្យ នូវការអនុម័តទាំងឡាយរបស់រដ្ឋសភា ដែលផ្ទុយទៅនឹងគោលការណ៍រក្សាការពារ ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ហើយដែលនាំឱ្យប៉ះពាល់ដល់ឯកភាពនយោបាយ ឬការគ្រប់គ្រងរដ្ឋបាលរបស់ប្រទេសជាតិ) និងមាត្រា១៥២ថ្មី (ឋានានុក្រមរបស់រដ្ឋធម្មនុញ្ញ)។
តាមរយៈបញ្ញត្តិនៃរដ្ឋធម្មនុញ្ញខាងលើ អ្នកដែលមានអំណាចចុះហត្ថលេខា និងផ្ដល់សច្ចាប័នលើសន្ធិសញ្ញាអន្តរជាតិ គឺព្រះមហាក្សត្យ។ ប៉ុន្តែ រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ក៏បានចែងផងដែរ អំពីសមត្ថកិច្ចរបស់អង្គការនីតិប្បញ្ញត្តិ ក្នុងការអនុម័តយល់ព្រមលើសន្ធិសញ្ញា មុននឹងព្រះមហាក្សត្រផ្ដល់សច្ចាប័ន។
ក្រៅពីបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញ ដែលចែងអំពីសមត្ថកិច្ចរបស់ព្រះមហាក្សត្រ ក្នុងដំណើរការផ្ដល់សច្ចាប័នលើសន្ធិសញ្ញាអន្តរជាតិ យើងឃើញមានច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃទីស្ដីការគណៈរដ្ឋមន្ត្រី ឆ្នាំ ២០១៨ ដែលត្រង់មាត្រា ១៧ ក៏មានបញ្ញត្តិអំពីសមត្ថកិច្ចរបស់ប្រមុខរដ្ឋាភិបាលក្នុងការដឹកនាំការចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តរជាតិ (សន្ធិសញ្ញា) ផងដែរ។
មាត្រាខាងលើ បានចែងថា “នាយករដ្ឋមន្ត្រីដឹកនាំការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ បច្ចេកទេស ការពារជាតិ ការពារជាតិ សន្តិសុខជាតិ និងវិស័យផ្សេងទៀត ដែលស្ថិតនៅក្នុងសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល។ នាយករដ្ឋមន្ត្រី អាចប្រគល់សិទ្ធិឱ្យសមាជិករាជរដ្ឋាភិបាល ឬឥស្សរជនណាម្នាក់ជាអ្នកចរចា និងចុះហត្ថលេខា។” [21]
ច្បាប់ខាងលើក៏មានចង្អុលបង្ហាញអំពីការបង្កើតអនុក្រឹត្យមួយស្ដីពីបែបបទ និងនីតិវិធីនៃការចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តរជាតិ[22]ផងដែរ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលមិនទាន់ចេញអនុក្រឹត្យនោះទេ។
៤. កំណត់សម្គាល់លើបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៧ ដល់រដ្ឋធម្មនុញ្ញបច្ចុប្បន្ន
ក្នុងរយៈពេលប្រមាណ ៨ ទសវត្សរ៍ នៃសម័យទំនើបរបស់ខ្លួន គិតចាប់ពីឆ្នាំ ១៩៤៧ មក កម្ពុជាបានឆ្លងកាត់របបជាច្រើន និងធ្លាប់បានធ្លាក់លិចលង់ក្នុងភ្លើងសង្គ្រាមដ៏ជូរចត់ទៀតផង។ នៅក្នុងវិស័យច្បាប់អន្តរជាតិ កម្ពុជាបានអភិវឌ្ឍបន្តិចម្ដងៗ ទោះបីជាមានការធ្លាក់ចុះនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យក្ដី។
