ចំណូលដុល សំដៅដល់ចំណូលទាំងឡាយដែល​មិនទាន់កាត់កងចំណាយណាមួយ​នៅក្នុង​សកម្មភាពអាជីវកម្ម ឬតាមការកំណត់​ក្នុងលិខិតបទដ្ឋាន​គតិយុត្ត​ជាធរមានដទៃទៀត។

ប្រភព៖ សទ្ទានុក្រមភ្ជាប់ជាឧបសម្ព័ន្ធនៃ ច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ នស/រកម/០៨០២២/១០ ចុះថ្ងៃទី១៨ សីហា ២០២២។

សម្រង់មាត្រា ក្នុងច្បាប់នេះ

មាត្រា១៣.-

ចំណូលពីសម្បទានសេវាសាធារណៈ ចែកចេញជាចំណូលពីគម្រោងភាពជាដៃគូរវាងរដ្ឋនិងឯកជន និងចំណូល ពីសម្បទានគ្រប់គ្រងសេវាសាធារណៈ ដែលមានដូចខាងក្រោម៖

ក. ចំណួលពីគម្រោងភាពជាដៃគួរវាងរដ្ឋនិងឯកជន ជាចំណូលដែលទទួលបានមកពីគម្រោងវិនិយោគ ដូចមាន កំណត់ក្នុងលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធពាក់ព័ន្ធនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និង/ ឬការផ្គត់ផ្គង់សេវាសាធារណៈ មានជាអាទិ៍៖

  • ហេដ្ឋារចនាសម្ព័ន្ធនិងសេវាសាធារណៈបម្រើ ដល់វិស័យដឹកជញ្ជូននិងវិស័យភស្តុភារកម្ម មានជាអាទីផ្លូវថ្នល់ ស្ពាន ផ្លូវដែក អាកាសយានដ្ឋាន កំពង់ផែ ចំណតសាធារណៈ ព្រែកជីក
  • ហេដ្ឋារចនាសម្ព័ន្ធប្រៃសណីយ៍និងទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ការផលិត ការបញ្ជូន និងការចែកចាយថាមពលអគ្គិសនី បំពង់បង្ហូរប្រេងនិងឧស្ម័ន និងសេវាសាធារណៈ ផ្សេងទៀត ក្នុងវិស័យរ៉ែនិងថាមពល ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ប្រព័ន្ធលូ ប្រព័ន្ធបង្ហូរទឹក ប្រព័ន្ធបូមស្តារប្រព្រឹត្តិកម្មទឹកកខ្វក់ ការគ្រប់គ្រងសំណល់ និងសេវាសាធារណៈផ្សេងទៀតបម្រើឱ្យកិច្ចគាំពារបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធនិងសេវា​សាធារណៈពាក់ព័ន្ធនឹងវិស័យសុខាភិបាល វិស័យអប់រំ វិស័យការងារនិង​បណ្តុះបណ្តាលវិជ្ជាជីវៈ វិស័យទេសចរណ៍ វិស័យវប្បធម៌និងសិល្បៈ វិស័យ​កីឡា និងលំនៅឋានសង្គម
  • ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានជាអាទីតំបន់សេដ្ឋកិច្ចពិសេស សួនបណ្ដុំឧស្សាហកម្មធុនតូចនិងមធ្យម សួនបច្ចេកវិទ្យានិងនវានុវត្តន៍ ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងសេវាមន្ទីរពិសោធន៍ ការគាំទ្រការកែច្នៃ ការរក្សាផលិតផល និងការជំរុញ ពាណិជ្ជកម្ម
  • ហេដ្ឋារចនាសម្ព័ន្ធនិងសេវាសាធារណៈពាក់ព័ន្ធនឹងវិស័យកសិកម្មនិងប្រព័ន្ធធារាសាស្ត្រ
  • ហេដ្ឋារចនាសម្ព័ន្ធនិងសេវាសាធារណៈផ្សេងទៀតដែលច្បាប់ដោយឡែកអនុញ្ញាត។

វៀរលែងតែមានកំណត់នៅក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំណូលពីគម្រោងភាពជាដៃគូរវាង រដ្ឋ និងឯកជនមានរូបភាពជាភាគចំណែក​របស់រដ្ឋដែលគិតជាភាគរយនៃចំណូលដុលតាមការព្រមព្រៀងរវាងភាគីរដ្ឋ និងភាគីឯកជន។

ការគ្រប់គ្រងគម្រោងភាពជាដៃគូរវាងរដ្ឋនិងឯកជន ត្រូវអនុវត្តតាមវិធាននិងនីតិវិធី ដូចមានកំណត់ក្នុងច្បាប់ និងលិខិតបដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

ខ.ចំណូលពីសម្បទានគ្រប់គ្រងសេវាសាធារណៈ ជាចំណូលទទួលបានមកពីការប្រគល់សិទ្ធិជូនបុគ្គលឯកជន ដើម្បីធ្វើអាជីវកម្មលើទ្រព្យសម្បត្តិរដ្ឋ ឬសេវាសាធារណៈ​ដែលពុំមែនជាសេវាអធិបតេយ្យរបស់រដ្ឋ តាមរយៈលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធ ក្នុងគោលដៅបម្រើសេវាសាធារណៈជូនដល់សាធារណជន ប្រកបដោយ ប្រសិទ្ធភាពនិងសក្តិសិទ្ធិភាព ដែលមានជាអាទិ៍ ផ្សារ កំពង់ចម្លង ចំណតយានជំនិះ ចំណតជលយាន មជ្ឈមណ្ឌលបែងចែកផលនេសាទ សត្តឃាតដ្ឋាន អនាម័យសត្វ ទីលានទុកដាក់សំរាមសំណល់រឹងទីប្រជុំជន ស្ថានីយផ្ទេរសំរាម សំណល់រឹងទីប្រជុំជន សេវាអនាម័យ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ វៀរលែងតែសេវាសាធារណៈដែលមាន កំណត់ក្នុងចំណុច ក ខាងលើ។ ចំណូលនេះ ត្រូវបានកំណត់ក្នុងទម្រង់ជាការបែងចែកផល ដែលរដ្ឋទទួលបាន ចំណូលអាស្រ័យទៅតាមកំណើនអាជីវកម្មរបស់បុគ្គលឯកជន។

ការគ្រប់គ្រងសម្បទានគ្រប់គ្រងសេវាសាធារណៈ ត្រូវអនុវត្តតាមវិធាននិងនីតិវិធី ដូចមានកំណត់ក្នុងច្បាប់និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។