កម្រៃសួយសារឬថ្លៃសួយសារ សំដៅដល់ចំណូលដែលរូបវន្តបុគ្គល ឬនីតិបុគ្គលធ្វើអាជីវកម្ម ឬទាញយក ធនធានធម្មជាតិ ត្រូវបង់ជូនរដ្ឋតាមបរិមាណផលិត ឬទាញយកបាន ក្រៅពីបុព្វលាភនិងមូលនិធិផ្សេងៗ។
ប្រភព៖ សទ្ទានុក្រមភ្ជាប់ជាឧបសម្ព័ន្ធនៃ ច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ នស/រកម/០៨០២២/១០ ចុះថ្ងៃទី១៨ សីហា ២០២២។
✍សម្រង់មាត្រា ក្នុងច្បាប់នេះ៖
មាត្រា១៥ .–
ចំណូលពីធនធានធម្មជាតិ ជាចំណូលដែលទទួលបានមកពីការចាត់ចែងលើធនធានធម្មជាតិ មានជាអាទិ៍ សម្បទានរ៉ែ ចំណូលពីប្រេងកាត សម្បទានដីសេដ្ឋកិច្ច ផលព្រៃឈើ អនុផលព្រៃឈើ ផលពីនេសាទ ធនធានកម្រ និងធនធានធម្មជាតិដទៃទៀត តាមរយៈលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធ ក្នុងទម្រង់ជាកម្រៃសួយសារ ឬការបង់ថ្លៃឈ្នួល ឬបុព្វលាភ ឬភាគចំណែករបស់រដ្ឋ ឬការបែងចែកផល ដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធជាធរមាន។
មាត្រា១៦ .–
ចំណូលពីធនធានធម្មជាតិ ត្រូវបានបែងចែកជាប្រភេទចំណូល មានជាអាទិ៍៖
- ផលពីព្រៃឈើ មានជាអាទិ៍ ចំណូលពីការលក់ឈើឈរ សួយសារ បុព្វលាភ ផលព្រៃឈើ អនុផលព្រៃឈើ
- ចំណូលពីប្រេងកាត មានជាអាទិ៍ ចំណូលបានមកពីការធ្វើអាជីវកម្មប្រេងកាតដោយរដ្ឋ ថ្លៃឈ្នួលផ្ទៃក្រឡាប្លុកប្រេងកាត ចំណូលពីសួយសារប្រេងកាត ចំណូលពីចំណែកផលប្រេងកាតរបស់រដ្ឋ ប្រាក់រង្វាន់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រេងកាត
- ចំណូលពីសម្បទានរ៉ែ មានជាអាទិ៍ ចំណូលបានមកពីថ្លៃឈ្នួលផ្ទៃក្រឡាសម្រាប់ដំណាក់កាលស្វែងរុករករ៉ែនិងដំណាក់កាលធ្វើអាជីវកម្មធនធានរ៉ែ ចំណូលទទួលបានពីសួយសារ ផលិតផលរ៉ែ ភាគចំណែក របស់រដ្ឋពីការធ្វើអាជីវកម្មធនធានរ៉ែ
- ចំណូលពីសម្បទានដីសេដ្ឋកិច្ច ជាចំណូលបានមកពីកិច្ចសន្យានិងកិច្ចព្រមព្រៀងសម្បទានដីសេដ្ឋកិច្ច
- ផលពីនេសាទ ជាចំណូលបានមកពីការជួលឡូត៍នេសាទ
- ចំណូលពីធនធានកម្រ មានជាអាទិ៍ ចំណូលបានមកពីហ្វ្រេកង់ស៍វិទ្យុ
- ចំណូលបានមកពីការប្រើប្រាស់សេវាប្រព័ន្ធអេកូឡូស៊ី
- ចំណូលបានមកពីធនធានធម្មជាតិដទៃទៀត។