ត្រង់នេះសូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញឆ្នាំ ១៩៧៦ មិនមានចែងអំពីដំណើរការចុះ និងផ្ដល់សច្ចាប័នលើសន្ធិសញ្ញា ឬកិច្ចព្រមព្រៀងអន្តរជាតិឡើយ។ មិនតែប៉ុណ្ណោះ នៅក្នុងវិស័យទំនាក់ទំនងអន្តរជាតិ ជាក់ស្ដែងពេលនោះ ក៏កម្ពុជា មិនសូវមានទំនាក់ទំនងជាមួយពិភពខាងក្រៅដែរ។
ក្រោយសម័យកម្ពុជាប្រជាធិបតេយ្យ ពោលគឺសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា យើងចាប់ផ្ដើមកសាងគ្រឹះក្នុងច្បាប់ជាតិរបស់ខ្លួន ក្នុងវិស័យច្បាប់សន្ធិសញ្ញា ដោយចែងនៅក្នុងមាត្រា ៦០ មាត្រា ៦៦ និងមាត្រាពាក់ព័ន្ធដទៃទៀត។ មិនតែប៉ុណ្ណោះ នៅក្នុងសម័យនោះកម្ពុជា បានចាប់ផ្ដើមផ្សារភ្ជាប់ទៅពិភពលោកខាងក្រៅ និងបានចុះសន្ធិសញ្ញា ក៏ដូចជាកិច្ចព្រមព្រៀងអន្តរជាតិមួយចំនួន ទោះបីជាពេលនោះសហគមន៍អន្តរជាតិខ្លះមិនទទួលស្គាល់រដ្ឋាភិបាល ក៏ដូចជាមានចលនាប្រឆាំងមួយចំនួនក្ដី។
បន្ទាប់ពីកម្ពុជាទទួលបានការឯកភាពជាតិ និងមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិបន្តិចម្ដងៗ ប្រទេសមួយនេះបានរៀបចំតាក់តែងរដ្ឋធម្មនុញ្ញថ្មីមួយ ដែលនៅបន្តជាធរមានរហូតមកដល់បច្ចុប្បន្ន នោះគឺរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣។ ដូចមានបញ្ជាក់ខាងលើ បញ្ញត្តិនៃរដ្ឋធម្មនុញ្ញនេះ មានចែងយ៉ាងច្រើនអំពីដំណើរការចុះនិង ផ្ដល់សច្ចាប័នលើសន្ធិសញ្ញាអន្តរជាតិ ដោយដំណើរការនោះ មានភាពប្រទាក់ក្រឡាគ្នារវាងស្ថាប័នកំពូលពីររបស់ជាតិ គឺស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ។
ប៉ុន្តែ ខ្ញុំកត់សម្គាល់ឃើញថា រដ្ឋធម្មនុញ្ញទាំងអស់របស់កម្ពុជា មិនមានប្រើពាក្យផ្សេងពី “សច្ចាប័ន” ដើម្បីទទួលភ្ជាប់ខ្លួនទៅនឹងសន្ធិសញ្ញាអន្តរជាតិឡើយ។ ដូចបង្ហាញជូនខាងលើ យោងតាមច្បាប់ទំនៀមទម្លាប់អន្តរជាតិ និងអនុសញ្ញាវីយ៉ែន ១៩៦៩ ការភ្ជាប់ខ្លួនទៅនឹងសន្ធិសញ្ញា (consent to be bound) មិនមែនធ្វើឡើងតែតាមការផ្ដល់សច្ចាប័នមួយមុខឡើយ ពោលគឺអាចបង្ហាញតាមរយៈការចុះហត្ថលេខាឱឡារិក ការផ្លាស់ប្ដូរលិខិតូបករណ៍ ការផ្ដល់សច្ចាប័ន ការអនុម័តយល់ព្រម ការចូលជាសមាជិក ការទទួលយក និងមធ្យោបាយផ្សេងទៀតតាមការព្រមព្រៀងរបស់ភាគី។ ក្នុងការអនុវត្តជាក់ស្ដែង កម្ពុជា ក៏មិនផ្ដល់សច្ចាប័នតែមួយមុខដែរ គឺមានការផ្ដល់សច្ចាប័ន ឬការចូលជាសមាជិក។ ការផ្ដល់សច្ចាប័ន ឬការចូលជាសមាជិកកន្លងមក ធ្វើឡើងក្រោយព្រះមហាក្សត្រឡាយព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាណាមួយ។
[1] Vienna Convention on the Law of Treaties (VCLT), 1969, Article 2(1).
[2] មាស បូរ៉ា នីតិអន្តរជាតិសាធារណៈ ២០១៣ ទំ.៥៣ ។
[3] ANTONY AUST, Modern Treaty Law and Practice (AUST),2007, P.77-78.
[4] VCLT, Supra Note 1, Article 12; MALCOLM N. SHAW, International Law (Shaw), 2008, P. 910.
[5] VCLT, supra note 1, Article 2; AUST, Supra Note 3, P.76
[6] VCLT, supra note 1, Article 7.
[7] VCLT, supra note 1, Article 7(2). United Nations, Treaty Handbook (UNTH), 2012, P.6.
[8] AUST, supra note 3, P.98-99; Ademola Abass, International Law (Text, Case and Material) (Abass), 2014, P.86.
[9] UNTH, supra note 7, P.8.
[10] VCLT, supra note 1, Article 18.
[11] មាត្រា ២១ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាទី១ ឆ្នាំ ១៩៤៧ បានចែងថា៖ “អំណាចគ្រប់យ៉ាងមកពីព្រះមហាក្សត្រិយ៍។ អំណាចទាំងនោះត្រូវប្រើទៅតាមបញ្ញត្តិនៃរដ្ឋធម្មនុញ្ញនេះ។” ចំណែកមាត្រា ២៣ នៃរដ្ឋ ធម្មនុញ្ញដដែល ចែងថា៖ “គណៈរដ្ឋមន្ត្រី ជាអ្នកប្រើអំណាចនីតិប្រតិបត្តិ ក្នុងព្រះបរមនាមព្រះមហាក្សត្រិយ៍”។
[12] រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី១ ឆ្នាំ១៩៤៧ មាត្រា២២ មាត្រា២៣និងមាត្រា២៤។
[13] រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាទី១ ឆ្នាំ ១៩៤៧ មាត្រា ៤(កែប្រែ)។
[14] រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋខ្មែរ ឆ្នាំ ១៩៧២ មាត្រា ២៣ ចែងថា ៖ “ប្រធានាធិបតីនៃសាធារណរដ្ឋ ប្រើអំណាចប្រតិបត្តិ ដែលប្រជារាស្ត្រប្រគល់ជូនលោក”។
[15] រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋខ្មែរ ឆ្នាំ ១៩៧២ មាត្រា ៣៨។
[16] រដ្ឋធម្មនុញ្ញឆ្នាំ ១៩៧៦ មាត្រា ៧។
[17] រដ្ឋធម្មនុញ្ញឆ្នាំ ១៩៧៦ មាត្រា ៨(២)។
[18] រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាមាត្រា ៦០ ចែងអំពីមុខងាររបស់ក្រុមប្រឹក្សារដ្ឋ ចំណែកមាត្រា ៦៦ ចែងអំពីមុខងាររបស់ក្រុមប្រឹក្សារដ្ឋមន្ត្រី។
[19] រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា មាត្រា ៦០ (៦)។
[20] សាធារណរដ្ឋប្រជាមានិតកម្ពុជា និង រដ្ឋកម្ពុជា (១៩៧៩-១៩៩៣), គេហទំព័រ KHMER DENG, អត្ថបទដោយ: សាវឌី (ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៨), https://khmerdeng.com/khmer-public/ ចូលមើលចុងក្រោយ ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២២។
[21] ច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃទីស្ដីការគណៈរដ្ឋមន្ត្រី ឆ្នាំ ២០១៨ មាត្រា ១៧ កថាខណ្ឌទី ១។
[22] ច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃទីស្ដីការគណៈរដ្ឋមន្ត្រី ឆ្នាំ ២០១៨ មាត្រា ១៧ កថាខណ្ឌទី ២។